ក្រុមអ្នកតវ៉ាប្រឆាំងនឹងការបណ្ដេញចេញចំនួន៧០នាក់ មកពីសហគមន៍បីនៅក្នុងរាជធានីភ្នំពេញ បានតវ៉ានៅខាងមុខក្រសួងមហាផ្ទៃ កាលពីម្សិលមិញ ដើម្បីប្រឆាំងនឹងការប្រើខែលឆក់របស់នគរបាលបង្ក្រាបកុបកម្ម ដែលបានដាក់ពង្រាយ កាលពីពេលថ្មីៗនេះ។
អ្នកស្រី ទេព វ៉ាន្នី អ្នកភូមិបឹងកក់ ដែលបានចូលរួមជាមួយក្រុមអ្នកភូមិផ្សេងទៀតមកពីភូមិថ្មគោល និងសហគមន៍បុរីកីឡា អំឡុងពេលតវ៉ារយៈពេលពីរម៉ោងនោះបាននិយាយថា “ ក្នុងពេលថ្មីៗនេះនគរបាលចាប់ផ្ដើមប្រើខែលឆក់ ហើយពួកគេបានប្រើវា ពេលយើងតវ៉ាកាលពីពេលថ្មីៗនេះ។ យើងមិនអាចទទួលយកសកម្មភាពដ៏ព្រៃផ្សៃបែបនេះបានទេ ពីព្រោះការធ្វើបែបនេះ គឺជាការធ្វើទារុណកម្មមកលើយើងទាំងអស់គ្នា”។
ចាប់តាំងពីខែធ្នូមក មន្ត្រីនគរបាលបង្ក្រាបកុបកម្មរារាំងការតវ៉ាបីកន្លែងនៅទូទាំងរាជធានីភ្នំពេញ ដោយមានប្រើខែលពណ៌ស និងពណ៌ខៀវ ដែលចរន្ដឆក់យ៉ាងខ្លាំងផលិតដោយក្រុមហ៊ុន Sang Min International នៅកោះតៃវ៉ាន់។ អំឡុងពេល តវ៉ាមួយក្នុងចំណោមការតវជាច្រើននគរបាលម្នាក់ បានកាន់ខែលឆក់ស្ត្រីម្នាក់ និងបានធ្វើឲ្យគាត់រងរបួស។
ទោះបីជាមានការបដិសេធកាលពីដំបូងថានគរបាលមិនបានប្រើខែលឆក់ក្រុមអ្នកតវ៉ាក៏ដោយ ក៏លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍កាលពីម្សិលមិញថា ក្រសួងមហាផ្ទៃនឹងសើុបអង្កេត តាមការតវ៉ារបស់ក្រុមអ្នកតវ៉ាទាំងនេះ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំបានដឹងអំពីការតវ៉ានេះ ហើយយើងនឹងសើុបអង្កេត”។
លោក ខៀវ សុភ័គ មានប្រសាសន៍បន្ថែមថា “ក្រសួងមហាផ្ទៃ មិនដែលប្រើខែលឆក់នោះទេ។ ប៉ុន្តែ ខ្ញុំទទួលស្គាល់ថា នគរបាលអាចប្រើដំបងឆក់”។
ការតវ៉ា កាលពីម្សិលមិញនៅខាងមុខក្រសួងមហាផ្ទៃ គេមិនបានឃើញនគរបាលមានខែលឆក់ពណ៌ខៀវ និងពណ៌សនោះទេ។ កាលពីម្សិលមិញ ក្រុមអ្នកតវ៉ា បានទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកស្រី យ៉ម បុប្ផា ជាសកម្មជនប្រឆាំងនឹងការបណ្ដេញចេញ ដែលត្រូវបានតុលាការផ្តន្ទាទោស កាលពីខែធ្នូឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ពីបទពាក់ព័ន្ធនឹងការវាយតប់គ្នា។
នៅម៉ោងប្រហែល៩ព្រឹក តំណាងក្រុមអ្នកតវ៉ាចំនួនប្រាំពីររូប ទទួលបានការអនុញ្ញាតឲ្យចូលក្នុងក្រសួងមហាផ្ទៃ ដើម្បីចរចាការទាមទាររបស់ពួកគេរយៈពេល៣០នាទី។
អ្នកស្រី ប៉ាវ សុភា អាយុ៣៦ឆ្នាំ ជាអ្នកភូមិបឹងកក់ បាននិយាយថា “ យើងបានជួបមន្ត្រីរដ្ឋបាល ហើយក្រុមមន្ត្រីទាំងនេះបានសន្យាថា នឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីសើុបអង្កេតការទាមទាររបស់ពួកយើង”។
លោក មែ៉ន បុ៊នរិទ្ធិ ប្រធាននាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាក្រសួងមហាផ្ទៃ កំពុងធ្វើការងារ ដើម្បីស្វែងរកដំណោះស្រាយមួយឲ្យក្រុមអ្នកតវ៉ាទាំងនេះ។លោក បានមានប្រសាសន៍ថា“ ខ្ញុំកំពុងរៀបចំឯកសារផ្នែករដ្ឋបាល សម្រាប់ឲ្យមន្ត្រីថ្នាក់លើរកដំណោះ ស្រាយជូនប្រជាពលរដ្ឋទាំងនេះ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានសន្យាកាត់ដីចំនួន១២,៤៤ហិកតា ចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ូកាគុ របស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា សម្រាប់ទុកឲ្យប្រជាពលរដ្ឋ ដែលទទួលផលប៉ះពាល់តែមិនទាន់ បាន ចែកដាច់ ស្រេចនៅឡើយ៕ប្រែសម្រួលដោយ ស៊ុំ សុខភុំ