មន្ត្រីសហរដ្ឋអាមេរិក បានមានប្រសាសន៍នៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញថា ដោយពិនិត្យមើលលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងតំបន់ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានគម្រោងជួយក្រុមហ៊ុនអាមេរិកក្នុងការដាក់ទុនវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធធំៗ នៅក្នុងប្រទេសកម្ពុជា។
គម្រោងទាំងនោះ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់រដ្ឋាភិបាល លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសចិន ដែលបានគ្រប់គ្រងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងទំនប់វារីអគ្គិសនី នៅកម្ពុជា។
លោកស្រី ឡូរ៉េន ហារីតុន (Lorraine Hariton) តំណាងពិសេសផ្នែកវិនិយោគ និងកិច្ចការជំនួញប្រចាំក្រសួងការបរទេសអាមេរិក បានថ្លែងទៅកាន់អ្នកយកព័ត៌មាន អំឡុងកិច្ចប្រជុំតុមូលនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញថា “ចំណុចស្នូលនៅក្នុងតំបន់អាស៊ី… គឺមិនមានត្រឹមតែអំពីបញ្ហាសន្ដិសុខប៉ុណ្ណោះទេ តែត្រូវផ្ដោតលើបញ្ហាសេដ្ឋកិច្ចផងដែរ ពីព្រោះ ដើម្បីធ្វើឲ្យមានជោគជ័យរយៈពេលវែង សហរដ្ឋអាមេរិកត្រូវតែចូលរួមក្នុងវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់នេះ”។
ការធ្វើទស្សនកិច្ចរបស់លោកស្រីមកប្រទេសកម្ពុជា បន្ទាប់ពីលោកស្រីបានចូលរួមក្នុងកិច្ចប្រជុំមួយនៅក្រុងហាណូយ កាលពីថ្ងៃច័ន្ទ ដើម្បីពិភាក្សាអំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ តាមផែនការផ្ដួចផ្ដើមគំនិត សម្រាប់គ្រមោងតំបន់ទន្លេមេគង្គក្រោមរបស់សហរដ្ឋអាមេរិក។
លោកស្រីមានប្រសាសន៍បន្ដថា “យើងមានការបារម្ភថា ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមិនបានចូលរួមក្នុងតំបន់នេះទេ ដូចជាប្រទេសកម្ពុជាជាដើម ក៏ដូចជានៅក្នុងតំបន់ទន្លេមេគង្គក្រោម ជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នេះ។ យើងកំពុងពិនិត្យមើលលទ្ធភាពនៅទីនេះ ដើម្បីឲ្យសហរដ្ឋអាមេរិកមានតួនាទីកាន់តែធំនៅក្នុងតំបន់នេះ”។
លោក ហុង ផុងផូ (Hong-Phong Pho) មន្ត្រីទំនាក់ទំនងរបស់នាយកដ្ឋានពាណិជ្ជកម្មប្រចាំក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកសម្រាប់ប្រទេសកម្ពុជា វៀតណាម ឡាវ មានប្រសាសន៍ថា ភ្នាក់ងាររដ្ឋាភិបាលអាមេរិក រួមទាំងធនាគារអាហរ័ណ នីហរ័ណនិងក្រុមហ៊ុនឯកជនរបស់ អាមេរិកវិនិយោគនៅក្រៅប្រទេស ដោយសហការជាមួយក្រសួងពាណិជ្ជកម្ម និងភ្នាក់ងារអភិវឌ្ឍន៍ បានត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ។
លោកមានប្រសាសន៍បន្ដថា “នេះគឺជាមធ្យោបាយមួយ ដែលយើងមាន ប៉ុន្ដែ មុននឹងយើងប្រើប្រាស់មធ្យោបាយទាំងនោះ យើងត្រូវតែមានគម្រោងមួយច្បាស់លាស់។ គម្រោងវិនិយោគទាំងនោះ មិនគិតថា វាជាគម្រោងកសាងអាកាសយានដ្ឋាន ដែលត្រូវការដឹកជញ្ជូនផលិតផល និងបង្កើនសេវាកម្មល្អ ឬការលក់ផលិតផល និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកនោះទេ”។
លោកថ្លែងថា ក្រុមហ៊ុនសហរដ្ឋអាមេរិកអាចចូលរួមក្នុងគម្រោងទាំងនេះ ដូចជាគម្រោងវារីអគ្គិសនី ដែលក្រុមហ៊ុនសហរដ្ឋអាមេរិកមួយ ធ្លាប់មានវត្តមាននៅក្នុងកិច្ចប្រជុំក្នុងទីក្រុងហាណូយ បានចាប់អារម្មណ៍លើគម្រោងសាងសង់អាកាសយានដ្ឋានថ្មី នៅក្នុងប្រទេសកម្ពុជា។
លោក ផុងផូ បានមានប្រសាសន៍ទៀតថា “សម្រាប់ខ្ញុំ ការងារវិនិយោគគឺជាការងារសំខាន់ណាស់។ ជាលទ្ធផលនៃកិច្ចប្រជុំរបស់យើងនៅក្នុងប្រទេសវៀតណាម យើងបានរកឃើញក្រុមហ៊ុនរបស់អាមេរិកមួយ ដែលមានលទ្ធភាពមិនត្រឹមតែមានលទ្ធភាពអាចគ្រប់គ្រង និងសាងសង់អាកាសយានដ្ឋានថ្មីប៉ុណ្ណោះទេ ប៉ុន្ដែ ក្រុមហ៊ុននេះអាចនាំមកនូវហិរញ្ញវត្ថុយ៉ាងច្រើនផងដែរ។ នោះជាការសំខាន់បំផុតនាពេលបច្ចុប្បន្ននេះ”។
លោកបន្ថែមថា “វាជាការសំខាន់សម្រាប់ផ្នែកទំនាក់ទំនង ដែលអាចធ្វើឲ្យគម្រោងនេះអាចដំណើរការបាន។ យើងនឹងចូលរួមសហការសម្របសម្រួលគម្រោងនោះ”។
ខណៈដែលក្រុមហ៊ុនសហរដ្ឋអាមេរិកខ្លះកំពុងចាប់អារម្មណ៍ចំពោះសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនទាន់មានក្រុមហ៊ុនសហរដ្ឋអាមេរិកណាមួយទទួលបានសិទ្ធិដាក់ទុនវិនិយោគក្នុងគម្រោងធំៗ ផ្នែកសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា និងផ្នែកថាមពលនៅឡើយទេ។ក្រុមហ៊ុនសហរដ្ឋអាមេរិកមួយចំនួនមានដូចជា ក្រុមហ៊ុនហ្វត (Ford) និងក្រុមហ៊ុន ដាយអឺរី ឃ្វីន (Dairy Queen) បានចូលមកកាន់ទីផ្សារក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ ២០១២។
បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់ប្រទេសចិន ដែលភាគច្រើនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលចិន បានវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា ដូចជា ការសាងសង់ផ្លូវថ្នល់ ស្ពាន និងទំនប់វារីអគ្គិសនី ដែលផ្ដល់មូលនិធិដោយធនាគាររបស់ប្រទេសចិន។
កាលពីខែមុន ក្រុមហ៊ុនចិនពីរប្រកាសថាខ្លួននឹងចំណាយថវិកាចំនួន៩,៦ពាន់លានដុល្លារ ដើម្បីសាងសង់កំពង់ផែថ្មីមួយ នៅក្នុងខេត្តកោះកុង និងសាងសង់ផ្លូវរថភ្លើងមួយខ្សែប្រវែង៤០០គីឡូម៉ែត្រ ភ្ជាប់ពីកំពង់ផែនេះ ទៅកាន់រោងចក្រស្លដែក នៅក្នុងខេត្តព្រះវិហារ។
យោងតាមតួលេខថ្មីបំផុតរបស់ក្រុមប្រឹក្សាវិនិយោគកម្ពុជា ក្នុងឆ្នាំ២០១២ បានឲ្យដឹងថា ការដាក់ទុនវិនិយោគថ្មីៗរបស់ប្រទេសចិន មានទឹកប្រាក់សរុបជាង២៥០លានដុល្លារក្នុងរយៈពេល១១ខែកន្លងមក។
ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក បានបោះទុនវិនិយោគជាទ្រង់ទ្រាយធំ មានតែមួយប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នានេះ ដោយមានភាគ ហ៊ុនចំនួន៤៩ភាគរយក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅតាមតំបន់ឆ្នេរ ក្នុងខេត្តកោះកុង ដែលមានទឹកប្រាក់ចំនួន១០,៩លានដុល្លារ។
ទោះបីតួលេខរបស់ក្រុមប្រឹក្សាវិនិយោគកម្ពុជា បានបង្ហាញតែគម្រោងថវិកាវិនិយោគដែលបានព្រមព្រៀងគ្នា រវាងរដ្ឋាភិបាលកម្ពុជា ក៏ដោយ ក៏លោក ដេវីដ ម៉ៃយឺ (David Myers) អនុប្រធានផ្នែកនយោបាយ និងសេដ្ឋកិច្ចប្រចាំស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីផ្នំពេញ បានថ្លែងថា លោកមិនមានទិន្នន័យអំពីការវិនិយោគរបស់សហរដ្ឋអាមេរិកច្រើនជាងនេះទេ។
លោក ប្រីតថុន ស៊ីយ៉ារ៉ូនី (Bretton Sciaroni) ប្រធានសាខាសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានថ្លែងនៅក្នុងឱកាសប្រជុំតុមូលក្នុងស្ថានទូតថា កិច្ចសហប្រតិបត្តិការជាអន្ដរជាតិរបស់សហរដ្ឋអាមេរិក ដែលបានពាក់ព័ន្ធនឹងផលប្រយោជន៍ក្នុងប្រទេសកម្ពុជា គឺយឺតពេលហើយ។
លោកបានថ្លែងបន្ដថា “សម្រាប់កិច្ចសហប្រតិបត្តិការសំខាន់ៗ គឺវាមិនចាំបាច់គិតថា ទាល់តែទទួលបានផលក្នុងរយៈពេលតែមួយថ្ងៃនោះ ទើបថ្ងៃបន្ទាប់ទៀតសម្រេចចិត្តដាក់ទុនវិនិយោគនោះទេ។ អ្វីដែលខ្ញុំបានមើលឃើញ គឺដូចជាការកប់គ្រាប់ពូជនៅក្នុងដី ហើយវានឹងដុះឡើងនៅពេលក្រោយ”។
លោកថ្លែងបន្ដទៀតថា ក្រុមហ៊ុនជាច្រើនដែលកំពុងរកសុីនៅក្នុងប្រទេសចិន មានការចាប់អារម្មណ៍ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីការពារផលប្រយោជន៍របស់ពួកគេ ពីព្រោះបរិយាកាសសេដ្ឋកិច្ចរបស់ប្រទេសចិន គឺកំពុងតែធ្វើឲ្យក្រុមហ៊ុនបរទេសមានការបារម្ភថែមទៀត”។
លោក ដានីញ៉ែល មីសេល (Daniel Mitchell) សមាជិកមួយរូបនៃសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានធ្វើជំនួញនៅក្នុងប្រទេសកម្ពុជារយៈពេល១២ឆ្នាំមកហើយនោះ បានមានប្រសាសន៍ថា ក្រុមហ៊ុនធំៗ ត្រូវគិត មុននឹងដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា គួរតែវិនិយោគលើវិស័យថាមពលអគ្គិសនី និងទូរគមនាគមន៍។
លោកក៏បានថ្លែងផងដែរថា ដោយមិនបាច់អំពីស្ថានភាពសិទ្ធិមនុស្ស និងបញ្ហាដីធ្លីនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនវិនិយោគទុនរបស់អាមេរិកអាចទទួលបានការជួយគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីឲ្យបានសម្រេចតាមគោលដៅ និងតាមបទដ្ឋាន។ បទដ្ឋានរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិក គឺត្រូវតែគោរពបទបញ្ជាផ្ទៃក្នុង ដោយមិនត្រូវសូកប៉ាន់នៅពេលរកសុីនៅក្រៅប្រទេស ព្រោះវារំលោភច្បាប់ប្រឆាំងអំពើពុករលួយ។
លោកបន្ដថា “ វិធីមួយ ដើម្បីជួយលើកតម្កើងការគោរពសិទ្ធិមនុស្ស តាមរយៈការវិនិយោគប្រកបដោយការទទួលខុសត្រូវ។ ខ្ញុំអាច ធ្វើសេចក្ដីសន្និដ្ឋានបានថា នៅទីណាមានការទទួលខុសត្រូវ សហរដ្ឋអាមេរិកពិតជានៅទីនោះដែរ ហើយនៅទីណា ដែលមានទុនវិនិយោគ នៅទីនោះត្រូវតែវិនិយោគទៅតាមបទដ្ឋាន។នេះមិនមែនរឿងថ្មីនោះទេ”។
លោកស្រី ហារីតុន មានប្រសាសន៍ថា បញ្ហាចម្បងរបស់ប្រទេសកម្ពុជា ពិបាកអ្នកទាក់ទាញការវិនិយោគពីសហរដ្ឋអាមេរិក ដោយសារកេរឈ្មោះមិនល្អរបស់ប្រទេសកម្ពុជា។ លោកស្រីមានប្រសាសន៍បន្ដថា “ខ្ញុំគិតថា យើងត្រូវតែធ្វើការងារផ្នែកទីផ្សារ ជំនួសឲ្យប្រទេសកម្ពុជា ជាពិសេសនៅក្នុងទីផ្សារអាមេរិក។ ធ្លាប់មានការអល់អែក ក្នុងការដាក់ទុនវិនិយោគកាលពី២០ឆ្នាំមុន តែនៅពេលបច្ចុប្បន្ននេះ គឺខុសពីមុន”៕ប្រែសម្រួលដោយ ឃិន ណៃ