29 C
Phnom Penh

អង្គ​​​ការ​​​ពល​​​កម្ម​​​ និង​​​សហ​​​ជីព​​​គាំទ្រ​​​កម្ម​​​ករ ដែល​​​រោង​​​ចក្រ​​​ផ្គត់​​​ផ្គង់​​​ឲ្យ​​វ៉ល​​​ម៉ាត​​​មិន​​​ព្រមផ្តល់​​​ប្រាក់​​​ដំណាច​់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

]កាល​​​ពី​​​ថ្ងៃ​​​សុក្រ បណ្តា​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​​​​​ និងសហ​​​ជីព​​​កម្ម​​​ករ​​​មក​​​ពី​​​អឺរ៉ុប និង​​​សហ​​​រដ្ឋ​​​អាមេរិក​​​ បាន​​​រិះ​​​គន់​​​ម្ចាស់​​​រោង​​​ចក្រ​​​មួយ​​​ដែល​​​ផ្គត់​​​ផ្គង់​​​ទំនិញ​​​ដល់​​​​​​ក្រុម​​​ហ៊ុន​​​វ៉ល​​​ម៉ាត (Wallmart) និង​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក​​​់ ​អេច អេន អឹម (H&M) របស់​​​ស៊ុយ​​​អែត ​ចំពោះ​​​ការ​​​មិន​​​បើកប្រាក់​​​ដំណាច់​​​ការងារ​​​សរុប​​​​​​២០០.០០០​​​ដុល្លារ​​​ ដល់​​​កម្មករ​​​នៅ​ក្នុង​រោង​​​ចក្រ​​​​​​នេះ​​​​​​។

អង្គ​​​ការ​​​ពល​​​កម្មអន្តរជាតិនិង​​​សហ​​​ជីព​​​កម្ម​​​ករ​​​ចំនួន​​​១៧​​​ រួម​​​ទាំង​​​អង្គ​​​ការ​​​វែរហោស ​វើក​ឃើ យូណាយធីត (Warehouse Workers United) និងអង្គការ​​​ អិុនធើ​ណេសិន​ណល ​ឡេបឺ ​រ៉ៃ ​ហ្វ័ររាុំ (International Labor Rights Forum) ផង​​​​​នោះ​​ បាន​​​លើក​​​ឡើង​​​ក្នុង​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​​ថា “ យើង​​​សូម​​​សម្តែង​​​ការ​​​ទោម​នស្ស​ជា​​​ខ្លាំង​​​ ដែល​ម្ចាស់​​​រោង​​​ចក្រ​​​ឃីងលែន (Kingsland) មិ​​ន​​​បាន​​​ចូល​​​រួម​​​ការ​​​ផ្សះ​​​ផ្សាគ្នា​​​ទាក់​​​ទិន​​​នឹង​​​ប្រាក់​​​ដំណាច់​​​ការងារ​​​​​​រហូត​​​ដល់​​​ទៅ​​​ជិត​​​២០០.០០០​​​ដុល្លារ​​​ ដែល​​​ជំពាក់​​​កម្មករ​​​រោង​​​ចក្រ​​​ឃីងលែន​​​”។

ក្នុង​​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​ អង្គ​​​ការ​​​និង​​​សហ​​​ជីព​​​មក​​​ពីសហ​​​រដ្ឋ​​​អាមេរិក ​អង់គ្លេស ​ស៊ុយ​​​​អែត បែលហ្សុិក  ដាណឺម៉ាក បារាំង ​ហូឡង់ ស្វ៊ីស និង​​​កម្ពុជាបាន​​​គាំទ្រ​​​ការ​​​ទាម​​​ទារ​​​របស់​​​កម្ម​​​ករ​​​ ដោយ​​​និយាយ​​​ថា ទង្វើ​​​របស​​​់រោង​​​​ចក្រ​​​ឃីងលែន និង​​​ការ​​​បិទ​​​រោង​​​ចក្រ​​​ដោយ​​​មិន​​​បាន​​​ប្រ​​​កាស​​​ឲ្យ​​​ដឹង​​​ជា​​​មុន គឺជា​​​ការល្មើស​​​ច្បាប់​​​ការងារ។

សេច​​​ក្តី​​​ថ្លែង​​​ការ​​​ណ៍នេះ​​​បន្ត​​​ថា “ យើង​​​សូម​​​បន្ទរ​​​តាម​​​ការ​​​អំពាវ​​​នាវ​​​របស់​​​ពួកគេ​​​ទៅ​​​​​​កាន់កម្ម​​​ករ​​​ទាំង​​​អស់​​​ ដែល​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​វ៉លម៉ាត និង​​​ក្រុម​​​ហ៊ុន អេច អេន អឹម ឲ្យ​​​ក្រោក​​​ឡើង​​​តវ៉ា ដើម្បី​​​ចាប់​​​ក្រុម​​​ហ៊ុន​​​ធំៗ​​​ទាំង​​​នេះ​​​ឲ្យ​​​ទទួល​​​ខុស​​​ត្រូវ​​​។អស់​​​រយៈ​​​ពេល​​​ជា​​​យូរ​​​​មក​​​ហើយ ដែល​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា ​ត្រូវ​បាន​​​​កេង​​​ប្រ​​​វ័ញ្ច​​​ ទទួលរងអំពើ​​​ឃោរ​ឃៅ ​​និងមាក់​​​ងាយ​​​ពីសំណាក់ក្រុមហ៊ុន”។

ក្រុម​​​ហ៊ុន ឃីងលែន ហ្គាមឹន (កម្ពុជា) អិលធីឌី (Kingsland Garment (Cambodia) Ltd) ​​​បាន​​​ផ្អាក​​​សកម្ម​​​ភាព​​​ការងារ ​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​ឆ្នាំ២០១២ ដោយ​​​សារតែ​​​កង្វះ​​​ការ​​​បញ្ជា​​​ទិញ ​ប៉ុន្តែ​​​កម្ម​​​ករ​​​ទទួល​​​បាន​​​ការ​​​សន្យាថា ពួកគេ​​​នឹង​​​ទទួល​​​បាន​​​៥០​​​ភាគ​​​រយ​​​នៃ​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​រហូតរ​​​ដល់​​ផលិត​​​កម្ម​​​បាន​​​បន្ត​​​ដំណើរ​​​ការ​​​ឡើង​​​វិញ​​​នៅ​​​ខែមករា​​​នេះ។

កាល​​​ពី​​​ខែមុន នៅពេល​​​កម្មករ​​​ទាំង​​​នេះ​​លែង​​​ទទួល​​​បាន​​​ប្រាក់ខែ ពួួក​​​គេ​​​ក៏​​​ទទួល​​​បាន​​​​​​ដំណឹង​​​ថា ក្រុម​​​ហ៊ុន​​​បាន​​​ប្រកាស​​​ក្ស័យ​​​ធន​​​ និង​​​បានចាក​​​ចេញ​​​ពី​​​​​​កម្ពុជា ​​​បាត់​​​ទៅ​​​ហើយ។​ កម្មករ​​​​​កាត់​​​ដេរ​​​មួយ​​​ចំនួន​​​បាន​​​បោះ​​​តង់​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​នេះ​​​ បន្ទាប់​​ពី​​​ឃើញ​​​​បុគ្គ​លិក​​​​ជញ្ជូន​​​ម៉ាស៊ីន​​​ផុង​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​នៅ​​​ពេល​​​ពាក់​​​កណ្តាល​​​យប់។

លោក មឿន តុលា ប្រធាន​​​កម្មវិធី​​​ការងារ​​របស់​​​មជ្ឈ​​​មណ្ឌល​​​អប់​​​រំ​​​ច្បាប់សម្រាប់​សហគមន៍​បានមាន​​​ប្រ​​​សាសន៍​​​ថា ការតវ៉ា​​​ត្រូវ​គ្រោង​​​ធ្វើឡើង​ទូទាំង​​​ពិភព លោក ​​​ដើម្បី​​​គាំទ្រ​​​កម្មករ​​​ ដែល​​​រង​​​ផល​​​ប៉ះ​​​ពាល់​​​ជាង​​​២០០​​​នាក់​​​នេះ​​​។ លោក​​មាន​​​ប្រ​​​សាសន៍​​​ថា “អង្គការ​​​ទាំង​​​នេះ​​​កំពុង​​​គ្រោង​​​រៀប​​​ចំ​​​ការ​​​តវ៉ានៅ​​​ខាង​​​ មុខ​ហាង​​​នានា​​​ របស់​​​ក្រុម​​​ហ៊ុន​​​វ៉លម៉ាតនៅ​​​​​​អាមេរិក និង​​​ហាង​​​មួយនៅ​​​ខាង​​​មុខ​​​ក្រុម​​​ហ៊ុន​​​មេ​​របស់ក្រុម​​​ហ៊ុន​​​ឃីងលែន នៅ​​​ហុង​​​កុង”។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ កម្មករ​​​ប្រហែល​​​៨០​​​នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​ឃីងលែន បាន​​​ដាក់​​​ញត្តិ​​​ទៅ​​​កាន់​​​ស្ថាន​​​ទូត​​​សហ​​​រដ្ឋ​​​អាមេរិក ស្នើ​​​​​​សុំ​​​ឲ្យ​​​សហ​​​រដ្ឋ​​​អាមេរិក អន្ត​​​រា​​​គមន៍​​​ជួស​​​មុខ​​​ឲ្យ​​​ពួកគេ។ តំណាង​​​កម្ម​​​ករ​​​ម្នាក់ឈ្មោះ ថី ផល្លា ​​​បាន​​​និយាយ​​​ថា “យើងគ្មាន​​​ប្រាក់​​​ទិញ​​​អាហារ​​​ឬ​​​បង់ថ្លៃ​​​ជួល​​​ផ្ទះ​​​របស់ពួកយើង​​​​​​ទេ យើង​​​នឹង​​​តវ៉ា​​​រហូត​​​ដល់​​មាន​​​ដំណោះ​​​ស្រាយ”៕ ប្រែ​​​សម្រួល​​​ដោយ​​​ តែម សុខុម​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស