26 C
Phnom Penh

នួន ជា ចូល​សម្រាក​ព្យាបាល​ក្នុង​ ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ ដោយសារជំងឺ​រលាក​ទង​សួត​​ធ្ងន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាក្ដី​ខ្មែរ​ក្រហម​បាន​បើក​សវនាការ​​កាល​ពី​ម្សិលមិញ​ ប៉ុន្ដែ  ចុងចោទ​ នួន ជា ដែល​​ជា​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម បាន​ដួល​សន្លប់​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ កាល​ពី​ថ្ងៃ​អាទិត្យ ដោយសារ​តែ​មាន​ជំងឺ​រលាក​ទង​សួត​ធ្ងន់​ ហើយ​បណ្ដាល​ឲ្យ​មាន​ការ​ផ្អាក​នីតិ​វិធី​​ម្ដង​ទៀត​នៅ​សាលាក្តី​នេះ​​ ដែល​​ទើប​តែ​ចាប់​ផ្តើម​​ការ​ងារ​​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា បន្ទាប់​ពី​មាន​ការ​​ឈប់​សម្រាក​រយៈ​ពេល​ពីរ​សប្ដាហ៍​។

លោក វិកទ័រ កូប៉េ (Victor Koppe) មេធាវី​របស់​ នួន ​ជា​ បាន​​និយាយ​​នៅ​ក្នុង​សាលាក្ដី​ យោង​​តាម​របាយការ​ណ៍​ពេទ្យ​ថា ចុង​ចោទ​​​​អាយុ​៨៦​ឆ្នាំ​​រូប​នេះ បាន​ដួល​កាល​ពី​រសៀល​​ថ្ងៃ​អាទិត្យ​ នៅ​ក្នុង​មណ្ឌល​ឃុំ​ឃាំង​នៃ​សាលា​ក្ដី​​នេះ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ​សូវៀត ដែលគ្រូ​ពេទ្យ​​នៅទី​នោះ​ បាន​​ពិនិត្យ​ឃើញ​​ថា គាត់​មាន​ជំងឺ​រលាក​​ទង​សួត​ធ្ងន់​។

សាលាក្ដី​បានលើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​​ពី​ម្សិលមិញ​ថា “ នួន​ ជា ត្រូវ​បានបញ្ជូន​ទៅ​​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត ដោយសារ​តែ​គាត់​​មាន​ជំងឺ​រលាក​​ទង​​សួត​ធ្ងន់។ ​សវនាការ​​សំណុំ​រឿង​០០២ ត្រូវ​បាន​ផ្អាក​ជាបណ្ដោះ​អាសន្ន​។អង្គ​ជំនុំ​ជម្រះ​ នឹង​​ជូន​ដំណឹង​ដល់​ភាគីទាំង​អស់​អំពី​​ការ​បន្ត​សវនាការ​​យ៉ាង​យូរ​បំផុត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​”។

លោក ឈឿង យ៉ាវយិន អនុប្រធាន​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ​សូវៀត​ ​មាន​ប្រសាសន៍​ថា វេជ្ជបណ្ឌិត​កំពុង​ព្យាបាល​ នួន ជា ប៉ុន្ដែ មិន​អាចប្រាប់​បាន​ថា ពេល​ណា​គេ​នឹង​​អនុញ្ញាត​ឲ្យ​គាត់​ចេញ​ពី​មន្ទីរ​ពេទ្យ​​នោះ​ទេ។

យ៉ាវយិន បាន​មាន​ប្រសាសន៍​ថា “​នួន ជា ត្រូវ​បាន​ទទួល​​​ឲ្យ​ចូល​សម្រាក​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​នេះ [កាល​ពី​xថ្ងៃ​អាទិត្យ] ហើយ​​វេជ្ជបណ្ឌិត​របស់​យើង​បា​ន​ពិនិត្យ​ជំងឺ​របស់​គាត់​រួច​រាល់​ហើយ​នៅ​ថ្ងៃ​នេះ”។ លោក​បន្ថែម​ថា “ យើង​មិន​អាច​កំណត់​បាន​​​ថា​ គាត់​ត្រូវ​ការ​ព្យាបាល​រយៈ​ពេល​​​ប៉ុន្មាន​​​​ថ្ងៃ​នោះ​ទេ វា​អាស្រ័យ​លើ​ស្ថាន​ភាព​ជំងឺ​របស់​​​​គាត់​។ ប្រសិន​បើ​វា​មិន​ធ្ងន់​ទេ​ គាត់​អាច​​ចាក​​​​ចេញ​ក្នុង​ពេល​ឆាប់​ៗ”។

លោកស្រី​ យូកូ មីដា (Yuko  Maeda) មន្ត្រី​កិច្ច​ការ​សាធារណៈ​នៅ​​សាលាក្ដី​ខ្មែរ​ក្រហម​ បាន​មាន​ប្រសាសន៍​ថា ចុង​ចោទ​ដែល​កំពុង​មាន​ជំងឺ​នេះ នឹង​ត្រូវ​បន្ដ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ពេញ​មួយ​សប្ដាហ៍​។

លោកស្រី យូកូ មីដា បាន​បន្ថែម​​ថា“ តាម​របាយការណ៍​​ពិនិត្យ​សុខភាព ​គាត់​ប្រហែលជា​ត្រូវ​សម្រាក​ព្យាបាល​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​​។ នោះ​គឺ​​ជា​ការ​ពិនិត្យ​លើក​​ដំបូង”។ ការ​បញ្ជូន​ នួន ជា ​ទៅ​​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ធ្វើ​​ឲ្យ​មាន​ការ​យឺត​យ៉ាវ​ដល់​​ដំណើរ​ការ​​របស់​សំណុំ​រឿង​០០២ ដែល​​ទើប​តែ​​បើក “សវនាការ​​តូចៗ​​” ជា​​លើក​​ដំបូង​។

ដូច​ដែល​យើង​បាន​ដឹង​​​ហើយ​ថា សំណុំ​រឿង០០២/​០១ ត្រូវ​បាន​ពន្យា​រ​ពេល​​​​​ពីរបីខែ​​មក​ហើយ​​ ដោយសារតែ​បញ្ហា​សុខភាព​​របស់​ចុង​ចោទ​ ដែល​មាន​វ័យ​ចំណាស់​​នៅ​ក្នុង​សំណុំ​រឿង​នេះ​។​កាល​ពី​​ខែ​កញ្ញា​ អៀង ធីរិទ្ធ អតីត​​រដ្ឋ​មន្ត្រី​សង្គម​កិច្ច​ខ្មែរ​ក្រហម​ត្រូវ​បាន​តុលាការ​សម្រេច​ថា មិន​អាច​ចូល​រួម​​សវនាការ​បានទេ​​ ហើយ​ត្រូវ​បាន​ដោះ​លែង​វិញ​។ វេជ្ជបណ្ឌិត​ បាន​បញ្ជាក់​កាល​ពី​ខែ​សីហា​ថា សមត្ថភាព​ចង​ចាំ​របស់​គាត់​មាន​ការ​ថយចុះ​​កាន់​តែ​ខ្លាំង​ទៅៗ​ ដូច្នេះ​ហើយ​​គាត់​មិន​អាច​ចូល​រួម​នៅ​​ក្នុង​សវនាការ​​ជំនុំ​ជម្រះគាត់​បាន​ទេ​។

ក្នុង​ចំណោម​មេដឹក​នាំ​ខ្មែរ​ក្រហម​បីនាក់​ដែល​នៅ​រស់​​ គឺ ខៀវ សំផន ប្រធាន​រដ្ឋ​ខ្មែរ​ក្រហម​ នួន ជា បង​ធំ​ទី២ និង​ អៀង សារី រដ្ឋ​មន្ត្រី​​ការ​បរទេស​ខ្មែរ​ក្រហម​នោះ​​ មាន​តែ​ ខៀវ សំផន អាយុ​៨១​ឆ្នាំ​ម្នាក់​គត់​​មាន​សុខភាព​​​​

ល្អ​ ទោះ​បី​ជា​គាត់​ធ្លាប់​បាន​ដួល​សន្លប់​នៅ​​ផ្ទះ​របស់​គាត់​ក្នុង​ខេត្ត​ប៉ៃលិន​ មុន​ពេល​ចាប់​ខ្លួន​គាត់​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៧ ​និង​បាន​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០៨ ដោយសារជំងឺ​លើស​ឈាម​ក៏ដោយ។

កាល​ពី​ខែ​កញ្ញា អៀង សារី អាយុ​៨៨​ឆ្នាំ​ ត្រូវ​បាន​​បញ្ជូន​ទៅ​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត ដោយសារតែ​​វិល​មុខ​និង​​អស់​​កម្លាំង​។ វេជ្ជបណ្ឌិត ​សន្និដ្ឋាន​ថា ឆ្អឹង​ដង​កាំ​បិត​​ម្ខាង​របស់​គាត់​​បាន​សង្កត់​លើ​សរសៃ​ឈាម បណ្ដាល​ឲ្យ​ឈាម​មិន​អាច​ហូរ​ចូល​ក្នុង​ក្បាល​របស់​គាត់​បាន​។ បន្ទាប់​ពី​សម្រាក​ព្យាបាលរយៈ​ពេល​ពីរខែ គាត់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ ហើយ​អង្គ​ជំនុំ​ជម្រះ​ក៏​បាន​ប្រកាស​ថា គាត់​មាន​សុខភាព​ល្អ​អាច​​ឡើង​សវនាការ​​បាន​។

ថ្ងៃ​នេះ ក្រុម​មេធាវី​របស់​ នួន ជា នឹង​ជួប​គាត់​ ហើយ​ជំរុញឲ្យ​អង្គ​ជំនុំ​ជម្រះ​បន្ដ​​ជូន​ដំណឹង​​ថ្មីៗ​អំពី​​ការ​វិវឌ្ឍ​នៃ​សុខភាព​​កូន​ក្ដី​របស់​ពួក​គាត់​​។

ពីរ​បីខែ​​ទៀត​​ សាក្សី​ជំនាញ​​សំខាន់ៗ​មួយ​ចំនួន​ រួម​មាន​អ្នក​កាសែត​ពីរនាក់ គឺ អេលី​ហ្សា​បេត បេកឃើ ​(Elizabeth Becker) និង​ ហ្វីលីព សត (Philip Short) ព្រម​ទាំង​ប្រវត្តិ​វិទូ​ឈ្មោះ​ ស្ដេហ្វិន ហិឌឺ​ (Stephen Heder) គ្រោង​នឹង​ចូល​​​ធ្វើ​ជា​សាក្សី​នៅ​​សាលាក្ដី​​នេះ​ ហើយ​ទំនង​ជា​គ្មាន​ចុង​ចោទ​ណាម្នាក់​​​ក្នុង​ចំណោម​ចុង​ចោទ​​នៅ​សេសសល់​ ​បោះ​បង់​ស​ិទ្ធិ​ចូល​មក​ផ្តល់​សក្ខីកម្ម​បែប​នេះ​ទេ។​

ប៉ុន្ដែ លោក ឡុង បញ្ញាវុធ មន្ត្រី​កម្មវិធី​ប្រចាំគម្រោង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ដែល​ជា​ផ្នែក​មួយ​របស់​អង្គការ​គំនិត​ផ្ដួច​ផ្ដើម​​យុត្តិ​ធម៌សង្គម​​សាធារណៈ​​ដែល​ផ្តល​មូល​និធិ​ដោយ​ លោក ចច សូរ៉ូស (George Soros) បាន​មាន​ប្រសាសន៍​ថា “ វា​ជា​ការ​សំខាន់​ណាស់” ដែល​​សហ​ចុង​ចោទ​​​ត្រូវ​​មាន​វត្តមាន​។

លោកក៏បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ខណៈដែល​គេ​រំពឹង​ថា វ័​យ​ចំណាស់​របស់​ចុង​ចោទ​គឺជាឧបសគ្គ​ដល់​​នីតិវិធី​នោះ អង្គ​ជំនុំ​ជម្រះ​ប្រហែល​ជា​ត្រូវ​​ប្រើ​ពេល​យូរ​ក្នុង​ការ​​ពិចារណា​អំពី​ការ​បំបែក​សំណុំ​រឿង​នេះ​ ​ដោយ​​ចាប់​ផ្ដើមពី​ចុង​ចោទ​ដែល​មាន​បញ្ហា​សុខ​ភាព​​ធ្ងន់​ធ្ងរ​​បំផុត។​

លោក​បាន​មាន​ប្រសាន៍​ថា “ខ្ញុំ​គិត​ថា វា​ជា​ការ​ពិត​ និង​អាច​ធ្វើ​ទៅ​បាន​​ ហើយ​ក្នុង​នាម​ជា​អ្នក​​ឃ្លាំ​មើល​ដំណើរ​ការ​នេះ​ យើង​​សង្ឃឹម​ទុក​ជា​មុន​ថា សាលាក្ដី​នឹង​ចេញ​បទ​បញ្ជា​បំបែក​សំណុំ​រឿង​នេះ​ ដើម្បី​បំបែក​​ អៀង ​សារី ចេញ”។

ការ​​បំបែក​​ អៀង​ សារី ចេញ​ពី​សំណុំ​រឿង​០០២​មាន​ន័យ​ថា នួន​ ជា និង​ ខៀវ​ សំផន នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​រួម​គ្នា​ ចំណែក​សំណុំ​រឿងរបស់​ អៀង​ សារី​ នឹង​បើក​សវ​នា​ការ​​ដាច់​​ដោយ​ឡែក ហើយ​ភ័ស្តុតាង​​ពាក់​ព័ន្ធ​​នឹង​​​គាត់ដែល​បាន​​ជំនុំ​ជម្រះ​​រួច​ហើយ​​នឹង​ផ្ទេរ​ចូល​ក្នុង​សំណុំ​រឿង​របស់​គាត់​​វិញ​។​

លោក ឡុង​ បញ្ញាវុធ បាន​បន្ដ​ថា “ ខ្ញុំ​សូម​បញ្ជាក់​ថា ​​​វា​មិន​មែន​ជា​ការ​ពិត​ទេ​ដែល​មាន​ការ​​ពន្យារពេល​ដោយ​នឹក​ស្មាន​មិន​ដល់​បែប​​​នេះ​។ ជាពិសេស​នៅ​ក្នុង​សំណុំ​រឿង​​នៅ​​សាលាក្ដី​ខែ្មរ​ក្រហម​ដែល​ចុង​ចោត​មាន​វ័យ​ចំណាស់​ និង​មាន​ស្ថាន​ភាព​សុខភាព​មិន​ស្ថិត​ថេរ​។​​វា​ទំនង​ជា​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​នីតិវិធី​ និង​ពន្យារពេល​​នីតិវិធី​ដោយ​សារ​​ស្ថាន​ភាព​សុខភាព​​របស់​ចុង​ចោទ”៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស