31 C
Phnom Penh

ការ​ផ្ទុះ​គ្រាប់​នៅ​ខេត្ត​កំពង់​ឆ្នាំង​ បង្ហាញ​ឲ្យ​ឃើញ​នូវការ​ខ្វះ​ឈាម​នៅតាម​មន្ទីរពេទ្យ​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ឈាន​ដល់​ពាក់​កណ្ដាល​អធ្រាត​ ​កាល​ពី​ថ្ងៃ​អង្គារ​ វេជ្ជបណ្ឌិត​មួយ​ក្រុម​តូច​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ នៅក្នុង​រាជ​ធានី​ភ្នំពេញ​ នឹងខិតខំ​បំពេញ​ការ​ងារ​របស់​ខ្លួន​យា៉ងយកចិត្តទុកដាក់។

ព័ត៌មានអំពីការ​អំពាវ​នាវជាបន្ទាន់​របស់​​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ពេល​មាន​ការ​ផ្ទុះ​​គ្រាប់​ អំឡុង​ការ​ហ្វឹក​ហាត់​នៅក្នុង​ខេត្ត​កំពង់​ឆ្នាំ​ង​ ត្រូវបានគេ​និយាយត ៗគ្នា​ តាម​​រយៈ​ទូរស័ព្ទ​ តាម​រយៈការ​ផ្ញើសារ​តាមទូរស័ព្ទ និង​តាម​រយៈ​ការ​ទាក់​ទង​គ្នា​​តាម​គេហទំព័រ​បណ្ដាញ​​ទំនាក់​ទំនង​សង្គម​។

ការ​អំពាវ​នាវ​ដ៏​បន្ទាន់​នេះ គឺ​ដើម្បីស្វែង​រក​មនុស្ស​មាន​ឈាម​ប្រភេទ​អូ ដែលជា​ប្រភេទ​ឈាម​ដ៏កម្រ​ ដើម្បី​យក​មក​ជួយ​សង្គ្រោះ​ជីវិត បុរសសញ្ជាតិ​អាមេរិក គឺលោក ​លី អូស្ទីន (Lee Austin)​​ ដែលជាអ្នក​ជាប់​កិច្ច​សន្យា​ដោះ​មីន ឲ្យ​មូល​និធិ​មនុស្ស​ធម៌​ហ្គោល​ដិន វ៉េស (Golden West) ព្រោះលោកជា​ជន​រង​គ្រោះ​ម្នាក់​ បាន​​រងរបួស​ធ្ងន់​​ ក្នុង​ចំណោម​ជន​រង​គ្រោះ​សញ្ជាតិ​អាមេរិក​​ ដែល​រង​របួស​ធ្ងន់​ចំនួន​បួន​នាក់​​។

លោកស្រី មីសែល មីឡែត (Michelle Milette) មន្ត្រី​ផ្នែកទំនាក់​ទំនង​សាធារណៈ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ បាន​មាន​ប្រសាសន៍​ថា “ ​បន្ទាប់​ពី​ខិត​ខំ​ប្រមែប្រមូល​ឈាម​រហូត​ដល់​យប់​ជ្រៅ​ មជ្ឈមណ្ឌល​អាច​មាន​លទ្ធភាព​ផ្ដល់​ឈាម​ដ៏កម្រ​នេះ​ ចំនួន​១២​ប្លោក​ សម្រាប់​ជួយសង្គ្រោះអ្នក​ជំងឺ​ឲ្យ​អាច​ទ្រាំ​ទ្រនឹង​របួស​របស់​ខ្លួន នៅ​ពេល​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​ថៃ​​”។

នៅ​ពេល​ជីវិត​របស់​លោក លី អូស្ទីន ទំនង​ជា​ពិបាក​ជួយ​សង្គ្រោះ​នោះ​ ការ​ខ្វះ​ខាត​ឈាម​ ​កាល​ពី​ថ្ងៃ​អង្គារ​បង្ហាញ​ឲ្យ​ឃើញ​ថា សេវា​​ផ្ដល់​ឈាម​សម្រាប់សង្គ្រោះបន្ទាន់​របស់​​ប្រទេស​កម្ពុជា​មាន​សភាព​ខ្សត់​ខ្សោយ​។

អ្នក​ជំនាញ​ផ្នែក​សុខភាព​ បាន​លើក​ឡើង​ថា ការ​ផ្ដល់​ឈាម​ភាគ​ច្រើន​​ក្នុង​ប្រទេស​កម្ពុជា ​គឺ​បាន​មក​ពី​សាច់​ញាតិ​ជន​រង​គ្រោះ​ ដែល​ផ្ដល់​ឈាម​​តាម​សំណើរបស់​វេជ្ជបណ្ឌិត​។

វេជ្ជបណ្ឌិត​នៅ​តាមមន្ទីរពេទ្យ​រដ្ឋ​ធំៗ​​ពីរ​ ក្នុង​រាជ​ធានី​ភ្នំពេញ គឺ​មន្ទីរពេទ្យ​កាល់ម៉ែត​ និង​​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ បាន​លើក​ឡើង​ថា ពួក​គេ​តែង​តែ​សុំឲ្យ​សាច់ញាតិជន​រង​​គ្រោះ​ផ្ដល់​ឈាម​មុន​ពេល​បញ្ជូន​ជន​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​ ពីព្រោះ​ឈាម​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មាន​កំណត់​។

យោងតាម​អង្គការ​សុខភាព​ពិភព​លោក​ បាន​ឲ្យ​ដឹង​ថា មាន​តែ​អ្នក​ផ្ដល់​ឈាម​ប្រហែល​៣០​ភាគរយ​ប៉ុណ្ណោះ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​មក​ផ្ដល់​ឈាម​​ដោយ​ស្ម័គ្រ​ចិត្ត​។ អង្គការ​សុខភាព​ពិភព​លោក​បាន​ផ្ដល់​អនុសា​សន៍​ថា ប្រទេស​នីមួយ​ៗ​ចាំ​បាច់​ត្រូវ​តែ​មាន​អ្នក​​​ស្ម័គ្រចិត្ត​ផ្ដល់​ឈាម​ឲ្យ​បាន​១០០​ភាគរយ​។

លោកស្រី​ មីសែល មីឡែត បាន​មាន​ប្រសាសន៍​ថា មន្ទីរ​ពេទ្យ​ពឹង​ផ្អែក​លើ​សាច់​ញាតិ​ជន​រង​គ្រោះ​ ពី​ព្រោះ​ធនាគារ​ឈាម​សព្វ​​ថ្ងៃ​អាច​ផ្គត់​ផ្គង់ឈាម ​បាន​ប្រហែល​ត្រឹម​តែ​៤០​ភាគរយ​ប៉ុណ្ណោះ ឬក៏​មាន​ប្រហែល​តែ​១.០០០​ប្លោក​ប៉ុណ្ណោះ​។

លោកស្រី​បាន​លើក​ឡើង តាម​រយៈ​អុីម៉េល​មួយ​ថា “ ​​សព្វ​ថ្ងៃ​នេះ​ធនាគារ​ឈាម​ គ្មាន​​ឈាម​គ្រប់​គ្រាន់​ឡើយ​ គឺ​មាន​ប្រហែល​ត្រឹម​តែ​៤០​ភាគរយ​ប៉ុណ្ណោះ​ ដែល​​នេះ​មាន​ន័យ​ថា យើង​នៅ​តែ​ពឹង​ផ្អែក​លើ​អ្នក​ជំងឺ​ឲ្យ​ទៅ​​ស្វែង​រក​អ្នក​​ផ្ដល់​ឈាម​ឲ្យ​”។

លោក​ស្រី​បាន​បន្ដ​ថា “​ក្នុងចំណោម​អ្នក​ជំងឺ​ម្នាក់​ត្រូវ​ការ​ឈាម​ជា​មធ្យម​បីប្លោក ប៉ុន្ដែ ជួន​កាល​អ្នក​ជំងឺ​អាច​ស្វែង​រក​អ្នក​​ផ្ដល់​ឈាម​ឲ្យ​ខ្លួន​បាន​តែ​ម្នាក់​ប៉ុណ្ណោះ ដូច្នេះ​ទើប​ធនាគារ​​ឈាម​ត្រូវផ្ដល់​ឈាម​ថែមទៀត​”។ លោក​ស្រី មីសែល មីឡែត បាន​លើក​ឡើង​ថា អ្នកផ្ដល់​ឈាម​ឲ្យ​អ្នក​ជំងឺ​មិន​មែន​សុទ្ធ​តែ​អាច​ងាយ​ស្រួល​រក​បាន​គ្រប់​ពេល​វេលា​នោះ​ទេ​ ជា​ពិសេស​ដូច​ជា​ស្ថាន​ភាព​ជន​​រង​គ្រោះ​សញ្ជាតិ​អាមេរិករូប​​នេះ​អ៊ីចឹង ដែល​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ត្រូវ​ផ្ដល់​ឈាម​ដ៏​កម្រ​នេះ​។

យោង​តាម​លោក សេក ម៉ារ៉ាឌី មន្ត្រី​ជំនាញ​​​សុវត្ថិភាព​ឈាម​ប្រចាំ​អង្គការ​សុខភាព​ពិភព​លោកបាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ត្រូវតែ​ខិត​ខំ​ជំរុញឲ្យមាន​អ្នក​ស្ម័គ្រ​ចិត្ត​ផ្ដល់​ឈាម​ មុន​នឹងសុំការ​បរិច្ចាគឈាមពីអង្គការ​សុខភាព​ពិភព​លោក​។

លោក​វេជ្ជបណ្ឌិត សេក ម៉ារ៉ាឌី បាន​មាន​ប្រសាសន៍​ថា​ “យោង​តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ យើង​គួរ​តែ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ផ្ដល់​ឈាម​ឲ្យបាន​១០០​ភាគរយ។ ​ប្រទេស​មួយ​ គួរតែ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​១០០​ភាគរយ​ ប៉ុន្ដែ មាន​តែ​ប្រហែល​៣៤​ភាគរយ ប៉ុណ្ណោះ​មក​ទល់​ នឹង​ពេលបច្ចុប្បន្ននេះ។​យើង​​​មាន​គម្រោង​លើកទឹកចិត្តឲ្យមាន​អ្នក​ផ្ដល់​​ឈាម​ដោយស្ម័គ្រចិត្ត​​ កើន​ឡើងប្រហែល​​៥០​ភាគរយ នៅ​ឆ្នាំ​ក្រោយ​”។

លោក​បាន​មាន​ប្រសាសន៍​ថា ដើម្បី​បង្កើន​ចំនួន​អ្នក​ស្ម័គ្រ​ចិត្ត​ផ្ដល់​ឈាម មជ្ឈ​មណ្ឌល​​ជាតិ​ផ្ដល់​ឈាម​ ឥឡូវកំពុង​ធ្វើ​យុទ្ធនាការ​ក្នុង​ចំណោម​ស្រទាប់យុវជន​ ដើម្បី​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​មក​ផ្ដល់​ឈាម​បាន​គ្រប់​ៗ​គ្នា​។ លោក​​មាន​ប្រសាសន៍​ថា “នៅ​ខែ​ក្រោយ​​យើង​នឹង​បង្កើត​យុទ្ធនាការ​ផ្នែក​យុវជន​មួយ​ ដើម្បី​ផ្សព្វផ្សាយ​ដល់បណ្តា​ប្រជាពល​រដ្ឋ​ឲ្យ​មក​​ផ្ដល់​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​។ យើង​ព្យាយាម​ធ្វើ​អ្វី​ៗ​ទាំង​អស់​ ដើម្បី​បង្កើនចំនួន​អ្នក​មក​ផ្ដល់​​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​”។

មជ្ឃមណ្ឌលជាតិ​ផ្តល់ឈាមក៏កំពុង​ខិតខំ​ផង​ដែរ ដើម្បីកាត់បន្ថយ​ការពឹង​ផ្អែក​លើ​សាច់​​​ញាតិឲ្យផ្តល់់ឈាម​សង្គ្រោះជន​រង​គ្រោះ​។​ កាល​ពី​ខែ​មុន ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​​បាន​ប្រកាស​ថា ខ្លួន​ត្រូវ​ការ​អ្នក​ផ្ដល់​ឈាម​ស្ម័គ្រ​ចិត្ត​បន្ថែម​ទៀត​ ដើម្បី​បំពេញ​តម្រូវ​ការ​នៅ​​តាម​បណ្តាមន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​។

ការ​ប្រកាស​នេះ គឺ​ដោយ​សារ​តែ​គេ​ត្រូវ​ការ​ចំណាយ​ពេល​មួយ​ម៉ោង​ ដើម្បី​ស្វែង​រក​សាច់​ញាតិ​ឲ្យ​មក​ផ​្ដល់​ឈាម​ ដោយ​វា​មិន​ដូច​គ្នាទៅ​នឹង​ឈាម​មាន​ស្រាប់​ ​ដែល​អាច​ប្រើ​បាន​ភ្លាម​ៗ​នោះ​ទេ។

យោង​តាម​លោក ហុក គឹមចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ បាន​ឲ្យ​ដឹង​ថា “​មានអ្នក​​ផ្ដល់​​ឈាម​ពីរ​ប្រភេទ”។ លោក​បានបន្ដថា មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ មាន​ក្រុម​ចល័ត​។ ពួក​គេ​ទៅទាក់ទង​តាមបណ្តា​វិទ្យា​ល័យ និង​សាកល​វិទ្យាល័យ​នានា ដើម្បី​រៀប​ចំ​​ការ​ផ្ដល់​ឈាម​ចល័ត​។ ហើយ​ក៏​មាន​ប្រជា​ពលរដ្ឋ​មក​ផ្ដល់​ឈាម​នៅ​ឯ​មជ្ឈ​មណ្ឌល​​ជាតិ​ផ្ដល់​ឈាមផងដែរ​”។

យោង​តាម​លោក​វេជ្ជបណ្ឌិត​ គឹមចេង បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំមុន​ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​ផ្ដល់​ឈាម​ចំនួន​៤៨​.២៩៨​ប្លោក​ ពោល​គឺ​កើន​ឡើង៤ភាគ​រយ​នៅឆ្នាំ​២០១១។ ក្នុង​ប្លោក​នីមួយ​ៗ​ មាន​ឈាម​ចំណុះ​៣៥០​មីល្លីលីត្រ​។ លោក​បាន​មាន​ប្រសាសន៍​​បន្ដ​ថា ធនាគារ​ឈាម​សព្វថ្ងៃ​មាន​ឈាម​ប្រហែល​១.០០០​ប្លោក​ជា​ប្រចាំ​។ ទោះ​បី​ជាយ៉ាងណា​ ដើម្បី​បំពេញ​តម្រូវ​ការ​បាន​ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​​ត្រូវ​តែ​មាន​ឈាម​៣.០០០​ប្លោក​ជាប់​ជា​​ប្រចាំ​។

ដើម្បី​ឲ្យ​មាន​ឈាមកើន​ឡើង​ដល់ទៅ​​៣.០០០​ប្លោក ​អ្នក​មក​ផ្ដល់​ឈាម​ចាំ​បាច់​ត្រូវ​តែ​ផ្លាស់​ប្ដូរ​គំនិតរបស់​ខ្លួន​ និងត្រូវ​យល់​ដឹង​អពីសារៈសំខាន់នៃការមក​ផ្ដល់​ឈាម​ ។

លោក​វេជ្ជបណ្ឌិត​ គឹមចេង បាន​លើក​ឡើង​ថា “ យើង​បាន​ស្ទង់​មតិ​អំពីការ​យល់​ឃើញ​ចំពោះ​ការ​ផ្ដល់​ឈាម​ និង​បញ្ហា​ ឬក៏​អំពីឧបសគ្គ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ចង់​មក​ផ្ដល់​ឈាម​។ ក្នុង​នោះ​ យើង​រក​ឃើញ​​ថា ពួក​គាត់​ភ័យ​ខ្លាច​នៅ​ពេល​មក​ផ្ដល់​ឈាម​”។

លោក​បាន​មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​​ជាតិ​ផ្ដល់​ឈាម​​ បាន​ធ្វើ​តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក​ ហើយ​ចង់​បំបាត់​ការ​យល់​ឃើញ​ថា ការ​ផ្ដល់​ឈាម​ គឺ​ជារឿង​មិន​ល្អ​នោះ​។ ការ​យល់​ឃើញ​ថា ការផ្ដល់​ឈាមនឹង​ធ្វើ​ឲ្យសុខភាពមនុស្សចុះខ្សោយ ពី​ព្រោះ​គេគិតថា ឈាម​មិន​អាច​កើត​ឡើង​វិញ​

បែបធម្មជាតិ​នោះ​ទេ​។ ប៉ុន្តែ ​តាម​​ពិត​ឈាម​ដែល​បានបាត់​បង់​ គឺ​នឹង​កើត​ឡើង​វិញ​ត្រឹម​ប្រហែល​តែ​ប្រាំមួយ​សប្ដាហ៍​ប៉ុណ្ណោះ​។ លោក​បាន​មាន​ប្រសាសន៍​បន្ដ​ថា “ ​ឥឡូវ​នេះ​ យើង​កំពុង​តែ​អប់​រំ​គ្រួសារ​អ្នក​ជំងឺ​ ដើម្បី​​ឲ្យ​មក​ផ្ដល់​ឈាម​តាម​ធម្មតា​ហើយ​”។

លោក​បាន​លើក​ឡើង​ថា “​យើង​មាន​ផែ​ន​ការ​យុទ្ធសាស្ត្រ​ជាតិ​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧​។​ យើង​នឹង​ធ្វើ​ឲ្យ​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម​​មាន​ឈាម​ច្រើន​នៅ​ក្នុង​ស្ដុក​ ហើយយើង​​ក៏​នឹង​បង្កើត​ឲ្យ​​ប្រព័ន្ធទិន្នន័យ​ ដើម្បី​កត់​ត្រា​អ្នក​មក​ផ្ដល់​ឈាម​ទាំ​ង​អស់​ និង​កត់ត្រា​​អ្នក​ម​ក​ផ្ដល់​ឈាម​ ដែល​ជា​ប្រភេទ​ឈាម​​កម្រ​ផង​ដែរ​”។

ចំពោះ​លោក លី អូស្ទីន អ្នក​ជំនាញ​ដោះ​មីន ដែល​ទទួល​រង​របួសធ្ងន់​ ហើយ​ឥឡូវ​កំពុង​តែ​ជា​សះស្បើយ​ឡើង​វិញ​ជា​បណ្ដើ​ៗ​ហើយនោះ​ នៅពេលចូលសម្រាកក្នុង​មន្ទីរពេទ្យ​ប៊ុមរុង​​រា៉ត់​អន្ដរជាតិ​ (Bumrungrad International Hospital) ក្នុង​ទី​ក្រុង​បាង​កក​ គឺ​ត្រូវ​ការ​ឈាម​​ប្រភេទអូ ចំនួន​១០​ប្លោក​ ហើយ​មាន​អ្នក​មានឈាម​ប្រភេទអូ​ជាច្រើន​បានមក​ផ្ដល់​ឈាម​​ កាល​ពី​យប់​ថ្ងៃ​អង្គារ​។

លោកស្រីវរសេនីយទោ​ គ្រីស្ទីន មីន (Kristin Means) ប្រធាន​ការិយាល័យ​​ផ្នែកការ​ពារជាតិ​របស់ស្ថាន​ទូតសហរដ្ឋ​អាមេរិកបានមានប្រសាសន៍តាមរយៈទូរស័ព្ទពីខេត្តសៀមរាប​ កាលពីថ្ងៃពុធ​ថា  លោកស្រី សូមថ្លែងអំគុណដល់​អ្នកមាន​ឈាមប្រភេទអូ ដែលបានមកផ្តល់ឈាម​។​ លោកស្រីបាន​ មានប្រសាសន៍ថា “ខ្ញុំមិនភ្លេចគុណអ្នកមកផ្តល់ឈាមឡើយ។ ខ្ញុំមិននឹកស្មានថា មាន​អ្នកមក​ផ្តល់ឈាម​​ច្រើនដូច្នេះ​នោះទេ”៕ (រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី)

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស