28 C
Phnom Penh

អង្គការសិទ្ធិមនុស្សបង្កើតប្រតិទិន​ថ្មី​សម្រាប់​រាប់​​ថ្ងៃ​ជាប់​ពន្ធ​នាគារ​របស់​លោក ម៉ម សូណង់ដូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​កាល​ពី​ម្សិលមិញ​ បានបង្ហាញ​ប្រតិទិន​ថ្មី​មួយ ដែល​ខ្លួន​បានយក​មក​ប្រើ​សម្រាប់​រាប់​ថ្ងៃ​ជាប់​ពន្ធនាគារ​របស់​លោក​ ម៉ម សូណង់ដូ ម្ចាស់​វិទ្យុ​​សម្បុក​ឃ្មុំ​ ដើម្បី​ឲ្យ​ដឹង​ថា តើ​លោក​ជាប់​ពន្ធ​នា​គារ​បាន​ប៉ុន្មាន​ថ្ងៃ​ហើយ​។ ជាការ​ពិត​ បើ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​ ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ គឺ​មាន​រយៈ​ពេល​ប្រាំមួយ​ខែ ឬក៏​១៨០​ថ្ងៃ​មក​ហើយ​។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​សង្ឃឹម​ថា យុទ្ធនាការ​នេះនឹង​ដាក់​សម្ពាធ​​លើ​រដ្ឋា​ភិបាល​ ដើម្បី​ឲ្យ​ដោះ​លែង​លោក​ ម៉ម សូណង់ដូដែល​ត្រូវ​តុលាការផ្ដន្ទាទោស​ កាល​ពី​ខែ​តុលា ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​ ពីបទ​​ញុះញង់​ឲ្យ​បង្កើត​ចលនា​អបគមន៍​ក្នុង​ខេត្ត​ក្រចេះ​ ដែល​​មជ្ឈដ្ឋាន​ទូទៅ​ជឿថា ជា​ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវនោះ។

ប្រតិទិនទាំងពីរនេះ ជា​ប្រភេទបដា​ដ៏ធំ​មួយផ្ទាំង ​មាន​កម្ពស់​ និង​ទទឹង​ប្រហែល​១,៥ម៉ែត្រ​ ដោយនៅ​លើ​បដា​នោះ​ មាន​សរ​សេរ​អក្សរ​ធំៗ​ថា “ ដោះ​លែង​លោក​ ម៉ម សូណង់ដូ”ព្រម​ទាំង​មាន​រូប​ថត​របស់​លោកទៀតផង។

ថ្លែង​នៅ​ពេល​បើក​យុទ្ធនាការ​នេះ  លោក​​អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា អង្គការរបស់លោក​នឹង​យក​បដាទាំង​នេះ​ទៅដាក់​បង្ហាញ​នៅ​មុខ​ការិយាល័យ​ទាំង​ពីរ​​​របស់​ខ្លួន​ ដែល​ស្ថិតក្នុង​រាជ​ធានី​ភ្នំពេញ អមដោយប្រតិទិន ​សម្រាប់​រាប់​ថ្ងៃ​​​ ដែលលោក​ ម៉ម សូណង់ដូ បាន​ចំណាយ​​នៅ​ក្នុង​ពន្ធនាគារ​ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដាមកនោះ​។

លោក​បាន​លើក​ឡើង​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជានឹង​ធ្វើ​បដា ដែល​មាន​ប្រតិទិន​តូច​ៗ​ជា​ច្រើន​ទៀត​ ដើម្បី​យក​ទៅ​ចែកជូន​បណ្តា​អង្គការ​ផ្សេង​ៗ​ និង​តាម​បណ្តា​សហ​គមន៍​ព្រម​ទាំងចែក​ឲ្យ​អ្នក​គាំ​ទ្រ​ ដែល​ក៏​ចង់​យក​​បដា​ទាំង​នេះ​ ទៅ​ដាក់​បង្ហាញ​ដែរ​នោះ។

លោក អ៊ូ វីរៈ​ មាន​ប្រសាសន៍ថា  “ប្រសិន​បើគេយក​បដា​ទាំង​នេះ ​ទៅ​ដាក់​បង្ហាញ​នៅ​តាម​សហគមន៍​នីមួយ​ៗ​ នោះ​វានឹងធ្វើឲ្យ​មាន​ការ​ផ្លាស់​ប្ដូ​រ”។ ​លោក​ក៏ជឿជាក់​ដែរ​ថា សម្ពាធ​​ពី​សាធារណជន​អាច​ធ្វើឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោក ម៉ម សូណង់ដូ។

ថ្វីបើ​ការ​តវ៉ា​ និង​ការ​ធ្វើ​បាតុកម្ម​មាន​ការ​កើន​ឡើងជា​បណ្ដើរ​ៗ​ ​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​របស់​រដ្ឋាភិបាល​ក្ដី​ លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើននៅ​តែ​មាន​ការ​ឈឺ​ឆ្អាល​​ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​។

លោក អ៊ូ វីរៈ បាន​លើក​យក​ឧទាហរណ៍​ នៃការធ្វើបដិវត្ត​ន៍របស់​បណ្តា​ប្រទេស​​​ក្នុង​​​ទ្វីប​អារ៉ាប់​ មកធ្វើជាសំអាង​ថា ថ្វីបើ​រដ្ឋាភិបាល​​​​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​តវ៉ា​យ៉ាង​ណា​​ក​្ដី​ តែ​ការ​ធ្វើបដិវត្ត​ន៍នៅ​តែ​អាច​ផ្លាស់​ប្ដូរ​អំណាច​ផ្ដាច់​ការ ដែលបានចាក់ឫស​រាប់​ទស​​​វត្សរ៍​មក​ហើយ​។

លោក​បាន​ថ្លែង​ថា“ យើង​ខ្វះ​ចន្លោះ​ច្រើន​ណាស់ក្នុងការ​ជំរុញ​ឲ្យ​មានលទ្ធិ​ប្រជា​ធិប​តេយ្យ​នៅក្នុង ប្រទេស​ ដែល​យក​ប្រជា​ពល​រដ្ឋ​ជា​ធំ​នោះ”។ លោក​បាន​បន្ដ​ថា “ ប្រជាពលរដ្ឋ​ត្រូវ​​ធ្វើ​ជា​ ម្ចាស់​លើ​ការ​ទទួល​ខុស​ត្រូវ​របស់ខ្លួន​ឯង​”។

លោកស្រី​ ឌីន ផាណារ៉ា ភរិយា​របស់​លោកម៉ម សូណង់ដូ ដែលបាន​​ចូល​រួម​ក្នុង​យុទ្ធនា​ការ​​នេះដែរ បានមានប្រសាសន៍​ស្វាគមន៍​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​ដ៏​សំខាន់​នេះ។

លោក​ស្រី​បាន​លើក​ឡើង​ថា “ យុទ្ធនា​ការ​នេះនឹង​ជួយជំរុញ​​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ស្វាមី​របស​់ខ្ញុំ​។​​ស្វាមីរបស់​ខ្ញុំ​ បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​១៨៦​ថ្ងៃ​មក​ហើយបើ​គិត​មក​ដល់​ពេល​ឥឡូវ ហើយ​ការ​ធ្វើ​យុទ្ធនា​ការ​នេះ​មាន​ន័យ​ថា​​​ មនុស្ស​គ្រប់​ៗរូប​មិន​ភ្លេច​ស្វាមី​របស់​ខ្ញុំ​ឡើយ​”។

កាល​ពី​ខែ​មុន សាលាឧទ្ធរណ៍​ បាន​បដិ​សេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ម៉ម សូណង់ដូ អាយុ ៧២​ឆ្នាំ​​ ដោយ​លើក​ឡើង​ថា លោក​អាច​នឹង​បង្ក​ឲ្យខូច​សណ្ដាប់​ធ្នាប់សាធា​រណៈ និង​បំភិត​បំភ័យ​សាក្សី​។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ លោក ស សុវណ្ណ មេធាវី​ការពារ​លោក​ ម៉ម សូណង់​ដូ បាន​ប្ដឹង​សារទុក្ខ​ទៅតុលា ការ​កំពូល ដើម្បីជំទាស់​នឹង​សេចក្ដី​សម្រេច​​​របស់​សាលា​ឧទ្ធរណ៍​។ លោក​​​​មានប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា លោក​នៅ​​​​តែ​រង់​ចាំ​ការ​ឆ្លើយ​តបពីតុលាការ​មក​វិញ​។ លោក​ ជាង វឌ្ឍនា ក្រឡាបញ្ជី​របស់តុលាការ​កំពូល​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​ផែន​ការ​របស់​តុលាការ​ឡើយ​។

អង្គការ​សិទ្ធិ​មនុស្ស​អន្ដរជាតិ​ និង​ម្ចាស់​ជំនួយ​មកពីលោក​ខាង​លិច​ ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ ក៏​បាន​ជំទាស់នឹង​ការ​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូដែរ​។ អំឡុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​​មាន​មេដឹក​នាំ​ពិភព​លោក​បាន​មក​ជួប​ប្រជុំ​គ្នា​ក្នុង​ប្រទេស​កម្ពុជា​ កាល​ពី​ខែ​វិច្ឆិកា​ លោក​ បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានា​ធិបតី​សហ​រដ្ឋ​​អាមេរិក ចាត់​ទុក​ថា លោក ម៉ម សូណង់ដូ​ ថា ​ជា​អ្នក​ទោស​នយោបាយ ហើយក៏​​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោកឲ្យមាន​សេរីភាពវិញ៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស