យោងតាមសមាជិកមជ្ឈត្តការម្នាក់ បានលើកឡើងកាលពីម្សិលមិញថា រយៈពេលជាងពីរឆ្នាំបន្ទាប់ពីក្រសួងពាណិជ្ជកម្មបានបង្កើតឡើងជាផ្លូវការរួចមក មជ្ឈម ណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានាយក ហើយនឹងឈានទៅបោះឆ្នោតជ្រើសរើសប្រធានដំបូងរបស់ខ្លួននៅថ្ងៃពុធ នេះ។
មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ជាស្ថាប័នសម្រាប់ដោះស្រាយវិវាទផ្នែកពាណិជ្ជកម្ម ដែលត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជម្រើសផ្សេងដល់សហគ្រាសនានាឲ្យចៀសផុតពីប្រព័ន្ធតុលាការដ៏ពុករលួយនៅកម្ពុជានោះ ត្រូវបានបង្កើតឡើង កាលពីខែសីហា ឆ្នាំ២០១០ ដោយសង្ឃឹមថា ស្ថាប័ននេះអាចទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។
លោក ប៉ា ងួនគា សមាជិកក្រុមប្រឹក្សានាយកមួយរូប ដែលទើបជាប់ឆ្នោតថ្មីៗ និងជាមេធាវីហាត់ការ បានមានប្រសាសន៍ថា កាលពីថ្ងៃទី៩ ខែមករា មហាសន្និបាតរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម បានជ្រើសរើសបុគ្គលចំនួនប្រាំពីររូបឲ្យកាន់មុខតំណែងក្នុងក្រុមប្រឹក្សានាយក របស់ស្ថាប័ននេះ។ នៅថ្ងៃពុធ ក្រុមប្រឹក្សានាយក នឹងបោះឆ្នោតជ្រើសរើសមន្ត្រីបីរូបបន្ថែមទៀត ហើយនៅពេលបោះឆ្នោតជ្រើសរើសរួច ស្ថាប័នមួយនេះនឹងស្ថិតនៅដោយឯករាជ្យពីក្រសួងពាណិជ្ជកម្ម ហើយអាចទទួលយករឿងក្តីមកដោះស្រាយដោយខ្លួនឯងបាន។
លោក ប៉ា ងួនគា បានមានប្រសាសន៍ថា “បន្ទាប់ពីយើងបោះឆ្នោតជ្រើសរើសប្រធានអនុប្រធាន និងនាយកផ្នែកហិរញ្ញវត្ថុរួច វា[មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម] នឹងផ្ដាច់ខ្លួនចេញពីក្រសួង”។
លោកបានមានប្រសាសន៍ថា បច្ចុប្បន្ន នេះ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម មានសមាជិកសរុបចំនួន៥៣រូប ប៉ុន្តែសមាជិក៤៣រូប ដែលជាមេធាវី និងអ្នកជំនាញមកពីឧស្សាហកម្មផ្សេងៗ មានសិទ្ធិបោះឆ្នោត ចំណែកឯសមាជិក១០រូបទៀតមកពីវិស័យឯកជនមិនមានសិទ្ធិបោះឆ្នោតទេ។
លោក ប៉ា ងួនគា បានមានប្រសាសន៍ថា “ពួកគេមកពីវិស័យផ្សេងៗ ដូចជាក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម និងមួយចំនួនទៀតជាអ្នករៀនចប់ផ្នែកបរិញ្ញាបត្រវិស្វកម្ម ជាគ្រូបង្រៀន និងមួយចំនួនទៀតមកពីវិស័យសុខាភិបាល”។ លោកបានបន្ថែមថា មាន២៨រូបក្នុងចំណោមសមាជិកបោះឆ្នោត គឺជាមេធាវី។
កាលពីខែតុលា ឆ្នាំ២០១១ ក្រសួងពាណិជ្ជកម្មបានចេញផ្សាយបញ្ជីឈ្មោះមជ្ឈត្តករ៤៤រូប ដើម្បីបង្កើត មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការពិភាក្សាដេញដោលរាប់ខែរវាងរដ្ឋាភិបាល និងបេក្ខជនមជ្ឈត្តករ ដែលបានបដិសេធមិនព្រមចូលរួមការប្រឡង ដើម្បីបង្ហាញពីសមត្ថភាពជំនាញរបស់ពួកគេ រហូតទាល់តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឲ្យពួកគេប្រឡង។
លោក ផន បញ្ញា ជាសមាជិកក្រុមប្រឹក្សានាយកមួយរូបទៀត បានមានប្រសាន៍ថា មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម នឹងបម្រើផលប្រយោជន៍ដល់វិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស ដែលចង់ចៀសវាងការដោះស្រាយវិវាទផ្នែកពាណិជ្ជកម្មតាមរយៈប្រព័ន្ធតុលាការ ដ៏ពុករលួយ នៅក្នុងប្រទេសកម្ពុជា។
លោកមានប្រសាសន៍ទៀតថា “ពួកគេ [វិនិយោគិន] មិនចង់ដោះស្រាយជម្លោះរបស់ខ្លួន ដោយប្រើប្រាស់ប្រព័ន្្ធតុលាការទេពីព្រោះនីតិវិធីរបស់ [តុលាការ] មានភាពស្មុគស្មាញ គ្មានតម្លាភាព និងតែងតែលម្អៀង។ ពាណិជ្ជករមិនចង់ដោះស្រាយវិវាទដោយប្រើប្រាស់ប្រព័ន្ធតុលាការទេ ពួកគេចង់ដោះស្រាយវិវាទតាមរយៈមជ្ឈត្តការ ដែលអាចរក្សាការសម្ងាត់ ហើយមិនលាក់លៀមក្នុងការចំណាយលើសេវាផ្លូវច្បាប់”។
ថ្វីបើមានសង្ឃឹមច្រើនចំពោះមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មក្ដី ក៏បណ្ដាពាណិជ្ជករក្នុងស្រុក កាលពីម្សិលមិញ បានខ្វែងគំនិតគ្នាជុំវិញសមត្ថភាពរបស់ស្ថាប័នមជ្ឈត្តកម្មក្នុងស្រុក និងផលប៉ះពាល់ទៅលើវិនិយោគទុនបរទេសនាពេលអនាគត។
លោកស្ដេហ្វិន ហុីកហ្គីន (Stephen Higgins) អតីតនាយកប្រតិបត្តិធនាគារអេអេនហ្សិត រ៉ូយ៉ាល់ បានមានប្រសាសន៍ថា មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនឹងមិនមែនជា “កត្តាត្រូវសម្រេចចិត្ត” ទេទាក់ទិននឹងការមកររកស៊ីនៅក្នុងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍អំពីស្ថាប័នមជ្ឈមណ្ឌលថ្មីនេះថា “ តាមគិតទៅ អ្នកមិនប្រាកដថា ទទួលបានវិនិយោគិនមករកសុីនៅទីនេះ ដោយសារតែរឿងនេះទេ”។
លោកបានមានប្រសាសន៍ថា “មានរឿងសំខាន់ៗច្រើនជាងនេះឆ្ងាយណាស់…។ជាឧទាហរណ៍ ការពង្រឹងច្បាប់ ស្តីពី [វិនិយោគទុន] ដែលមានស្រាប់ និងមានសារៈសំខាន់ជាងរបៀប ដែលអ្នកដោះស្រាយវិវាទឆ្ងាយណាស់”។
លោកបានមានប្រសាសន៍ទៀតថា បើមិនមានកំណែទម្រង់ប្រព័ន្ធតុលាការឲ្យបានល្អទេនោះ វិនិយោគិនបរទេសនឹងស្វែងរកជំនួយសម្រាប់ដោះស្រាយវិវាទរបស់ខ្លួននៅក្រៅប្រទេសវិញ ដូចជា នៅក្នុងប្រទេសសិង្ហបុរី និងក្រុងហុងកុងជាដើម។
ប៉ុន្ដែ លោក គ្រីស្ដូហ្វ ហ្វស៊ីណេតទី (Chri-stophe Forsinetti) នាយកប្រតិបត្តិក្រុមហ៊ុន ដេវេ៉នកូ (Devenko) ជាក្រុមហ៊ុនរកស៊ីរួមគ្នាមួយ ដែលមានសា្នក់ការនៅក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនឹងជួយឲ្យកេរ្ដិ៍ឈ្មោះរបស់ប្រទេសកម្ពុជាកាន់តែល្អថា ជាមជ្ឈមណ្ឌលវិនិយោគទុនដ៏សំខាន់។
លោកបានមានប្រសាសន៍ថា “លក្ខណៈវិនិច្ឆ័យចម្បងសម្រាប់គំនិតចង់ធ្វើវិនិយោគទុន គឺជាក្របខណ្ឌច្បាប់”។
លោកបានមានប្រសាសន៍បន្ថែមទៀតថាស្ថាប័នមជ្ឈត្តកម្មក្នុងស្រុក មានប្រសិទ្ធភាពជាង និងថោកជាងស្ថាប័នមជ្ឈត្តកម្មក្រៅប្រទេស។ “នៅពេលលោកចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធច្បាប់របស់ប្រទេសសិង្ហបុរី លោកមិនដឹងថា វានឹងចប់ពេលណា ហើយនឹងត្រូវចំណាយអស់ប្រាក់ប៉ុណ្ណានោះទេ”។
លោកស្រី អូលហ្គា បូលតេនកូ (Olga Boltenko) មេធាវីប្រចាំតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (Permanent Court of Arbitration) នៅក្នុងទីក្រុងឡាអេ ដែលកំពុងរៀបចំសិក្ខាសាលាជាបន្ដបន្ទាប់ ក្នុងរាជធានីភ្នំពេញ នាសប្ដាហ៍នេះ ដើម្បីបណ្ដុះបណ្ដាលដល់មន្ត្រីរដ្ឋាភិបាល និងនិស្សិតច្បាប់ស្ដីពីការធ្វើមជ្ឈត្តកម្ម ក៏បានមានប្រសាសន៍ដែរថា ប្រព័ន្ធមជ្ឈត្តការក្នុងស្រុកអាចជួយប្រទេសកម្ពុជាទាក់ទាញវិនយោគទុនបរទេសកាន់តែច្រើន។
លោកស្រីបន្ថែមថា “ប្រសិនបើប្រទេសកម្ពុជាអាចធានាជួយការការពារដល់វិនិយោគិនបរទេសឲ្យកាន់តែល្អ ពេលនោះនឹងមានការវិនិយោគពីបរទេសកាន់តែច្រើនឡើងនៅក្នុងឧស្សាហកម្មនានារបស់កម្ពុជា”។
លោកស្រីប្រសាសន៍ថា អត្ថប្រយោជន៍នៃស្ថាប័នមជ្ឈត្តការ គឺល្អជាងតុលាការ រួមមានឱសានវាទនៃការចរចាពាក់ព័ន្ធនឹងការសម្រេចចិត្ត ដែលអនុញ្ញាតឲ្យមានការស៊ើបអង្កេតបន្ថែមលើករណីមួយបើចាំបាច់ និងមជ្ឈត្តករត្រូវបានគូរភាគីជ្រើសរើសដោយខ្លួនឯងផ្ទាល់។ លោកស្រីបានបន្ដថា “មជ្ឈត្តការផ្ដល់អត្ថប្រយោជន៍ច្រើនជាង ពីព្រោះវា អាចប្រែប្រួលតាមកាលៈទេសៈ”។
តែទោះជាយ៉ាងណា លោកស្រីបានមានប្រសាសន៍ថា យើងនឹងរង់ចាំមើលថា តើមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មមានប្រសិទ្ធភាពប៉ុណ្ណា ក្នុងការដោះស្រាយវិវាទផ្នែកពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ និងមានរយៈពេលជាក់លាក់។
លោកស្រីបានមានប្រសាសន៍ថា ខ្្ញុំមិនប្រាកដថា តើមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនឹងធ្វើអ្វីខ្លះនោះទេ ហើយខ្ញុំជឿថា ពួកគេដឹងនោះទេ។ គ្មាននរណាម្នាក់ដឹងថា មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនេះនឹងដំណើរការទៅបានយ៉ាងដូចម្ដេចនោះឡើយ”៕សុខុម