31 C
Phnom Penh

ប្រាសាទ​​បុរាណ​សម័យ​អង្គរ​ ដែល​ទើប​រក​ឃើញ​នឹង​ត្រូវ​​ចុះ​បញ្ជី និង​កំណត់​ក្នុង​ផែន​ទីក្រសួង​វប្បធម៌​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តី​ក្រសួង​​វប្បធម៌​ម្នាក់​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា ​​ប្រាសាទ​បុរាណ​សម័យ​អង្គរ​ចំនួន​១៧​​ដែល​ទើប​បាន​រក​ឃើញ​ដោយ​ក្រុម​មន្រ្តី​​ក្រសួង​ទេស​ចរណ៍​​នៅ​ក្នុង​​ស្រុក​ត្រពាំង​ប្រាសាទ​ក្នុង​​ខេត្ត​ឧត្ត​រមាន​ជ័យ​កាល​ពី​សប្តាហ៍​មុន​នោះ ​​នឹង​ត្រូវ​ចុះ​បញ្ជី​និង​កំណត់​ផែន​ទី​ជា​​ផ្លួវ​ការដោយ​ក្រសួង​វប្បធម៌។

លោក ផាន់ ណាឌី អនុប្រធាន​នាយក​ដ្ឋាន​វប្បធម៌​និង​បេតិកភណ្ឌ​នៃក្រសួង​វប្បធម៌​​​បាន​ថ្លែងថា “ខ្ញុំ​នឹង​ទៅ​ទីនោះ​ជាមួយបុគ្គលិក​មួយ​ក្រុម​ ដើម្ប​ីស្រាវ​ជ្រាវ​អំពី​ប្រាសាទ​ទាំង​នោះ​ ហើយ​បន្ទាប់​មក​យើង​អាច​​​គូសផែន​​ទីនិង​ចុះ​បញ្ជី​ប្រាសាទ​ទាំង​អស់​”  លោកបន្ថែម​ថា គម្រោង​​​ធ្វើទ​ស្សនកិច្ច​ទៅកាន់​​តំបន់​នោះ​អាច​ធ្វើ​ឡើង​​ក្នុង​ខែ​កុម្ភៈ ឬខែមីនា។

លោក ណាឌី បានបន្តថា មាន​តែ​ប្រាសាទ​​ចំនួន​បី​​ប៉ុណ្ណោះ ​ដែល​បាន​ចុះ​បញ្ជីនៅ​​​តំបន់​មាន​គ្រាប់​មីន​កប់ក្នុង​​ដីច្រើន​​​តាមបណ្តោយ​ព្រំ​ដែន​ថៃ។ នគរបាល​ស្រុក​ត្រពាំង​​ប្រាសាទបាន​និយាយ​ថា សំណង់​សម័យ​អង្គរសរុប​​ចំនួន​១៧​ ដែល​គេ​ជឿថា សាងសង់​ឡើង​ក្នុងរវាង​ពី​​សតវត្សរ៍​ទី​១០ ដល់​សតវត្សរ៍​ទី​១៤​​ត្រូវបាន​​​រក​ឃើញ​នៅក្នុង​តំបន់​ព្រៃក្រាស់​តាម​បណ្តោយព្រំ​ដែន​​ថៃ។

ទោះ​ជា​យ៉ាង​ណា​លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ខេត្ត​ឧត្តរមាន​ជ័យបាន​ថ្លែងថា មាន​តែ​សំណង់​​ចំនួន​១១​ប៉ុណ្ណោះ​​ក្នុង​ចំណោម​សំណង់​​ទាំង​១៧នោះ​ ដែល​គេ​គិត​ថា ជា​ប្រាសាទ​ ពី​ព្រោះ​សំណង់​ចំនួន​ប្រាំមួយ​បាន​បាក់​បែក​ខ្ទេច​ខ្ទីអស់​គ្មាន​សល់​។

លោក យឿន មាន​ប្រសាសន៍បន្ត​ទៀត​​ថា “ប្រសិន​បើ​​យ៉ាង​ហោច​ណាស់​វា​រក្សា​នូវ​​​រូប​រាង​ដើម​៦០ភាគរយ​នោះ​ យើង​អាច​និយាយ​បាន​ថា វាគឺ​ជា​ប្រាសាទមួយបាន​​”។

លោក ប៊្រូណូ​ ប្រូហ្គីយើ (Bruno Bruguier) ជា​អ្នក​ជំនាញ​ខាង​ស្ថាបត្យកម្ម​​ប្រវត្តិ​សាស្រ្ត​​ជាតិ​បារំាង​ ដែល​បាន​ខិត​ខំប្រឹង​​ប្រែង​​គូស​ផែនទី​ទី​តាំង​ប្រាសាទ​​សម័យ​អង្គរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាលពីឆ្នាំ​១៩៩៥​ បានមាន​ប្រសាសន៍ថា ក្រុម​អ្នក​ជំនាញ​បាន​ដឹង​ថា នៅ​តំបន់​នោះ​មាន​ប្រាសាទ​ច្រើន​ ប៉ុន្តែ មិនអាច​​មាន​លទ្ធភាពទៅកាន់​ប្រាសាទ​ទាំង​​​នោះ​បាន​ទេ ​ដោយសារ​​តែ​​គ្រាប់​មីន​កប់​ដី​​ច្រើនពេក​។

លោក​បាន​ថ្លែង​តាម​អុីម៉េល​ពី​ប្រទេសបារំាង​ថា “បន្ទាប់​ពី​ការ​ចុះ​បញ្ជី​លើក​ដំបូង​យើង​​មាន​ការ​ខ្វះ​ចន្លោះ​ក្នុង​តំបន់​មួយ​ចំនួន​ដូចជា​ស្រុក​ត្រពាំង​ប្រាសាទ​ជាដើម​” ​លោក​បន្ថែមថា ប្រាសាទដែល​ទើប​រក​ឃើញ​​ថ្មី​ៗ​នេះ​បាន​បន្ថែម​ទៅ​លើ​អ្វី​ ដែលក្រុម​អ្នក​ជំនាញ​​​សង្ឃឹម​ថា នៅ​តំបន់​នោះ​មាន​ប្រាសាទច្រើន​។ លោក ណាឌី ថ្លែងថា បន្ទាប់​ពី

លោក​ទៅ​មើល​ប្រាសាទ​ទាំង​នោះ​ និង​​​​ស្ទង់​ពីស្ថាន​ភាព​របស់​វា​ លោកនឹង​ធ្វើ​របាយ​ការណ៍​ជូន​​ក្រសួង​ទេសចរណ៍​​ ​អំពី​​ដើម្បី​ប្រែក្លាយ​តំបន់នេះ​ឲ្យ​ទៅ​ជា​​តំបន់​ទេស​ចរណ៍។ លោកថ្លែង​បន្តថា “ដើម្បី​ចូល​ទៅ​កាន់​ប្រាសាទ​ទំាង​នោះ​បាន ​យើង​ត្រូវ​ធ្វើការ​ជា​ច្រើន​ដូចជា សាងសង់​ផ្លូវ​ និង​បោស​សម្អាត​មីននៅ​តំបន់​នោះ”។

លោក ហេង រតនា អគ្គនាយកមជ្ឈ​មណ្ឌល​សកម្មភាព​បោស​សម្អាតមីនបានថ្លែងថា មណ្ឌល​សកម្មភាព​បោស​សម្អាតមីន​​​បាន​បោសសម្អាត​​មីន​តំបន់អទិភាព​​នៅ​ជុំវិញ​ភូមិ​​នានា​នៅ​ក្នុង​​ស្រុក​ត្រពាំង​ប្រាសាទ​ ​ប៉ុន្តែ តំបន់​នោះ​ភាគ​ច្រើននៅតែមាន​គ្រាប់​មីន​នៅ​ឡើយ។

លោក រតនា មាន​ប្រសាសន៍បន្តថា “នៅ​តំបន់នោះ​មាន​គ្រាប់​មីន​ច្រើន​ណាស់​ដោយ​សារ​តំបន់​នោះ​នៅ​ជិត​ផ្ទះ​របស់​តាម៉ុក​ ដូច្នេះ​ការ​ប្រយុទ្ធ​គ្នា​​មាន​រយៈ​ពេល​យូរ​និង​​​បាន​ដាក់​គ្រាប់​មីន​កប់​ក្នុង​ដី​យ៉ាង​ច្រើន​។ ប្រសិន​បើ​យើង​ទទួលបាន​សំណើ​ពី​រដ្ឋាភិបាល ​យើង ​នឹង​បែងចែក​កម្លាំង​របស់​យើង​មួយ​ចំនួន​ ដើម្បី​ធ្វើការបោស​សម្អាត​មីន​នៅ​តំបន់​ប្រាសាទ​​ទាំងនោះ៕ (រាយការ​ណ៍បន្ថែមដោយ ជិន ច័ន្ទ)

ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស