ខៀវ សំផន ប្រមុខរដ្ឋសម័យខ្មែរក្រហមត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ កាលពីម្សិលមិញ ដោយសារតែមានជំងឺជាច្រើនមុខ រួមមានបញ្ហាពិបាកដកដង្ហើម នៅក្នុងរយៈពេលតែបួនថ្ងៃប៉ុណ្ណោះបន្ទាប់ពីចុងចោទ នួន ជា បានដួល និងចូលសម្រាកនៅមន្ទីរពេទ្យ ដោយសារជំងឺរលាកទងសួតធ្ងន់។
លោក ឡាស អូលសិន (Lars Olsen) មន្ត្រីទំនាក់ទំនងសាធារណៈរបស់សាលាក្តីខ្មែរក្រហមបានមានប្រសាសន៍ថា ខៀវ សំផន អាយុ៨១ឆ្នាំ ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ហើយនឹងត្រូវសម្រាកនៅទីនោះរហូតដល់ស្ថានភាពជំងឺរបស់គាត់ត្រុូវបានព្យាបាលរួចរាល់។
លោក ឡាស អូលសិន បានលើកឡើងតាមអីុម៉េលមួយថា “ ខៀវ សំផន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅព្រឹកមិញនេះ។ ពេលនេះគាត់កំពុងសម្រាកនៅទីនោះដើម្បីឲ្យគ្រូពេទ្យពិនិត្យ”។
នៅពេលសួរថា តើចុងចោទវ័យចំណាស់រូបនេះមានបញ្ហាអ្វី លោក ឡាស អូលសិន បានលើកឡើងថា“ តុលាការកំពុងតែរង់ចាំការវិនិច្ឆ័យជំងឺពីមន្ទីរពេទ្យ ប៉ុន្តែគាត់ត្រូវចូលសម្រាកនៅក្នុងមន្ទីរពេទ្យដោយសារតែគាត់ខ្សោយ អស់កម្លាំង និងពិបាកដកដង្ហើម”។
លោក ឆឹង យ៉ៅយ៉េន អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានបញ្ជាក់ពីការទទួល ខៀវ សំផន ឲ្យចូលមន្ទីរពេទ្យនេះ។
លោកបានមានប្រសាសន៍ថា “ គាត់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យ កាលពីព្រឹកមិញ ពីព្រោះគាត់មិនស្រួលខ្លួន ប៉ុន្តែ ខ្ញុំនៅមិនទាន់ដឹងច្បាស់ថា តើគាត់នឹងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យឬក៏អត់នោះទេ”។
លោក គឹម សំសាន ប្រធានផ្នែកព្យាបាលរបស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានលើកឡើងថា ខៀវ សំផន ចូលសម្រាកនៅម៉ោងប្រហែល១០ព្រឹក កាលពីព្រឹកម្សិលមិញ។
លោក គឹម សំសាន មានប្រសាសន៍ថា “យើងមិនទាន់ដឹងច្បាស់ពីជំងឺរបស់គាត់ទេ ប៉ុន្តែ យើងកំពុងតាមដានសុខភាពរបស់គាត់”។ លោកបានបន្តថា ស្ថានភាពជំងឺ ខៀវ សំផន មិនធ្ងន់នោះទេ។
យោងតាមលោក វេជ្ជបណ្ឌិត គឹម សំសានបានឲ្យដឹងថា ខៀវ សំផន ប្រហែលជានឹងចេញពីមន្ទីរពេទ្យបួនទៅប្រាំថ្ងៃទៀត។
ការចូលសម្រាកក្នុងមន្ទីរពេទ្យរបស់ចុងចោទទាំងពីរធ្វើឲ្យយឺតយ៉ាវដល់សំណំុរឿង០០២របស់សាលាក្តីខ្មែរក្រហម ដែលកំពុងគាំងដោយសារសវនាការតូចៗ។
រហូតដល់ថ្ងៃម្សិលមិញ ខៀវ សំផន គឺជាចុងចោទមួួយរូប ដែលមានសុខភាពប្រសើរជាងចុងចោទផ្សេងៗទៀត។ ថ្វីបើធ្លាប់ដួលនៅក្នុងផ្ទះរបស់ខ្លួន នៅក្នុងខេត្តប៉ៃលិន នៅពេលល្ងាចមុនពេលចាប់ខ្លួនគាត់ កាលពីខែវិច្ឆិកា ឆ្នាំ២០០៧ ហើយបានចូលសម្រាកក្នុងមន្ទីរពេទ្យមួយរយៈពេលខ្លីកាលពីខែឧសភា ឆ្នាំ២០០៨ដោយសារតែសម្ពាធឈាមឡើងខ្ពស់ក្ដី ខៀវ សំផន បានមានវត្តមាននៅក្នុងការបើកសវនាការនៅសាលាក្តីខ្មែរក្រហមជាប់រហូត។
នួន ជា អាយុ៨៦ឆ្នាំ ដែលជាបងធំទី២ត្រូវបានបញ្ជូននៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានដួលនៅក្នុងបន្ទុបឃុំឃាំងនៅសាលាក្តីខ្មែរក្រហម។ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានពិនិត្យគាត់ កាលពីថ្ងៃច័ន្ទថា គាត់មានជំងឺរលាកទងសួតធ្ងន់។
អៀង សារី អាយុ៨៨ឆ្នាំ ជាជនជាប់ឃុំឃាំងចាស់ជាងគេនៅក្នុងសំណំុរឿង០០២នឹងជាអតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម ក៏បានចូលសម្រាកនៅក្នុងមន្ទីរពេទ្យអស់រយៈពេលពីរខែផងដែរ កាលពីចុងឆ្នាំមុន។
គាត់មានជំងឺជាច្រើនមុខដូចជា ជំងឺបេះដូង លើសឈាម និងជំងឺចុកចង្កេះ ព្រមទាំងធ្លាប់បានវះកាត់បេះដូងចំនួនបួនលើកមកហើយចាប់តាំងពីឆ្នាំ១៩៩៤មក។ គាត់បានចូលសម្រាកនៅមន្ទីរពេទ្យយ៉ាងតិចណាស់១១លើក ចាប់ពីគាត់ត្រូវបានចាប់ខ្លួន កាលពីឆ្នាំ២០០៧មក។ ការចូលសម្រាកនៅក្នុងមន្ទីរពេទ្យនាពេលថ្មីៗនេះ គឺដោយសារតែឆ្អឹងដងកាំបិតបានគាបសរសៃឈាមរបស់គាត់ដែលធ្វើឲ្យគាត់មានស្មារតីវង្វេងវង្វាន់។
លោកវេជ្ជបណ្ឌិត គឹម សំសាន បានបន្តថានួន ជា កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ប៉ុន្តែ ស្ថានភាពជំងឺរបស់គាត់បានសះស្បើយខ្លះហើយ។ លោក គឹម សំសាន បានបន្តថា “ នួន ជា ជាបន្តិចហើយ ហើយគាត់នឹងចេញពីមន្ទីរពេទ្យប្រហែលនៅបួនប្រាំថ្ងៃទៀត”។
លោក អាសើ វើខេន (Arthur Vercken)មេធាវីការពារក្តីអន្តរជាតិរបស់ ខៀវ សំផន មិនអាចទាក់ទងសំុអត្ថាធិប្បាយបានទេ។ អ្នកស្រី ខៀវ រតនា កូនស្រីចុងចោទរូបនេះ បាននិយាយតាមទូរស័ព្ទថា គាត់មិនបានដឹងអំពីស្ថានភាពជំងឺឪពុករបស់គាត់ទេ។
អ្នកស្រី ខៀវ រតនា បាននិយាយថា “ខ្ញុំមិនដឹង ពីព្រោះខ្ញុំមិនទាន់បានទៅជួបគាត់នៅឡើយ” ។ គាត់បានបន្តថា ម្តាយរបស់គាត់បានសួរមេធាវីរបស់គាត់ថា តើគាត់អាចទៅសួរសុខទុក្ខគាត់បានទេ។
លោក ឡុង បញ្ញាវុធ មន្ត្រីកម្មវិធីប្រចាំគម្រោងយុតិ្តធម៌នៅកម្ពុជា បានលើកឡើងថា ស្ថានភាពសុខភាពរបស់ ខៀវ សំផន មិនធ្ងន់ដូចចុងចោទដទៃៗទៀតឡើយ។ទោះជាយ៉ាងណា លោកបានស្នើឲ្យសាលាក្តីខ្មែរក្រហមស្វែងរកវិធីសាស្រ្តថ្មី ដើម្បីបញ្ចប់ការបើកសវនាការតូចៗជាលើកដំបូង និងមានការគោរពសិទ្ធិទទួលបានជំនុំជម្រះ ដោយ
យុត្តិធម៌ និងដើម្បីធ្វើឲ្យជនរងគ្រោះទទួលបាន “ យុត្តិធម៌ពិតប្រាកដ”។ លោកមានប្រសាសន៍ថា “ខ្ញុំគិតថា ធ្វើលោក ឡុង វញ្ញាវុធ បានមានប្រសាសន៍បន្តថា “ ចៅក្រមត្រូវតែសម្រេចថាតើ វាមាន
សារៈសំខាន់ឬមិនមាន ក្នុងការពន្យារពេលនិតិវិធីនៅពេលចុងចោទមិនអាចសូម្បីតែអង្គុយនៅក្នុងបន្ទប់សវនាការដើម្បីចូលរួមស្តាប់សវនាការនោះ។ តើវាខុសគ្នាយ៉ាងម៉េចដែរ ប្រសិនបើពួកគាត់រងចាំមើលពីបន្ទប់ពន្ធនាគារ រឺក៏ពីមន្ទីរពេទ្យនោះ?”។
កាលពីថ្ងៃអង្គារសាលាក្តីខ្មែរក្រហមបានផ្អាកការបើសវនាការក្នុងសំណុំរឿង០០២ ដែលទើបតែចាប់ផ្តើម កាលពីថ្ងៃទី៨ខែមករា បន្ទាប់ពីឈប់សម្រាកអស់រយៈពេលពីរសប្តាហ៍។ លោក ឡាស អូសេន បានមានប្រសាសន៍ថា ដំណឹងអំពីការបើកសវនាការលើកក្រោយនឹងត្រូវផ្សព្វផ្សាយនៅពេលសមរម្យណាមួយ៕ស៊ុយឈាង