28 C
Phnom Penh

រដ្ឋ​សភា​នឹង​បង្កើត​ក្រុម​​​ប្រតិកម្ម​រហ័ស​របស់​​​ខ្លួន​​​ផ្ទាល់ ដើម្បី​​​ផ្តល់ព័ត៌មានឲ្យ​​​ប្រព័ន្ធផ្សព្វផ្សាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​បាន​យល់​ព្រម​បង្កើត​ក្រុម​ប្រតិកម្ម​រហ័ស ​និង​តែង​តាំង​អ្នក​នាំ​ពាក្យ​មួួ​យក្រុម​​​ដើម្បី​​តំណាង​រដ្ឋ​សភា​និងទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។​

យោង​តាម​សេច​ក្ដី​ប្រកាស​របស់​រដ្ឋសភា​​ចេញ​កាល​ពីម្សិល​មិញ​ឲ្យ​ដឹង​ថា ក្រុម​ប្រតិ​កម្ម​រហ័ស​នេះ​​​មាន​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​​កម្ពុជា​ចំនួន​ប្រាំ​រូប រាប់​ទាំង​លោក ជាម យៀប ប្រធាន​គណៈ​កម្ម​ការ​ធនាគារ​និង​​​​ហិរញ្ញវត្ថុ​រដ្ឋ​សភាផងដែរ​។​

ចំណែក​​អ្នក​នាំ​ពាក្យ​មួយ​ក្រុម​ផ្សេង​ទៀត​មាន​តំណាង​រាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​​ចំនួន​បី​រូប គឺ​​លោក ឈាង​វុន ដែល​កាល​​​​ពី​ខែ​​វិច្ឆិកា​ បាន​ទទួល​រង​នូវ​ការ​រិះ​គន់​យ៉ាង​ខ្លាំង​​​ចំពោះ​ការ​ហៅ​លោក កឹម សុខា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ថា “ព្នង” ជា​ឈ្មោះ​របស់​ជន​ជាតិ​ភាគ​តិច ដែល​គេ​ប្រើ​ដើម្បី​​ប្រមាថ​មនុស្ស​គ្មាន​អារិយ​ធម៌​ ឬ​គ្មាន​ការ​អប់​រំ។ ប៉ុន្ដែ​ចាប់​តាំង​ពី​ពេល​នោះ​មក​លោក ឈាង​​​​វុន ក៏​បាន​សូម​អភ័យ​ទោសនៅ​ក្នុង​រដ្ឋ​សភា​ចំពោះ​ការ​ប្រមាថ​​នេះ​។

ក្រុម​ប្រតិ​កម្ម​រហ័ស​នេះ​ក៏​មាន​លោក ប៉ែន បញ្ញា លោក ម៉ុម ជឹមហុ៊យ លោក សុិក ប៊ុនហុក និង​លោក ឡេង ប៉ែនឡុង ផង​ដែរ​។​លោក ញ៉ែម ថាវី និង​លោក សុខ ឦសាន នឹង​ចូល​រួម​ជា​មួយ​លោក ឈាង វុន នៅ​ក្នុង​ក្រុម​អ្នក​នាំពាក្យ​នេះ។​

លោក ឈាង​ វុន បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ការ​តែង​តាំង​តួនាទី​ថ្មី​នេះ​ជា​​ផ្លូវ​ការនៅ​ឡើយ​ទេ ប៉ុន្ដែ​ លោក​បាន​បញ្ជាក់​ថា ក្រុម​ប្រតិកម្ម​រហ័ស​នឹង​ផ្ដល់​ព័ត៌​​​មាន​​​​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។​

លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា “រដ្ឋា​ភិបាល​មាន​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​​ជា​អ្នក​នាំ​ពាក្យ ចំណែក​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​វិញ ក៏មាន​អង្គភាព​ព័ត៌មាន​និង​ប្រតិ​កម្ម​រហ័ស​ ដែលហើយ​ថ្ងៃ​នេះ​ កាលៈទេសៈ​តម្រូវ​ឲ្យ​យើង​បង្កើត ​[ការិយាល័យ​ព័ត៌មាន​​របស់​ខ្លួន​ឯង​ផ្ទាល់] ​ដើម្បី​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​គ្រាន់​និង​​ត្រឹម​ត្រូវ​ដល់​ប្រជា​ពលរដ្ឋ ជា​ពិសេស​ដល់​អ្នក​​កាសែត”។

លោក យឹម សុវណ្ណ តំណាង​រាស្ត្រ​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បានថ្លែងថា ការ​បង្កើត​ក្រុម​​ប្រតិ​កម្ម​រហ័ស​នេះ​​នឹង​​ធ្វើ​ឲ្យ​មាន​​ព័ត៌​មាន​​លម្អៀងដែល​រដ្ឋ​សភា​ផ្ដល់ឲ្យ​ ពេល​​ក្រុម​នេះ​ចាប់​ផ្ដើម​​ដំណើរ​ការ​​។​

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​​​ថា “ការ​បង្កើត​​ក្រុម​នេះ​បង្ហាញ​ថា រដ្ឋ​សភា​​​គឺ​​​ជា​រដ្ឋ​​សភា​​របស់​បក្ស មិន​មែន​​ជា​រដ្ឋ​សភា​​របស់​ជាតិ​ទេ”។​លោក​បាន​គូស​បញ្ជាក់​ថា ​នៅ​​​​ក្នុង​ក្រុម​ប្រតិកម្ម​រហ័​ស​នេះ​មិន​​មាន​​​តំណាង​មក​​​ពី​​គណបក្ស​​របស់​លោក​​ដែល​មាន​​​កៅ​អី​​ចំនួន​២៦​ក្នុង​ចំណោម​កៅ​អី​​រដ្ឋ​សភា​ទាំង​១២៣​នោះទេ។​​​​​​​​​​​

លោក បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ​​ “ក្រុម​​​​​​នេះ ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​​​​សម្រាប់​​​បម្រើ​​​ផល​​​ប្រយោជន៍របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​តែ​​​ប៉ុណ្ណោះ ​​​​​​មិនមែន​​​​បម្រើ​​​​​​ផល​​​ប្រយោជន៍​​​របស់​​​​​​​​​​​​ប្រជា​​​ពលរដ្ឋ​​​នោះ​​​ទេ”។

អង្គ​​​ភាព​​​ព័ត៌​​​មាន និង​​​ប្រតិកម្ម​​​រហ័ស​​​នៅ​​​ទីស្ដីការ​​​គណៈរដ្ឋមន្ត្រី ​មាន​​សំឡេង​សកម្ម​ណាស់​ក​​​្នុង​ការ​​​​គាំ​​​ទ្រ​​​​​​​​​រដ្ឋាភិបាល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​​ឆ្នាំថ្មីៗ​​​នេះ ដែល​​​យូរៗ​​​ម្ដង​​​ បាន​​​និយាយមិន​ល្អ​​អំពី​អ្នក​​​​រិះ​​​គន់គណបក្ស​​​ប្រជា​​​ជន​កម្ពុជា​។

ជា​​​ឧទាហរណ៍ មួយ​​​ថ្ងៃបន្ទាប់​​​ពីលោក ​​​ម៉ម សូណង់ដូ  ម្ចាស់​​​ស្ថានីយ​​​វិទ្យុ​​​ឯករាជ្យមួយ​​​ត្រូវ​​​បាន​​​​តុលាការ​ផ្តន្ទា​ទោស​ដាក់​​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ កាល​​​ពី​​​ខែ​​​តុលា​​​នោះលោក ​​​កែវ រ៉េមី អ្នក​​​នាំ​​​ពាក្យ​​​អង្គភាព​​​ព័ត៌​​​មាន​​​ និង​​​ប្រតិកម្ម​​​រហ័ស បាន​​​ធ្វើ​​​សន្និសីទ​​​សារព័ត៌មាន​​​មួយ​​​ភ្លាមៗ ដើម្បី​​​ការ​​​ពារ​​​លោកនាយក​​​រដ្ឋ​​​

មន្ត្រី ហ៊ុន សែន ​​​​ពី​ក្រុម​​​អ្នក​​​រិះ​​​គន់​ដែល​គេ​មិន​បញ្ចេញឈ្មោះ។

លោក កែវ រ៉េមី បាន​​​ថ្លែង​​​ប្រាប់​​​ក្រុម​​​អ្នក​​​សារព័ត៌​​​មាន​​​ថា “ខ្ញុំសូម​​​លើក​​​ឡើង​​​​​​អំពី​​​ការ​​​ចោទ​​​​​​ប្រកាន់​​​​​​ថា លោក​​​នាយក​រដ្ឋមន្ត្រី ​​​ហ៊ុន ​​​សែន ​​​មាន​​​ប្រាក់​​​ច្រើន​​​ដោយសារ​​​អំពើ​​​ពុក​​​រលួយ​​​នោះ។វា​​​ជា​​​ការ​​​ចោទ​​​ប្រកាន់មួយ​​​​​​ដ៏​​​ធ្ងន់​​​”។

ដោយ​​​លើក​​​ឡើង​​​ពី​​​​​​ភូមិ​គ្រឹះ​របស់​​​លោក ​​​ហ៊ុន សែន នៅ​​​រាជធានី​​​ភ្នំ​​​ពេញ និង​​​នៅ​​​​​ក្រុង​​​តាខ្មៅ នោះ លោក កែវ​​ ​រ៉េមី បាន​​​ថ្លែង​​​បន្ថែម​​​ថា “សម្ដេច ហ៊ុន សែន ធ្វើ​​​នាយក​​​រដ្ឋមន្ត្រី ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ ប៉ុន្តែ ​​សម្ដេចមាន​​​ផ្ទះ​​​តែ​​​ពីរ​​​ប៉ុណ្ណោះ” ។

សេច​​​ក្ដី​​​​ប្រកាស​ដែល​​​​រដ្ឋសភា​​​​ចេញ​​​ផ្សាយ​​​​​​កាល​​​ពី​​​ម្សិល​​​មិញ ក៏បាន​​​លើក​​​ឡើង​​​ដែរថា ​សេចក្តី​ព្រាង​​​​ច្បាប់​​​ស្ដី​​​ពីការ​​​​ពន្លត់​​​​អគិ្គភ័យ និង​​​ការ​​​ធានា​​​​ពី​​​​រដ្ឋាភិបាល ដើម្បី​​​បង់​​​ប្រាក់​​​សម្រាប់​​​គម្រោង​​​​​​ទំនប់​​​វារីអគ្គិសនី​​​សេ​​​សាន​​​ក្រោម​​​២​​​នោះ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​គណៈ​​​កម្មាធិការ​​​ពិសេស  មុនពេល​យក​ទៅ​​​​ពិភាក្សា​​​ដេញ​​​ដោល​​​​​​នៅ​​​រដ្ឋសភា៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស