អ្នកភូមិ និងមន្ត្រីតុលាការម្នាក់បានឲ្យដឹងថា កាលពីម្សិលមិញអាជ្ញាធរបានចាប់ខ្លួនអ្នកភូមិម្នាក់ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយជាមួយអ្នកជំនួញក្នុងស្រុកម្នាក់ពីបទរំលោភចូលដីមានវិវាទ នៅក្នុងស្រុកបាណន់ខេត្តបាត់ដំបង។
ការចាប់ខ្លួនលោក ពេជ្រ សុម៉ាលី ធ្វើឡើងប្រាំថ្ងៃបន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានចុះទៅពិនិត្យមើលក្នុងតំបន់នោះ ដើម្បីស៊ើបអង្កេតថា តើអ្នកភូមិត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារដោយអយុត្តិធម៌ពាក់ព័ន្ធនឹងជម្លោះដីធ្លីក្នុងពេលថ្មីៗនេះមែនឬអត់។
កាលពីឆ្នាំ២០០៤ អ្នកភូមិ១២នាក់ នៅភូមិជ្រោយស្នា ត្រូវបានគេចាប់ឃុំខ្លួនរយៈពេលខុសៗគ្នា ចាប់ពីប្រាំពីរខែរហូតដល់មួយឆ្នាំ បន្ទាប់ពីអ្នកជំនួញក្នុងស្រុកម្នាក់ឈ្មោះ អ៊ាង អឿន បានចោទពួកគាត់ថា បានរំលោភយកដីដោយខុសច្បាប់។
លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងបានមានប្រសាសន៍ថា លោក ពេជ្រ សុម៉ាលី ត្រូវបានចាប់ខ្លួនបន្ទាប់ពីតុលាការបានចេញដីកាចាប់ខ្លួនគាត់។ លោកក៏បានមានប្រសាសន៍ផងដែរថា លោកបានជំរុញសាលាដំបូងកុំឲ្យឃុំខ្លួនអ្នកភូមិដែលពាក់ព័ន្ធ ពីព្រោះគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកំពុងតែស៊ើបអង្កេតលើករណីនេះ។
លោក សាន មានប្រសាសន៍បន្តថា “គាត់ត្រូវបានអាជ្ញាធរចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តបាត់ដំបង ទោះបីជាខ្ញុំបានស្នើសុំរួចហើយក៏ដោយ។ អ្វីដែលខ្ញុំអាចបញ្ជាក់បាននោះគឺគាត់កំពុងស្ថិតក្រោមការចាប់ខ្លួន ហើយបច្ចុប្បន្ននេះព្រះរាជអាជ្ញាសាលាដំបូងខេត្តម្នាក់កំពុងសាកសួរគាត់អំពីការសង្ស័យថា គាត់បានរំលោភយកដី មានម្ចាស់ស្របច្បាប់”។
លោកបានមានប្រសាសន៍បន្តទៀតថា “ខ្ញុំបានប្តឹងទៅសាលាឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តបាត់ដំបងក្នុងការចេញដីកាចាប់ខ្លួនបុរសទាំងប្រាំបួននាក់នេះ”។
វិវាទលើដីទំហំ១៦១ហិកតានៅក្នុងឃុំខ្នាចរមាស ក្នុងស្រុកបរវេល ខេត្តបាត់ដំបងនេះ បានកើតមានតាំងពីឆ្នាំ១៩៩៩មក ដោយសារលោក អ៊ាង អឿន បានអះអាងថា ប្រជាពលរដ្ឋរស់នៅទីនោះដោយខុសច្បាប់ ប៉ុន្តែអ្នកភូមិបាននិយាយថា ដីនោះជាដីស្របច្បាប់របស់ពួកគាត់ ព្រោះពួកគាត់បានធ្វើកសិកម្មលើដីនេះតាំងពីឆ្នាំ១៩៨៣មកម្លេ៉ះ។
លោក គង់ ចាន់មុនី តំណាងអ្នកភូមិដែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រាំបួននាក់ដែលមានឈ្មោះក្នុងដីកាចាប់ខ្លួននោះ ហើយបច្ចុប្បន្ននេះកំពុងលាក់ខ្លួននោះ បាននិយាយថា ការចាប់ខ្លួនលោក សុម៉ាលី គឺអយុត្តិធម៌ណាស់ ហើយនេះគឺជាគំរូមួយទៀតបង្ហាញថា តុលាការលម្អៀងទៅរកអ្នកមាន លុយ ហើយគាបសង្កត់លើប្រជាពលរដ្ឋក្រីក្រ។
លោកមានប្រសាសន៍បន្តថា “ខ្ញុំខកចិត្តខ្លាំងណាស់ ដែលតុលាការបានសម្រេចចាប់ខ្លួននិងឃុំខ្លួនគាត់ ពីព្រោះគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកំពុងតែស៊ើបអង្កេតលើករណីនេះនៅឡើយ”។
លោក អឿន មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីម្សិលមិញ។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតប្រចាំអង្គការសិទ្ធិមនុស្សអាដហុកបានអំពាវនាវឲ្យមានការដោះលែងលោក សុម៉ាលី ជាបន្ទាន់ ដោយលោកលើកឡើងថាការចាប់ខ្លួននេះខុសច្បាប់ ពីព្រោះជម្លោះដីធ្លីនោះមិនទាន់បានដោះស្រាយទេ។ លោកថ្លែងបន្តថា “ យើងសោកស្តាយខ្លាំងណាស់ ហើយមានការបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនអ្នកភូមិក្រីក្រនេះ”៕
ប្រែសម្រួលដោយ ឃិន ណៃ