មន្ត្រីបាននិយាយកាលពីម្សិលមិញថា ហេតុការណ៍ចាប់មនុស្សធ្វើចំណាប់ខ្មាំងមួយ ដែលបានអូសបន្លាយអស់រយៈពេលជិត៣០ម៉ោង បានបញ្ចប់ហើយកាលពីយប់មិញ ដែលនៅពេលនោះនគរបាលចាប់ខ្លួនបានខ្មាន់កាំភ្លើងម្នាក់ ព្រមទាំងបុគ្គលិកធនាគារអេស៊ីលីដាពីរនាក់ ដែលដំបូងឡើយត្រូវគេគិតថា ជាចំណាប់ខ្មាំងនៅឯការិយាល័យសាខាធនាគារអេស៊ីលីដា ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោកវរសេនីយ៍ឯក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថមានប្រសាសន៍ថា ខ្មាន់កាំភ្លើងនោះត្រូវបានចាប់ខ្លួន បន្ទាប់ពីរត់គេចខ្លួនចេញពីធនាគារ ដែលស្ថិតនៅក្នុងឃុំអារក្សត្នោតនេះ នៅវេលាម៉ោងប្រហែល១១យប់ គឺ២៩ម៉ោង បន្ទាប់ពីដំបូងបានបង្ខំឲ្យបុគ្គលិកធនាគារបីនាក់ចូលទៅក្នុងអគារធនាគារនៅម៉ោងបិទទ្វារសាខាធនាគារអេស៊ីលីដានេះ កាលពីថ្ងៃអង្គារ។
លោក ខេង ទីតូ បានមានប្រសាសន៍ថា “[ខ្មាន់កាំភ្លើង] ស្ថិតនៅក្បែរៗនោះចម្ងាយប្រហែលប្រាំមួយគីឡូម៉ែត្រពីធនាគារនេះ នៅពេលពួកគេត្រូវបានចាប់ខ្លួន”។ លោកបានប្រាប់ថា អាជ្ញាធរបានបណ្ដោយឲ្យខ្មាន់កាំភ្លើងរូបនេះរត់គេចខ្លួនមុនពេលដេញតាមរូបគេពីក្រោយ។
លោកមានប្រសាសន៍ទៀតថា បុគ្គលិកធនាគារទាំងពីរនាក់ ដែលដំបូងឡើយគេគិតថា ត្រូវខ្មាន់កាំភ្លើងចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងនោះ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីពួកគេត្រូវបានដោះលែង ពីព្រោះនគរបាលមើលឃើញជនម្នាក់ក្នុងចំណោមពួកគេមានកាន់កាំភ្លើងនៅក្នុងដៃ។
លោកបានមានប្រសាសន៍ថា បុរសទាំងបីនាក់នេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកាលពីយប់មិញ ដើម្បីធ្វើការសាកសួរ។
លោក អិុន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានអះអាងថា ពិតជាមានការចាប់ខ្លួនជនចាប់មនុស្សធ្វើចំណាប់ខ្មាំងនេះ ព្រមទាំងមានការដោះលែង និងការចាប់ខ្លួននិយោជិតរបស់លោកតាមក្រោយពិតមែន ប៉ុន្ដែ មិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។
លោក អិុន ចាន់នី បានមានប្រសាសន៍ថាខ្មាន់កាំភ្លើងចំនួនពីរនាក់ ដែលលោកបានចាត់ទុកថា ជាអ្នកញៀនថ្នាំនោះ បានចាប់បុគ្គលិករបស់លោកចំនួនបីនាក់ជាចំណាប់ខ្មាំងកាលពីប្រហែលម៉ោង៦ល្ងាចថ្ងៃអង្គារ បន្ទាប់ពីពួកគេចេញពីសាខាធនាគារនៅក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់នេះ។
លោក អិុន ចាន់នី បានមានប្រសាសន៍ថា “បុគ្គលិករបស់យើង បានចាកចេញពីធនាគារ ហើយដើរបានប្រហែល១០០ម៉ែត្រ បន្ទាប់មកខ្មាន់កាំភ្លើងញៀនថ្មាំ បានភ្ជង់ពួកគេឲ្យត្រឡប់ទៅកាន់ធនាគារវិញ”។ លោកបានបន្ដថា ចំណាប់ខ្មាំងម្នាក់ឈ្មោះ អាន ម៉ាត់លី បេឡាករធនាគារ អាចរត់គេចខ្លួនបាន កាលពីព្រឹកព្រលឹមម្សិលមិញ។
លោក អិុន ចាន់នី បានមានប្រសាសន៍ថា “បេឡាករធនាគារពីរនាក់ផ្សេងទៀត ដែលមានឈ្មោះ ស៊ិន គឹមថាត អាយុ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ទិន គុយហេង អាយុ២៧ឆ្នាំ សុទ្ធតែនៅក្នុងធនាគារជាមួយខ្មាន់កាំភ្លើងទាំងពីរនាក់នេះ។ យោងតាមប្រភពព័ត៌មានពីបុគ្គលិករបស់ខ្ញុំ បេឡាករ ស៊ិន គឹមថាត បានសន្លប់ ពីព្រោះខ្មាន់កាំភ្លើងបានវាយគាត់”។
លោក អិុន ចាន់នី បានបន្ថែមថា “ នេះគឺជាលើកដំបូងហើយ ដែលបុគ្គលិកធនាគារអេស៊ីលីដា ត្រូវខ្មាន់កំាភ្លើងញៀនថ្នាំចាប់ធ្វើជាចំណាប់ខ្មាំង”។
លោក ឈុន ប៊ុនយឿន អធិការរងនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា អ្នកភូមិឃុំអារក្សត្នោត បានរាយការណ៍ស្ថានភាពចាប់ចំណាប់ខ្មាំងនេះប្រាប់អាជ្ញាធរ ហើយនគរបាលបានមកដល់សាខាធនាគារនៅម៉ោង៦ព្រឹកកាលពីម្សិលមិញ។ ពីរម៉ោងក្រោយមកចំណាប់ខ្មាំងម្នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំងអស់អាចរត់គេចខ្លួនបាន ដោយលោតចេញតាមបង្អួចធនាគារ។
លោក ឈុន ប៊ុនយឿន បានមានប្រសាសន៍ថា “នៅម៉ោងប្រហែល៨ព្រឹក ចំណាប់ខ្មាំងម្នាក់ឈ្មោះ អាន ម៉ាត់លី ដែលមានអាយុប្រហែល២៤ ឬ២៧ឆ្នាំបានលោតចេញពីធនាគារអេស៊ីលីដា ពីជាន់ទី២ ទៅលើដំបូលផ្ទះរបស់អ្នកភូមិមួយគ្រួសារ ហើយបានរត់ឲ្យគេជួយ”។
លោកបានបន្ថែមថា គេជឿជាក់ថា ចោរប្លន់ទាំងពីរនាក់មានអាវុធខ្លីមួយដើម និងគ្រាប់បែកដៃចំនួនពីរគ្រាប់ ប៉ុន្ដែ នៅមិនទាន់ដឹងច្បាស់ទេ។
មកដល់រសៀលម្សិលមិញ នគរបាលនិងមន្ត្រីកងរាជអាវុធហត្ថជាង១០០នាក់ បានឈរយាមនៅខាងមុខធនាគារនេះ ហើយផ្លូវនៅ ក្បែរៗនោះ ក៏ត្រូវបិទផងដែរ។
លោកវរសេនីយ៍ឯក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ បានមានប្រសាសន៍ថា មានតែខ្មាន់កាំភ្លើងម្នាក់ប៉ុណ្ណោះ ហើយខ្មាន់កំាភ្លើងរូបនេះបានទាមទារថ្នាំញៀនមេតំហ្វេតាមីនជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ដែលបានចាប់បង្ខាំងទុកនៅក្នុងធនាគារនេះ។
លោកវរសេនីយ៍ឯក ខេង ទីតូ បានលើកឡើងថា “គេបានឲ្យថ្នាំចំនួនបួនគ្រាប់ទៅខ្មាន់កាំភ្លើងនេះ ដើម្បីបញ្ឆោតឲ្យចេញមកក្រៅ។ គេឲ្យថ្នាំទាំងនេះទៅខ្មាន់កាំភ្លើង ដើម្បីជួយសង្គ្រោះចំណាប់ខ្មាំង”។ លោកបានបន្ដថា ការឲ្យថ្នាំបញ្ឆោតខ្មាន់កាំភ្លើងដើម្បីសង្គ្រោះចំណាប់ខ្មាំងនេះមិនបានទទួលជោគជ័យនោះទេ។
លោក ព្រំ វិសុទ្ធ អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ដែលស្ថិតនៅធនាគារនេះកាលពីម្សិលមិញ បានមានប្រសាន៍ថា ខ្មាន់កាំភ្លើង ដែលមានតែម្នាក់នៅក្នុងធនាគារ បានទាមទារថ្នាំញៀនមេតំហ្វេតាមីន ចំនួនបីបួនកញ្ចប់ ដែលមានប្រហែលពី៤០ទៅ៥០គ្រាប់ ប៉ុន្ដែ នគរបាលបានឲ្យថ្នាំដែលមិនមានសារធាតុញៀនទៅខ្មាន់កាំភ្លើង ដើម្បីបញ្ឆោតឲ្យដោះលែងចំណាប់ខ្មាំង។
លោក ព្រំ វិសុទ្ធ បានមានប្រសាសន៍ថា “វាគឺជាយុទ្ធសាស្ដ្ររបស់នគរបាលក្នុងការឲ្យថ្នាំផ្សេង ប៉ុន្ដែ ពួកគេមិនបានឲ្យថ្នាំញៀននោះឡើយ ពួកគេបានប្រើថ្នាំផ្សេងជំនួសថ្នាំញៀន”។
លោក ជឹម សេងហុង ស្នងការរងនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ដោយចរចាគ្នាមិនត្រូវរហូតដល់ល្ងាចម្សិលមិញ នគរបាលបានសម្រេចដកថយពីធនាគារនេះនៅវេលាម៉ោងប្រហែល៥ល្ងាច ដោយសង្ឃឹមថា ខ្មាន់កាំភ្លើងអាចរត់គេចខ្លួនចោលចំណាប់ខ្មាំង៕ស៊ុយឈាង