32 C
Phnom Penh

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​កំពង់​ផែ​ថ្មី​​ ដែល​សាង​សង់​ដោយ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​កំ​ពង់​ផែ​ថ្មី​មួយ​ ដែល​សាង​សង់​ដោយ​ចិន​នៅ​ក្នុង​ខេត្ត​កណ្តាល​។​ កំពុង់​ផែ​ថ្មី​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ ដើម្បី​ជួយ​រំលែក​ទំនិញ​ចេញ​ពី​កំពង់ផែស្វយ័ត​ភ្នំ​ពេញ​ ដែល​ចេះ​តែ​មាន​ចំនួន​កើន​ឡើង។

មាន​ប្រសាសន៍​នៅ​ឯ​កំពង់​ផែ​ថ្មី​នេះ​ ដែល​ស្ថិត​នៅ​លើ​ច្រាំង​ទន្លេ​មេគង្គ​ក្នុង​ស្រុក​ កៀន​ស្វាយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​បាន​មាន​ប្រសាសន៍​ថា​ កំពង់​ផែ​ចាស់​ដែល​ស្ថិត​នៅ​ជិត​ស្ពាន​មិត្ត​ភាព​កម្ពជា​-​ជប៉ុន​ នឹង​នៅ​​បន្ត​ប្រតិបត្តិការ​ដដែល​ ក៏​ប៉ុន្តែ​ លោក​បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​ចរាចរទំនិញ​នឹង​មក​ខាង​ក្រោម​ចរន្ត​ទឹកវិញ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​​ប្រសាសន៍​អំពី​កំពង់​ផែ​ទំហំ​១០​ហិក​តា​នេះ​ ដែល​ត្រូវ​បាន​សាងសង់​ដោយ​ ក្រុម​ហ៊ុន​ សៀងហៃ​ ខន់ស្ត្រាក់សិន​ គ្រុប​ (Shanghai Construction Group)​ និង​ត្រូវ​បាន​ចំណាយ​ថវិកា​សាង​សង់​អស់​ចំនួន​២៨,២​លាន​ដុល្លារ​ ដែល​ទទួល​បាន​ពី​ប្រទេស​ចិន​ថា​ “ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​មកឲ្យ​ប្រទេស​កម្ពុជា​ដោយ​គ្មាន​លក្ខខណ្ឌ។​ យើង​ត្រូវ​ការ​ប្រាក់​កម្ចី​បន្ថែម​ពី​ប្រទេស​ផ្សេងៗ​ទៀត​”។

លោក​បាន​មាន​ប្រសាសន៍​ថា​ “ខ្ញុំ​សូម​យក​​ឱកាស​នេះ​ ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋា​ភិ​បាល​ចិន​ចំពោះ​ការ​សាង​សង់​កំពង់​ផែនេះ” ​ហើយ​លោក​បាន​បន្ថែម​ទៀត​ថា​ ការ​ផ្តល់​ហិរញ្ញប្បទាន​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ប្រាក់​កម្ចី​មួយ​កញ្ចប់​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​៤០០​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​យល់​ព្រម​ផ្តល់​ជូន​ប្រទេស​កម្ពុជា​ អំឡុង​ការ​ធ្វើ​ទស្សន​កិច្ច​របស់​លោក​ ស៊ី​ ជីនភីង​ (Xi Jinping)​ ជា​មេដឹក​នាំ​បក្ស​កុម្មុយនីស្ត​ចិន​បច្ចុប្បន្ន​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៩។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​​ប្រសាសន៍​ដូច្នេះថា​ “ប្រាក់​កម្ចី​នេះ​សម្រាប់​គម្រោង​​ចំនួន​ប្រាំ​បី​ ដែល​រួម​មាន​កំពង់​ផែ​នេះ​ផង​ដែរ​”។

លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ កំពង់​ផែថ្មី​នេះ​មាន​ចម្ងាយ​៣០​គីឡូ​ម៉ែត្រ​ខាង​កើត​​រាជ​ធានី​ភ្នំ​ពេញ​ ស្ថិត​នៅ​តាម​បណ្តាយ​ផ្លូវ​ជាតិ​លេខ១​ ហើយ​នឹង​អាច​ជួយ​ដោះ​ស្រាយ​​បាន​ចំពោះ​ការ​កើន​ឡើង​បរិមាណ​ទំនិញ​ចូល​ក្នុង​ប្រទេស​កម្ពុជា​បាន​។

លោក​បាន​មាន​ប្រសាសន៍​ថា​ “ឥឡូវ​នេះ  ​យើង​មាន​កំពង់​ផែ​ពីរ​នៅ​ជិត​គ្នា​ ហើយ​វា​នឹង​អាច​ជួយ​កាត់​បន្ថយ​ចម្ងាយ​ដឹក​ជញ្ជូន​ពី​កប៉ាល់​ ដើម្បី​ផ្ទេ​រទំនិញ។​ វា​គឺ​ជា​ទ្រព្យ​សម្បត្តិ​ជាតិ។​ វា​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ពាណិជ្ជ​កម្ម​ និង​អាជីវកម្ម​ជាតិ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ៧៥​ភាគ​រយ​នៃ​ការ​ធ្វើ​ចរាចរទំនិញ​នឹង​ឆ្លង​កាត់​តាម​កំពង់ផែថ្មី​នេះ​ ក្រៅ​ពី​នេះ​នឹង​បន្ត​ទៅ​ភ្នំ​ពេញ។ លោក​ ហ៊ុន​ សែន​ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ ចំនួន​កុងតឺន័រ​ ដែល​ឆ្លង​កាត់​តាម​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​ បាន​កើន​ឡើង​ពី​ចំនួន៤៧.៥០០កុងតឺន័រ​ កាល​ពី​ឆ្នាំ​២០០៨​ដល់​ចំនួន​៩៥.០០០​កុង​តឺន័រ​នៅ​ក្នុង​ឆ្នាំ​២០១២។

លោក​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ “យើង​អាច​ប៉ាន់​ស្មាន​បាន​ថា​ កំពង់ផែថ្មី​នេះ​មាន​លទ្ធភាព​ទទួល​ទំនិញ​បាន​ប្រហែល​១២០.០០០​កុង​តឺន័រ​ក្នុង​មួយ​ឆ្នាំ​ ហើយ​វា​នឹង​ត្រូវ​ពង្រីក​បន្ថែម​ទៀត​ ដើម្បីអាច​ដោះ​ស្រាយ​បាន​ចំនួន​៣០០.០០០​កុង​តឺន័រ​”៕​ កុក​ទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស