33.3 C
Phnom Penh

នគរ​បាល​បិទ​ផ្លូវ​រារាំង​​កម្មករ​រោង​ចក្រ​កាត់​ដេរ​ប្រហែល​១.០០០​នាក់ កំុឲ្យ​​ទាម​ទារ​ប្រាក់ខែ​ខ្ពស់​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សុក្រ នគរ​បាល​បាន​បិទផ្លូវ​រា​រាំង​កម្មករប្រហែល​១.០០០​នាក់​មក​ពី​រោង​ចក្រ​មួយ​ ដែល​ផ្គត់​ផ្គង់​សម្លៀកបំពាក់​ទៅ​ឲ្យ​ក្រុម​ហ៊ុនបញ្ជាទិញ​​អេឆ និង អិម (H&M) ក្នុង​ប្រទេស​ស៊ុយ​អែត មិន​ឲ្យ​ដង្ហែ​ក្បួន​ទៅ​កាន់​រដ្ឋសភា​ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​ និង​ប្រាក់​សម្រាប់​ថ្លៃ​អាហារ​​ឲ្យ​ច្រើន​ជាង​មុន។

ក្រុម​អ្នក​តវ៉ា​​ ដែល​បាន​​​តវ៉ានៅ​ខាង​មុខ​រោង​ចក្រ​កាត់​ដេរ​ គ្លែតភៀ​​ (Gladpeer) ​ក្នុង​សង្កាត់​ចោមចៅ​ ខណ្ឌពោធិ៍សែន​ជ័យ​​ រាជ​ធានី​ភ្នំពេញ​ អស់​រយៈពេល​ប្រាំថ្ងៃមក​ហើយ​នោះ​ ត្រូវ​បាន​កម្លាំងនគរបាល​បញ្ជា​ឲ្យ​ត្រឡប់​ទៅ​វិញ​ និងណែនាំ​​ឲ្យពួកគេ​​ទៅកាន់សាលា​សង្កាត់​​ ​ដើម្បី​ចរចា​គ្នា។

លោក ឈឹម​ ឃាង មន្ត្រី​ផ្នែក​ច្បាប់​ប្រចាំ​សម្ពន្ធ​សហជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់​ដេរកម្ពុជា​ បាន​មាន​ប្រសាសន៍​ថា “ពួកគេ​បានយល់​ព្រម​ត្រឡប់​ទៅ​វិញហើយ​ ប៉ុន្តែ​ នៅ​ពេល​ពួកគេ​ទៅដល់​សាលា​សង្កាត់ ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពិភាក្សា​អំពី​បញ្ហា​របស់​ខ្លួន​​ជាមួយ​នឹង​ម្ចាស់​រោង​ចក្រ​នៅសា​លា​សង្កាត់​ទេ”។

​នៅថ្ងៃសៅរ៍នេះ​​​​ ម្ចាស់​រោង​ចក្រ​និង​អ្នក​តវ៉ា​គ្រោង​នឹង​ជួប​គ្នា​ជាថ្មី​​ ដើម្បី​ពិភាក្សា​អំពី​ការ​ទាម​ទារ​របស់​ពួកគេ​​ ដែល​រួម​មាន​ការ​ទាមទារ​ប្រាក់​៥.០០០រៀល​សម្រាប់​ថ្លៃ​អាហារ​ក្នុង​មួយ​ពេល​​ ដែល​​កាល​ពីមុន​ ត្រឹម​តែ​៣.០០០​រៀលប៉ុណ្ណោះ និងការ​​ទាម​ទា​រ​ឲ្យ​ដំឡើង​ប្រាក់​ខែ​អប្បបរមាពី​៦១​ដុល្លារ​ទៅ​៩៣​ដុល្លារ​ក្នុង​មួយ​ខែ​​​៕ប្រែសម្រួលដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស