មន្ត្រីសហរដ្ឋអាមេរិកបាននិយាយកាលពីម្សិលមិញថា កងទ័ពម៉ារីនអាមេរិក និងអង្គការក្រៅរដ្ឋាភិបាល មូលនិធិមនុស្សធម៌ ហ្គោលដិន វ៉េស (Golden West Foundation) កំពុងស៊ើបអង្កេតការផ្ទុះយុទ្ធភណ្ឌមិនទាន់ផ្ទុះមួយនៅឯមជ្ឈ មណ្ឌលបណ្តុះបណ្តាលផ្នែកជំនាញដោះមីននៅក្នុងខេត្តកំពង់ឆ្នាំង ដែលធ្វើឲ្យអ្នកជំនាញផ្នែកដោះមីនអាមេរិកាំងបួននាក់រងរបួសធ្ងន់កាលពីថ្ងៃអង្គារ។
ស្ថានទូតអាមេរិកក៏បានផ្សព្វផ្សាយអត្តសញ្ញាណបុរសជនជាតិអាមេរិកាំងបួននាក់នេះជាលើកដំបូង ដែលបីនាក់នៅក្នុងចំណោមនោះ ជាទាហានម៉ារីនសហរដ្ឋអាមេរិកឈ្មោះ ហ្វីលីព ម៉ាក់ហ្គីល(Phillip McGill) មា៉ធ្យូ សេហ្វឺ (Matthew Scheafer) និង ដេវីដ គ្រូស b(David Crouse) ព្រមទាំងឈ្មោះ លី អូស្ទីន (Lee Austin)ជាបុគ្គលិកជាប់កិច្ចសន្យាជាមួយអង្គការក្រៅរដ្ឋាភិបាល មូលនិធិមនុស្សធម៌ ហ្គោលដិន វ៉េស ។
បុរសទាំងបួននាក់នេះ បច្ចុប្បន្ននេះកំពុងជាសះស្បើយពីមុខរបួសរបស់ខ្លួនវិញហើយនៅឯមន្ទីរពេទ្យ ប៊ុមរុងរ៉ាត់ អន្តរជាតិ (Bumrungrad International Hospital) ក្នុងទីក្រុងបាងកក ហើយពេលនេះ បានជូនដំណឹងប្រាប់ក្រុមគ្រួសាររបស់ពួកគេរួចហើយ។
លោក ចន ស៊ីម៉ុន (John Simmons) អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិក លើកឡើងថា “ស្ថានទូតអាមេរិកអាចបញ្ជាក់បានថា ទាំងកងទ័ពម៉ារីនអាមេរិក និងមូលនិធិមនុស្សធម៌ហ្គោលដិនវ៉េស កំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ”។
បុរសទាំងបួននាក់នេះ ជាបុគ្គលិកផ្នែកបោសសម្អាតជាតិផ្ទុះរបស់កងទ័ពអាមេរិក ដែលបង្រៀនអំពីសុវតិ្ថភាពជាតិផ្ទុះ និងគ្រាប់រំសេវ និងផ្តល់បច្ចេកទេសដល់បុគ្គលិកបោសសម្អាតជាតិផ្ទុះកម្ពុជា ក្នុងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។ ពួកគេមកទីនេះដើម្បីអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលផ្នែកជំនាញដោះមីនរយៈពេលមួយខែ រួមជាមួយអ្នកបច្ចេកទេសផ្នែកបោសសម្អាតជាតិផ្ទុះកម្ពុជាចំនួន៣០នាក់។
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបានលើកឡើងថា ខ្លួនក៏កំពុងស៊ើបអង្កេតអ្វីកើតឡើងនៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកដោះមីនខេត្តកំពង់ឆ្នាំងដែរ ប៉ុន្តែមន្ត្រីនគរបាលខេត្តម្នាក់ដែលចូលរួមក្នុងការស៊ើបអង្កេតបឋម និយាយកាលពីថ្ងៃពុធនេះថា អ្នកជំនាញអាមេរិកទាំងនេះ បានប៉ុនប៉ងដោះក្បាលគ្រាប់កាំភ្លើងយន្តប្រភេទ២៣មិល្លីម៉ែត្រ ស្រាប់តែពេលនោះគ្រោះថ្នាក់បានកើតឡើង។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា មានប្រសាសន៍ថា “មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាកំពុងតែបន្តការងារស៊ើបអង្កេតរបស់យើង។យើងត្រូវផ្អាកការងារមួយរយៈ ប៉ុន្តែបន្ទាប់មក នឹងចាប់ផ្តើមដូចធម្មតា”។
លោក រ៉ូចជើ ហេស (Roger Hess)នាយកផ្នែកប្រតិបត្តិការរបស់មូលនិធិហ្គោលដិន វ៉េសបានអញ្ជើញដល់ក្រុងបាងកកកាលពីយប់មិញ ដើម្បីទទួលសេចក្តីរាយការណ៍ផ្ទាល់ពីបុគ្គលិករបួស។
លោកមានប្រសាសន៍ថា លោក អូស្ទីន ធ្លាប់ជាអនុប្រធានផ្នែកប្រតិបត្តិការនៅហ្គោលដិន វ៉េស និងធ្វើការជាមួយអង្គការនេះចាប់តាំងពីឆ្នាំ២០០៥មក។ លោក ហេស បានបន្តថា “គាត់មានបទពិសោធប្រហែល២០ឆ្នាំក្នុងការដោះមីននិងធ្លាប់ធ្វើជាទាហានម៉ារីនសហរដ្ឋអាមេរិកទៀតផង។
លោកបានបន្ថែមថា “ គាត់ប្រហែលជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកដែលមានសមត្ថភាពខ្ពស់ជាងគេបំផុតក្នុងការដោះមីន ដែលខ្ញុំបានស្គាល់”។ យោងតាមលោក ហេស បានឲ្យដឹងថា លោក អូស្ទីន បានរងរបួសត្រូវពោះដោយសារការផ្ទុះនេះ ប៉ុន្តែមិនទាន់ទាំងដោះផង ស្រាប់តែវាផ្ទុះឡើងតែម្តង”។
លោកបានមានប្រសាសន៍ថា “មុខរបួសរបស់គាត់ត្រូវសើៗទេ ហើយប្រហែលជាត្រូវយកចិត្តទុកដាក់ថែមទៀត ប៉ុន្តែមិនគំរាមកំហែងដល់ជីវិតទេ។ គាត់មានស្មារតីល្អ”។ លោក ហេស បានមានប្រសាសន៍ថា លោកនឹងត្រឡប់មកភ្នំពេញវិញថ្ងៃនេះដើម្បីបន្តការស៊ើបអង្កេតរបស់ខ្លួន។
នៅឯពិធីមិនទាក់ទងមួយនៅសណ្ឋាគារ សាន់វេ ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ មន្ត្រីអាមេរិកបានសម្តែងការអាណិតអាសូររបស់ខ្លួនចំពោះជនរងគ្រោះ ហើយបានលើកឡើងម្តងទៀតថា នឹងធ្វើការស៊ើបអង្កេតហេតុការណ៍នេះ។
លោក ថេរី មឺហ្វី (Terry Murphee) អនុប្រធានស្តីទីផ្នែកបេសកកម្មនៅស្ថានទូតអាមេរិកបានមានប្រសាសន៍នៅឯពិធីបិទវគ្គបណ្តុះបណ្តាលសម្រាប់ Marine Air Ground Task Force Tactical Warfare Simulation ជាកម្មវិធីបណ្តុះបណ្តាលផ្នែកគ្រោះមហន្តរាយអាមេរិក និងកម្ពុជារួមគ្នា៕ប្រែសម្រួលដោយ ចេវ ប៊ុននី