កាលពីម្សិលមិញ និស្សិតស្ម័គ្រចិត្តជាង២.០០០នាក់ ត្រូវបានបញ្ជូនទៅវាស់វែងដីនៅតាមខេត្តចំនួន១៩ ដើម្បីចាប់ផ្ដើមដំណាក់កាលទី២ នៃកម្មវិធីប្រគល់ប័ណ្ណកម្មសិទិ្ធដីធ្លី នៅទូទាំងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងចំណោមនិស្សិតស្ម័គ្រចិត្ត២.០១៦នាក់ មាននិស្សិតថ្មី និងចាស់ចំនួន១.៣៦២នាក់កំពុងចូលរួមនៅក្នុងដំណាក់កាលទី២នៃកម្មវិធីនេះ។
អំឡុងពេលប្រារព្ធពិធីនៅកោះពេជ្រលោក អឹុម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម មានប្រសាសន៍ថា “ខ្ញុំមានជំនឿថា នៅក្នុងដំណាក់កាលទី២នេះយើងនឹងទទួលបានលទ្ធផលជាច្រើនទៀត ពីព្រោះនិស្សិតស្ម័គ្រចិត្តមួយចំនួន មានបទពិសោធរួចហើយ។ មន្ត្រី និងនិស្សិតស្ម័គ្រចិត្តរបស់យើងទាំងអស់ បានប្ដេជ្ញាវាស់វែងដីឲ្យបាន១លានហិកតា ដោយត្រូវបញ្ចប់ការវាស់វែងដីឲ្យបាន៥០ភាគរយនៃទិសដៅ មុនពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត”។
លោក អឹុម ឈុនលឹម បានមានប្រសាសន៍បន្ថែមថា នៅសល់៥០ភាគរយទៀតនឹងត្រូវបញ្ចប់ត្រឹមខែមីនាឆ្នាំ២០១៤។និស្សិតស្ម័គ្រចិត្តទាំងនេះ នឹងវាស់វែងដីនៅគ្រប់ខេត្តទាំងអស់ លើកលែងតែខេត្តកណ្ដាល ខេត្តកែបប៉ៃលិន រាជធានីភ្នំពេញ និងខេត្តស្វាយរៀង។
អំឡុងដំណាក់កាលទី១ នៃកម្មវិធីនេះ ពីខែកក្កដា ដល់ខែធ្នូឆ្នាំមុន ក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងដីបានចំនួន៥៨០.០០០ហិកតាឲ្យប្រជាពលរដ្ឋចំនួន៣៥០.០០០គ្រួសារ។
កាលពីដើមខែនេះ លោក ហ៊ុន សែន បានរៀបចំពិធីជប់លៀងដ៏ធំមួយឲ្យនិស្សិតស្ម័គ្រចិត្តនិងមន្ត្រីរដ្ឋាភិបាលជាង៥.០០០នាក់នៅកោះពេជ្រ បន្ទាប់ពីពួកគេបានបញ្ចប់ដំណាក់កាលទី១នៃកម្មវិធីរបស់លោក៕ប្រែសម្រួលដោយ ស៊ុំ សុខភុំ