កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ការពារលោកចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចំពោះសំណើរបស់គណបក្សប្រឆាំងសុំឲ្យដកលោកចម ប្រសិទ្ធ ចេញ ដោយសារមិនបានពង្រីកទីផ្សារអន្តរជាតិ សម្រាប់កសិករខ្មែរ។
សមាជិកសភាបួនរូប មកពីគណបក្សប្រឆាំង បានផ្ញើលិខិតមួយច្បាប់ចុះថ្ងៃទី១០ខែមករា ជូនលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយចោទលោក ចម ប្រសិទ្ធ ថា មិនបានជួយកសិករខ្មែរក្នុងការកែច្នៃផលិតផលរបស់ពួកគាត់ដើម្បីយកទៅលក់នៅបរទេស។
ថ្លែងនៅក្នុងពិធីប្រគល់ប័ណ្ណកម្មសិទិ្ធដីធ្លីថ្មីនៅខេត្តមណ្ឌលគិរី កាលពីម្សិលមិញ លោកហ៊ុន សែន បានចោទប្រកាន់សមាជិកសភាទាំងបួនរូបនេះថា កំពុងផ្ញើសារផ្សេងគ្នា និងមានន័យផ្ទុយគ្នាទៅកាន់អ្នកទិញ និងកសិករសម្រាប់ផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “នៅទីក្រុង ក្រុមប្រឆាំងនិយាយថា រដ្ឋាភិបាលគ្មានលទ្ធភាពរក្សាតម្លៃ អង្ករឲ្យចុះទាប ហើយនៅតាមតំបន់ជនបទវិញ ក្រុមប្រឆាំងបាននិយាយបន្ទោសរដ្ឋាភិបាលថា មិនអាចធ្វើឲ្យស្រូវឡើងថ្លៃ។ដូច្នេះនៅទីណាក៏ដោយ ក៏ ក្រុមប្រឆាំងនៅតែយកចំណេញរហូត”។
លោក ហ៊ុន សែន បានបន្ទោសតម្លៃស្រូវចុះថោកនេះ ដោយសារស្រូវមានច្រើនហួសពីតម្រូវការនៅលើទីផ្សារសកល។ លោកបានមានប្រសាសន៍ថា “នៅពេលនេះ ប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថានកំពុងបញ្ចេញស្រូវពីស្តុករបស់គេជាច្រើន ដូច្នេះហើយបានជាវាធ្វើឲ្យប៉ះពាល់តម្លៃស្រូវនៅក្នុងប្រទេសកម្ពុជា”។
លោក ហ៊ុន សែន ក៏ បានព្រមានកសិករដាំដំឡូងមីថា កសិករនឹងបាត់បង់ទីផ្សារបរទេសប្រសិនបើគណបក្សប្រឆាំងឡើងកាន់អំណាចដោយសារតែទំនាក់ទំនងមិនសូវល្អរបស់គណបក្សនេះជាមួយចិន និងវៀតណាម។ លោកមានប្រសាសន៍ថា “ប្រសិនបើគណបក្សប្រឆាំងឡើងកាន់អំណាច ពួកគេនឹងធ្វើសង្គ្រាមជាមួយវៀតណាម ដូច្នេះ ទីផ្សាររបស់កសិករក៏ត្រូវបាត់បង់ដែរ។វាមិនមែនជារឿងនយោបាយនោះទេ ប៉ុន្តែ ខ្ញុំគ្រាន់តែចង់បកស្រាយប្រាប់ប៉ុណ្ណោះ”។
លោក ជា ប៉ូច សមាជិកសភាមួយរូប ក្នុងចំណោមក្រុមសមាជិកសភាមកពីគណបក្សសម រង្សុី ដែលស្នើឲ្យដកលោក ចម ប្រសិទ្ធបដិសេធថា សមាជិកសភាទាំងនេះមិនបានធ្វើការឃោសនាបោះឆ្នោតនោះទេ ហើយបានច្រានចោលការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ដែលថា រដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់គណបក្សប្រឆាំង ដែលច្របាច់ចូលគ្នា គឺគណបក្សសង្គ្រោះជាតិ នឹងធ្វើសង្គ្រាមជាមួយប្រទេសជិតខាងខ្លួននោះ។
លោកបានមានប្រសាសន៍ថា“ គណបក្សប្រឆាំងនឹងធ្វើមិត្តជាមួយបណ្ដាប្រទេសជិតខាង ហើយយើងមិន ដែលធ្វើជាសត្រូវជាមួយនឹងប្រទេសផ្សេងៗទៀតនោះទេ។ លោកប្រធាន សម រង្សុី របស់យើង បានគាំទ្រគោលនយោបាយចិនតែមួយ។ហើយប្រទេសវៀតណាមជាប្រទេសជិតខាងយើង ប៉ុន្តែប្រសិនបើវៀតណាមឈ្លានពានទឹកដីរបស់យើង យើងត្រូវតែវាយបកវិញ”។
ជារឿយៗ លោក សម រង្សុី បានចោទប្រទេសវៀតណាមថា បានទន្ទ្រានយកទឹកដីរបស់ខ្មែរនៅតាមបណ្ដោយព្រំដែនរួម និងចោទគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ថាបានធ្វើមិនដឹងមិនឮ។នៅពេលនេះ លោក សម រង្សុី កំពុងនិរទេសខ្លួន ដើម្បីចៀសវាងពីបទចោទប្រកាន់មួយចំនួនចំពោះការដកតម្រុយបង្គោលព្រំដែន និងការបង្ហោះផែនទីព្រំដែនតាមគេហទំព័រ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ