លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសកាលពីម្សិលមិញថា នឹងមានការរៀបចំកន្លែងសម្រាប់ចតសីុក្លូនៅមុខតំបន់ទេសចរណ៍សំខាន់ៗក្នុងរាជធានីភ្នំពេញសម្រាប់ឲ្យភ្ញៀវទេសចរជួលជិះ។

ភ្ញៀវទេសចរធ្វើដំណើរកម្សាន្ដ ដោយជិះស៊ីក្លូ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសំណូមពរឲ្យបណ្តាផ្សារទំនើប សណ្ឋាគារ និងភោជនីយដ្ឋានរក្សាទុកចំណតសម្រាប់ស៊ីក្លូ។
លោក ថោង ខុន បានមានប្រសាសន៍ថា “ សាលារាជធានីភ្នំពេញនឹងចេញសេចក្ដីប្រកាសមួយសម្រាប់កន្លែងស៊ីក្លូ និងត្រៀមរៀបចំកន្លែងពិសេសសម្រាប់ស៊ីក្លូជាពិសេសពីតំបន់ទេសចរណ៍មួយទៅតំបន់មួយទៀត”។លោកមានប្រសាសន៍ថា ចំណតសម្រាប់ស៊ីក្លូនឹងស្ថិតនៅមុខផ្សារទំនើប សណ្ឋាគារ និងភោជនីយដ្ឋានសម្រាប់ជនបរទេស។
លោក ថោង ខុន មានប្រសាសន៍ទៀតថាដោយមានរថយន្ដកាន់តែច្រើនឡើងចូលក្នុងរាជធានី បណ្ដាលឲ្យអ្នកធាក់ស៊ីក្លូថយចុះជាលំដាប់ គឺធ្លាក់ចុះពីចំនួនជាង២.០០០នាក់នៅក្នុងទសវត្សរ៍ឆា្នំ១៩៨០ មកនៅត្រឹមប្រហែល៥០០នាក់នាពេលបច្ចុប្បន្ន។
កាលពីខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្ដែងការព្រួយបារម្ភអំពីការថយចុះស៊ីក្លូនៅក្នុងរាជធានីភ្នំពេញ ហើយបានមានប្រសាសន៍ថា យើងគួរតែខិតខំប្រឹងប្រែងថែមទៀតដើម្បីគាំទ្រអ្នកធាក់ស៊ីក្លូ។
លោក អឹុម សម្បត្តិ ប្រធានសមាគម អភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ជាអង្គការបម្រើផលប្រយោជន៍ឲ្យអ្នកធាក់ស៊ីក្លូបានស្វាគមន៍សេចក្ដីប្រកាសរបស់លោក ថោងខុន។ ទោះជាយ៉ាងណា លោក អឹុម សម្បត្តិ បានជំរុញឲ្យរដ្ឋាភិបាលដោះស្រាយកង្វល់របស់អ្នកធាក់ស៊ីក្លូនៅក្នុងរាជធានីភ្នំពេញ។
លោកបានបន្ដទៀតថា ជម្រកគឺជាកង្វល់ចម្បងនៅក្នុងចំណោមសមាជិកសមាគមរបស់លោក។លោកបានបន្ថែមថា “យើងសូមស្នើឲ្យរដ្ឋាភិបាលគិតគូរអំពីស្ថានភាពរស់នៅរបស់អ្នកធាក់ស៊ីក្លូ ពីព្រោះពួកគេគ្មានជម្រកនោះទេ”។ លោកបានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ ក្រុមមន្ត្រីរដ្ឋាភិបាលស្នើឲ្យអ្នកធាក់ស៊ីក្លូសម្រាកនៅតាមវត្ត។
លោក ចាន់ ស៊្រុន អាយុ៧៣ឆ្នាំដែលធ្លាប់បានធាក់ស៊ីក្លូនៅរាជធានីភ្នំពេញជិត៥០ឆ្នាំមកហើយនោះ បាននិយាយថា គាត់យកចញ្ចើមថ្នល់នៅក្នុងសង្កាត់ទឹកថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើជាផ្ទះរបស់គាត់។
គាត់បាននិយាយបន្ថែមទៀតថា “ខ្ញុំដេកនៅលើស៊ីក្លូរបស់ខ្ញុំ ហើយខ្ញុំចង់ឲ្យរដ្ឋាភិបាលរកកន្លែងមួយសម្រាប់ពួក យើងដេកឲ្យបានសមស្របនៅពេលយប់ ពីព្រោះពេលនេះយើងគ្មានសុវត្ថិភាព និងគ្មានកន្លែងរស់នៅត្រឹមត្រូវទេ”៕
សុខភុំ