យោងតាមរបាយការណ៍ថ្មីមួយរបស់ សមាគមធាងត្នោត ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បានឲ្យដឹងថា ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋខ្មែរជាង១០ភាគរយ ដែលរស់នៅក្នុងរាជធានីភ្នំពេញត្រូវបានបាត់បង់លំនៅដ្ឋាន ដោយសារតែគោលនយោបាយដែលនាំឲ្យមានការបណ្ដេញប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឲ្យទៅតាំងលំនៅដ្ឋានថ្មី នៅឯជាយក្រុង។
របាយការណ៍របស់សមាគមធាងត្នោតដែលមានចំណងជើងថាការផ្លាស់ប្ដូរទីលំនៅថ្មីទាំង៥៤កន្លែង នៅក្នុងរាជធានីភ្នំពេញបានលើកឡើងថា “ទិន្នន័យបង្ហាញពីរបៀប ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលនយោបាយយា៉ងទូលំទូលាយក្នុងការបណ្ដេញប្រជាពលរដ្ឋក្រីក្រនៅក្នុងរាជធានីភ្នំពេញឲ្យទៅនៅជាយក្រុងក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ”។
ដោយសារតែលទ្ធផលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៅក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋក្រីក្រប្រមាណ១៥០.០០០នាក់ រស់នៅក្នុងសហគមន៍៥៤កន្លែង ដែលស្មើនឹង១១ភាគរយនៃប្រជាពលរដ្ឋក្នុងរាជធានីទាំងមូល ត្រូវបានអាជ្ញាធរបណ្ដេញចេញឲ្យទៅតាំងលំនៅដ្ឋានថ្មី។
យោងតាមលទ្ធផលនៃការសម្ភាសជាមួយនឹងថ្នាក់ដឹកនាំសហគមន៍ និងតាមទិន្នន័យប្រមូលដោយបុគ្គលិកសមាគមធាងត្នោត នៅក្នុងចន្លោះខែឧសភា ឆ្នាំ២០១១ និងនៅពាក់កណ្ដាលឆ្នាំ២០១២ បានអះអាងថា ក្នុងរយៈពេល២០ឆ្នាំមកនេះ កន្លែងសម្រាប់តាំងទីលំនៅដ្ឋានថ្មីត្រូវបានគេបង្កើតឡើងដោយ ស្ថិត នៅកាន់តែឆ្ងាយទៅៗពីរាជធានីភ្នំពេញ ហើយកន្លែងទាំងនោះស្ទើរតែមិនមានសេវាសាធារណៈ ខ្វះសាលារៀន និងមិនអាចរកការងារធ្វើសម្រាប់ចិញ្ចឹមជីវិតទៀតផង។
របាយការណ៍នោះក៏បានលើកឡើងផងដែរថា“ កន្លងមកនេះ កន្លែងតាំងលំនៅដ្ឋានថ្មី កាន់តែឆ្ងាយទៅៗពីរាជធានី ហើយមិនមានសេវាសាធារណៈទេ”។
របាយការណ៍បានបន្ដថា “ជនរងគ្រោះជារឿយៗត្រូវប្រឈមនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម និងភាពងាយរងគ្រោះគ្រប់បែបយ៉ាង ដែលបណ្ដាលមកពីការបណ្ដេញចេញជាបន្ដបន្ទាប់”។
របាយការណ៍ដដែលនោះបានឲ្យដឹងទៀតថា ក្នុងចន្លោះឆ្នាំ២០០៩ និង២០១១ ចម្ងាយនៃកន្លែងតាំងលំនៅដ្ឋានថ្មី ដោយគិតពីវត្តភ្នំ ដែលជាចំណុចកណ្ដាល គឺមានចម្ងាយជាមធ្យមពី១១គីឡូម៉ែត្រទៅ៤៧គីឡូម៉ែត្រ គឺកាន់តែឆ្ងាយទៅៗ។ ដោយសារនិន្នាការបែបនេះ លទ្ធភាពទទួលបានទឹកស្អាតផ្គត់ផ្គង់ដោយអាជ្ញាធររដ្ឋាករទឹកភ្នំពេញនៅតាមបណ្តាទីតាំងថ្មី មានចំនួនត្រឹមតែ៥៤ភាគរយ ចំណែកទីតាំងថ្មី ដែលមានបណ្តាញថាមពលអគ្គិសនីរដ្ឋមានចំនួនត្រឹមតែ៥២ភាគរយប៉ុណ្ណោះ។
របាយការណ៍នេះបានសន្និដ្ឋានថា ដោយសារការតាំងលំនៅថ្មី គឺជារឿងមួយមិនអាចចៀសផុត “ បើការផ្តល់ផលប្រយោជន៍ជាសំណងចំពោះផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមនោះ ការតាំងលំនៅថ្មីនេះ គួរតែធ្វើ” តែរបាយការណ៍បានផ្ដល់អនុសាសន៍ថា រាល់ជម្រើសក្នុងការតាំងលំនៅដ្ឋានថ្មី “ គួរតែពិនិត្យមើលថា តើជម្រើសមួយណាសមរម្យបំផុត ហើយអាចទទួលយកបាន”។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានមានប្រសាសន៍កាលពីម្សិលមិញថា ដរាបណាមិនទម្លាក់គណបក្សប្រជាជនកម្ពុជា ចេញពីអំណាចទេ នោះគោលនយោបាយរបស់រដ្ឋាភិបាលនៅតែគិតការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាជាងគិតអំពីបញ្ហាសិទ្ធិមនុស្ស ហើយការបណ្ដេញប្រជាពលរដ្ឋក៏នៅតែកើតមានដដែល។ លោក សៀ ភារម្យ មានប្រសាសន៍ថា “យើងចង់ឲ្យរដ្ឋាភិបាលប្រឹងគិតគូរពីរឿងនេះ ប៉ុន្ដែ គេធ្វើព្រងើយកន្ដើយដាក់យើង។ គេមិនខ្វល់ឡើយ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា