33 C
Phnom Penh

សាលា​រាជធានី​​ និង​​​ក្រសួង​មហាផ្ទៃ​​ខ្វែង​គំនិតគ្នា​​​​ជុំវិញកិច្ច​សហការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាន​ឲ្យ​ដឹង​ថា​ កាលពី​ម្សិល​មិញ​លោកកែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​ជំរុញ​ឲ្យ​កង​កម្លាំង​នគរបាល​ជាតិ​សហ​ការ​ឲ្យ​បាន​​ជិត​ស្និទ្ធ​ថែម​ទៀត​ជាមួយ​នគរ​បាល​​​​រាជធានី​ភ្នំពេញ​ នៅ​ពេល​​​​ធ្វើ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​រាជធានី​។

ទោះ​បី​​លោក កែប ជុតិមា មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ជា​សាធារណៈ​​ពី​មូល​ហេតុ​ ដែល​លោក​ស្នើ​ឲ្យ​មាន​​កិច្ច​សហប្រតិបត្តិការ​​ជិត​ស្និទ្ធ​រវាង​មន្ត្រី​នគរបាល​ជាតិ​ក៏ដោយ​ ក៏​សំណើ​​​របស់​លោក ​ដែល​​លើក​ឡើង​​​ដំបូង​​​អំឡុង​កិច្ច​ប្រជុំ​សម្ងាត់​នៅ​សាលា​រាជ​ធានី​ភ្នំពេញ កាលពី​សប្តាហ៍មុន​នោះ​​ ​ធ្វើ​ឡើង​​​មួយ​ថ្ងៃ​បន្ទាប់​ពី​​មាន​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធអីុន​ធើណិត​​កាល​ពី​ថ្ងៃ​ទី​៥​ខែ​មករា​។ អំឡុង​ប្រតិបត្តិ​ការ​​នោះនគរបាល​ជាតិ​បាន​​ច្រឡំ​ឆ្មក់​ចូល​ភូមិគ្រឹះ​​​មួយ​​របស់​លោក អឹុម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំ​។

លោកឧត្តម​សេនីយ៍ឯក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​ កាលពីម្សិលមិញ​នោះ​មាន​ប្រសាសន៍​ថា ” អាជ្ញាធរ​សាលា​រាជ​ធានី​ភ្នំពេញ [លោក កែប​ជុតិមា] បាន​ថ្លែង​ថា នគរបាល​ជាតិ និង​អាជ្ញាធរ​រដ្ឋា​ភិបាល​គួរតែ​ជម្រាប​​លោក​នៅ​​​​មុន​ពេល​ពួកគេ​ចាប់​ផ្តើម​ធ្វើការអ្វី​មួយ​​”។

លោកឧត្តម​សេនីយ៍​ឯក​ ខៀវ សុភ័គ មាន​ប្រសាសន៍​បន្ត​ថា ទោះ​បី​ជា​មាន​សំណើរ​របស់​លោក កែប ជុតិមា ក៏ដោយ​​ក៏​ក្នុង​ករណី​ណា​ដែល​​នគរបាល​ជាតិ​​គិត​ថា ​ជាការ​គំរាមដល់​សន្តិសុខជាតិ​នោះ  នគរ​បាល​​ជាតិ​​មាន​អំណាច​ធ្វើ​ប្រតិបត្តិការ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​​អាជ្ញាធរ​មូលដ្ឋាន​ឡើយ។

លោកមាន​ប្រសាសន៍​ទៀតថា ” នគរបាល​ជាតិ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​នៅ​​ចំពោះ​មុខច្បាប់​ ប៉ុន្តែ​ មិន​ចាំ​បាច់​ជូន​ដំណឹង​​ដល់​អាជ្ញាធរមូលដ្ឋាន​ឡើយ”។

កាលពីម្សិលមិញ លោក កែប ជុតិមា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​អំពី​កិច្ច​ប្រជុំ​ក្រោម​អធិបតីភាព​របស់​លោក​ ស ខេង​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃទេ។ លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​អំពី​កិច្ច​ប្រជុំ​នេះ​​ដែរ។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក អឹុម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់​រំ​កាល​ពី​​ថ្ងៃទី​១០ ខែមករា ​លោក នេត សាវឿន អគ្គស្នង​ការ​នគរបាលជាតិ​បាន​សុំ​ទោស​លោក អឹុម សិទ្ធី ដោយ​សារ​កង​កម្លាំង​នគរបាល​បាន​ចូលទៅ​ក្នុង​ផ្ទះ​របស់​លោក​អំឡុង​ពេល​​”​ធ្វើ​ប្រតិបត្តិការ​​ចាប់​បទ​ល្មើស​ឆ្លង​ដែន​”។ លិខិត​នោះ​ក៏បាន​លើក​ឡើង​ផង​ដែរ​ថា ​​”​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដោយ​មាន​កិច្ច​សហការ​ពី​​ព្រះ​រាជ​អាជ្ញា​អប​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​”។

ក្នុង​លិខិត​នោះ​បាន​បញ្ជាក់​ថា ” អគ្គ​ស្នងការ​នគរបាល​ជាតិ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​… ដោយ​សារ​កង​កម្លាំង​នគរបាល​បាន​ចូល​ទៅ​ក្នុង​​ផ្ទះ​របស់​ឯកឧត្តម​ដែល​​មើល​ទៅ​​ដូច​ជា​​ផ្ទះ​របស់​ឧក្រិដ្ឋ​ជន​អ៊ីចឹង​ ហើយ​ការ​ធ្វើ​ដូច្នេះ​​ត្រូវ​បាន​​ចង្អុល​បង្ហាញ​ដោយ​អង្គភាព​ស៊ើប​អង្កេត​”។

ការ​ឆ្មក់​​ចូល​​​ជា​បន្តបន្ទាប់​ទៅ​ក្នុង​ភូមិ​គ្រឹះចំនួន​ប្រាពីរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​៥ ខែមករា បាន​​ជោគជ័យ​​និង​​​ចាប់​​បាន​​ជន​សង្ស័យ​ចំនួន​៨០​នាក់​ជា​ជន​ជាតិចិន​​តៃវ៉ាន់​ និង​ចិន​ដី​គោក​ ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ប្រតិបត្តិការ​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធអីុន​ធើណិត​នៅ​កោះ​តៃវ៉ាន់​ និង​នៅ​ប្រទេសចិន។

ការឆ្ម​ក់​ចាប់​​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​នគរបាល​បាន​ចាប់​ខ្លួនជនសង្ស័យ​ជន​ជាតិ​ចិន​ជា​ច្រើន​​​នាក់​​នៅ​ក្នុង​ប្រទេសកម្ពុជា​ និង​ប្រទេស​ផ្សេង​ទៀត​ ក្នុង​​អាសីុអាគ្នេយ៍។ បទ​ល្មើស​ដែល​ជាប់​​សង្ស័យនេះ​​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​តាម​ប្រពន្ធ​​អីុន​ធើណិត​ ដើម្បី​ហៅ​ទៅកាន់​មនុស្ស​នៅក្នុង​ប្រទេស​ចិន​ និង​កោះ​តៃវ៉ាន់​ដោយ​ប្រើវិធី​សាស្ត្រ​ផ្សេងៗ ដើម្បី​បោក​បញ្ឆោត​និង​ជម្រិត​ទារប្រាក​់​ដោយ​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​ពួក​គេ​​វិនិយោគ​ក្នុង​គម្រោង​វិនិយោគ​ក្លែងក្លាយ​៕ប្រែសម្រួលដោយ ឃិន ណៃ​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស