28 C
Phnom Penh

មន្ត្រី​ព្រៃ​ឈើ​អះ​​អា​ង​​ថា​មាន​កា​​រ​កាប់​ឈើ​ខុស​ច្បាប់​ដោ​យ​ក្រុ​ម​ហ៊ុន​​វៀត​ណាម​​ ​នៅ​ក្នុង​ខេត្ត​រតនគិរី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​​បា​ន​និ​យា​យ​កាល​ពី​ម្សិល​​មិញ​ថាអំឡុង​​កា​រ​ស៊ើ​ប​អង្កេត​រួ​ម​គ្នា​ជាមួ​យ​នគរបា​លនិង​​កង​រាជ​អា​​វុធ​ហត្ថ​​​កា​ល​ពី​សប្តា​ហ៍​មុន​ ​រដ្ឋ​បា​ល​ព្រៃ​ឈើ​​បា​ន​​រក​ឃើញ​​​ភ័ស្តុតា​ង​​​អំ​ពី​​កា​រ​កាប់​ឈើ​​ខុស​​ច្បាប់​ទ្រង់​ទ្រាយ​ធំ​​ដោ​យ​ម្ចាស់​ក្រុម​ហ៊ុន​​ដី​សម្បទាន​​​ចម្ការ​កៅ​ស៊ូ​ជា​ជន​​​ជាតិ​វៀត​ណាម​​ នៅ​ក្នុង​ស្រុក​​​អូរ​យ៉ា​ដាវ ​ខេត្ត​​រតនគិរី​។    

លោក ផាន ភឿន នាយ​រង​ខណ្ឌ​រដ្ឋ​បាល​​ព្រៃ​ឈើ​​ខេត្ត បា​ន​​មា​ន​​ប្រ​សាសន៍​ថា ​​អំឡុង​ពេល​​​​ស៊ើប​អង្កេត​​​ដែល​បាន​​​ចាប់​​ផ្តើម​​កា​ល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ​ មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​បា​ន​​រក​ឃើញ​​​ឈើ​ជា​ង​​១.០០០កំ​ណាត់​​​នៅ​លើ​​ដី​​​របស់​​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​ Day Dong Yoeun ​ដែល​បា​នទទួល​​​ដី​​សម្បទា​ន​​​សេដ្ឋ​កិច្ច​​​ទំហំ​៤.០០០​ហិកតា​កាល​ពី​​ឆ្នាំ​២០០៧។

​​លោក​បា​ន​​មា​ន​ប្រ​សាសន៍​ថា“ យើង​បា​ន​​រក​ឃើញ​​ឈើ​​ចំ​នួន​១.០៩១កំ​ណាត់នៅ​ក្នុង​​ដី​សម្បទា​ន​​របស់ក្រុម​ហ៊ុន​នេះ ហើយ​យើង​​បា​ន​បញ្ជា​​ឲ្យ​ពួ​ក​គេ​​បង់​ពន្ធ​​លើ​ឈើ​ទាំង​នេះ ​សម្រាប់​ចំ​ណូល​​ជាតិ​”។​លោក​បា​ន​បន្ថែម​ថា ឈើ​នេះ​​​កាប់​នៅ​ក្នុង​ដី​ព្រៃ​ ដែល​​​​សុទ្ធ​តែ​ជា​​អំពើ​​​ខុស​​ច្បាប់​​ទាំង​អស់​។

លោក ផាន ភឿន បន្តទៀតថា “យើង​ដឹង​ថា​ កា​រ​កា​ប់​​ឈើ​នេះ ​ខុស​​ច្បាប់ ​ហើយ​បើទោះ​​ជា​​ក្រុម​ហ៊ុន​នេះ​មិន​បា​ន​គោ​រព​​កិច្ច​ព្រម​ព្រៀង​​របស់​ខ្លួន​​ជាមួ​យ​​ក្រសួ​ង​កសិកម្ម​​ក៏​ដោ​យ ក៏​​ខ្លួន​​បាន​យល់​ព្រម​​បង់​ពន្ធ​​លើ​​ឈើ​ដែល​កាប់​រួ​ច​ដែរ ហើយ​យើង​​បា​ន​ទទួល​​កា​រ​បង់​ពន្ធ​ដែល​​នឹង​​​ដាក់​ជា​​ចំ​ណូល​រដ្ឋ​​”។

លោក ផាន ភឿន បា​ន​​ថ្លែង​ថា ​រដ្ឋា​ភិបាល​សម្រេច​ចាត់​វិធាន​កា​រ​​​បន្ថែម​ទៀត ​​​ចំពោះ​​​​ក្រុម​ហ៊ុន​នេះក៏​អត់​នោះ​ ​អាស្រ័យ​លើ​​​សេចក្តី​​សម្រេច​​របស់​ក្រ​សួង​កសិ​កម្ម​​ ដែល​បា​ន​ស្នើ​​សុំ​​​របាយ​ការណ៍​​អំ​ពី​​លទ្ធផល​នៃ​ការ​សើុប​អង្កេត​​របស់​រដ្ឋ​បា​ល​ព្រៃ​ឈើ​។ “ របាយ​ការណ៍​​នេះ​​នឹ​ង​ត្រូវ​បញ្ជូន​​ទៅ​​ថ្នាក់​ជាតិ​នៅ​ពេល​ឆាប់​ៗ​នេះ​…។ ​យើ​ង​នឹង​​អនុវត្ត​​តា​ម​បទ​​បញ្ជា​​ពី​ថ្នាក់លើ​​ថា ​តើ​ត្រូវ​ដោះ​ស្រាយ​រឿង​នេះ​​ជា​មួយ​​តុលា​ការ​ឬ​យ៉ាង​ណា​​​”។

​មន្ត្រី​មូល​ដ្ឋាន ​​​និង​​អ្នក​ភូមិ​​ជន​ជាតិ​ភាគ​​តិច​ ចារ៉ាយ ​ដែល​រស់​នៅ​ក្នុង​​ភូមិ​​ឡុំ​ ​ឃុំប៉ក់​​ញ៉ៃ ​បា​ន​​ចោទ​ក្រុ​ម​ហ៊ុន​ Day Dong Yoeun និង​ក្រុម​ហ៊ុន​72 ជា​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​មួ​យ​ទៀត ​ដែល​មា​​ន​ដី​សម្បទាន​​​នៅ​ក្បែរ​នោះ​​​ថា ​បាន​​កា​ប់​​ឈើ​ខុស​​ច្បាប់​​យ៉ាង​ច្រើន​​ និង​នាំ​ឈើ​ចេញ​​ទៅ​ប្រទេ​ស​វៀត​ណាម​។ អង្គការ​​សិទ្ធ​ិ​មនុស្ស​​​បា​ន​អំ​ពា​​វ​នា​​វ​ឲ្យរដ្ឋា​ភិ​បាល​​លុប​ចោល​​​​ដី​សម្បទាន​​របស់​ក្រុម​ហ៊ុន​​ទាំង​ពីរ​នេះ​ ​និង​ប្តឹង​​ម្ចាស់​ក្រុម​ហ៊ុន​​​​ទាំង​ពីរ​ទៀត​ផង​។

លោក ធន់ ​សារ៉ាត ​​​អ្នក​នា​ំ​ពាក្យ​​​​រដ្ឋបា​ល​ព្រៃ​ឈើ ​​មា​ន​ប្រ​សាស​ន៍​កា​ល​​ពី​ម្សិល​មិញ​ថា ​ក្រុម​ណា​មួ​យ​ដែល​ត្រូ​វ​បា​ន​​រក​ឃើញ​​កំ​ហុស​ពី​បទ​​បំពាន​ច្បាប់​​ព្រៃ​ឈើ​ ត្រូវ​តែ​ប្រឈម​​​​កា​រ​ផ្តន្ទា​ទោស​​​ពី​តុលា​ការ​ ហើយ​ថា ​​ទី​ស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រីមា​នសិទ្ធិ​​លុបចោល​​ដី​​សម្បទាន​​របស់​​ក្រុម​ហ៊ុន​ណា​​​ដែល​រំ​លោភ​​​លក្ខខណ្ឌ​​នៃ​កិច្ច​​សន្យា​របស់​ខ្លួន​។លោកបាន​បន្ថែម​​ថា “នាយក​​រដ្ឋ​មន្ត្រី​ មា​ន​សិទ្ធិលុប​ចោ​ល​កិច្ច​សន្យានោះ​​ ប្រសិ​ន​បើ​​ក្រុ​ម​ហ៊ុន ​[Day Dong Yoeun] ​បំ​ផ្លាញ​​ធន​ធានព្រៃ​ឈើ​”។

​​លោក​​​ថ្លែ​ង​ថា “ទី​ស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​​មិន​ដែល​ជ​ំ​ទាស់​​​នឹង​សំ​ណើ​​​​របស់​ក្រសួ​ង​កសិកម្ម​នោះ​ទេ​​។ ​ពួ​ក​គេ​នឹង​ចាត់​ការ​រឿង​នេះ​​​”។

​ប៉ុន្តែ លោក ប៉ែ​ន ​បុណ្ណារ៍ អ្នក​តា​ម​​ដាន​​បញ្ហា​​ដី​ធ្លី និង​​​ធ​ន​ធាន​​ធម្ម​​ជាតិ ប្រចាំ​​អង​្គការ​​សិទ្ធិ​មនុស្ស​​អា​ដហុក ​​បា​ន​មាន​​ប្រ​សាសន៍​ថា ​លោកសង្ឃឹម​ថា រដ្ឋា​ភិ​បាល​​នឹ​ង​ចាត់​វិ​ធាន​កា​រ​

ផ្លូ​វ​​ច្បាប់​​ប្រឆាំ​ង​​ក្រុម​ហ៊ុន ​Day Dong Yoeun ​ហើយ​លោក​មា​ន​​កា​រ​ខក​ចិត្ត​​ដែល​​មិន​ទាន់​​​មាន​​វិធាន​ការ​អ្វី​សោះ​​។ លោកបាន​បន្ថែម​ថា “ ​ខ្ញុំ​មិន​ដឹង​ថា ​ហេតុ​អ្វី​​រដ្ឋា​ភិ​បាល​មិន​ចាត់​វិធាន​កា​រ​លុប​​ចោល​ដី​​សម្បទាន​​សេដ្ឋ​កិច្ច​នេះទេ​។ វា​ជា​​គំរូ​​សម្រាប់​ករណី​ទាំ​ង​អស់​​នៅ​ក្នុង​ប្រទេ​ស​​របស់​ខ្ញុំ​ មិន​មែន​តែ​នៅ​ក្នុង​​ខេត្ត​​រត​នគិរី​ប៉ុណ្ណោះ​ទេ​​”៕ប្រែសម្រួល​​​ដោ​យ​​ចេវ ប៊ុននី​​​​​​

​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស