អ្នកជំនួញជនជាតិអូស្ត្រាលីម្នាក់ ដែលធ្លាប់ដឹកនាំក្រុមហ៊ុនទូរគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា ត្រូវបានបញ្ចូនទៅពន្ធនាគារព្រៃស បន្ទាប់ពីទទួលរងនូវការចោទប្រកាន់ពីបទក្លែងបន្លំ ក្នុងរឿងក្តីដែលសហការីម្នាក់របស់គាត់បាននិយាយថា បង្កឡើងដោយដៃគូមានការមិនពេញចិត្តក្នុងគម្រោងអាជីវកម្មបរាជ័យមួយ។
យោងតាមលោក ភូ ពៅសុន ចៅក្រមសើុបសួរអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោក ហ្វ្រែង ម៉េ (Frank May) អាយុ៦៣ឆ្នាំ អតីតនាយកប្រតិបត្តិការនៅក្រុមហ៊ុនទូរគមនាគមន៍ អុីម៉ាក់ (Emaxx)ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ កាលពីថ្ងៃទី៨ ខែធ្នូ។
លោកបានមានប្រសាសន៍ដោយមិនបានបង្ហាញសេចក្តីលម្អិតថា “លោក ហ្វ្រែង ម៉េ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែងបន្លំ”។
មិនទាន់មានសេចក្តីលម្អិត អំពីករណីចាប់ខ្លួនលោក ម៉េ ទេ។ ក៏ប៉ុន្តែ លោក យិន វ៉េងកា ដែលបាននិយាយថា លោកជាមេធាវីតំណាងក្រុមហ៊ុន ដែលជាដើមបណ្តឹងក្នុងរឿងក្តីនេះ មានប្រសាសន៍ថា លោក ម៉េ បានកែឯកសារ ដើម្បីធ្វើឲ្យសមតុល្យគណនីធនាគាររបស់លោកមានទឹកប្រាក់១.០០០.០០០ដុល្លារ នៅពេលលោកមានតែ១.០០០ដុល្លារប៉ុណ្ណោះ ក្នុងគណនីនេះ។
លោក វ៉េងកា បានឲ្យដឹងថា “ខ្ញុំមិនអាចប្រាប់ឈ្មោះក្រុមហ៊ុន [ដែលបានដាក់ពាក្យប្តឹង] បានទេ ក៏ប៉ុន្តែ លោក ហ្វ្រែង ម៉េ បានក្លែងបន្លំឯកសារ ដែលធ្វើឲ្យចំនួនទឹកប្រាក់ប្រែប្រួលពី១.០០០ដុល្លារ ទៅ១.០០០.០០០ដុល្លារវិញ”។
ទោះបីជាយ៉ាងណាក៏ដោយ លោក ឡេអុន ខា (Leon Carr) សហការី និងជាមិត្តភក្តិម្នាក់ ដែលបានព្យាយាមបញ្ជាក់អំពីភាពមិនមានកំហុសរបស់លោក ម៉េ បាននិយាយថា លោក ម៉េ មិនបានធ្វើអ្វីខុសទេ ហើយថា លោកជឿជាក់ថា ករណីចាប់ខ្លួននេះជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនវិនិយោគរួមមួយ ដែលលោក ម៉េ បានបង្កើតឡើងកាលពីឆ្នាំមុន ដោយចាប់ដៃគូជាមួយក្រុមហ៊ុនមួយឈ្មោះថា ព្រីម៉ាវេរ៉ា ខេបភីថល គ្រុប លីមីតធីត (Primavera Capital Group Limited) និងអ្នកជំនួញឈ្មោះ រ៉ូបឺត ចាកូប (Robert s’Jacob)។
លោក ឡេអុន ខា បានលើកឡើងថា “លោក ហ្វ្រែង ម៉េ បានមានកិច្ចសហការយ៉ាងល្អជាមួយលោក ចាកូប ដែលបានប្រែទៅជាមានអារម្មណ៍មិនពេញចិត្តទៅវិញ។ លោក ចាកូប បានគំរាមលោក ម៉េ ហើយតាមការយល់ឃើញរបស់ខ្ញុំ លោក ម៉េ មិនមានសត្រូវនៅរាជធានីភ្នំពេញទេ ក្រៅពីលោក ចាកូប”។ លោកបានមានប្រសាសន៍បន្ថែមដូច្នេះទៀតថា លោកជឿជាក់ថា លោក ចាកូប
បានប្តឹង ទៅធនាគារក្នុងស្រុករបស់លោក ម៉េ អំពីការចោទថា លោក ម៉េ មានគំនិតប៉ុនប៉ងក្លែងបន្លំចំនួនទឹកប្រាក់ នៅក្នុងគណនីធនាគាររបស់លោក។
អ្នកនាំពាក្យស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញ បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយទេ។ លោក ម៉េ ក៏បានត្រឡប់មកប្រឡូកក្នុងពាណិជ្ជកម្មនៅប្រទេសកម្ពុជាវិញ កាលពីឆ្នាំ២០១១ ជាអ្នកគ្រប់គ្រងក្រុមហ៊ុន ឌីជីថល ស្តា មីឌា (Digital Star Media) ដែលបានបើកដំណើរការក្រុមហ៊ុន អុីម៉ាក់។
នៅពេលចូលប្រឡូកលើទីផ្សារទូរគមនាគមន៍ ក្នុងបរិយាកាសប្រកួតប្រជែងដ៏តឹងតែង លោក ម៉េ បានប្រកាសបណ្តាញទូរស័ព្ទចល័តកម្រិត 4G ដំបូងគេនៅលើទីផ្សារកម្ពុជា និងបានប្រកាសគម្រោងដ៏ធំមួយ ដែលមានគោលបំណងចែកចាយបណ្តាញអុីនធើណិត នៅតាមសាលារៀនទូទាំងប្រទេសកម្ពុជាទៀតផង។
តាំងពីពេលនោះមក លោក ម៉េ បានលាលែងពីមុខតំណែងរបស់លោក នៅក្នុងក្រុមហ៊ុន អុីម៉ាក់ ហើយរឿងរ៉ាវជាប់ពន្ធនាគាររបស់លោក ហាក់ដូចជា បណ្តាលមកពីកិច្ចព្រមព្រៀងមួយ ដែលលោកបានបង្កើតឡើង កាលពីឆ្នាំមុន ជាមួយក្រុមហ៊ុនថ្មីរបស់លោកឈ្មោះ ស៊ីកណេឈើ ខេបភីថល (Signature Capital)។ យោងតាមលិខិតទំនាក់ទំនង ដែលគេឃើញនៅក្នុងសប្តាហ៍នេះ លោក ម៉េ និងលោក ចាកូប បានស្ថិតក្នុងដំណើរការនៃកិច្ចពិភាក្សាគ្នាចាប់ផ្តើម កាលពីខែឧសភា ឆ្នាំ២០១១ អំពីគម្រោងគ្រប់គ្រងបន្តលើរោងចក្រថាមពលមួយ នៅក្នុងប្រទេសកម្ពុជា។
ក៏ប៉ុន្តែ ទំនាក់ទំនងរវាងលោក ម៉េ និងលោក ចាកូប បានថយចុះកាន់តែច្រើនឡើងៗ ដោយសារតែកិច្ចព្រមព្រៀងរោងចក្រថាមពលមិនមានវឌ្ឍនភាព។ នៅក្នុងអុីម៉េលមួយ លោក ម៉េ បានសួរលោក ចាកូប ថា “ ចូរឈប់លេងហ្គេមទៀតទៅ។ តើ [ក្រុមហ៊ុនព្រីម៉ាវេរ៉ា] ចង់បន្តដំណើរទៅមុខទៀតឬក៏អត់ទេ?” លោក ចាកូប បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកមិនចង់និយាយជាសាធារណៈទេ ហើយក៏មិនបានជាប់ពាក់ព័ន្ធនឹងរឿងប្តឹងផ្តល់លោក ម៉េ ដែរ។ លោកបានឲ្យដឹងទៀតថា លោកអាចបង្ហាញឯកសារ ដែលបញ្ជាក់ច្បាស់ថា លោក ម៉េ សារភាពថា បានបោកប្រាស់លោក និងសុំទោសលោក។
ក៏ប៉ុន្តែ បន្ទាប់ពីលោក ចាកូប ស្នើសុំឲ្យជួបអ្នកសារព័ត៌មានមួយរូប លោកមិនបានបង្ហាញខ្លួនតាមកាលកំណត់ទេ ដោយបានបញ្ជូនតំណាងក្រុមហ៊ុន ព្រីម៉ាវេរ៉ា សញ្ជាតិខ្មែរមួយរូបឈ្មោះ សំ តាង ឲ្យមកជួបជំនួស។ លោក តាង បានបដិសេធមិនផ្តល់នាមប័ណ្ណរបស់លោក ឬក៏ផ្តល់ព័ត៌មានលម្អិតអំពីក្រុមហ៊ុននេះទេ ប៉ុន្តែលោកបាននិយាយថា ក្រុមហ៊ុននេះមកពីសហរដ្ឋអាមេរិក ហើយមិនមានការិយាល័យនៅក្នុងប្រទេសកម្ពុជាទេ។ លោកបានឲ្យដឹងថា ក្រុមហ៊ុន ព្រីម៉ាវេរ៉ា មិនមានអ្វីត្រូវធ្វើទាក់ទងនឹងករណីចាប់ខ្លួនលោក ម៉េ ទេ ក៏ប៉ុន្តែ ក្រុមហ៊ុននេះទទួលបានសំណើពីធនាគារ វឌ្ឍនៈ (Vattanac Bank) ឲ្យផ្តល់ឯកសារ ទាក់ទងនឹងលោក ម៉េ។
លោក តាង បាននិយាយថា “យើងមិនមានចំណាប់អារម្មណ៍លើការចូលរួមជាមួយលោក ហ្វ្រែង ម៉េ [តាំងពី] ប្រាំបីខែមុន។ ដូច្នេះ ខ្ញុំគិតថា ការដែលយើងចង់ដឹងអំពី[រឿងចាប់ខ្លួន] លោក ហ្វ្រែង គឺជារឿងមិនសមស្របទេ”។ លោកបាននិយាយទាក់ទងនឹងធនាគារ វឌ្ឍនៈ ថា “ ពួកគេបានសុំឲ្យយើងមើលភ័ស្តុតាង។ ពួកគេក៏ដឹងអំពីលោក ហ្វ្រែង ម៉េ ដែរ ដោយសារតែយើងបានជួបប្រជុំជាមួយមន្ត្រីធនាគារ វឌ្ឍនៈ ខ្លះ ទាក់ទងនឹងរឿងផ្សេងៗទៀត ហើយពួកគេស្នើឲ្យយើងមើល [ឯកសារ]។ យើងជាមនុស្ស និយាយត្រង់។ យើងធ្វើអ្វីៗដោយត្រង់ៗ”។ ទំនាក់ទំនងតាមទូរស័ព្ទទៅកាន់មន្ត្រីធនាគារ វឌ្ឍនៈ មិនមានការឆ្លើយតបវិញឡើយ។
ឯកសារដែលក្រុមហ៊ុន ព្រីម៉ាវេរ៉ា បានផ្ញើទៅលោក ម៉េ ខណៈដែលពួកគេកំពុងតែចរចា អំពីគម្រោងរោងចក្រថាមពលនោះ មានចេតនាបង្ហាញថា លោក ចាកូប មានកម្លាំងគាំទ្រពីចំនួនទឹកប្រាក់ដ៏ច្រើន។ លិខិតមួយច្បាប់កាលពីខែមេសា ឆ្នាំ២០០៨ ដែលផ្ញើចេញពីក្រុមហ៊ុនច្បាប់មួយ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ឈ្មោះ បេកឃើ អេន កេនហ្ស៊ី វ៉ុង អេន លូ (Baker & McKenzie. Wong & Leow) និងជាការឆ្លើយតបទៅធនាគារ យូណាយធីត អូវើស៊ីស ប៊េង (United Overseas Bank, UOB) បានបង្ហាញថា លោក ចាកូប មានទំនាក់ទំនងជាមួយគ្រួសារគ្រប់គ្រងអំណាចចុងក្រោយ កាលពីសម័យ ហ្សារីស រ៉ាសឺ(Tsarist Russia)។