ស្រុកកំពង់ត្រាច ខេត្តកំពត-នៅពេលភ្លើងបានឆាបឆេះខ្លួន អ្នកស្រី សូ ផន បានរត់ចេញពីផ្ទះដ៏តូចមួយរបស់គាត់ នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដោយស្រែកយ៉ាងខ្លាំង។
ស្ត្រីអាយុ៦០ឆ្នាំរូបនេះ និយាយរៀបរាប់រឿងរ៉ាវឡើងវិញពីការស្រែកខ្លាំងៗរបស់ខ្លួននៅពេលអ្នកយកព័ត៌មានបានទៅជួបអ្នកស្រី នៅផ្ទះរបស់គាត់ កាលពីសប្ដាហ៍មុនថា “ជួយខ្ញុំផង ជួយខ្ញុំផង ភ្លើងឆេះខ្ញុំហើយ”។
ខ្លួនប្រាណរបស់អ្នកស្រី សូ ផន ប្រហែល៥០ភាគរយត្រូវភ្លើងឆេះយ៉ាងខ្លាំងកាលពីខែមេសា ដោយផ្នែកខាងលើនៃដងខ្លួន មុខ និងត្រចៀករបស់អ្នកស្រី សុទ្ធតែមានស្នាមរលាកយ៉ាងខ្លាំង។ ដោយសព្វថ្ងៃកំពុងរស់នៅតែម្នាក់ឯងជាមួយកូនៗប្រាំនាក់របស់
ខ្លួនអ្នកស្រី សូ ផន បានយកក្រមាគ្របខ្លួនប្រាណដែលរលាករបស់អ្នកស្រី។ នៅលើទ្រូងរបស់អ្នកស្រី នៅតែឃើញមានស្នាមរបួសនៅឡើយ។
អ្នកស្រី សូ ផន គឺជាជនរងគ្រោះម្នាក់ ដែលត្រូវប្ដីរបស់ខ្លួនឈ្មោះ ម៉ឹង ស៊ីន អាយុ៥០ឆ្នាំ ដែលជាទាហាននៅក្នុងតំបន់នោះ វាយធ្វើបាបយ៉ាងព្រៃផ្សៃ។ នៅថ្ងៃកើតមានអំពើហិង្សានោះ លោក ម៉ឹង ស៊ីន បានឲ្យកូនប្រុសម្នាក់ ក្នុងចំណោមកូនប្រុសរបស់ខ្លួនទាំងអស់ ទៅទិញប្រេងសាំងមួយដប។ នៅពេលជម្លោះពាក្យសម្ដីបានផ្ទុះឡើងជាមួយនឹងប្រពន្ធរបស់ខ្លួន គាត់បានយកប្រេងសាំងមួយដបនោះ ស្រោចលើប្រពន្ធរបស់គាត់ហើយបន្ទាប់មកបានយកដែកកេះអុជឲ្យឆេះតែម្ដង។
អ្នកស្រី សូ ផន និយាយថា “ខ្ញុំបានព្យាយាមរត់គេច។ ខ្ញុំដឹងថា គាត់ចង់ដុតខ្ញុំ ប៉ុន្ដែ គាត់បានប់ខ្ញុំជាប់ ហេតុដូច្នេះខ្ញុំមិនអាចរត់គេចបានឡើយ។ បន្ទាប់មកខ្ញុំមានអារម្មណ៍ថា សាច់របស់ខ្ញុំបានជ្រុះចេញពីរាងកាយរបស់ខ្ញុំ”។
ករណីរបស់អ្នកស្រី សូ ផន គឺជាឧទាហរណ៍មួយនៃការប្រើអំពើហិង្សាក្នុងគ្រួសារ ដែលស្ត្រីរាប់ពាន់នាក់ក្នុងប្រទេសកម្ពុជាបានជួបប្រទះ។ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍អស់រយៈពេលជាង២០ឆ្នាំមក អ្នកស្រី សូ ផន បាននិយាយថា អំពើហិង្សាកាលពីឆ្នាំមុន គឺជាការបញ្ចប់ការរំលោភបំពានជាពាក្យសម្តីនិងរាងកាយអស់រយៈពេលយ៉ាងយូរពីសំណាក់ប្ដីរបស់អ្នកស្រី។
ដោយបង្ហាញឲ្យឃើញពីកង្វះនៃការយល់ដឹងជាសាធារណៈជុំវិញការប្រើអំពើហិង្សាបែបនេះ លោក ម៉ឹង ស៊ីន នៅតែរួចខ្លួន។
សកម្មជនតស៊ូមតិសម្រាប់ស្ត្រី បានលើកឡើងថា ស្ត្រីជាច្រើនក្នុងប្រទេសកម្ពុជាមិនអាចនិយាយអ្វីបានទេ នៅពេលមានអំពើហិង្សាក្នុងគ្រួសារកើតឡើង ពីព្រោះពួកគាត់ពឹងផ្អែកលើប្តីរបស់ខ្លួនរកស៊ីចិញ្ចឹម ក៏ដូចជាកង្វះការចាត់វិធានការពីអាជ្ញាធរមូលដ្ឋានផងដែរ។
កាលពីឆ្នាំ២០១២ អង្គការសិទ្ធិមនុស្សលីកាដូ បានជួយស្ត្រីចំនួន៣០៤នាក់ ដែលធ្លាប់មានអំពើហិង្សាក្នុងគ្រួសារ និងបង្ហាញថាមានស្ត្រីចំនួនបួននាក់ត្រូវប្ដីរបស់ខ្លួនសម្លាប់។
ការសិក្សាមួយ ចេញកាលពីឆ្នាំ២០០៩ ដោយក្រសួងកិច្ចការនារីបានរកឃើញថា មានស្ត្រីយ៉ាងហោចណាស់៤០ភាគរយ បានជួបប្រទះអំពើហិង្សាក្នុងគ្រួសារ ឬក៏បានស្គាល់អ្នកណា ដែលជួបប្រទះអំពើហិង្សាក្នុងគ្រួសារ ដូចជាត្រូវប្ដីរបស់ខ្លួនវាយដំ ទះកំផ្លៀង ទាត់ធាក់ឬដាល់។ ហើយស្ត្រី២០ភាគរយ ក្នុងចំណោមស្ត្រីជាង៣.០០០នាក់ ដែលត្រូវបានសម្ភាស បាននិយាយថា ត្រូវប្ដីរបស់ខ្លួនចាប់ចង ហើយវាយដំ រីឯ៧ភាគរយទៀតបាននិយាយថា ខ្លួនត្រូវប្ដីចាប់ច្របាច់ក និងដុត ឬក៏បានស្គាល់មនុស្ស ដែលធ្លាប់ជួបប្រទះការប្រើអំពើហិង្សាបែបនេះ។
លោកស្រី មូរ សុខហួរ សមាជិកសភាមកពីប្រឆាំង គឺគណបក្ស សម រង្ស៊ី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ បានមានប្រសាសន៍ថា “ស្ត្រី ដែលស្ថិតក្នុងភាពក្រីក្រ ត្រូវប្ដីរបស់ខ្លួនគាបសង្កត់មិនឲ្យចេញទៅណាឡើយ”។
លោកស្រីបានបន្ថែមថា “ កន្លែងណាក៏ដូចកន្លែងណាដែរនៅក្នុងពិភពលោក អំពើហិង្សាក្នុងគ្រួសារ គឺជាបញ្ហាសង្គមមួយ និងកេើតចេញពីកត្តាជាច្រើន។អ្វីដែលធ្ងន់នោះ គឺថា មាននិទណ្ឌភាពច្រើននៅក្នុងប្រទេសកម្ពុជា”។
លោកស្រីបានបន្ដថា “ដើម្បីដោះស្រាយបញ្ហានេះ ដំបូងត្រូវតែមានប្រព័ន្ធយុត្តិធម៌ជាមុនសិន បន្ទាប់មកព័ត៌មាន និងការអប់រំបានដើរតួនាទីយ៉ាងសំខាន់ ហើយព័ត៌មានត្រូវ តែផ្ដល់ទៅឲ្យស្ត្រី ដូចជាការយល់ដឹងអំពីច្បាប់ឬក៏របៀបទប់ស្កាត់អំពើហិង្សា”។
ដូចស្ត្រីជាច្រើនទៀត ដែលទទួលរងអំពើហិង្សាក្នុងគ្រួសារ នៅក្នុងប្រទេសកម្ពុជាអ្នកស្រី សូ ផន មិនហ៊ាននិយាយអ្វីនោះទេ បន្ទាប់ពីប្ដីរបស់អ្នកស្រីបានវាយធ្វើបាប ហើយនេះគឺជាបញ្ហាមួយដែលក្រុមអ្នកការពារសិទ្ធិស្ត្រី បានលើកឡើងថា ដោយសារតែខ្លាចមានឈ្មោះមិនល្អនៅក្នុងសង្គម និងការភ័យពីការធ្វើទុក្ខទោសពីជនល្មើសដែលមានចរិតហិង្សាបែបនេះ។
អ្នកភូមិមួយចំនួន ដែលរស់នៅជិតឃុំបឹងសាលាខាងជើង បាននិយាយថា ពួកគេស្ទើរតែមិនបានដឹងអំពីអំពើហិង្សា ដែលកើតឡើងចំពោះអ្នកស្រី សូ ផន ទេក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
លោក ច័ន្ទ សាម៉ន មេឃុំបឹងសាលាខាងជើង បានមានប្រសាសន៍ថា “អំពើហិង្សានេះទំនងជាកើតមានជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្ដែ យើងមិនបានដឹងអំពីបញ្ហានេះឡើយ”។
លោកបានបន្ថែមថា គ្មាននរណានឹកស្មានថា លោក ម៉ឹង ស៊ីន បានវាយធ្វើបាបប្រពន្ធរបស់ខ្លួនដល់ថ្នាក់នេះទេ រហូតទាល់តែគេបានឃើញអ្នកស្រី សូ ផន រត់ចេញពីផ្ទះរបស់ខ្លួនទាំងភ្លើងឆេះខ្លួនប្រាណ និងស្រែកឲ្យគេជួយទើបយើងដឹង”។ លោកបានបន្ដទៀតថា “គាត់ គឺជាបុរសដ៏ល្អម្នាក់ រាក់ទាក់ និងសុភាពរាបសា អ្នកភូមិគ្រប់ៗគ្នាចូលចិត្តគាត់”។
នៅពេលសួរថា តើហេតុអ្វីបានជាមិនមានការចាប់ខ្លួននៅក្នុងករណីនេះ លោក រ័ត្ន សំអាង នាយការិយាល័យព្រហ្មទណ្ឌស្រុកកំពង់ត្រាច បានឆ្លើយតបថា មកពីជនរងគ្រោះ មិនបានដាក់ពាក្យបណ្ដឹង។
លោកបានមានប្រសាសន៍ថា “យើងបានទទួលដំណឹងអំពីករណីនេះ ហើយយើងបានទៅកន្លែងកើតហេតុ ដើម្បីសួរនាំ។ ប៉ុន្ដែ យើងមិនបានចាប់ខ្លួននរណាម្នាក់ឡើយ ពីព្រោះក្រុមគ្រួសារនេះ មិនបានមកដាក់ពាក្យបណ្ដឹងនោះទេ។ បញ្ហាជាក់ស្ដែងនោះ គឺថា ប្ដីរបស់អ្នកស្រី សូ ផន មានបញ្ហាផ្លូវចិត្ត ហើយគាត់ក៏ទទួលរងរបួសដែរ។ ប្រសិនបើគាត់មិនមានបញ្ហាផ្លូវចិត្តទេ យើងចាប់គាត់ទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ទៅហើយ”។
លោកបានពន្យល់ថា លោក ម៉ឹង ស៊ីន ក៏ទទួលរងការរលាកយ៉ាងធ្ងន់ នៅលើដៃនិងផ្នែកខាងលើនៃខ្លួនប្រាណដែរ បន្ទាប់ពីគាត់បានដុតប្រពន្ធរបស់គាត់។
លោក រ័ត្ន សំអាង មានប្រសាសន៍បន្តថា “ជួនកាល ប្រសិនបើមានបញ្ហាក្នុងគ្រួសារបន្តិចបន្តួចដូចជាពេលប្តីស្រវឹងស្រា ហើយបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរបស់ខ្លួននោះ ពួកគេបានទៅប្តឹងអាជ្ញាធរមូលដ្ឋាន ហើយយើងបានអប់រំពួកគេ។
ជួនកាលប្រពន្ធបានត្រឡប់មកវិញហើយសុំឲ្យយើងដោះលែងប្តីរបស់ពួកគេទៅវិញ ពីព្រោះពួកគេជាប្តីប្រពន្ធនឹងគ្នា ព្រមទាំងមានកូនទៀតផងហើយពួកគេត្រូវការប្តីដើម្បីជួយរកប្រាក់ចិញ្ចឹមពួកគេ។យើងបានអប់រំពួកគេ ហើយខ្ញុំគិតថា វាមានប្រសិទ្ធភាព”។
ដើម្បីលើកម្ពស់ការយល់ដឹងពីអំពើហិង្សាក្នុងគ្រួសារ ក្រុមសកម្មជនការពារសិទ្ធិស្ត្រីបានបង្កើតគម្រោងជាច្រើនដូចជា យុទ្ធនាការបូពណ៌ស ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិដើម្បីអប់រំក្រុមបុរសនៅទូទាំងប្រទេសអំពីសិទ្ធិស្ត្រី។យុទ្ធនាការដោយឡែកមួយទៀតគឺយុទ្ធនាការ “បុរសល្អ” ដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលអាឡឺម៉ង់និងរដ្ឋាភិបាលអេស្ប៉ាញ និងបានផ្សាយតាមកញ្ចក់ទូរទស្សន៍នៅទូទាំងប្រទេសក្នុងគោលបំណងប្រាប់បុរសឲ្យគោរពស្រ្តីស្មើគ្នានឹងបុរសដែរ។
លោក ស្តេហ្វាណូ ប្រ៊ីហ្គោនី(Stefano Brigoni) តំណាងប្រចាំប្រទេសរបស់អង្គការក្រៅរដ្ឋាភិបាលអេស្ប៉ាញ គឺអង្គការ ប៉ាស អ៊ី ឌីសារូលឡូ (Paz Y Desarrollo)ដែលបានជួយសម្របសម្រួល ក្នុងកម្មវិធី “យុទ្ធនាការបុរសល្អ” នោះមានប្រសាសន៍ថា “ នៅក្នុងរយៈពេលមួយឆ្នាំឬ ពីរឆ្នាំអ្នកអាចធ្វើការកែរប្រែអាកប្បកិរិយាជាទូទៅបានប៉ុន្តែដើម្បីឲ្យមនុស្សផ្លាស់ប្តូរទម្លាប់របស់ខ្លួននោះ យើងត្រូវការពេលវេលាយូរជាងនេះទៀត”។
លោកបន្ថែមថាស្រ្តីជាច្រើនដែលបានរងការរំលោភបំពានជាពិសេសម្តាយក្រីក្រនិងមិនមានការអប់រំនោះ ជាទូទៅមានអារម្ភថាពួកគេមិនមានជម្រើសឡើយប៉ុន្តែត្រូវនៅស្ងៀមដោយសារខ្វះប្រភពហិរញ្ញវត្ថុ។
លោកស្រី ហ្វ្រីយ៉ា ឡាសែន (Freya Larsen) អ្នកប្រឹក្សាយោបល់ប្រចាំអង្គការស្ត្រីសហប្រជាជាតិ (U.N. Women) មានប្រសាសន៍ថា “ វាមានសារៈសំខាន់ ក្នុងការចងចាំថា ចំនួនករណីដែលបានរបាយការណ៍ទាក់ទងអំពើហិង្សាក្នុងគ្រួសារនោះមិនអាចប្រាប់យើងថា
មានស្ត្រីប៉ុន្មាននាក់ ដែលធ្លាប់ទទួលរងគ្រោះ
ដោយអំពើហិង្សានោះឡើយ។ ប្រភពដែល
អាចជឿទុកចិត្តបានដើម្បីបញ្ជាក់អំពីបញ្ហានេះចាំបាច់ត្រូវតែធ្វើការសិក្សា”។
អ្នកស្រីបានមានប្រសាសន៍បន្តថា “ការសម្រេចចិត្តថា តើត្រូវចាកចេញពីដៃគូ ដែលប្រើហិង្សាឬអត់នោះ គឺជាការស្មុគស្មាញនិងពិបាកសម្រេចខ្លាំងណាស់សម្រាប់ស្ត្រីភាគច្រើន”។
យោងតាមអ្នកស្រី សៅ ចាន់ថន អ្នកសម្របសម្រួលប្រចាំអង្គការលីកាដូមានប្រសាសន៍ថា ស្ត្រីដែលរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារច្រើនតែមិនអត់ឱនឲ្យប្តីរបស់ខ្លួន ហើយពួកគេប្តឹងទៅអាជ្ញាធរមូលដ្ឋាន។
អ្នកស្រីមានប្រសាសន៍បន្តថា “ប្រសិនបើជនរងគ្រោះមានបំណងចង់ប្តឹងយើងអាចជួយពួកគាត់ដាក់ពាក្យបណ្តឹងបាន។ ប៉ុន្តែ ភាគច្រើនបំផុតពួកគេបានជ្រើសរើសយកការសម្របសម្រួល និងផ្សះផ្សាជាមួយប្តីរបស់ពួកគាត់វិញ”។
ដើម្បីលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ កាលពីឆ្នាំ២០០៥ រដ្ឋាភិបាលបានអនុម័ត “ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងការពារជនរងគ្រោះ”។ ប៉ុន្តែ ច្បាប់នោះទទួលរងនូវការរិះគន់យ៉ាងច្រើនពីសំណាក់ ក្រុមអង្គការសិទ្ធិមនុស្សនានាដោយសារច្បាប់នោះធ្វើឲ្យមានលេសនិងចន្លោះប្រហោងសម្រាប់ជនល្មើលប្រព្រឹត្តអំពើហិង្សាលើស្ត្រី។
ច្បាប់នោះចែងថា “មិនរាប់ថាជាការប្រើអំពើហិង្សាឬសកម្មភាពហិង្សាក្នុងគ្រួសារទេ រាល់ការប្រៀនប្រដៅដោយផ្តល់ដំបូន្មាន ឬធ្វើការដាស់តឿនក្រើនរំលឹកឬចាត់វិធានការសមស្របដើម្បីឲ្យសហព័ទ្ធ ឬកូន ឬអ្នកនៅក្នុងបន្ទុកដើរក្នុងផ្លូវល្អតាមលក្ខណៈរស់នៅថ្លៃថ្នូរ”។
លោក សាម៉ន ប្រធានឃុំក្នុងស្រុកកំពង់ត្រាច មានប្រសាសន៍ថា ពាក្យបណ្តឹងភាគច្រើនដែលប្តឹងប្តីប្រព្រឹត្តអំពើហិង្សា ហើយជាលទ្ធផលយើងបានពិភាក្សា ហើយយើងបានប្រាប់បុរសនោះឲ្យប្រព្រឹត្តឲ្យបានត្រឹមត្រូវនិងដោះស្រាយបញ្ហាដោយសន្តិវិធី។
លោកបានមានប្រសាសន៍បន្តថា “មានគ្រួសារជាច្រើន ដែលប្រើអំពើហិង្សា ហើយ ពួកគេបានមករកខ្ញុំឲ្យជួយ។ជាទូទៅខ្ញុំប្រាប់ពួកគេថាត្រូវរស់នៅជាមួយគ្នាដោយសុខសប្បាយ។ជួនកាលវាមានប្រសិទ្ធភាពជួនកាលទៀតវាមិនមានប្រសិទ្ធភាពទេ។
លោក សាម៉ន បាននិយាយថា ដូចជាក្នុងករណីរបស់អ្នកស្រី សូ ផន ប្តីរបស់គាត់បានបន្តធ្វើបាបគាត់បន្ទាប់ពីគាត់ចេញពីមន្ទីរពេទ្យដោយនៅមានរបួសរលាកធ្ងន់ធ្ងរ។បន្ទាប់ពីជនរងគ្រោះបានមកដល់ផ្ទះលោក ស៊ីន បានបន្តឈ្លោះប្រកែកជាមួយគាត់ហើយថែមទាំងប៉ុនប៉ងរំលោភគាត់និងកូនស្រីគាត់ទៀតផង។
លោក សាម៉ន បានមានប្រសាសន៍បន្តថា “គ្រួសារស្រ្តីនេះខឹងខ្លាំងណាស់ ហើយពួកគេចង់ឲ្យនគរបាលចាប់ខ្លួនគាត់ ប៉ុន្តែ ខ្ញុំបានប្រាប់ពួកគេថា គួរតែកុំចាប់គាត់អី”។
ក្រោយមកលោក សាម៉ន បានបញ្ជាឲ្យលោក ស៊ីន ចាកចេញពីផ្ទះហើយទៅរស់នៅជាមួយឪពុកម្តាយរបស់គាត់ នៅក្បែរនោះ។ ស្ត្រីទាំងនោះបានមករកខ្ញុំហើយប្រាប់ខ្ញុំថា គាត់មិនអាចរស់នៅជាមួយប្តីរបស់បានទៀតទេ។គាត់និយាយថាប្តីរបស់គាត់បានប៉ុនប៉ងរំលោភគាត់ និងកូនស្រីរបស់គាត់ផងដែរ។
ដូច្នេះខ្ញុំបានបញ្ជាឲ្យគាត់ត្រឡប់ទៅផ្ទះឪពុកម្តាយរបស់គាត់វិញ កាលពីខែមុន។
បច្ចុប្បន្ននេះ លោក ស៊ីន បានរស់នៅឃ្លាត
ពីផ្ទះរបស់ប្រពន្ធគាត់និងកូនៗរបស់គាត់ក្នុងចម្ងាយផ្លូវដើរតែ២នាទីប៉ុណ្ណោះ។
លោកបានថ្លែងបន្តថា “ គ្រួសារនេះចង់ប្តឹង ប៉ុន្តែ មិនប្តឹងទេ ដោយសារពួកគេក្រីក្រហើយពឹងលើចំណូលរបស់លោក ស៊ីន។ ក្រៅពីនោះតើមានអ្វីល្អទៅប្រសិនគាត់នៅក្នុងគុកនោះ”។
អ្នកស្រី សូ ផន ដែលអង្គុយបក់រុយមិនឲ្យរោមដំបៅរបស់គាត់ដោយប្រើអំបោសតូចមួយ បាននិយាយថា គាត់ពិតជាឆ្ងល់ណាស់ ហេតុអ្វីបានជាទីបំផុតគាត់បានត្រឡប់មករស់នៅជាមួយប្តីរបស់គាត់វិញ បន្ទាប់ពីចេញមន្ទីរពេទ្យ។
អ្នកស្រីនិយាយបន្តថា “បន្ទាប់ពីយើងបានចេញពីមន្ទីរពេទ្យខ្ញុំមិនដឹងថា ហេតុអ្វីបានជាគាត់នៅតែចង់និយាយជាមួយខ្ញុំ។
ខ្ញុំបានប្រាប់ឲ្យគាត់ចាកចេញ ប៉ុន្តែ គាត់អាក្រក់ណាស់ហើយធ្វើមិនដឹងមិនឮ គាត់មិនចាកចេញឡើយ។ ខ្ញុំចង់ឲ្យគាត់ចាកចេញ ប៉ុន្តែ តែងតែគិតថា គាត់អាចផ្លាស់ប្តូរ ហើយរស់នៅប្រសើរជាងនេះ។ ប៉ុន្តែ បច្ចុប្បន្ននេះខ្ញុំមិនខ្វល់ទេ។ ខ្ញុំមិនខ្មាស់គេទេ បើខ្ញុំមិនមានប្តីពីព្រោះគាត់បានដុតខ្ញុំទាំងរស់៕ ស៊ា ស៊ុយឈាង
និង ឃិន ណៃ