41.3 C
Phnom Penh

លោក ហ៊ុន សែន អំ​ពាវ​នាវ​ឲ្យ​បង្កើត​ច្បាប់​ ហាមប្រាមអ្នក​​រិះ​គន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​​មិញ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា ​រដ្ឋា​ភិ​បាល​គួរ​តែ​បង្កើត​​ច្បាប់​ថ្មី​​មួយ​​ ឲ្យ​បានមុនពេល​បោះ​ឆ្នោត​​ជ្រើស​រើស​​តំណាង​​រាស្ត្រ​ក្នុង​ខែ​កក្កដា ​ដើម្បី​​ដាក់​ទណ្ឌ​កម្ម​​អ្នក​​នយោបាយ​នៅ​ក្នុង​ប្រទេ​សកម្ពុជា​ ដែលតែងតែ​ជេរប្រមាថ​​រូ​ប​លោក​​​​ជា​សា​ធារ​ណៈ​។

​លោក ហ៊ុន សែន បា​ន​លើក​ឡើង​​នៅ​ឯ​ពិ​ធី​​ប្រគល់​សញ្ញា​ប័ត្រ​​នៅ​វិទ្យាស្ថាន​ជាតិ​​អប់​រំ​​ថា លោក​កាន់​តែ​ធុញ​​ទ្រាន់​នឹង​អ្នក​នយោ​​បា​យ​​ ដែលលោក​មិន​បញ្ចេញ​ឈ្មោះ​​ តែលោក​អះ​អាង​ថា ជាអ្នកធ្លាប់និយាយមួ​ល​បង្កាច់​លោក​ឥត​ឈប់​ឈរ​។

​លោក ហ៊ុ​ន សែន បា​ន​មា​ន​ប្រ​សាសន៍​ថា ​ “ខ្ញុំ​គាំ​ទ្រ​ទង្វើ​ប្រកបដោយក្រម​​សី​ល​ធម៌​របស់​អ្នក​នយោ​បា​យ​ ហើយ​​ចង់ឲ្យវាក្លាយជា​ច្បាប់​មួ​យ​។​យើ​ង​គួរតែ​​បង្កើត​​ច្បាប់​នេះមុន​ពេល​​រដ្ឋ​​សភបញ្ចប់​អាណត្តិ​ទី​៤​របស់​ខ្លួន​”។

​លោក​បា​ន​បន្ត​ថា “ប្រ​សិ​ន​បើ​គេប្រើ​ពាក្យ​ស្មោគ​គ្រោក​ គួរតផ្តន្ទាទោស”។ លោក​មិន​បា​ន​បរិយាយ​ល្អិត​ល្អន់​អំពី​របៀបផ្តន្ទាទោស​ទេ​។ ដោ​យ​មិន​បញ្ចេញ​ឈ្មោះអ្នកប្រព្រឹទ្ធល្មើស លោក​ ហ៊ុន សែន ​​បា​ន​មា​ន​ប្រ​សាសន៍​ថា គេធ្លាប់​ហៅឈ្មោះលោកក្នុង​លក្ខណៈ​មើលងាយ​ រួម​មា​ន ​”បុរស​ខ្វាក់” “ក្បត់ជាតិ”​”អ្នក​លក់​ជាតិ​” និង “ទាស​ករ​វៀត​ណាម​”។

​លោក​ ហ៊ុន សែន បា​ន​មា​ន​​ប្រ​សាសន៍​ថា “ ខ្ញុំ​ធ្លាប់ឮ​​ពាក្យ​​ស្មោគ​គ្រោ​ក និង​ប្រមាថ​​បែបនេះ។ ពួកនេះ​​ស្មោគគ្រោក​​ណាស់​ ពេល​នេះ​ពួ​ក​គេ​​ប្រើ​​ពាក្យ​មក​លើ​ខ្ញុំ​ ដូច្នេះ ​ខ្ញុំ​ត្រូវប្រមាថពួ​ក​គេវិញ ដើម្បី​បញ្ឈប់​ពួ​ក​គេ​វិញ”។

អ្នក​វិ​ភាគ​​នយោ​បា​យ​ និង​សមាជិក​សភា​មកពីគណ​បក្ស​ប្រឆាំង​​បា​ន​មា​ន​ប្រ​សាសន៍​ថា ច្បាប់​ប្រឆាំង​នឹ​ង​ការប្រមាថ​អ្នក​នយោបាយ នឹង​ត្រូវ​បា​នប្រើ ​​ដើម្បី​លុប​បំបាត់​​សេរី​ភាព​ក្នុង​ការ​​បញ្ចេញ​មតិ​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​។

​​លោក​ស្រី មូរ សុ​ខហួរ ​សមាជិក​សភា​​មកពីគណ​បក្ស​ សម រង្ស៊ី បា​ន​មា​ន​ប្រ​សាសន៍​ថា “វា​នឹង​មា​ន​ការលំ​បាក​​ក្នុង​ការ​​ពិនិត្យ​តា​ម​ដាន​ និង​​វាស់​វែង​​ពាក្យ​​សម្តី​​ជេរ​ប្រមាថ​ណាស់។ វា​ជា​កា​រ​រំ​លោភ​​សេរី ភាព​​ក្នុង​កា​រ​បញ្ចេញ​មតិ​ ហើយ​កា​រ​​អនុវត្ត​​ច្បាប់​​ក៏អា​ច​មា​ន​បញ្ហា​​ដែរ”។

លោក​ស្រី​បា​ន​បន្ថែម​ថា “តុ​លាការ​មិន​យុត្តិ​ធម៌​ទេ ឬមា​ន​ភាពលម្អៀង​​ចំ​ពោះ​អ្នក​នយោបា​យ​។ ​វានឹង​​បង្ក​គ្រោះ​ថ្នាក់​ ប្រសិ​ន​បើ​​ច្បាប់​នេះ​ត្រូ​វ​បាន​អនុ​ម័ត​”។ បើទោះ​មា​ន​កា​រ​ត្អូញ​ត្អែរ​អំ​ពី​កា​រ​ប្រើ​ពាក្យ​ជេរ​ប្រ​មាថបែប​បុគ្គល មកលើ​លោក​ក្តី ក៏​លោក​ ហ៊ុន សែន កន្លង​មក​​ធ្លាប់​ជេរ​អ្នក​រិះ​គន់​លោកដែរ​។

លោកនាយក​រដ្ឋ​មន្ត្រី​​បា​ន​ផ្ចាញ់ក្រុ​ម​អ្នកយក​​ព័ត៌មា​ន​អន្តរជាតិ​​ ដែល​មក​ចូ​ល​រួម​យកព័ត៌មានកិច្ច​ប្រជុំ​កំ​ពូល​​​អា​​ស៊ាន​​កា​ល​ពី​ក្នុង​ខែ​មេសា ដែល​ពេល​នោះ​លោក​បា​ន​ប្រើ​​សន្និសីទកាសែតរយៈ​ពេល​៣០​នាទី ដើម្បីរិះ​គន់​ និង​និ​យា​យ​ច្រំ​ដែល​ចំ​ពោះ​​អ្នក​រិះ​គន់​​លោក ដោ​យ​ហៅ​ពួ​កគេ​ថា​”អ្នក​វិភាគឆ្កួតៗ” និង​​ទស្ស​នវិទូឡប់ៗ” និង​បា​ន​សំ​ដៅ​ដល់​​អ្នក​វិភាគ​​ម្នាក់​​ក្បាល​ទ​ំពែក ម្នាក់ ដែល​គេជឿ​ថា​ សំដៅ​ដល់​លោក ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​នយោបាយ​​ឯក​រាជ្យ​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​។

ក្នុង​ឆ្នាំ​២០០៩ លោក​ក៏បា​ន​ហៅ​ស្ត្រី​ម្នាក់ ដោ​យ​មិនបញ្ចេញ​ឈ្មោះ​ថា ​”ជើង​ខ្លាំង​” ដែលជា​ពាក្យ​គេបែបប្រមាថ​​ផង​ដែរ។ ក្រោ​យ​មក លោកស្រី មូរ សុខហួរ បា​ន​ប្រកាសនៅ​ឯសន្និសីទ​កា​សែត​មួ​យ​ថា ការលើកឡើងបែបនេះ​ គឺផ្តោត​លើលោក​ស្រី​ ហើយលោក ស្រីក៏បា​ន​ប្តឹង​លោក​ ហ៊ុន សែន ពី​បទ​បរិហាកេរ្តិ៍។ លោក​នាយ​ក​​រដ្ឋមន្ត្រី​ ក្រោយមក​ក៏​បា​ន​ប្តឹង​បក​វិញ​​ពី​បទ​​បរិហា​កេរ្តិ៍​ ហើយ​លោកស្រីត្រូវ​បា​នតុលាការ​រក​ឃើញ​ពិរុទ្ធ​ភាព​។

លោក ឡៅ ម៉ុងហៃ បា​ន​មា​ន​ប្រ​សាសន៍​ថា លោក​មិន​ដែល​ឮ​ថាមាន​ច្បាប់​ស្តី​ពីក្រម​សី​ល​ធម៌អ្នក​នយោ​បាយ​ទេពី​មុន​មក ហើយ​ថា ប្រទេ​ស​ជា​ច្រើ​ន​​​​មា​ន​​ក្រម​សីលធម៌ ឬគោល​កា​រណ៍​ក្រម​សី​ល​ធម៌​​សម្រាប់​​ឲ្យអ្នក​នយោ​បា​យ​អនុវត្ត​តា​ម​។ ​លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “វា​នឹង​​ធ្ងន់​ធ្ងរ​ណាស់ ប្រ​សិន​បើ​​រដ្ឋា​ភិ​បាល​បង្កើត​​ច្បាប់​ស្តី​ពី​ក្រម​សីល​ធម៌​នយោ​បា​យ​”៕​

ប្រែ​សម្រួល​ដោ​យ ចេវ ប៊ុននី​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស