27 C
Phnom Penh

លោក ហ៊ុន សែន សុំឲ្យ​ក្រសួង​រៀប​ចំ​បេក្ខ​ជន​អភិ​បាល​​អាណត្តិថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ​បាន​​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​​ រៀប​ចំ​បញ្ជី​ឈ្មោះ​បេក្ខ​ជន​សម្រាប់ស្នង​តំណែង​​អភិបាលខេត្ត​ក្រុង​​ដែល​បាន​បម្រើ​ការ​ងារ​អស់​រយៈពេល​ពីរ​អាណត្តិ​មក​ហើយ ឬក៏​មាន​អាយុ​៦០​ឆ្នាំ​ដែល​ត្រូវ​ចូល​និវត្ត។

លោក ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​មាន​ប្រសាសន៍ថា នៅ​ឯ​កិច្ច​ប្រជុំ​​គណៈរដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ ​​លោក​ ហ៊ុន សែន ​ថ្លែង​ថា បេក្ខ​ជនថ្មី​​ត្រូវ​តែ​ជ្រើស​រើស​មុន​ពេល​បោះ​ឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា។​

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា “ទី១[សម្តេច​ ហ៊ុន សែន]​ បាន​រំឭក​ដល់​មន្ត្រី​ថា ពួកគាត់​នឹង​ត្រូវ​ចូល​និវត្ត។ ​ទី២ ត្រូវ​រៀប​ចំ​បេក្ខ​ជន​ថ្មី​សម្រាប់​អាណត្តិ​​ក្រោយ”។​

លោក កែប​ ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ក៏​ស្ថិត​ក្នុង​ចំណោម​អភិបាល​​ខេត្ត​ក្រុង​ទាំង​ប្រាំ​រូប​ដែល​លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ក្នុង​សុន្ទរ​កថា​របស់​លោក​កាល​ពី​ឆ្នាំ​២០១១​ថាលោក​ដល់​អាយុ​​ចូល​និវត្ត​ហើយ។​

ចំណែក​អភិបាល​ខេត្ត​ក្រុង​​ដទៃ​ទៀត​រួម​មាន​លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប លោក ឈុន ស៊ីរុន អភិបាល​ខេត្តកណ្ដាល លោក ឈន់ ឈន អភិបាល​ខេត្តកំពង់​ធំ និង​ លោក​ ឡូយ សុផាត អភិបាល​ខេត្ត​ស្ទឹង​ត្រែង។​ ពេល

​នោះ លោក ហ៊ុន សែន​ បាន​ស្នើឲ្យ​អភិ​បាល​​​ខេត្ត​ក្រុង​ទាំង​ប្រាំ​រូប​កាន់​តំណែង​របស់​ខ្លួន​រហូត​ដល់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​នេះ​។​

លោក សក់ សេដ្ឋា រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​បាន​មានប្រសាសន៍​ថា ការិយា​ល័យ​របស់​លោក​កំពុង​រៀប​ចំ​បញ្ជីឈ្មោះ​អភិបាល​ខេត្ត​ក្រុង​​ថ្មី​ ​ប៉ុន្តែ​​លោក​​បាន​មានប្រសាសន៍​ថាលោក​មិន​​ដឹង​ថា តើ​មាន​អភិបាល​ខេត្ត​ក្រុង​​ប៉ុន្មាន​រូប​​ត្រូវ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ឆ្នាំ​នេះទេ។​

លោក សក់ សេដ្ឋា បាន​មាន​ប្រសាសន៍​ថា “រដ្ឋា​ភិបាល​នឹង​ជ្រើស​រើស​អ្នក​ស្នង​តំណែង​ថ្មី​ដោយ​ផ្អែកលើ​អាយុ តួនាទី​ បទពិសោធ​ការ​ងារ​ និង​កម្រិត​វប្បធម៌”។​​

អាយុ​ចូល​និវត្ត​ន៍ត្រូវ​បាន​អនុវត្ត​ចំពោះ​មន្ត្រី​រាជការ​​ដែល​មិន​ត្រូវ​​បាន​​បោះ​ឆ្នោត​ជ្រើស​រើស​​ ទោះ​បី​ជា​មន្ត្រី​ជាន់​ខ្ពស់​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​មួយ​ចំនួន​បាន​បន្ដ​កាន់​តំណែង​​ក្នុង​បក្ស​លើស​ពី​អាយុ​៦០​ឆ្នាំ​ក៏​ដោយ។​

លោក​ ឡូយ សុផាត ​ដែល​បាន​បម្រើ​ការ​ងារ​ក្នុង​អាណត្តិ​ទី​៣​របស់​លោក​ជា​អភិបាល​ខេត្ត​ស្ទឹង​ត្រែង ​ហើយ​ដែល​ពី​មុន​ធ្លាប់​ជា​អភិបាល​ខេត្ត​ស្វាយ​រៀង និង​ អភិបាល​ខេត្ត​ក្រចេះ​នោះ​ បាន​មាន​ប្រសាសន៍​ថា លោក​ក៏​បាន​ដឹង​អំពី​ការ​ចូល​និវត្ត​នេះ​ដែរ។

លោកបាន​មានប្រសាសន៍ថា “ខ្ញុំ​ដល់​អាយុ​ចូល​និវត្ត​ហើយ ប៉ុន្ដែ​សម្ដេច​ [ហ៊ុន សែន]​បាន​សុំ​ឲ្យ​ខ្ញុំ​បន្ដ​កាន់​តំណែង​របស់​ខ្ញុំ​ឲ្យ​ចប់​អាណត្តិសិន។ ពេល​នេះ​ខ្ញុំ​អាយុ​៦៤​ឆ្នាំ​ហើយ”។​​ លោក​បន្ថែម​ថា លោក​មិន​ដឹង​ថា តើ​រដ្ឋា​ភិបាល​នឹង​ឲ្យ​លោក​បន្ដ​តំណែង​សម្រាប់​អាណត្តិ​ក្រោយ​ឬ​យ៉ាងណា​នោះ​ទេ។

​លោក កែប ជុ​តិ​មា ​មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​បាន​ទេ កាល​ពីម្សិល​មិញ៕ហម សុផាណ្ណា

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស