ម្ចាស់ហាងនៅក្នុងខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ បាននិយាយកាលពីម្សិលមិញថា ពួកគេនឹងមិនធ្វើតាមសារាចរណែនាំរបស់រដ្ឋាភិបាលឲ្យផ្អាកការរកស៊ីរបស់ខ្លួនរយៈពេលប្រាំបីថ្ងៃ ដើម្បីចូលរួមកាន់ព្រះរាជមរណទុក្ខជាលើកទី២របស់សម្តេចឪ ព្រះនរោត្តម សីហនុ នោះទេ។
កាលពីថ្ងៃអាទិត្យម្ចាស់ភោជនីយដ្ឋាន និងហាងលក់ទំនិញនានានៅតាមមហាវិថីសុធារស ផ្លូវលេខ១៣ ផ្លូវលេខ១៧៨ និងផ្លូវលេខ១៨៤ បានទទួលសារាចរណែនាំពីរដ្ឋាភិបាលឲ្យបិទអាជីវកម្មជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៣១ ខែមករា រហូតដល់ថ្ងៃទី៧ខែកុម្ភៈ។
ពិធីដង្ហែព្រះបរមសពសម្តេចឪ នរោត្តមសីហនុ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកុម្ភៈ និងថ្វាយព្រះភ្លើងនៅថ្ងៃទី៤ ខែកុម្ភៈ។
លោក សំ រិទ្ធី ចៅសង្កាត់រងនៃសង្កាត់ជ័យជម្នះមានប្រសាសន៍ថា មិនមានការដាក់ទោសចំពោះម្ចាស់ហាងទាំងនោះទេ ប្រសិនបើពួកគេនៅតែបន្តការរកស៊ីរបស់ខ្លួននោះ ប៉ុន្តែ ពួកគេ “ អាចនឹងត្រូវអញ្ជើញឲ្យមកជួបមន្ត្រីសង្កាត់” ប្រសិនបើពួកគេមិនគោរពតាមបទបញ្ជានេះ។
លោកមានប្រសាសន៍បន្តថា “យើងចង់ការពារ និងធានាសន្តិសុខឲ្យបានតឹងរឹង [នៅជុំវិញវាលព្រះមេរុ]។ យើងព្រួយបារម្ភខ្លាចភោជនីយដ្ឋានខ្លះលក់គ្រឿងស្រវឹុង និងមានមនុស្សស្រវឹងស្រាវាយតប់គ្នាបណ្តាលឲ្យមានស្ថានភាពរញ៉េរញ៉ៃនៅទីនោះ”។ លោកបានបន្ថែមថា ផ្ទះសំណាក់ខ្លះអាចអនុញ្ញាតឲ្យបើកទទួលភ្ញៀវស្នាក់នៅបាន បើសិនជាភ្ញៀវបានស្នាក់នៅទីនោះរួចហើយ។
អ្នកស្រី គឹម ពេជ្រពិសិដ្ឋ ម្ចាស់ភោជនីយដ្ឋានដំរីនៅតាមផ្លូវលេខ១៣បានសួរថា “ប្រសិនបើ [រដ្ឋាភិបាល] ពិតជាព្រួយបារម្ភអំពីពួកយើងលក់ស្រានោះ យើងអាចឈប់លក់ស្រាបាន ប៉ុន្តែ យើងមានភ្ញៀវទេសចរជាច្រើនចូលមកហាងរបស់យើង ដូច្នេះតើយើងត្រូវធ្វើដូចម្តេច មានតែប្រាប់ពួកគេឲ្យចេញទៅវិញ? យើងនៅតែបន្តលក់អាហារ។មិនមានហេតុផលណាមួយឲ្យយើងបិទហាងនោះទេ”។
អ្នកស្រី សេង សុវណ្ណាពេជ្រ ម្ចាស់ភោជនីយដ្ឋាន ស៊ីបាស់ស្ទៀន ដែលស្ថិតនៅផ្លូវលេខ១៣ដែរ បាននិយាយថា “យើងគ្រាន់តែលក់វត្ថុផ្សេងៗនៅក្នុងផ្ទះរបស់យើងប៉ុណ្ណោះ វាមិនប៉ះពាល់ដល់ផ្លូវសាធារណៈឡើយ។ ប្រសិនបើប្រជាពលរដ្ឋចង់ចូល ពួកគេអាចចូលបាន។ យើងជួលបុគ្គលិករបស់យើង ហើយយើងនឹងខាតបង់ប្រាក់និងអ្វីៗគ្រប់យ៉ាង”។
អ្នកស្រី សៀន ងីន ម្ចាស់ហាងលក់វត្ថុសិល្បៈនៅផ្លូវលេខ១៧៨ មានប្រសាសន៍ថាអ្នកស្រីនឹងនៅតែបន្តបើកហាងរបស់អ្នកស្រីដូចដែលអ្នកស្រីបានធ្វើ នៅពេលធ្វើមាតុភូមិនិវត្តព្រះបរមសពសម្តេចឪ នរោត្តម សីហនុមកប្រទេសវិញ កាលពីខែតុលាអ៊ីចឹង។
អ្នកស្រីបន្ថែមថា “ខ្ញុំនៅតែបើកហាងរបស់ខ្ញុំ ពីព្រោះមិនមានអ្វីខុសទេ។ នេះគឺជាផ្ទះរបស់ខ្ញុំ ដូច្នេះខ្ញុំនៅតែបើកហាងរបស់ខ្ញុំ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានស្នើឲ្យម្ចាស់ហាងលក់ទំនិញ និងភោជនីយដ្ឋានសហការគោរពបទបញ្ជាឲ្យផ្អាកការរកស៊ីនេះអំឡុងពេលថ្លែងសុន្ទរកថានៅវិទ្យាស្ថានជាតិអប់រំ។
លោក ហ៊ុន សែន បានមានប្រសាសន៍ក្នុងអំឡុងពិធីចែកសញ្ញាប័ត្រនៅវិទ្យាស្ថានជាតិអប់រំថា“ សូមមេត្តាយោគយល់នៅកន្លែងខ្លះ នឹងត្រូវបិទផ្លូវ ប៉ុន្តែ យើងត្រូវតែគោរពព្រះមហាវីរក្សត្ររបស់យើង ដែលយើងត្រូវលាព្រះអង្គជាលើកចុងក្រោយនៅថ្ងៃទី៤ខែកុម្ភៈ”៕ប្រែសម្រួលដោយ ឃិន ណៃ