លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានប្រកាសថា រដ្ឋាភិបាលនឹងចាប់ផ្តើមយកពន្ធលើដីកសិកម្ម ដែលមានតម្លៃជាង២៥.០០០ដុល្លារ។ លោក ហ៊ុន សែន បានមានប្រសាសន៍ នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាទីដែលលោកបានចែកប័ណ្ណកម្មសិទ្ធិដីធ្លីទៅឲ្យអ្នកភូមិប្រហែល១.២០០គ្រួសារថា “ រដ្ឋាភិបាលបានសម្រេចយកពន្ធ៤ភាគរយពីដីកសិកម្មណាដែលមានតម្លៃជាង១០០លានរៀល [២៥.០០០ដុលា្លរ]”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “គោលនយោបាយនេះ គឺដើម្បីជួយគាំទ្រអ្នកក្រ ហើយដើម្បីកំុឲ្យអ្នកមានធ្វើពុតជាអ្នកក្រ ហេតុដូច្នេះទើបយើងបង្កើតគោលនយោបាយអត្រាពន្ធថ្នាក់កណ្តាលនេះ។ ដីកសិកម្មណាដែលមានតម្លៃក្រោម១០០លានរៀល នឹងមិនយកពន្ធនោះទេ ហើយដីណាដែលមានតម្លៃលើសពីនេះនឹងត្រូវយកពន្ធ”។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ក៏មានករណីលើកលែងដែរ រដ្ឋានឹងមិនយកពន្ធនោះទេ ប្រសិនបើកូនទទួលបានដីកេរពីឪពុក ដែលមានតម្លៃតិចជាង៥០.០០០ដុល្លារនោះ។ លោកបានបន្តថា “ នៅក្នុងករណីពេលដែលឪពុកម្តាយស្លាប់ទៅ ហើយពួកគាត់បានផ្ទេរដីធ្លីដែលមានតម្លៃ២០០លានរៀល [ឬក៏ប្រហែល ៥០.០០០ដុល្លារ] ទៅឲ្យកូនរបស់ខ្លួន យើងនឹងមិនយកពន្ធពីពួកគេឡើយ”។
លោក ម៉ាស៊ូ រ៉េនដល (Matthew Rendall) ដៃគូគ្រប់គ្រងក្រុមហ៊ុនច្បាប់ Sciaroni & Associates បានមានប្រសាសន៍ថា ការយកពន្ធ៤ភាគរយ គឺគេយកពន្ធតែទៅលើអចលនទ្រព្យប៉ុណ្ណោះ មិនមែនយកពន្ធលើដីកសិកម្មឡើយ។ លោក រ៉េនដល បានបន្តថា “ ហេតុផលដែលពួកគេមិនបានធ្វើរឿងនេះពីមុនមក គឺដោយសារតែដីកសិកម្មភាគច្រើន ត្រូវបានលក់ចុះលក់ឡើង”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង