37 C
Phnom Penh

រដ្ឋ​មន្ត្រី​ក្រ​សួង​ហិរញ្ញវត្ថុ​លើក​ឡើង​ថា មូល​និធិ​សម្រាប់​សាង​សង់​ព្រះ​មេរុ​បាន​បញ្ចេញ​​រួច​​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក គាត ឈន់ រដ្ឋ​មន្ត្រី​ក្រ​សួង​ហិរញ្ញ​​​វត្ថុ​បាន​មាន​​​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា មូល​និធិ​សម្រាប់​សាង​សង់​ព្រះ​មេរុ​ថ្វាយ​ព្រះ​ភ្លើង​​​ព្រះ​បរម​សព​​សម្ដេច​ឪ​ នរោត្តម​ សី​ហនុ ត្រូវ​បាន​ប្រគល់​ទៅឲ្យ​​ក្រសួង​ព្រះ​បរម​រាជ​​​វាំង​រួច​ហើយ​ ​ថ្វី​បើ​មាន​ការ​លើក​ឡើង​ផ្ទុយពី​នេះ​​​​ កាល​ពី​ដើម​​សប្តាហ៍​មុន​​ពី​សំណាក់​លោក គង់ សំអុល រដ្ឋ​មន្ត្រី​​ក្រសួង​ព្រះ​បរម​រាជវាំង​ក៏​​​ដោយ។

លោក​ គាត ឈន់ មាន​ប្រសាសន៍​​​អំពី​​ថវិកា​​​រដ្ឋ​សម្រាប់​ចំណាយ​លើ​ការ​សាង​សង់​ព្រះ​មេរុ​ថា្វយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​សម្ដេច​ឪ នរោត្តម​សីហនុ​ នៅ​វាល​ព្រះ​មេរុខាង​មុខ​សារមន្ទីរ​ជាតិថា “ ថវិកា​ទាំង​អស់​បាន​បែង​ចែក​ទៅ​តាម​​​គោល​ដៅ​​ទាំង​អស់​រួច​រាល់​ហើយ​​​​”។

លោក គាត​ ឈន់​ បាន​មាន​ប្រសាសន៍​​បន្ថែម​​​ទៀតនៅ​ក្រៅ​ពិធី​ចុះ​ហត្ថ​លេខា​​សម្រាប់​​កម្ចីថ្មី​ពី​ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី​ថា “ពេល​សំណើ​ [ពី​ក្រសួង​ព្រះ​បរម​រាជ​វាំង​] បាន​មក​ដល់​ ​ថវិកា​នោះ​​ត្រូវ​​​បញ្ចេញ​​ភ្លាម​តែ​ម្ដង​ គឺ​មិន​​ដល់​​២៤​ម៉ោង​ផង”។

អំឡុង​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​រៀប​ចំ​ពិធី​បុណ្យ​ព្រះ​របម​សព​សម្ដេច​ឪ​ កាល​ពី​ថ្ងៃ​ច័ន្ទ លោក គង់ សំអុល បាន​សម្ដែងការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ក្រសួង​របស់​លោក​​មិន​​បាន​ទទួល​​ថវិកា​ចំនួន​១,២​លាន​ដុល្លារ​ដូច​បាន​គ្រោង​ទុក​ពី​ក្រសួង​ហិរញ្ញវត្ថុ​​​​សម្រាប់​ចំណាយ​​​​លើ​ការ​សាង​សង់​ព្រះ​មេរុ​​នេះ​។

​ក្រុម​ហ៊ុន​​​​មួយ​​​ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​ដែល​ទទួល​​បន្ទុក​​សាងសង់​ព្រះ​មេរុ​​នេះ គឺ​ក្រុម​ហ៊ុនវីស្ប៉ាន​(Vispan)​របស់​អ្នក​ស្រី ​​​គង់ បញ្ញា​ កូន​ស្រី​​​លោក គង់ សំអុល​​​​។​

​​​​​​​​​​​នៅក្នុង​សុន្ទរកថា​កាល​ពីថ្ងៃទី១៨​ ខែ​ធ្នូ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការ​ពារ​សេចក្ដី​សម្រេច​​ប្រគល់​​កិច្ច​សន្យា​សាង​​​សង់​ព្រះ​មេរុ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​របស់​អ្នក​​​​ស្រី គង់ បញ្ញា ដោយ​បក​ស្រាយ​ថា ពេល​វេលា​សម្រាប់​ការ​សាង​សង់​​ខ្លី​ណាស់​ មិន​អាច​ផ្សព្វ​ផ្សាគម្រោង​​នេះ​ដើម្បី​​ដេញ​ថ្លៃ​ជា​សាធារណៈ​បាន​ទេ។​

លោក ហ៊ុន សែន​ ក៏​បាន​បក​ស្រាយ​​ផង​ដែរ​អំពី​ការ​លើក​ឡើង​របស់​ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​ព្រះ​បរម​រាជ​វាំង​ ដែល​​បាន​មានបន្ទូល​ថា គេ​​ទូល​ទ្រង់​ថា ការ​សាងសង់​ព្រះ​មេរុ​ចំណាយអស់​ថវិកាចំនួន​៥​លាន​ដុល្លារ​។ លោក ហ៊ុន សែន​ បាន​មាន​ប្រសាសន៍ថា​ តម្លៃ​ពិត​ប្រាកដ​គឺ​ត្រឹម​តែ​១,២​លាន​ដុល្លារ​ប៉ុណ្ណោះ។​

លោកឧប​នាយក​រដ្ឋ​មន្ត្រី ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា រដ្ឋា​ភិបាល​បាន​ធ្វើ​តាម​កាតព្វកិច្ច​​ ផ្លូវ​ច្បាប់​របស់​​ក្រសួង​ព្រះ​បរម​រាជវាំង។

លោក ញឹក ប៊ុនឆៃ ​មាន​ប្រសាសន៍​ថា “ទាល់​តែ​​បញ្ចប់​ការ​សាង​សង់​បាន​ចំនួន​៧០​ភាគ​រយ ទើប​ក្រសួង​ព្រះ​បរម​រាជវាំង​មាន​សិទ្ធិ​ទទួល​​ថវិកា ប៉ុន្ដែ​ ក្រសួង​ហិរញ្ញ​វត្ថុមិន​​បានប្រគល់​ថវិកា​ភ្លាម​ៗ​នោះ​ទេ ព្រោះ​​​លោក​​​​ [គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​ ហិរញ្ញវត្ថុ​]​ ត្រូវ​ការ​ឲ្យ​គណៈកម្មាធិការ​មួយ​ត្រួត​ពិនិត្យ​ការ​សាង​សង់​​នេះ​​សិន មុន​ពេល​អនុម័ត​ប្រគល់​ថវិកា”។

លោក គង់ សំអុល បាន​មាន​ប្រសាសន៍​នៅ​ឯ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ការ​សាង​សង់​ព្រះ​មេរុ​នឹង​ត្រូវ​បញ្ចប់​រួច​រាល់​​​យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​២៦ ខែ​មករា​។​ ព្រះ​បរម​សព​សម្ដេច​ឪ​ នរោត្តម​ សីហនុ គ្រោង​នឹង​ដង្ហែ​​ទៅ​កាន់​វាល​ព្រះ​មេរុ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ និង​ប្រារព្ធ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៅ​​​ទីនោះ​ នៅ​ថ្ងៃទី​៤ ខែ​កុម្ភៈ៕ ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស