30 C
Phnom Penh

កម្មករ​​​៥.០០០​​​នាក់មក​​​ពី​​​រោង​​​ចក្រ​​​ផ្សេងៗ​​​ ក្នុងរាជធានី​​​ភ្នំ​​​ពេញ​​​បន្ត​​​ធ្វើ​​​បាតុកម្ម​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករកាត់ដេរ​​​ប្រហែល​​​១.០០០​​​នាក់ ​បាន​​នាំគ្នា​​​តវ៉ា​​​នៅ​​​ក្នុងខណ្ឌ​​​ពោធិ៍សែន​ជ័យ​ដើម្បីទាម​​​ទារ​​​ឲ្យដំឡើង​​​ប្រាក់ឈ្នួល​​​របស់​​​ពួកគេក្នុងការ​​​តវ៉ា​​​លើក​​​ទី​​​៣​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃនេះ ដែល​​​មាន​​​​​​ការ​ចូល​​​រួម​​​ពី​កម្ម​ករ​​ជាង​​​៥.០០០​​​នាក់​​​ មក​​​ពី​​​រោង​​​ចក្រ​​​ផ្សេងៗ​។

កម្មករ​​​កាត់ដេរប្រហែល​​​១.០០០​​​នាក់​​​ ​​​មកពីរោងចក្រ​​​​​​រ៉ូយ៉ាល់ហ្វែសិនអន្តរជាតិ នាំ​​​គ្នា​​​តវ៉ា​​​​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ នៅ​​​ក្នុង​ខណ្ឌ​​​ពោធិ៍សែន​​​ជ័យ រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ ស៊ីវ ចាន់ណា
កម្មករ​​​កាត់ដេរប្រហែល​​​១.០០០​​​នាក់​​​ ​​​មកពីរោងចក្រ​​​​​​រ៉ូយ៉ាល់ហ្វែសិនអន្តរជាតិ នាំ​​​គ្នា​​​តវ៉ា​​​​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ នៅ​​​ក្នុង​ខណ្ឌ​​​ពោធិ៍សែន​​​ជ័យ រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ ស៊ីវ ចាន់ណា

មន្ត្រី​​​ក្រសួង​​​ការងារ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោកមាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​តវ៉ា​​​ដ៏​​​ច្រើន​​​បែប​​​នេះ ប៉ុន្តែ លោកបាន​​​​​​អំពាវនាវដល់​​​​​​និយោជក និងកម្មករឲ្យ “ មាន​​​ការ​​​យោគយល់​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក” ដើម្បី​​​ការពារ​​​ផល​​​ប្រយោជន៍​​​របស់​​​ក្រុម​​​វិនិ​យោ​គិននិងផលប្រយោជន៍អ្នកបញ្ជា​​​ទិញ​​​​​​នៅ​​​ក្នុង​​​ឧស្សាហ​​​កម្ម​​​កាត់ដេរ របស់​​​ប្រទេស​​​កម្ពុជា។

លោក ខៀវ សាវុធ អនុប្រធាននាយកដ្ឋាន​​​ទទួល​​​បន្ទុក​​​វិវាទការងារ​​​របស់​ក្រសួង​​​ការ​ងារ​មាន​​​ប្រសាសន៍​​​ថា “ ជានិច្ចកាល​​​និយោជិត​ចង់​​បាន​​​ប្រាក់​​​ខែ​​​ខ្ពស់ ហើយ​​​និយោជក​​​​​​ចង់ឲ្យ​​​ប្រាក់​​​ខែ​​​តិច ពី​​​ព្រោះ​​​ភាគី​​​ទាំង​​​ពីរ​​​ត្រូវ​​​ការ​​​​​​ប្រាក់​​​ចំណេញ ពី​​​ព្រោះ​​​វា​​​ជា​​​ការ​​​ធ្វើ​​​ជំនួញ។​ប៉ុន្តែ ប្រសិន​​​បើកម្មករ​​​ទាម​​​ទារ​​​ប្រាក់ខែ​​​ខ្ពស់​ពេក វា​​​អាច​​​ធ្វើ​​​ឲ្យ​​​ក្រុម​​​ហ៊ុនបង់​​​ខាត”។

កម្មករ​​​មកពីរោងចក្រកាត់ដេរឈ្មោះ​រ៉ូយ៉ាល់ហ្វេសិនអន្តរជាតិ ( International Fashion Royal) ដែល ជាក្រុមហ៊ុន​​​ផលិត​​​អាវយឺត និង​​​ស​​​ម្លៀកបំពាក់ឲ្យ​​​ក្រុមហ៊ុន​ដាម៉ូ ថិកថាយ ​(Damo Textile) ​​​នៅ​​អាមេរិក  កាល​ពីម្សិលមិញបានព្យាយាមដង្ហែក្បួន​​​ទៅ​​​កាន់​ក្រសួង​​​ការ​ងារ​​​ដើម្បី​​​សុំ​​​ដំឡើង​​​​​​ប្រាក់​​​ឈ្នួល​​​មូល​​​ដ្ឋាន​​​របស់​​​ពួក​​​គេ​​​ពី​​​៦៦​​​ដុល្លារ​​​ទៅ​​​៩៣​​​ដុល្លារ​ក្នុងមួយខែ ប៉ុន្តែ ដូរចិត្តបន្តតវ៉ាក្នុង​​សួនឧស្សា​ហកម្ម​កាណាឌីយ៉ា ដើម្បីរង់​​​ចាំ​​​ជួបជាមួយក្រុម​​​អ្នក​​​សម្រុះ​​​សម្រួល​​​មក​​​ពី​​​ក្រសួង​​​ការងារ។

យោង​​​តាម​​​កម្មការ​​​​​​ិនីឈ្មោះ ​មាន គន្ធី អាយុ​​​​២៦​​​ឆ្នាំ ដែល​​​ធ្វើ​​​ការ​​​ជា​​​ជាង​​​កាត់ដេរ​​​អស់រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​មកហើយ នៅក្នុង​​​រោង​​​ចក្រកាត់ដេររ៉ូយ៉ាល់ហ្វេសិន​អន្តរ​ជាតិ​ បាន​​​ឲ្យ​​​ដឹង​​​ថា ពួក​​​គេ​​​មាន​​​កំហឹង​​​ដោយសារ​​​តែប្រា​ក់​​​ខែ​​​របស់​​​ពួក​​​គេ ត្រូវ​​​បាន​​​កាត់​​​ជាង​​​មួយ​​​ភាគ​​​បី ប្រសិន​​​បើ​​​ពួក​​​គេ​​​ឈប់​​​ធ្វើ​​​ការ​​​រយៈ​ពេល​​​តែ​​​មួយ​​​ថ្ងៃ​​​នោះ។

អ្នក​​​ស្រី មាន​​​ គន្ធី បាន​​​និយាយ​​​ថា “ខ្ញុំ​​​គ្រាន់​​​​តែ​​​​ឈប់​​​មួយ​​​ថ្ងៃ តែគេកាត់​​​ប្រាក់​​​ខែ​​​ខ្ញុំ​​​ចំនួន​​​២៧​​​ដុល្លារ។​​​ ខ្ញុំ​​​ត្រូវនាំ​​​កូន​​​ប្រុស​​​ខ្ញុំ​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​គន្ធបុប្ផា កាល​​​ពី​​​ខែ​​​តុលា ពី​​​ព្រោះ​​​កូន​​​ប្រុសខ្ញុំឈឺធ្ងន់ណាស់”។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​បន្ថែម​​​ថា “ខ្ញុំ​​​បាន​​​ប្រាក់​​​ខែ​​​ សរុបប្រហែល​​​១២០​​​ដុល្លារ រាប់បញ្ចូលប្រាក់ឈ្នួល​​​ធ្វើ​​​ការ​​​ថែម​​​ម៉ោង​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ”។

“ ប្រាក់​​​នេះ វា​​​មិន​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ទ្រទ្រង់ជីវភាព​​​​​​រស់នៅរបស់​​​យើង​​​នោះ​​​ទេ។​ថ្លៃម្ហូប​​​ និងថ្លៃ​​​ឈ្នួល​​​ផ្ទះកាន់តែឡើង ​ប៉ុន្តែ​ប្រាក់​​​ខែ​​​យើង​​​នៅ​​​ដដែល”។

អ្នក​​​ស្រី ឃាង វណ្ណារ័ត្ន ប្រធាន​​​រដ្ឋបាល​របស់​​​រោង​​​ចក្របាន​​​បញ្ជាក់​​​ថា រោង​​​ចក្រ​​​នេះ ​កាត់​​​ប្រាក់​​​ខែចំនួន​​​២៧​​​ដុល្លារ ប្រសិន​​​បើ​កម្មករ​​​ណា​​​ម្នាក់​​​ឈប់​​​ដោយ​​​អត់​​​ច្បាប់​​​រយៈ​​​ពេល​​​មួយ​​​ថ្ងៃ​​​នោះ។អ្នក​​​ស្រីបាន​​​និយាយ​​​ថា ​ប៉ុន្តែ ការ​​​ឈប់​​​ដោយសារ​​​មាន​​​ជំងឺ ឬ ឈប់​​​សម្រាក​​​ប្រចាំ​​​ឆ្នាំ​​​ នឹង​​​ត្រូវ​​​កាត់​​​ត្រឹមតែ១០​​​ដុល្លារប៉ុណ្ណោះ។

អ្នក​​​ស្រី ឃាង វណ្ណារ័ត្្ន និយាយ​​​ទៀត​​​ថា “ពេល​​​នេះ ថៅ​​​កែរបស់​​​ខ្ញុំបាន​​​និយាយ​​​ថា ​ប្រាក់​​​ខែអតិបរមាចំនួន​​​៩៣​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ គឺ​​​មាន​​​ចំនួន​​​ច្រើនណាស់​​​ទៅ​​​ហើយ​ ហើយ​​​​គាត់​​​មិន​​​អាច​​​ដំឡើង​​​ថែម​​​ទៀត​​​បាន​​​ទេ”។ ​អ្នក​​​ស្រីបាន​​​និយាយ​​​បន្ថែម​​​ថា ប្រាក់​​​ឈ្នួល​​​មូលដ្ឋាន​​​ចំនួន​​​៦៦​​​ដុល្លារ គឺច្រើន​​​ជាង​​​​​​ប្រាក់​​​ឈ្នួលអតិបរមា​​​ចំនួន​​​៦១​​​ដុល្លារ ដែល​​​រដ្ឋា​ភិបាលបាន​​​កំណត់​​​ទៅ​​​ទៀត។

លោក ឃឹម កុសល ទី​​​ប្រឹក្សារបស់​​​សហ​ព័ន្ធ​​​​សហជីព​​​ប្រជាធិបតេយ្យ កម្មករ​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ធ្វើ​​​បាតុកម្ម​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​អតិបរមាចំនួន​​​៩៣​​​ដុល្លារ​​​ដូច​​​គ្នា​​​នេះ បាន​​​បន្ត​​​ធ្វើ​​​នៅ​​​ខាង​​​មុខ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ គ្លែដភៀ (Gladpeer Garments Factory) ដែលលោកបាន​​​អះអាង​​​ថា ​មាន​កម្មករប្រមាណ៥.០០០​​​នាក់ បាន​​​ចូលរួម​តវ៉ា បន្ទាប់​​​ពី​​​ការ​​​ចរចា​​​ជា​​​ច្រើន​​​លើករវាង​​​ថៅកែ​រោង​​​ចក្រ​​​ និង​​​កម្មករ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ​តែ​មិន​​​បាន​​​ទទួល​​​លទ្ធផល​​​ណា​​​មួយ​​​នោះ។

កម្មករ​​​នៅ​​​រោង​​​ចក្រគ្លែដភៀ កំពុង​​​សុំ​ដំឡើងប្រាក់​​​ថ្លៃ​​​ម្អូប​​​អាហារ​​​របស់​​​ពួក​​​គេ​​​ ផង​​​ដែរ ហើយ​បុគ្គលិក​​​រោង​​​ចក្រ​​​​​​ទទួល​​​ស្គាល់​​​ថាសហព័ន្ធ​​​សហជីព​​​ប្រជាធិប​តេយ្យ ​កម្មករ​​​កម្ពុជាដែលជា​​​សហជីព​​​​​​ឯក រាជ្យមួយ បានដើរតួជា​​​តំណាង​​​ដ៏​​​សំខាន់​​​របស់​​​កម្មករ​​​ទាំង​​​នេះ។

តំណាង​​​ម្នាក់​​​មក​​​ពី​​​​​​ក្រុម​​​ហ៊ុនផលិត​​​សម្លៀក​​​បំពាក់ឲ្យក្រុមហ៊ុនអេចអែនអេម ​​​(H&M) ដ៏​​​ធំ​​​មួយរបស់​​​ប្រទេស ស៊ុយ​​​អែត ដែល​​​ទទួល​​​ទិញសម្លៀក​​​បំពាក់​​​ពី​​​រោង​​​ចក្រ គ្លែដភៀ បាន​​​និយាយ​​​ថា និយោជិត​​​ទាំង​​​អស់​​​នៅ​​​ក្នុង​រោង​​​ចក្រ​​​ផលិតសម្លៀកបំពាក់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​

អេច​អេន​អេម មាន​​​សិទិ្ធ​​​ចូលជាមួយសហជីព​​​ណា​មួយ តែមិនត្រូវធ្វើសកម្មភាព​​​រើស​​​អើង​​​ “មកលើ​​​កម្មករ” នោះ​​​ទេ។

លោក ឆាឡូតា នីមលីន(Charlotta Nemlin )​ មន្ត្រី​​​ទទួលបន្ទុកផ្នែកព័ត៌មាន​​​របស់​​​ក្រុម​​​ហ៊ុន​អេចអេនអេម បាន​​​ឲ្យ​​​ដឹង​​​តាម​​​អុីមែល កាល​​​ពីម្សិល​​​មិញ​​​ថា “ក្រុម​​​ហ៊ុនអេចអេនអេម កំពុង​​​ជំរុញ​​​ឲ្យ​​​ភាគី​​​ទាំង​​​ពីរ​​​ចរចាគ្នា ដើម្បីស្វែង​​រក​​​ដំណោះ​​​ស្រាយ”។

កម្មករឈ្មោះ​​​ ភួង ភារម្យ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា នៅក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​កម្មករ​​​មក​​​ពី​​​រោង​​​ចក្រ​​​កាត់ដេរ​​​បិទ​​​ទ្វារទៅ​ហើយ ឈ្មោះរោងចក្រ​ឃីងឡែន​កម្ពុជា​(Kingsland Garment Cambodia )ដែល​​​ជាអ្នក​ផ្គត់ផ​​្គង់​​​ខោ​​​អាវ​​​ទ្រនាប់​​​សម្រាប់​​​ស្ត្រី​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​លក់រាយដ៏ធំ​មួយ​​នៅក្នុង​សហរដ្ឋ​អាមេរិក ឈ្មោះ វ៉លម៉ាត (​​​Walmart)បាន​​​បន្ត​​​​​​តវ៉ា​​​ជាទ្រង់​​​ទ្រាយ​​​តូច​​​តាច​ ឈានចូល​​​ដល់ថ្ងៃ​​​ទី៣ ដោយ​​​ទាម​ទារ​​​ឲ្យ​​​រោង​​​ចក្រឃីងឡែន ផ្តល់​​​ប្រាក់​​​បំណាច់កាលការងារ​​​ដល់​​​ពួក​​​គេ។ កម្មករទាំង​​​នេះ ​​​និយាយ​​​បន្ថែម​​​ថា ការ​​​ចរចា​​​នឹង​​​ធ្វើឡើង​​​​​​​​​ក្នុងក្រសួង​​​ការងារ​​​នា​​​ថ្ងៃ​​​នេះ។

តំណាង​​​មួយ​​​រូប របស់​​​សម្ព័ន្ធ​​​សហជីព​​​កម្មរ

​(Warehouse Workers United) ដែល​​​ជា​​​អង្គការ​​​ការពារពសិទ្ធិរបស់ពលករ​​​​​​នៅ​​​ក្នុងសហរដ្ឋ​​​អាេមរិក និងធ្វើជាតំណាង​​​ឲ្យ​​​កម្មរ​​​ចំនួន​​​៥,៥​លាន​​នាក់ បាន​​​មាន​​​ប្រសាសន៍​​​ថា ទោះ​​​បី​​​ជា​​​មាន​​​ច្បាប់​​​ការពារ​​​​​​កម្មករ​​​ក៏​​​ដោយ ក៏ក្រុម​​​ហ៊ុន​វ៉លម៉ាត នៅតែធ្វើ​​ព្រងើយចំពោះ​​​ការ​​​ទទួល​​​​ខុស​​​ត្រូវផ្នែក​​​សង្គមកិច្ច​​​របស់​​​ខ្លួន ដែលពេល​​​បញ្ហា​​​នេះ វាបាន​​​កើត​​​​​​ឡើងមកលើកម្មករ​​​​​​ធ្វើ​ការនៅ​​​ក្នុងរោងចក្រ​​ផ្គត់ផ្គង់​​​។

លោក និក​​​ រ៉ូឌីខូហ្វ (Nick Rudikoff) អ្នក​​​សម្រប​​​សម្រួលផ្នែក​​​កិច្ចការ​​​សកល​​​របស់​​​សម្ព័ន្ធ​​​សហជីព​​​កម្មករ ដែល​​​បាន​​​អញ្ចើញ​​​មកដល់​​​ប្រទេស​​​កម្ពុជា កាល​​​ពី​​​សប្ដាហ៍​​​មុន ​ដើម្បី​​​សើុបអង្កេត​​​អំពីស្ថាន​​​ភាពនៅទី​​​នេះ ​បាន​​​មាន​​​ប្រសាសន៍​​​ថា “ សកម្ម​​​ភាព​​​របស់​​​ក្រុម​​​ហ៊ុនលក់រាយវ៉លម៉ាត ទាំង​​​នៅ​​​ពេល​​​នេះ និង​​​នៅ​​​ពេល​​​​​​អនាគត គឺ​​​គ្មាន​​​​​​ការ​​​ទទួល​​​ខុស​​​ត្រូវ ចំពោះ​​​សេច​​​ក្ដី​​​ត្រូវ​​​ការ​​​​​​​​​របស់​​​កម្មករ​​​ធ្វើការនៅ​​​ក្នុង​​​រោងចក្រ​​​ផ្គត់​​​ផ្គង់​សម្លៀក​បំពាក់​​​របស់​​​ខ្លួន។

ក្រុមហ៊ុនវ៉លម៉ាត មិនបាន​​​ឆ្លើយតប​ចំពោះ​​ការ​​​សុំ​ឲ្យ​​​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ​​​៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស