29.3 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយចាប់​ខ្លួន​បុគ្គលិក​ក្រុម​ហ៊ុន​ជីវឥន្ធនៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់ម្នាក់​បាន​ឲ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយបាន​ចាប់​ខ្លួន​បុគ្គលិក​ពីរនាក់របស់ក្រុមហ៊ុន​ក្នុងស្រុក ដែល​មាន​ទំនាក់​ទំនង​ជាមួួយ​ក្រុម​ហ៊ុនជីវឥន្ធនៈ​របស់​អង់​គ្លេស ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​ការិយាល័យ​ស៊ើបអង្កេត​បទ​ល្មើស​ក្លែង​បន្លំ​ របស់ចក្រភពអង់គ្លេស (U.K.’s Serious Fraud Office)។

លោក ឱម យិុនទៀង ប្រធាន​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក ឱម សំណាង ប្រធាន​​ក្រុម​ហ៊ុន​ថាម​ពល​បៃតង​អន្តរជាតិ​(Inter-​national Green Energy) នៅ​កម្ពុជា​​​ និង​បុគ្គលិក​មិន​ស្គាល់​ឈ្មោះ​ម្នាក់​ទៀត​​ នៅក្នុងក្រុម​ហ៊ុន​នេះត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពី​ថ្ងៃ​ពុធ ក្នុង​រាជ​ធានីភ្នំពេញ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ដី​ធ្លី។

លោក ឱម យិុនទៀង ​មាន​ប្រសា​សន៍​ថា “ ខ្ញុំ​អាច​បញ្ជាក់​បានថា អង្គភាព​ប្រឆាំង​​​អំពើ​ពុក​រលួយ​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ករណីនេះ​ អស់​រយៈពេល​ប្រាំ​បី​ខែ​​មក​ហើយ។​ យើង​បាន​ស្តាប់​ចម្លើយ​ពី​ប្រជា​ពលរដ្ឋ​ជា​ច្រើន​​​ ហើយ​យើង​ក៏បាន​ពិនិត្យ​ភ័ស្តុតា​ង​ជា​ច្រើន​ដែរ”។

លោក​បាន​បន្ត​ថា “ ពីរបី​ថ្ងៃកន្លង​មក​នេះ​​យើង​ក៏បាន​ប្រមូលភ័ស្តុតាង និង​ស្ដាប់​ចម្លើយ​​សារភាព​បន្ថែម​ទៀត​ផង​ដែរ។​ តាម​រយៈការ​សើុប​អង្កេត​យ៉ាង​ល្អិត​ល្អន់​ និង​ការ​ប្រមូល​ភ័ស្តុតាង​នេះ​ យើង​បាន​រក​ឃើញ​ថា បុរស​ទាំង​ពីរនាក់​នេះ​ពិត​ជាមាន​ពិរុទ្ធភាព​ពីបទ​ពាក់​ព័ន្ធ​នឹង​បទឧក្រិដ្ឋមែន​។​ យើង​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ដី​ធ្លី​ ក្នុង​បំណង​ដើម្បីលក់​ដី​យកលុយ​”។

ក្រុមហ៊ុន​ថាម​ពល​បៃតង​អន្តរជាតិ​គឺ​ជា​ដៃគូ​ជាមួយ​ក្រុម​ហ​៊ុន​ថាម​ពល​ជីវឥន្ធនៈ (Sustainable Agro Energy)​ ​មាន​ស្នាក់ការ​នៅ​ក្នុង​​ទីក្រុង​ឡុងដ៍​​ ដែល​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ត្រូវ​បាន​បង្កក​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១២ មុន​ពេល​ការិយា​ល័យ​ស៊ើប​អង្កេត​បទ​ល្មើស​ក្លែង​បន្លំ​ ប្រកាស​ក្នុង​ខែ​មីនា​ថា ខ្លួន​កំពុង​ស៊ើប​អង្កេត​ក្រុម​ហ៊ុន​នេះ​ពី​បទ​គៃ​បន្លំ​ប្រាក់​ជាង​៥៤លាន​ដុល្លារ​។

លោក ហ្គ្រែក ហ្វ្រីយេត (Gregg Fryett)​ ប្រធាន​ក្រុម​ហ៊ុន​ថាម​ពល​ជីវ​ឥន្ធនៈ​របស់​អង់​គ្លេស​ថ្លែងថា លោក​ក៏​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សាក​សួរ​ផង​ដែរ។ លោកបាន​លើក​ឡើង​តាម​​អីុម៉េល​ថា “ ខ្ញុំ​​សុខ​សប្បាយ​ធម្មតាទេ ប៉ុន្តែ មាន​បញ្ហា​ខ្លះ​កើត​ឡើងចំពោះបុគ្គលិក​ផ្សេងទៀត ហើយ​ពេល​​នេះ​ខ្ញុំ​គិត​ថា​ ​អ្នក​លក់​ដី​​ក៏មាន​បញ្ហាដែរ”។

លោក​បាន​បន្តថា “ ខ្ញុំ​បាន​និយាយ​ជា​មួយ​​នឹង​ [អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ] កម្ពុជា​យ៉ាង​យូរ​។ ពេល​នេះ​ខ្ញុំ​បានមក​ដល់​ប្រទេស​ថៃហើយ និង​​អាច​ធ្វើដំណើរ​ដោយ​សេរី​ដូច​សព្វដង​។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​សហការជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដើម្បីសើុប​អង្កេត​ករណី​​លក់​ដី​ និង​បញ្ហា​ពាក់​ព័ន្ធ​នឹង​គ្រឿង​ចក្រ​។​ របាយ​ការណ៍​មួយច្បាប់​​បាន​ផ្ញើ​ទៅ​ឲ្យ​មេធាវី​របស់​ខ្ញុំរួចហើយ ដើម្បី​ទុក​ជូន​ការិយាល័យ​ស៊ើបអង្កេត​បទ​ល្មើស​ក្លែង​បន្លំ​ និង​ទុកឲ្យ​ផ្នែកការងាររដ្ឋបាល​។ ខ្ញុំ​ជឿជាក់​ថា នឹងមាន​ការប្រែប្រួលថែម​ទៀតពាក់ព័ន្ធ​នឹង​បញ្ហានេះ​ផ្ទាល់​”។

ក្រុម​អ្នក​​​​ស៊ើបអង្កេត​នៅក្នុង​ប្រទេស​អង់គ្លេស​បាន​អះអាង​ថា មានជនជាតិ​អង់​គ្លេស​រហូត​ដល់​២.០០០នាក់​ បាន​បាត់​បង់​ប្រាក់​សន្សំ​របស់​ខ្លួន​ តាម​រយៈគម្រោង​ធ្វើ​ចម្ការដាំ​ល្ហុង​ខ្វង​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​ ​ដែល​គេ​សង្ស័យ​ថា ប្រធាន​ក្រុម​ហ៊ុន​នេះ​ជា​អ្នក​កេង​បន្លំ​ប្រាក់។

លោក ឱម យិុនទៀង​ ​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ទាំង​ពីរនាក់​ ដែល​ត្រូវបាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃពុធនោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ដោយ​សារ​តែករណីនេះ​ជាប់​​ពាក់​ព័ន្ធ​នឹង​បញ្ហាដីធ្លីក្នុង​ខេត្ត​នោះ។ លោក​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​បន្ថែម​អំពី​ករណី​នេះទេ ដោយ​លោក​ថ្លែង​ថា ប្រសិន​បើ​និយាយ​អស់ពេក នឹងធ្វើ​ឲ្យ​​ប៉ះពាល់​​​ដល់​ការ​ស៊ើបអង្កេត​ដែល​កំពុង​ដំណើរការ។

លោក អាំង មាលតី​ ប្រធាន​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​បញ្ជាក់​ដោយ​បដិសេធមិន​និយាយ​លម្អិត​ថា “ ជន​សង្ស័យ​ជាជន​ជាតិ​ខ្មែរទាំងពីរនាក់​ ដែលជាបុគ្គលិក​ក្រុមហ៊ុនថាម​ពល​បៃតង​អន្តរជាតិ” ត្រូវ​បាន​បញ្ជូន​មកដល់​តុលាការ​រួច​ហើយ។

ក្រុម​ហ៊ុន​ថាម​ពល​ជីវ​ឥន្ធនៈរបស់អង់​គ្លេស កាលពីឆ្នាំ​២០០៧ បាន​លក់​ភាគហ៊ុន​ក្នុង​ចម្ការ​ល្ហុង​ខ្វង​ ដោយសន្យាថា នឹង​ទទួល​​​​បាន​ប្រាក់​ចំណេញ​ខ្ពស់​។ ប៉ុន្តែ ក្រុម​អ្នក​ស៊ើប​អង្កេត​​និយាយថា ក្រុមហ៊ុន​នេះ​គ្មាន​ទ្រព្យ​សម្បត្តិ​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និងនៅ​តាម​កន្លែង​ផ្សេង​ ដូច​ដែល​ខ្លួន​បាន​អះ​អាង​នោះ​ទេ។  ការិយាល័យ​ស៊ើប​អង្កេត​ក្លែង​បន្លំ​​មិន​ទាន់​បាន​ឆ្លើយ​សំណួរ​ពាក់​ព័ន្ធនឹង​ករណី​នេះ​ទេ ដោយ​សារ​ខ្លួន​បាន​ប្រកាស​​ថា ខ្លួន​កំពុង​ស៊ើប​អង្កេត។

ចំណាប់​អាម្មរណ៍​ចង់ដាក់ទុនរកសុីក្នុង​ប្រទេសកម្ពុជា​​​ធំបំផុត​របស់​ក្រុម​ហ៊ុន​នេះ​គឺតាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​ពីរកន្លែង​ស្ថិត​ក្នុង​ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​មាន​ទំហំ​សរុប​ជាង​៦.០០០​ហិកតា។

ក្រុម​ហ៊ុននេះ​មិន​ដែល​​ទទួល​បាន​សិទ្ធិ​ជា​ផ្លូវ​ការ​ ដើម្បី​កាន់​កាប់​ដី​សម្បទាន​នោះ​ទេ​ ប៉ុន្តែ​ បាន​និយាយថា ខ្លួន​បាន​ទិញ​ដី​នេះ​ក្នុង​តម្លៃប្រហែល​២លាន​ដុល្លារ​ ពី​លោកជំទាវ ម៉ៅ​ ម៉ាឡៃ ភរិយារបស់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ កែ គឹមយ៉ាន៕ ប្រែសម្រួលដោយ ហម សុផាណ្ណា​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស