29 C
Phnom Penh

កម្មករ​នៅលើ​​ទូក​ ដក​ពាក្យ​បណ្ដឹង​ឈប់​ប្ដឹង​ពាណិជ្ជករ​ជន​ជាតិ​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​តំណាង​ជន​រង​គ្រោះ ​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ពាណិជ្ជកររុស្ស៊ី​ឈ្មោះ​ សឺហ្គី ប៉ូលុនស្គី (Sergei Polonsky) និង​ជន​ជាតិ​រុស្ស៊ី​ពីរ​នាក់​ផ្សេង​ទៀត​ ​វាយ​ធ្វើបាប កាល​ពី​ខែ​មុន​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​ដក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ បន្ទាប់​ពី​​ទទួល​ប្រាក់​សំណង​ជំងឺ​ចិត្ត​។

ដំណឹង​នេះ​ បាន​លេច​ឡើង​នៅ​ពេល​ក្រសួង​ការ​បរទេស​រុស្ស៊ី បាន​អំពាវ​នាវ​ឲ្យ​ប្រទេស​កម្ពុជា​ ស៊ើប​អង្កេត​ឲ្យបានហ្មត់​ចត់​ និង​មាន​គោល​ដៅ​ច្បាស់​មួយ​​ក្នុង​ករណី​នេះ​។

លោក ប៉ូលុនស្គី អាយុ​៤០​ឆ្នាំ​ និង​គូកន​របស់​ខ្លួន​ ដែល​ជា​ជន​ជាតិ​រុស្ស៊ី​ដូចគ្នាពីរ​នាក់​ទៀត​ឈ្មោះ កុន​ស្ដាន​ទិន បាក្លេ (Konstantin Baglay) និង​ឈ្មោះ អាឡិច​សាន់​ដឺ​ ការា​សុីន​ស្គី​ (Alexander Karacinsky) ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​បណ្តោះអា សន្ន និង​កំពុង​តែ​ប្រឈម​មុខ​នឹង​ការចោទ​ប្រកាន់​នៅឡើយ​ កាល​ពី​ម្សិលមិញ ត្រូវនគរបាល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ បន្ទាប់​ពី​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កង​រាជ​អាវុធហត្ថ។

ពួក​គេ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​កាល​ពីសប្ដាហ៍​មុន​ពី​បទ​បង្ករបួស​ស្នាម​ ដោយ​ចេតនា មកលើ​កម្មករ​ជន​ជាតិ​ខ្មែរ​ប្រាំ​មួយ​នាក់​ ​ដោយ​ប្រើ​កូន​កាំបិត​ ហើយ​បានបង្ខំ​ឲ្យ​កម្មករ​ទាំង​នោះ​លោត​ចេញ​ពី​ទូក​របស់​ខ្លួន។​មន្ត្រីកង​រាជ​អាវុធ​ហត្ថ​បាន​លើក​ឡើង​ថាពួក​គេ​បាន​ចាប់​ខ្លួន​ជន​ជាតិ​រុស្ស៊ី​ទាំង​នោះ​ បន្ទាប់​ពីការ​បាញ់​ព្រមាន​ និង​ជិះទូក​ដេញ​ពីក្រោយ​ពួក​គេ​។

លោក អ៊ូច សុភ័ក្ត្រា មេធាវី​តំណាង​ឲ្យ​កម្មករ​ខ្មែរ​ទាំង​ប្រាំមួយ​នាក់​ ​មាន​ប្រសាសន៍​ថាកូន​ក្ដី​របស់លោកសុខចិត្ត​​​ទទួល​យក​ប្រាក់​សំណង​ជំងឺ​ចិត្ត​​។ លោក​បាន​បន្តថា “កម្មករ​ទាំង​នោះ ទាម​ទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ម្នាក់​ៗចំនួន​៥.០០០​ដុល្លារ​ ប៉ុន្ដែ ទី​បំផុត​ជន​ជាតិ​រុស្ស៊ី​ទាំង​នោះ​បាន​យល់​ព្រម​ផ្តល់ប្រាក់សំណង​ជំងឺ​ចិត្ត​ទៅ​ឲ្យ​កម្មករ​ជន​ជាតិ​ខ្មែរ​ទាំង​ប្រាំ​មួយ​នាក់​នោះ​សរុប​ចំនួន២០.០០០​ដុល្លារ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ដ​ថា “ខ្ញុំ​បាន​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​វិញ​ហើយ​ ប៉ុន្ដែ ជន​ជាតិ​រុស្ស៊ី​ទាំង​បី​នាក់​នោះ​នៅ​តែ​ប្រឈម​មុខនឹងការ​ចោទ​ប្រកាន់ដដែល”។ លោក សុភ័ក្ត្រា ​លើក​ឡើង​ថា កម្មករ​ទាំង​នោះ​ នឹង​មិន​ផ្ដល់​ភ័ស្ដុតាង​​ ដើម្បី​ចោទ​ប្រកាន់​​លោក ប៉ូលុនស្គី និង​គូកន​របស់​លោក​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ការងារ​​របស់​លោក​ចប់​សព្វ​គ្រប់​ហើយ​”។

លោក សំ សុផល ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា ជន​ជាតិ​រុស្ស៊ី​ទាំង​នោះ​ត្រវឃុំខ្លួន​បណ្ដោះ​អាស​ន្ន​ក្នុងពន្ធនាគារខេត្ត។ លោក សុផល បាន​លើក​ឡើង​ថា លោក ប៉ូលុនស្គី ដែល​ទំនង​ជា​អាណិត​អាសូ​រគូកន​របស់​ខ្លួន​ ដែល​មានការ​លំបាក​ក្នុងការ​ស្នាក់​នៅ​ក្នុង​ពន្ធនាគារ​ ដោយ​សារមិន​មាន​​ខ្យល់​គ្រប់​គ្រាន់​ បាន​ទិញ​កង្វារ​ជាង​ដប់​គ្រឿង​រួច​​ហើយ​ឲ្យ​គេ​ដឹក​​តាម​រ៉ឺម៉ក​ម៉ូ​តូចូលទៅក្នុងពន្ធ​នាគារ​។ ទោះ​ជា​យ៉ាង​ណា​ ប្រធាន​ពន្ធ​នា​គារ​រូប​នេះ​​ បាន​លើក​ឡើង​ថា លោក​បដិ​សេធ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​កង្វារ​ទាំង​នេះ​នៅ​ក្នុង​ពន្ធ​នាគារ​ឡើយ ពី​ព្រោះ​នេះ​គឺ​ជា​បទ​បញ្ជា​ផ្ទៃ​ក្នុង​ ហើយ​ក៏ដោយ​សារ​តែ​ ដើម្បី​សន្សំ​សំចៃ​​អគ្គិសនី​ផង​ដែរ​។

លោក​ ប៉ូលុនស្គី  កាល​ពី​ឆ្នាំ​មុន បាន​ទៅ​រស់​នៅលើ​កោះ​ដែក​គោល​ ដែល​លោក​បាន​​គ្រប់​គ្រង​រួម​គ្នា​ជាមួយ​ម្ចាស់​ភោជនីយ​ដ្ឋាន និង​សណ្ឋាគារ​ផ្ទះពស់ ក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​ ផេង ភឿន អ្នក​គ្រប់​គ្រង​សណ្ឋា​គារ​ផ្ទះពស់​ ដែល​បានជួយ​​ចរចា​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ទៅ​ឲ្យ​កម្មករ​ជន​ជាតិ​ខ្មែរ​ទាំង​ប្រាំមួយ​នាក់​នោះ បាន​បញ្ជាក់​ថា​ ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​អស់​ហើយ​។

លោក​​មាន​ប្រសាសន៍​ដោយ​មិន​បរិយាយ​ច្រើន​ពី​បញ្ហា​នេះ​ថា“ កម្មករ​ម្នាក់​ៗ​ទទួល​​បាន​ប្រាក់​សំណង​ជំងឺ​ចិត្ត​១.០០០​ដុល្លារ​ រីឯ​ប្រាក់​ដែល​នៅ​សល់​ផ្សេងទៀត​ខ្ញុំ​ប្រើ​ ដើម្បី​បង់​ទៅ​ឲ្យ​មេធាវី​ និង​ចំណាយ​ទៅ​លើ​អ្វី​ៗ​ផ្សេងទៀត​”។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​ ប្រកាស​តាម​​អុីនធើណិត លោក ប៉ូលុនស្គី ​បដិសេធចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ ហើយ​​លើក​ឡើង​ថា ហេតុការ​ណ៍​ដែល​បាន​កើត​ឡើង​ គឺ​ជា​រឿង​យល់​ច្រឡំ​គ្នា​តែ​បន្ដិច​បន្ដួចប៉ុណ្ណោះ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ នាយក​ដ្ឋាន​ព័ត៌មាន​ក្រសួង​ការ​បរទេស​រុស្ស៊ី បាន​លើក​ឡើង​ថា ខ្លួន​កំពុង​តែ​ឃ្លាំមើល​​សំណុំ​រឿង​នេះយ៉ាង​យកចិត្ត​ទុក​ដាក់បំផុត។

សេចក្ដី​ថ្លែង​ការណ៍​នេះ​​លើក​ឡើង​ថា “ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​នេះ​ ជា​ការ​ចោទ​ប្រកាន់ពីបទល្មើស​ធ្ងន់ធ្ងរ ហេតុដូច្នេះ យើង​ជឿជាក់​ថា ចាំ​បាច់​អាជ្ញាធរ​កម្ពុជា​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់​ និង​ឲ្យបាន​ច្បាស់​លាស់​ អំពី​ហេតុការណ៍​ទាំង​អស់​ដែល​បាន​កើត​ឡើង”។

សេចក្ដី​ថ្លែង​ការណ៍​នេះ ក៏​បាន​លើក​ឡើងដែរ​ថា ស្ថាន​ទូត​រុស្ស៊ី​ប្រចាំ​រាជ​ធានី​ភ្នំពេញ​ “បាន​ទាក់​ទង​ភ្លាម​ៗ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ ដើម្បី​ឲ្យជួយការ​ពារ​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្លួន​”។

សេចក្ដី​ថ្លែង​ការ​ណ៍​នេះ​ បាន​បន្ថែម​ថា“ស្ថាន​ទូត​រុស្ស៊ី​ បាន​ផ្ញើ​លិខិតទៅ​ក្រសួង​ការ​បរទេស​កម្ពុជារួចហើយ​”។ លោក​ ប៉ូលុនស្គី បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​លក់​អចលន​ទ្រព្យរបស់​ក្រុមហ៊ុន​ប៉ូ​ថុក​(Potok)​ ដែល​លោក​បាន​បង្កើត​ឡើង​ ហើយ​ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវ​គេ​ស្គាល់​ថា មាន​ឈ្មោះ មីរ៉េក (Mirax) ។​ ក្រុម​ហ៊ុន​អចលន​ទ្រព្យ ដែល​មាន​ឈ្មោះ​ថា មីរ៉េក នេះ គឺ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ហើយគេ​បាន​ស្គាល់​ជា​ទូទៅ​

នៅ​ក្នុង​ទី​ក្រុង​មូស្គូ និង​កន្លែង​ផ្សេងៗ​ទៀត​ រហូត​ទាល់​តែ​ក្រុមហ៊ុន​នេះអស់លុយ​ដោយ​សារ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក​។

ក្រសួង​មហាផ្ទៃ​រុស្ស៊ី បាន​ប្រកាស​ថា ខ្លួន​បាន​បើក​ការ​ស៊ើប​អង្កេត​ពាក់​ព័ន្ធ​នឹង​បុគ្គលិក​មួយ​ចំនួន ដែល​គេមិន​បាន​បញ្ចេញ​ឈ្មោះ​របស់​ក្រុមហ៊ុន មីរ៉េក និងវិនិយោគិន​មួយ​ចំនួន​ទៀត​ ដែល​ធ្លាប់​រក​ស៊ី​ជាមួយ​លោក ប៉ូលុនស្គី ដោយបាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​រុស្ស៊ីធ្វើ​បត្យាប័ន​លោក ប៉ូលុនស្គី ទៅកាន់​ប្រទេស​រុស្ស៊ី​វិញ។

លោក​ ប៉ូលុនស្គី បាន​ល្បី​ឈ្មោះ​ដល់​ប្រទេស​រុស្ស៊ី កាល​ពី​ឆ្នាំ​២០១០ នៅ​ពេល​លោក​​ទទួលរងការរិះគន់​ នៅ​ក្នុង​កម្មវិធី​​ផ្សាយ​បន្ដ​ផ្ទាល់​តាម​ទូរទស្សន៍​មួយ ពីអ្នក​សារ​ព័ត៌មាន​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​របស់​រុស្ស៊ី គឺ​លោក អាឡិច​សាន់ដឺ ឡេបេដេវ (Alexander Lebedev) ដែល​ជា​អ្នក​គ្រប់​គ្រង​កម្មវិធី​ចំនួន​ពីរ​ គឺ​កម្មវិធី​ The Independent និង​កម្មវិធី The London Evening Standard។ ជន​ល្បី​ឈ្មោះ​ទាំង​ពីរ​រូប​នេះ​ បាន​ប្ដឹង​តវ៉ា​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​តុលាការ ទាំង​នៅ​ក្នុង​ទី​ក្រុង​មូស្គូ និង​ទី​ក្រុង​ឡុងដ៍៕ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស