កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានលោក អភិស៊ីត វីចាជីវ៉ា (Abhisit Vejjajiva)មេដឹកនាំគណបក្សប្រឆាំងថៃ និងជាអតីតនាយករដ្ឋមន្ត្រី កុំឲ្យភ្ជាប់ប្រទេសកម្ពុជាទៅក្នុងបញ្ហានយោបាយរបស់ប្រទេសថៃ និងធ្វើឲ្យខូចទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលបច្ចុប្បន្នរបស់លោក ស្រី យីងឡាក់ ស៊ីណាវា៉ត្រា។
ថ្លែងនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជាង១.២០០គ្រួសារ នៅក្នុងស្រុកសៀមបូកក្នុងខេត្តស្ទឹងត្រែង លោក ហ៊ុន សែន បានរិះគន់គោលជំហរគណបក្សប្រជាធិបតេយ្យរបស់លោក វីចាជីវ៉ា លើបញ្ហាដីមានជម្លោះនៅជុំវិញប្រាសាទព្រះវិហារ ព្រមទាំងជម្លោះដែនសមុទ្រ ក្នុងឈូងសមុទ្រថៃផងដែរ។
លោកមានប្រសាសន៍ថា “ខ្ញុំចង់ការពារប្រទេសកម្ពុជាព្រមទាំងការពារមនុស្សល្អនៅក្នុងប្រទេសថៃផងដែរ”។
លោកថ្លែងបន្តថា” ផលប្រយោជន៍ដែលកម្ពុជាទទួលបានពី [អតីតនាយករដ្ឋមន្ត្រីថៃ] ថាក់ស៊ីន [ស៊ីណាវ៉ាត្រា] និងរដ្ឋាភិបាល[ថៃ]បច្ចុប្បន្ននេះ គឺសន្តិភាពនិងការអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែន… ប្រសិនបើមានផលប្រយោជន៍សម្ងាត់ប្រសិនបើ អភីស៊ីត និងក្រុមរបស់គាត់បានដឹងអំពីបញ្ហានេះ សូមប្រកាសឲ្យដឹងឥឡូវនេះ”។
លោក ហ៊ុន សែន ទំនងជាឆ្លើយតបទៅនឹងការលើកឡើងរបស់លោក អភីស៊ីត ដែលបានចុះផ្សាយលើទំព័រកាសែតបាងកកប៉ុស្តិ៍ កាលពីម្សិលមិញ អំពីជម្លោះរវាងប្រទេសទាំងពីរជុំវិញប្រាសាទព្រះវិហារដែលបណ្តាលឲ្យមានអំពើហិង្សាកើតឡើងនៅពេលលោក អភីស៊ីតកំពុងកាន់អំណាច។
តាមសសេចក្តីរាយការណ៍ថា លោក អភីស៊ីត បានអំពាវនាវឲ្យរដ្ឋាភិបាលថែបច្ចុប្បន្ននេះចាត់វិធានការខ្លាំងជាងមុនអំពីជម្លោះប្រាសាទព្រះវិហារជាមួយកម្ពុជានៅពេលការបើកសវនាការជាសាធារណៈរបស់តុលាការយុត្តិធម៌អន្តរជាតិនៅខែមេសាខិតជិតមកដល់។
លោក អភីស៊ីត ត្រូវបានដកស្រង់សម្តីចុះផ្សាយក្នុងកាសែតបាងកកប៉ុស្តិ៍ថា ” ខ្ញុំសូមអំពាវនាវឲ្យរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ជំទាស់នឹងការអះអាងរបស់កម្ពុជា [នៅឯតុលាការយុត្តិធម៌អន្តរជាតិ]។បើមិននិយាយអ្វីសោះនៅពេលនេះអាចធ្វើឲ្យប្រទេសថៃចាញ់ប្រៀបពេលបើកសវនាការ”។
កាលពីឆ្នាំ២០០១ កម្ពុជា និងថៃ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ហើយបានព្រមព្រៀងអភិវឌ្ឍរួមគ្នាលើដែនទឹកទំហំ២៧.០០០ម៉ែត្រក្រឡាដែលគេដឹងថាជាតំបន់ត្រួតស៊ីគ្នា។
ក្រុមហ៊ុន កូកូណូ ហ្វីលីព(Cocono Philipps) របស់សហរដ្ឋអាមេរិក ក្រុមហ៊ុនតូតាល់(Total)របស់បារំាង និងក្រុមហ៊ុន អ៊ីដេមីស៊ូ(Idemitsu) របស់ជប៉ុន បានទទួលអាជ្ញាប័ណ្ណរុករកប្រេងនៅក្នុងតំបន់នោះ ប៉ុន្តែ មិនទាន់ចាប់ផ្តើមការងាររបស់ខ្លួនទេរហូតទាល់តែប្រទេសទាំងពីរមានកិច្ចព្រមព្រៀងគ្នាអំពីដែនទឹកមានជម្លោះនោះសិន។
លោក ហ៊ុន សែន បានអានសេចក្តីប្រកាសព័ត៌មានមួយចុះផ្សាយលើគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីម្សិលមិញដែលបានបញ្ជាក់ពីការអះអាងរបស់កម្ពុជាថា រដ្ឋាភិបាលរបស់លោក អភីស៊ីត ដែលកាន់អំណាចចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១នោះ អះអាងថាមានការចរចាសម្ងាត់អំពីដែនទឹកត្រួតស៊ីគ្នានោះ។
លោក ហ៊ុន សែន មានប្រសាសន៍ថា លោក អភីស៊ីត និងមន្ត្រីម្នាក់បានស្នើឲ្យមានកិច្ចប្រជុំសម្ងាត់មួយ” កាលពីឆ្នាំ២០០៩ នៅភូមិគ្រឹះរបស់លោក ហ៊ុន សែន ក្នុងខេត្តកណ្តាល និងកិច្ចប្រជុំពីរលើកផ្សេងទៀតរវាងឧបនាយករដ្ឋមន្តីថៃ នៅពេលនោះគឺលោក សូថេប ថុងសុបាន(Suthep Thaugsuban) ជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា គឺលោក សុខ អាន នៅទីក្រុងហុងកុង និងនៅទីក្រុងគុនមីង ប្រទេសចិន នៅក្នុងឆ្នាំនោះដែរ។
លោក ហ៊ុន សែន បានអានសេចក្តីប្រកាសព័ត៌មាននោះថា ” អំឡុងកិច្ចប្រជុំនោះ លោក ស៊ូថេប បានបញ្ជាក់ពីបំណងរបស់ពួកគេក្នុងការដោះស្រាយបញ្ហានៅ[តំបន់ត្រួតស៊ីគ្នានោះ] ឲ្យបានមុនពេលបញ្ចប់អាណត្តិរបស់រដ្ឋាភិបាលអភីស៊ីត”។
លោកនាយករដ្ឋហ៊ុន សែនថ្លែងបន្ថែមថា “កម្ពុជាឆ្ងល់ថា ហេតុអ្វីបានជារដ្ឋាភិបាលរបស់ អភីស៊ីត ត្រូវការចរចារដោយសម្ងាត់នោះ”។
លោក ហ៊ុន សែន មានប្រសាសន៍ថាថ្វីបើមានកិច្ចប្រជុំសម្ងាត់ក៏ដោយ ក៏មិនមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរដែរ ហើយលោក ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលអភីស៊ីត បែរជាបង្កសង្គ្រាមជាមួយកម្ពុជានៅតាមតំបន់ព្រំដែនក្នុងខេត្តព្រះវិហារទៅវិញ។
លោកបានមានប្រសាសន៍ថា “ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅពេលនយោបាយនៅក្នុងប្រទេសថៃ កំពុងតែបង្កបញ្ហាស្មុគស្មាញនោះ យើងចង់បញ្ជូនសារទៅ អភីស៊ីត វីចាជីវ៉ា ថា លោកពួកគេមិនគួរភ្ជាប់កម្ពុជាទៅនឹងនយោបាយនៅក្នុងប្រទេសថៃទេ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលទាំងពីរ គឺកម្ពុជា និងថៃ… គឺកំពុងព្យាបាលរបួសចាស់ ប៉ុន្តែសព្វថ្ងៃ ក្រុមដដែលនេះកុំព្យាយាមបើកមុខរបួសនោះវិញ “។
ទោះបីមានការចរចាជាមួយលោក សុខ អាន និងលោក ស៊ូរ៉ាដេត ជីរ៉ាធីទិត្យចារើន ប្រធានគណៈកម្មាធិការថាមពលព្រឹទ្ធសភាថៃ កាលពីខែកក្កដាក៏ដោយ ក៏សេចក្តីប្រកាសព័ត៌មាននោះនៅតែលើកឡើងថា រដ្ឋាភិបាលរបស់លោកស្រី យ៉ីងឡាក់ មិនទាន់បានចរចាជាមួយកម្ពុជាអំពីតំបន់ត្រួតស៊ីគ្នានោះដែរ៕ ណៃ