27 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លើកឡើង​ថា​ បរិមាណ​ផល​ស្រូវប្រមូលនៅរដូវនេះអាច​បាន​​៩​លាន​តោន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប្រទេស​កម្ពុជា​អាច​ផលិត​ស្រូវ​បាន​ចំនួន​៩​លាន​តោន​នៅ​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​ចុង​ឆ្នាំ​២០១២ ​ដល់​ដើម​ឆ្នាំ​២០១៣។

លោក​ ច័ន្ទ សារុន​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​ស្រូវ​វស្សា​ភាគ​ច្រើន​ត្រូវ​បាន​ច្រូត​កាត់​​រួច​ហើយ​នោះ​ លោក​រំពឹង​ថា​ ការបង្កើន​ផ្ទៃ​ដី​​ធ្វើ​ស្រែ​អាច​ជួយ​ទប់​ទល់​នឹង​គ្រោះ​រាំង​ស្ងួត​កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​ការ​ប្រមូល​ផល​ស្រូវ​ចប់​សព្វ​គ្រប់​នៅ​ខែ​មីនា​ឆ្នាំ​២០១៣។

លោក​ ច័ន្ទ​ សារុន​ បាន​ថ្លែង​ថា​ “ឆ្នាំ​នេះ​ យើង​នឹង​អាច​ទទួល​ផល​ស្រូវ​បាន​ប្រហែល​៩​លាន​តោន​ ទាំង​ស្រូវ​វស្សា​ និង​ស្រូវ​ប្រាំង​”។

តួលេខ​នេះ​កើន​ឡើង​ច្រើន​ជាង​តួលេខ​កាល​ពី​ឆ្នាំ​មុន​បន្តិច​ ដែល​តួលេខ​ឆ្នាំ​មុន​បាន​បង្ហាញ​ថា​ ទិន្នផល​ស្រូវ​អាច​កើន​ដល់​ចំនួន​៨,៨​លាន​តោន​ ក៏​ប៉ុន្តែ​ វា​ជា​ការ​ថយ​ចុះ​នូវ​កំណើន​ទិន្នផល​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​បាន​កើន​ឡើង​យ៉ាង​លឿន​ពី​ចំនួន​៣,៧៦​លាន​តោន​កាល​ពី​រដូវ​ប្រមូល​ផល​ចុង​ឆ្នាំ​២០០០​ដល់​ដើម​ឆ្នាំ​២០០១។

លោក​បាន​មាន​ប្រសាសន៍​ថា​ ភាព​រាំង​ស្ងួត​ចន្លោះ​ពី​ខែ​កក្កដា​ ដល់​ខែ​កញ្ញា​ឆ្នាំ​២០១២​បាន​ធ្វើ​ឲ្យដំណាំ​មួយ​ចំនួន​ទទួល​រង​នូវ​ការ​ខូច​ខាត​ ហើយ​កសិករ​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​ពន្យារ​​ពេល​ដាំ​ដុះ​ ដោយ​សារ​តែ​កង្វះ​ទឹក​ភ្លៀង​។

ក៏​ប៉ុន្តែ​ លោក​បាន​មាន​ប្រសាសន៍​ថា​ “​យើង​នឹង​អាច​ទទួល​បាន​ផល​ស្រូវ​ច្រើន​ជាង​ឆ្នាំ​មុន​ ពីព្រោះ​ប្រជា​កសិករ​របស់​យើង​បាន​បង្កើន​ផ្ទៃ​ដី​ធ្វើ​ស្រែ​”។ លោក​បាន​ឲ្យ​ដឹង​ថា​ ផ្ទៃ​ដី​ស្រែ​វស្សា​ចំនួន​២,៦​លាន​ហិក​តា​ត្រូវ​បាន​ដាំ​ដុះ​នៅ​រដូវ​នេះ​ បើធៀប​នឹង​ចំនួន​២,៥​លាន​ហិក​តា ​កាល​ពី​រដូវ​មុន។

លោក​បាន​បន្ត​ទៀត​ថា​ ការ​ធ្វើ​ស្រែ​ប្រាំង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​គត់​សម្គាល់​ ដោយ​បាន​កើន​ឡើង​ចំនួន​១៤​ភាគ​រយ​បើធៀប​នឹង​ឆ្នាំ​មុន​ ពោល​គឺ​កើន​ឡើង​ពី​ចំនួន​៣៥០.០០០ហិកតា​កាល​ពី​ឆ្នាំ​២០១១ ​ដល់​ចំនួន​៤០០.០០០​ហិក​តា​នៅ​រដូវ​នេះ។

លោក​ ណាក់​ អាត​ អាយុ​៤៧​ឆ្នាំ​ ជា​កសិករ​មួយ​រូប​នៅ​ស្រុក​បាកាន​ ខេត្ត​ពោធិ៍​សាត់​បាន​និយាយា​ថា​ “​ កាល​ពី​មុន​ យើង​ធ្វើ​ស្រែ​តែ​ម្តងទេ​ ​ប៉ុន្តែ​ ឥឡូវ​នេះ​ យើង​ធ្វើ​ស្រែ​ពីរ​ដង​ ដូច្នេះ​យើង​អាច​ទទួល​ផល​បាន​ច្រើន​ជាង​កាល​ពី​ពេល​មុន​”។

គាត់​បាន​ឲ្យ​ដឹង​ថា​ គាត់​ធ្វើ​ស្រែ​បាន​ផល​ស្រូវ​ចំនួន​៣០​តោន​នៅ​លើ​ផ្ទៃ​ដី​៦​ហិកតា​ បើ​ធៀប​នឹង​ចំនួន​២៥​តោន​កាល​ពី​ឆ្នាំ​មុន។ មន្ត្រី​កសិកម្ម​បាន​ជួប​ប្រជុំ​ជា​មួយ​មន្ត្រី​មក​ពី​ខេត្ត​ គ័ងស៊ី​ (Guangxi)​ប្រទេស​ចិន ​កាល​ពី​ថ្ងៃ​ច័ន្ទ​ និង​ថ្ងៃ​អង្គារ​ ហើយ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃការយោគ​យល់​គ្នា​ចំនួន​​ពីរ។

អនុស្សរណៈ​នៃការយោគ​យល់​គ្នា​មួយ​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ ឡត​ រស្មី​ អគ្គលេខាធិការ​ នៃ​ក្រសួង​កសិ​កម្ម​ និង​លោក​ សាង​ មីងប៉ី​ (Zhang Minpei)​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ គ័ង​ស៊ី​ ផ្តល់​ឱកាស​​ឲ្យ​ភាគី​ទាំង​ពីរ​សហ​ការ​ជា​មួយ​គ្នា​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ ការ​បើក​កិច្ច​ប្រជុំ​ និង​លើ​ការ​ផ្គត់​ផ្គង់​សម្ភារ​កសិកម្ម​ពី​ខេត្ត​របស់​ប្រទេស​ចិន​មួយ​នេះ​ដល់​ប្រទេស​កម្ពុជា។

ចំពោះ​អនុស្សរណៈ​មួយ​ទៀត​ គឺ​មហា​វិទ្យា​ល័យ​កសិកម្ម​ជាតិ​ព្រែក​លៀប​បង្កើត​ទំនាក់​ទំនង​ជា​មួយ​បហាវិទ្យា​ល័យ​កសិកម្ម​គ័ងស៊ី​ ដើម្បី​ចែក​រំលែក​នូវ​ជំនាញ​ និង​បញ្ជូន​និស្សិត​ទៅ​សិក្សា​ទៅ​វិញ​ទៅ​មក៕ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស