27 C
Phnom Penh

ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​ដី​ធ្លី​ពី​សំណាក់​អាជ្ញា​ធរ កើន​ឡើង​លើស​ទ្វេដង​កាល​ពីឆ្នាំ​២០១២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តួលេខថ្មីៗ​ដែល​អង្គ​ការក្រៅ​រដ្ឋាភិបាល​​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ បាន​បង្ហាញ​​ថា ការ​ចាប់​ខ្លួន​​សកម្មជន​សិទ្ធិ​ដីធ្លី​​ពី​សំណាក់​រដ្ឋា​ភិបាល​​កើន​ឡើង​ជាង​​ទ្វេដង​  ហើយ​បាន​ផ្ដល់​ដី​​សម្បទាន​សេដ្ឋកិច្ច​រាប់​សិប​បន្ថែម​ទៀត​ ក្នុង​ឆ្នាំ​​២០១២ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១​។

ដោយ​ចង្អុល​បង្ហាញ​ពីការ​បាត់​បង់​ដី​ធ្លី​កាន់​តែ​​ច្រើន​ឡើងនោះ​​ បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​ បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន​ក្នុង​ចំណោម​ដី​សម្បទាន​សេដ្ឋកិច្ច​​ ដែល​បាន​ទទួល​រង​ការស្ដី​បន្ទោស​ដោយ​សារ​តែការ​បណ្ដេញ​ប្រជា​ពល​​​រដ្ឋ​​យ៉ាង​ច្រើន​​នៅ​ទូទាំង​ប្រទេសកម្ពុជា​នោះ​ ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​យល់​ព្រម​ ថ្វីបើ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​​ចេញ​បញ្ជា​ឲ្យ​ផ្អាក​ផ្តល់​​ដីសម្បទាន​សេដ្ឋកិច្ច​ កាលពី​ខែ​ឧសភា​ក្ដី​។

នៅឯ​សន្និសីទ​មួយ​រៀប​ចំ​ឡើង​ដោយ​អង្គការ​វេទិកា​​មិន​មែន​រដ្ឋាភិបាល​ (NGO Forum) ក្នុង​រាជ​ធានី​ភ្នំពេញ​ស្ដី​ពី​សិទ្ធិ​ដី​ធ្លី​ និង​សិទ្ធិ​លំនៅ​ដ្ឋាន​ លោក ចាន់ សុវេ៉ត អនុ​ប្រធាន​​ផ្នែក​​សើុប​អង្កេត​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​២០១២ ជា​ឆ្នាំ​​អាក្រក់​បំផុត​ ដោយ​សារ​តែ​ចំនួន​មនុស្ស​ដែល​​ត្រូវ​ចាប់​ខ្លួន​បាន​កើន​ឡើង​ ដូច​ជា​ការ​ចាប់​​ខ្លួន​​សកម្មជន​នយោបាយ​ និង​សកម្ម​ជន​​ដី​ធ្លី ដែល​​មាន​គំនិត​​​ប្រឆាំង​”។

លោក ចាន់ សុវេ៉​ត បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្ម​ជន​ដី​ធ្លី និង​អ្នក​តវ៉ា​ចំនួន​២០១​នាក់​កាល​ពី​ឆ្នាំ​មុន​​ គឺ​កើន​ឡើង​​លើស​ទ្វេដង​ បើ​ធៀប​នឹង​ចំនួន​៩៨​នាក់​ ដែល​​ពួក​គេ​បាន​ចាប់​ខ្លួន​ កាល​ពីឆ្នាំ​២០១១​ និង​ខ្ពស់​​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់​ តាំង​ពី​ឆ្នាំ​២០០៧​មក​។

លោក​បាន​មាន​​ប្រសាសន៍​ថា “វា​ជា​ការ​ប្រឈម​​​គ្នា​រវាង​រដ្ឋាភិបាល​ និង​ប្រជា​ពលរដ្ឋ​ មិន​មែន​ជា​ការ​ប្រឈម​គ្នា​​រវាង​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ឯកជន​នោះ​ទេ។ រដ្ឋាភិបាល​ព្យាយាម​ការ​ពារ​​ក្រុមហ៊ុន​ទាំង​នោះ​”។

ក្នុង​ចំណោម​​មនុស្ស​​ដែល​ត្រូវ​​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​ គឺ​អ្នក​ស្រី​ ទេព វន្នី រួម​ជាមួយ​​នឹង​ប្រជាពលរដ្ឋ​​រស់​នៅ​មូល​ដ្ឋាន​ជា​មួយ​​គ្នា​ចំនួន​១២​នាក់​ទៀត​មកពី​តំបន់​បឹង​កក់​ក្នុង​រាជ​ធានី​ភ្នំពេញ​។ អ្នកស្រី ទេព វន្នី បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​នៅ​ក្នុង​ក្រុម​មួយ​ ដែល​​គេ​ហៅ​ថា “ បឹង​កក់​១៣” នៅពេល​សាលាដំបូង​រាជ​ធានី​​ភ្នំពេញ​ បាន​សម្រេច​ផ្ដន្ទាទោស​ពួក​គេ​ កាល​ពី​ខែ​ឧសភា បន្ទាប់​ពី​សវនាការ​ជំនុំ​ជម្រះ​ដ៏ខ្លី​មួ​យ​ ចំពោះ​ការ​តវ៉ា​ដោយ​សន្ដិ​វិធី​ប្រឆាំង​នឹង​​ការ​បណ្ដេញ​ពួក​គេ​ចេញ​។

សាលាដំបូង​បាន​ដោះ​លែង​មនុស្ស​ទាំង​១៣​នាក់​នេះ​មក​វិញ​ បន្ទាប់​ពី​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​មួយ​ខែ​ ដោយ​សារ​តែ​មាន​ការ​ដាក់​សម្ពាធ​​ ទាំង​ក្នុង​ស្រុក​ និង​អន្ដរជាតិ​ ប៉ុន្ដែ បាន​តម្កល់​សាលក្រម​ផ្ដន្ទាទោស​ពួក​គេ​ឲ្យ​នៅ​ដដែល​ពី​បទកាន់​កាប់​ដី​ធ្លី​ដោយ​ខុស​ច្បាប់​ ​និង​ពីបទ​បះបោរ​ដែល​មាន​​ស្ថាន​ទម្ងន់​ទោស​។

អ្នកស្រី ទេព វន្នី បាន​និយាយ​ថា “ ​អាជ្ញាធរ​​​គិត​ថា ប្រជាពលរដ្ឋ​ជា​សត្រូវ​របស់​ខ្លួន​។ យើង​​ជា​ស្ត្រី​អ្នក​តវ៉ា​បាន​ទទួល​រង​អំពើ​ហិង្សា​ និង​​ការ​ចាប់​ខ្លួន​ ​ហើយ​​ត្រូវ​គេ​​ចាត់​ថា​ ជា​គណ​បក្ស​​ប្រឆាំង​។ នេះ​គឺ​ជា​ដំណោះ​ស្រាយ​ ដែល​​ពួក​គេ​មាន​សម្រាប់​ប្រជាពលរដ្ឋ ហើយ​ពួក​គេ​ប្រើ​ប្រាស់​តុលាការ​ ដើម្បី​គាប​​សង្កត់​ប្រជា​ពលរដ្ឋ​ ​និង​ចាប់​ខ្លួន​ពួក​គេ​បញ្ជូនទៅ​ពន្ធនាគារ​ព្រៃស”។

ទោះ​បី​ជា​លោក ចាន់ សុវ៉េត មិន​បាន​ផ្ដល់​​តួលេខ​ជាក់​លាក់​ស្ដី​ពី​ចំនួន​ដី​សម្បទាន​សេដ្ឋ​កិច្ច​ ដែល​ត្រូវ​បាន​អនុម័ត​​ថ្មី​ៗ កាល​ពី​ឆ្នាំ​២០១២ ​ដោយ​សារ​តែ​អង្គការ​អាដហុក​​ កំពុង​ត្រៀម​បញ្ចេ​ញ​របាយ​ការណ៍​ពិសេស​មួយ​ស្ដី​ពី​បញ្ហា​នេះ​ ក្នុ​ង​រយៈ​ពេល​ពីរ​បី​សប្ដាហ៍​ទៀត​នោះ​ លោក​បាន​មាន​ប្រសាសន៍​ថា ចំនួន​ដី​សម្ប​ទាន​

សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​អនុម័ត​មាន​ចំនួន​​ជាង​​១០០​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ដី​សម្ប​ទាន​សេដ្ឋកិច្ច​ចំនួន​៦៨ ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុនឯកជន​ កាលពី​ឆ្នាំ​២០១១។

កាល​ពីខែ​វិច្ឆិកា អង្គការសិទ្ធិ​​​មនុស្ស​​​​អាដហុក​បាន​លើក​ឡើង​ថា  យ៉ាង​ហោច​ណាស់​ដី​សម្បទាន​សេដ្ឋកិច្ចចំនួន​៣២​ត្រូវ​បាន​អនុម័ត​ បន្ទាប់​ពី​លោក​ ហ៊ុន សែន បាន​ប្រកាស​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​ថ្មី​ៗ​ នៅ​ទូទាំង​​​​ប្រទេស​ កាល​ពី​ខែ​ឧសភា​។

មន្ត្រី​រដ្ឋាភិបាល​ បាន​និយាយ​ការ​ពារ​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​ម្ដង​ហើយ​ម្ដង​ទៀត​ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ផ្អាក​ផ្ដល់​ដីសម្ប​ទាន​ ដោយ​​អះអាង​ថា ​ខ្លួន​មិន​បាន​​បំពាន​បម្រាម​នេះ​ទេ ពី​ព្រោះ​ដី​សម្បទាន​ទាំង​នោះ​​​បាន​ដំណើរ​ការ​​សុំ​ការ​អនុម័ត​តំាងពី​​មុន​ពេល​​​​ចេញ​បទ​បញ្ជា​នេះ​ កាល​ពី​ខែ​ឧសភា។

គោល​នយោបាយ​របស់​រដ្ឋាភិបាល​ស្ដី​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​អះអាង​ថា គម្រោង​កសិឧស្សាហកម្ម​ជួយ​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ នៅតាម​តំបន់​ជនបទ​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ងារ​ធ្វើ​ទទួល​បាន​កម្រៃ​ ដូច​ជា​ការ​ដាំ​ដំ​ណាំ​​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក​ និង​បរទេស​ជា​ដើម​។ ​ប៉ុន្ដែ អ្នក​ដែល​ធ្លាប់​បាន​សិក្សា​ពី​ដី​សម្បទាន​សេដ្ឋកិច្ច រួមទាំង​លោក សុរិយា ស៊ូបេឌី  ប្រេសិត​ពិសេស​​​អង្គការ​សហប្រជា​ជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ កម្ពុជា​ផង​ដែរ​នោះ​ បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ និង​សហគមន៍​នានា​តាម​ទី​ជន​បទ​ទទួល​បាន​អត្ថប្រយោជន៍​តិច​តួច​ណាស់​ពី​ដី​សម្ប​ទាន​សេដ្ឋកិច្ច​។

យោងតាម​អង្គការ​អាដហុក​ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ផ្ទៃ​ដី​ថ្មី​ចំនួន​៧៥២​.០០០​ហិកតា​ត្រូវ​បាន​អនុម័ត​ជាដី​សម្បទាន​សេដ្ឋកិច្ច​ កាល​ពី​ឆ្នាំ​២០១១​នោះ​  ដី​សម្បទាន​នៅ​ពេល​នេះ មាន​ផ្ទៃ​សរុប​យ៉ាង​ហោច​ណាស់​២លាន​ហិកតា ឬ​ស្មើ​ប្រហែល​១០​ភាគ​រយ​នៃ​ផ្ទៃ​ដី​សរុប​ក្នុង​ប្រទេស​កម្ពុជា​។ អង្គការ​អាដហុកក៏​បាន​ប៉ាន់​​ប្រមាណ​​ដែរ​ថា ប្រជាពលរដ្ឋ​​ខ្មែរ​​ប្រហែល​៧០០.០០០​នាក់​ បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារតែ​ដី​សម្បទាន​សេដ្ឋកិច្ច​ ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក​។

កាល​ពី​ម្សិលមិញ មន្ត្រី​រដ្ឋាភិបាល​ បាន​និយាយ​​ថា គំនិត​​ដែលអង្គការ​សិទ្ធិ​មនុស្ស​​លើក​​​ឡើង​នេះ​​ខុស​ពី​ការ​ពិត​ដែល​​​អ្នក​ភូមិ​រង​ផល​ប៉ះពាល់​​បាន​ដឹង​​។

លោក បេង ហុង​សុជាតិខេមរូ៉ អ្នក​នាំ​ពាក្យ​​ក្រសួង​រៀប​ចំ​ដែន​ដី និង​នគរូបនីយកម្ម បាន​ច្រាន​ចោល​រាល់​ពាក្យ​ថា “ ការ​បណ្ដេញ​ចេញ​” នៅពេល​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បានមាន​ប្រសាសន៍​ថា “វា​​គ្មាន​ទេ​។ ពេល​នេះ​យើង​មិន​ប្រើ​ពាក្យ​បណ្ដេញ​ចេញ​ទេ​។ នោះ​ជា​ពាក្យ​ដែលគេ​ធ្លាប់​ប្រើ​ក្នុង​អំឡុង​របប​ ប៉ុល​ ពត។ ពួក​គេ​ [អង្គការ​ក្រៅ​រដ្ឋាភិបាល​] ចេះ​តែ​ប្រើ​ពាក្យ​នេះ​ជា​បញ្ហា​នយោបាយ​។ ពួក​គេ​​មិន​​និយាយ​កា​រ​ពិត​ទេ”។

ជំនួស​ឲ្យ​ការ​និយាយ​​ថា ​​អ្នក​ភូមិ​​​​ត្រូវ​គេ​​បណ្តេញ​ចេញ​នោះ លោក​ សុជាតិខេមរ៉ូ បាន​​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ប្រើ​ពាក្យ​ “តាំង​លំនៅថ្មី​”។

លោក​ ច័ន្ទ​​ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ ដែល​ក្រសួង​របស់​លោក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​សេចក្ដី​ព្រាង​កិច្ច​សន្យា​សម្រាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ទូទាំង​ប្រទេស​ បាន​មានប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អ្វីទេ​ពី​ការ​បណ្ដេញ​ចេញ​។ លោក​បាន​មាន​ប្រសា​សន៍​យ៉ាង​ខ្លី​ថា “ខ្ញុំ​មិន​ដឹង​ទេ​ពាក់​ព័ន្ធ​នឹង​ការ​បណ្ដេញ​ចេញ​”។

ទោះ​បី​ជា​ការ​ចាប់​ខ្លួន​សកម្មជន​ដី​ធ្លី​ បាន​កើន​ឡើង​កាល​ពី​ឆ្នាំ​២០១២ក្ដី ក៏​លោក​ សៀ ភារម្យ​ ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​​ដ្ឋាន​បាន​មាន​ប្រសាសន៍​ថា ការ​បណ្ដេញ​ចេញ​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​ភាគ​ច្រើន​ ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោង​អចលនទ្រព្យ​ថ្នាក់​ខ្ពស់​​នោះ​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ចំនួន​១.៥០៧​​គ្រួសារ​ក្នុង​ឆ្នាំ​២០១១ មក​នៅ​ត្រឹម​៦១១​គ្រួសារ​ កាល​ពី​ឆ្នាំ​មុន​។

ទោះ​ជា​យ៉ាង​ណា ​លោក សៀ ភារម្យ បាន​​មានប្រសាសន៍​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ថា ចំនួន​នៃ​ការ​បណ្ដេញ​ចេញ នឹង​កើន​ឡើង​ជា​ថ្មី​ទៀត​ ​ក្រោយ​​ការ​បោះ​ឆ្នោត​ជាតិ​  ដែល​នឹង​​ប្រព្រឹត្តទៅ​​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ឆ្នាំនេះ។

លោក​បាន​មាន​ប្រសាន៍​ថា “វា​ស្រដៀង​នឹង​ឆ្នាំ​ [បោះ​ឆ្នោត] មុនៗ​ដែរ​។ និន្នាការ​នេះ​​មាន​​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក​​​​ គឺថា នៅ​ពេល​មាន​ការ​បោះ​ឆ្នោត​​ ចំនួន​គ្រួសារ​ដែល​ត្រូវ​បណ្ដេញ​ចេញ​មាន​ការ​ធ្លាក់​ចុះ​”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស