កាលពីម្សិលមិញ ក្រុមអ្នកតវ៉ាប្រឆាំងការបណ្តេញចេញចំនួន១០០នាក់បានធ្វើបាតុកម្មនៅខាងក្រៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅតាមមហាវិថីព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ ដោយអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជាជួយដោះលែងសកម្មជនសហគមន៍ដែលជាប់ពន្ធនាគារ និងជួយឲ្យប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដី។
ពេលធ្វើបាតុកម្មបានប្រហែលកន្លះម៉ោងលោក សំរិទ្ធ សារ៉ុន ទីប្រឹក្សារបស់លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានចេញមកប្រាប់ក្រុមបាតុករថា គណបក្សគ្មានអំណាចជួយពួកគាត់ទេ។
លោកបានមានប្រសាសន៍អំពីញត្តិរបស់ក្រុមអ្នកតវ៉ាថា “នេះគឺជាគណបក្សនយោបាយ ដូច្នេះយើងគ្មានសិទ្ធិរកដំណោះស្រាយឲ្យបងប្អូនទាំងអស់ទេ ពីព្រោះការទាមទារមួយចំនួនពាក់ព័ន្ធនឹងតុលាការ ប៉ុន្តែខ្ញុំនឹងបញ្ជូនលិខិតនេះទៅជូនរដ្ឋាភិបាល”។
ញត្តិស្នើសុំឲ្យមានការដោះលែងអ្នកស្រី យ៉ម បុប្ឆា សកម្មជនប្រឆាំងការបណ្តេញចេញដែលមានទោសពីបទបង្ករបួសស្នាមដោយចេតនាមានស្ថានទម្ងន់ទោស កាលពីខែមុន និងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ។
អង្គការសិទ្ធិមនុស្សបានចោទអាជ្ញាធរថាបានប្រឌិតការចោទប្រកាន់ ដើម្បីបំបិទមាត់សកម្មជនម្នាក់ក្នុងចំណោមសកម្មជននិយាយឥតសំចៃជាច្រើនទៀតរបស់សហគមន៍។
ពួកគេក៏បានស្នើសុំឲ្យរដ្ឋាភិបាលរាប់បញ្ចូលប្រជាពលរដ្ឋចំនួន៦១គ្រួសារដែលមិនមានឈ្មោះនៅក្នុងគម្រោង ដែលបានផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋបឹងកក់ជាង៦០០គ្រួសារផ្សេងទៀតកាលពីឆ្នាំមុន ហើយបានស្នើឲ្យអាជ្ញាធរវាស់វែងដីទំហំ១២,៤៤ហិកតា ដែលត្រូវបានកាត់ចេញពីការអភិវឌ្្ឍនេះ។
អ្នកស្រី ទេព វន្នី បាតុករម្នាក់ក្នុងចំណោមបាតុករទាំងនោះ បានច្រានចោលការអះអាងរបស់លោក សារ៉ុន ដែលថា គណបក្សប្រជាជនកម្ពុជាគ្មានអំណាចជួយ។ អ្នកស្រីបានមានប្រសាសន៍ថា “ខ្ញុំខកចិត្តណាស់ចំពោះចម្លើយរបស់គណបក្សប្រជាជនកម្ពុជា ពីព្រោះពួកគេបានសន្យាថា នឹងធ្វើអ្វីៗដើម្បីប្រជាជាជន”។ អ្នកស្រី វន្នី បន្ថែមថា “ ខ្ញុំគិតថា មានតែគណបក្សប្រជាជនទេ អាចស្វែងរកដំណោះ ស្រាយឲ្យពួកយើងទាំងអស់គ្នា ពីព្រោះគណបក្សនេះជាអ្នកដឹកនាំរដ្ឋាភិបាល”។
នៅឯពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីក្នុងខេត្តព្រះវិហារ កាលពីខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា លោកនឹង“ មិនដោះស្រាយ” ហើយទុកចោលវិវាទដីធ្លីណា ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយ គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល។
អង្គការសិទ្ធិមនុស្សខ្លះបារម្ភថា លោកនាយករដ្ឋមន្ត្រីនឹងប្រើការព្រមាននេះ មិនដោះស្រាយវិវាទដីធ្លីនៅក្នុងសហគមន៍ណាដែលគាំទ្របក្សប្រឆាំង៕ប្រែសម្រួលដោយ ចេវ ប៊ុននី