ក្រុម​ហ៊ុន ព្រូ​ដិ​ន​ស្យល ​ចាប់​ផ្តើម​ផ្តល់​សេវា​កម្ម​ធានា​រ៉ាប់​រង​អាយុ​ជីវិត​នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​

បុគ្គ​លិក​ក្រុម​ហ៊ុន​ ​ព្រូ​ដិន​ស្យល​ ខេម​បូ​ឌា (Prud​ential C​ambodia​)​ ​ជា​បុ​ត្រ​ស​ម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​​ផ្តល់​សេវា​កម្ម​ហិ​រ​ញ្ញ​វត្ថុ​ចក្រ​ភព​អង់គ្លេស​ ​ដែល​មានឈ្មោះ​ថា ​ព្រូ​ដិន​ស្យល​ ភីអិល​ស៊ី ​(Prude​ntial Plc) បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្រុម​ហ៊ុន​នេះ​បា​ន​ក្លាយ​ជា​ក្រុម​ហ៊ុន​ទី​៣ ដែល​ផ្ត​ល់​​សេវា​កម្មធា​នា​​រ៉ាប់​រង​អាយុ​ជីវិត​ នៅ​លើ​ទី​ផ្សារ​នៃ​ប្រទេស​កម្ពុជា​។

​អាជីវកម្ម​រ​បស់​ក្រុម​ហ៊ុន ​ព្រូ​ដិន​ស្យ​ល ​ខេម​បូឌា បាន​ចាប់​ផ្តើមដំណើរ​ការ​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​អាយុ​ជីវត​ក​ម្ពុជា ​(Cam-​b​odian​ Life ​Insur​ance ​Com​pany)​ ​ដែល​ជា​ក្រុម​ហ៊ុនរដ្ឋ​​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​របស់​ខ្លួន ​កាល​ពី​ខែ​ឧសភា ​និង​ក្រុម​ហ៊ុ​ន​ មេនូឡៃ​ហ្វ ​(Manu ​​Life​) ​​ជា​ក្រុ​មហ៊ុន​មក​ពី​ប្រទេស​កាណាដា ​បាន​​ចាប់​ផ្តើ​ម​ប្រតិ​បត្តិ​សេវា​កម្ម​ កាល​ពីខែ​មិថុនា​។​

លោក ប៉ាន់​កាច ​បានើ​ជី (Pa​nkaj ​Ban​e​rjee​) ​​ប្រធាន​នាយក​ប្រតិ​បត្តិ​ក្រុមហ​៊ុន ​ព្រូ​ដិន​ស្យល​ ​ខេម​បូឌា ​បាន​មានប្រសាស​ន៍​កាលពីម្សិល​មិញ​​ថា ក្រុម​ហ៊ុន​នេះ​បាន​បោះ​ទុន​វិនិយោគ​ក្នុង​ដំណាក់​កាល​ដំបូង​ក្នុ​ង​ទំហំ​ទឹក​ប្រាក់​ចំនួន​៧លាន​ដុល្លារ​ នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ ​ដែល​ជា​ទំហំ​វិនិ​យោគ​អប្បបរមា​ដែល​ច្បាប់​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​តម្រូវ​ ហើយ​​រំពឹងថា នឹង​ផ្តល់​សេវា​កម្ម​ដល់​អតិ​ថិជន​ភាគ​ច្រើន ​ដែ​លមាន​ចំណូល​ក្នុង​កម្រិត​កណ្តាល​។​

លោក ​បានើ​ជី ​មានប្រសាសន៍ថា “ ប្រជា​ជន​ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ចំណូ​ល​កម្រិត​កណ្តាល​ ដែល​កំពុងតែ​ចាប់​ផ្តើម​កើន​ឡើង​ អាច​​ជា​គោល​ដៅ​អតិ​ថិជន​ចម្ប​ង​របស់​យើង​។ ​នេះ​គឺជា​ចំណែក​ទីផ្សារ​ដែ​ល​ក្នុងរយៈ​ពេល​១០ ១៥​ ឬ​២០​ឆ្នាំ​ទៅ​មុខ​ នឹង​បន្ត​កើន​ឡើង​”។​ ​លោក បានើ​ជី បា​ន​មានប្រសាសន៍​បន្ត​ទៀតថា ​ប្រជាជន​កម្ពុជា ​កំពុងតែមាន​ចំណូលកាន់តែ​​ច្រើន​ឡើ​ង​ៗ​ហើយ ទើប​ធ្វើ​ឲ្យ​អត្ថ​ប្រយោ​ជន៍​​នៃ​សេ​វា​កម្ម​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ កើន​ឡើង​​កា​ន​​់តែ​ច្រើន​ឡើង​ៗ​ទៅ​តាម​នោះ​ដែរ​។

លោក​បាន​លើក​ឡើង​ដូច្នេះថា “ កិច្ច​ការ​ពារ​ផ្នែក​ហិរញ្ញ​វត្ថុ​​ទទួល​បាន​នូ​វ​​ការ​យ​កចិត្ត​ទុក​ដាក់​កាន់តែ​ខ្លាំង​ឡើង​ៗ ​នៅ​ពេល​ចំណូល​​របស់​អ្នក​កើន​ឡើង​។ ​នៅ​ពេល​ណា​ក៏ដោយ​ ឲ្យ​តែ​មានតម្រូវ​ការ​កិច្ច​ការ​ពា​រចំណូល ​នោះ​គឺជា​ពេល​ដែល​សេវា​កម្ម​ធានា​រ៉ាប់​រង​ត្រូវ​ចូល​​​ខ្លួន​ទៅ​ក្នុងទីផ្សារ​នៃ​ប្រទេស​មួយ”។​ ​លោក​បាន​មានប្រសាសន៍​បន្ត​ទៀតថា​ ​បច្ចុប្បន្ន មិន​ទាន់​មានការ​ចាប​់​អារម្មណ៍​ខ្លាំង ​ទៅលើ​វិស័យ​​ធានារ៉ាប់​រង​អា​យុជីវិត នៅ​ប្រទេស​កម្ពុជាទេ​ ហើយ​មា​ន​ការ​យល់​ដឹង​តិចតួច​ ក្នុង​ចំណោម​សា​ធា​រ​ណជន​ ទាក់ទង​ទៅ​នឹង​របៀប​ និង​មូល​​េហតុ​នៃ​ការ​ប្រើ​ប្រាស់​គោល​នយោ​បាយ​​ធានា​រ៉ាប់​រង​អាយុ​ជីវិត​។​​​

លោក​​មានប្រសាសន៍​បន្ថែម​ទៀ​ត​ថា

“ ​មួយ​ក្នុង​ចំណោម​កិច្ច​ការ​ដែល​ក្រុម​ហ៊ុន ព្រូដិន​ស្យល​ ត្រូវ​ធ្វើ​​ដោយ​យក​ចិត្ត​ទុ​កដាក់​បំផុត​គឺ ​ការ​បង្កើត​ចល​នា​បង្កើន​កា​រ​យល់​ដឹង​ដល់​អតិថិជន​ ក្នុង​ផ្លូវត្រូវ​”។ លោ​ក​បាន​លើក​ឡើង​បន្ត​ទៀតថា ​នៅក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ណែនាំ​សាធារណជន​ទូទៅ​ ឲ្យ​មាន​កា​រ​យល់​​ដឹង​អំពី​សេវា​កម្ម​ធានារ៉ាប់​រង​អាយុ​ជីវិត​ ក្រុម​ហ៊ុន​ ព្រូដិន​ស្យល​ ខេម​បូ​ឌា​ ​បាន​ចាប់​ដៃ​គូ​សហ​​​ប្រតិ​បត្តិការ​ ជាមួយ​ធនាគារ​ អេ​ស៊ីលីដា​ ភីអិល​ស៊ី​ (Acleda Plc)​។ ​យោង​តាម​គេ​ហ​ទំព័រ​​របស់​ក្រុម​ហ៊ុន​ព្រូ​ដិនស្យល​ បាន​បង្ហាញ​ថា  ​បុគ្គលិក​ផ្នែក​លក់​របស់​ក្រុម​ហ៊ុ​ននេះ ​នឹង​ចូល​ខ្លួន​បម្រើ​អ​តិថិជន ​នៅ​តាម​កា​រិយាល័យ​របស់​​ធនា​គារ​ អេស៊ី​លីដា ភីអិ​លស៊ី​ ចំនួន​២៣៨ក​ន្លែង​ នៅ​ទូទាំង​ប្រទេសកម្ពុជា​​។​

លោក អុិន​ ចាន់នី ​ប្រធាននាយក​ប្រ​តិបត្តិ​ធ​នាគារ​ អេ​ស៊ីលីដា ភី​អិល​ស៊ី ​ថ្លែងថា “ ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ឲ្យ​បាន​ទូលំទូលាយ​ ​ការ​ផ្តល់​ព័ត៌​មាន​ឲ្យ​បាន​ច្រើន​ និង​​សកម្មភាព​ណែនាំ​​សាធារ​ណជន​ គឺជា​កិច្ច​ការ​​ដ៏សំខាន់​ ដែល​ក្រុម​​​ហ៊ុ​ន ព្រូដិន​ស្យល​ ត្រូវ​ធ្វើ​ នៅ​ប្រទេស​កម្ពុជា​៕ សុធា

 

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.