គណបក្ស សម រង្ស៊ី បានស្នើសុំឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជាឲ្យលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលាលែងពីតំណែងដោយសារលោកខកខានមិនបាននាំផលិតផលថែមទៀតចេញពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមលិខិតមួយច្បាប់ចុះថ្ងៃទី១០ខែមករា ដែលចុះហត្ថលេខាដោយសមាជិកសភាមកពីគណបក្ស សម រង្ស៊ី លោក ជា ប៉ូច លោក ឡុង រី លោក គង់ បូរ៉ា និងលោក ឃឹម ឡាក់គី ដែលបានផ្ញើជូនលោក ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់ថា លោក ចម ប្រសិទ្ធ មិនបានបំពេញការងាររបស់ខ្លួនឲ្យបានល្អ ដើម្បីជួយដល់ប្រជាកសិករខ្មែរឲ្យបាននាំផលិតផលរបស់ខ្លួន និងជួយរកទីផ្សារឲ្យពួកគាត់សម្រាប់លក់ផលិតផលនៅបរទេសទេ។
នៅក្នុងលិខិតនោះបានលើកឡើងថា“គណបក្ស សម រង្ស៊ី សូមស្នើឲ្យលោកនាយករដ្ឋមន្ត្រីដកលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចេញពីតំណែង ពីព្រោះលោកមិនអាចរកទីផ្សារសម្រាប់ឲ្យប្រជាពលរដ្ឋលក់ផលិតផលរបស់ខ្លួនបានទេ។ យើងសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីនឹងពិចារណាលើសំណើរបស់យើង”។
លោក ចម ប្រសិទ្ធ បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយទេនៅពេលសួរអំពីលិខិតរបស់គណបក្ស សម រង្ស៊ី កាលពីម្សិលមិញ។
ជាច្រើនឆ្នាំមកហើយ សេដ្ឋវិទូបានលើកឡើងថា ប្រជាកសិករខ្មែរចាញ់ប្រៀបកសិករនៅ ក្នុងបណ្តាប្រទេសជិតខាងខ្លួន ដោយសារ
មិនបាននាំផលិតផលកសិកម្មក្នុងស្រុករបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។មិនតែប៉ុណ្ណោះប្រជាកសិករខ្មែរបានលក់ផលិតផលមិនទាន់កែច្នៃក្នុងតម្លៃថោកឲ្យឈ្មួញកណ្តាល ដែលក្រោយមកបានដឹកផលិតផលទាំងនោះ ឆ្លងកាត់ព្រំដែនទៅលក់ឲ្យប្រទេសថៃ និងប្រទេសវៀតណាម។
នៅក្នុងលិខិតនោះបានលើកឡើងបន្តថា “ យើងដឹងថា ឈ្មួញកណ្តាលបានចុះទៅទិញផលិតផលកសិកម្មពីដៃកសិករមានដូចជា ពោត ដំឡូងមី សណ្តែក និងស្រូវដោយឲ្យតម្លៃថោក ពេក ហើយតែងតែធ្វើឲ្យប្រជាពលរដ្ឋខកចិត្តយ៉ាងខ្លាំង”។
ទោះបីជាវិស័យពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា នៅអន់ក៏ដោយ ក៏ការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិកំពុងកើនឡើងដែរ ដូចជាវិស័យវាយនភណ្ឌជាដើម ហើយកំពុងមានការដាក់ទុនវិនិយោគយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជាដែលត្រូវបានគេមើលឃើញថា បានចាប់ផ្តើមនាំចេញទៅកាន់ទីផ្សារបរទេសកំពុងតែកើនឡើង។
ជាឧទាហរណ៍ ការនាំអង្ករចេញកំពុងមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះព្រមទាំងការនាំចេញស្បែកជើង និងផលិតផលមួយចំនួនទៀត ដូចជា ម្រេចជាដើម។
របាយការណ៍រដ្ឋាភិបាលបានកត់ត្រាការនាំអង្ករចេញកាលពីឆ្នាំមុនថា ប្រទេសកម្ពុជាបាននាំអង្ករចេញចំនួន២៥០.០០០តោន ទៅកាន់ទីផ្សារបរទេស ហើយរដ្ឋាភិបាលបានបញ្ជាក់ថា ការនាំអង្ករចេញទៅកាន់ទីផ្សារបរទេស នឹងកើនឡើងចំនួន៤០០.០០០តោន នៅក្នុងឆ្នាំនេះ។ កាលពីឆ្នាំ២០១២ ការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ អាចរកចំណូលសរុបបានចំនួន៥,៤៩ពាន់លានដុល្លារ គឺកើនឡើង៤,៨៨ពាន់លានដុល្លារ កាលពីឆ្នាំ២០១១។
ខណៈដែលប្រទេសកម្ពុជាមិនទាន់អាចនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអង្ករក្រៅប្រទេសឲ្យបានច្រើននោះក្រុមវិយោគិនបានលើកឡើងថា តម្លៃថាមពលអគ្គិសនី និងតម្លៃនៃការដឹកជញ្ជូនត្រូវតែបញ្ចុះតម្លៃជាមុន ទើបពួកគេអាចមានលទ្ធភាពចូលរួមប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិដើម្បីចាប់ផ្តើមនាំផលិតផលកសិកម្មឲ្យបានកាន់តែច្រើនថែមទៀត៕
ប្រែសម្រួលដោយ ឃិន ណៃ