កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា គេត្រូវការជាចាំនូវការវិនិយោគបន្ថែមទៀត ដើម្បីធានាឲ្យបានថា ប្រទេសកម្ពុជាអាចកែច្នៃផលិតផលកសិកម្មរបស់ខ្លួន និងអាចបង្កើនតម្លៃលើផលិតកសិកម្ម ដែលកំពុងត្រូវបាននាំចេញទៅបរទេស។
មានប្រសាសន៍នៅឯពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែផ្ទុកទំនិញថ្មីនៅក្នុងខេត្តកណ្តាល លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅក្នុងឆ្នាំនេះមានការផ្គត់ផ្គង់ទិន្នផលស្រូវ និងដំឡូងមីច្រើនហួស ហើយធ្វើឲ្យតម្លៃនៅលើទីផ្សារធ្លាក់ចុះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំចង់លើកឡើងនូវចំណុចមួយចំនួន ដែលជាប់ទាក់ទងជាមួយការផលិត និងការកែច្នៃ ដែលជាកំហុសរបស់យើងទាំងស្រុង ការផលិតកើនឡើងលឿនពេក ហើយការផ្គត់ផ្គង់មានបរិមាណច្រើនជាងការរំពឹងទុកទៅទៀត។ យើងគ្មានកន្លែងកែច្នៃទេ ដូច្នេះយើងចាំបាច់ត្រូវទាក់ទាញការវិនិយោគ”។
កាលពីសប្តាហ៍មុន លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ឲ្យដឹងថា ទិន្នផលស្រូវ ដែលមិនទាន់កែច្នៃនៅក្នុងរដូវប្រមូលផលចុងឆ្នាំ២០១២ និងដើមឆ្នាំ២០១៣នេះមានការកើនឡើងប្រមាណជា៦ភាគរយ ពោលគឺអាចកើនឡើងដល់ចំនួន៩,៣១លានតោន។
បើយោងតាមតួលេខពីនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញដំឡូងមីមានការកើនឡើងជាងពីរដង ដោយបានកើនឡើងពីចំនួន២៧៧.០០០តោន កាលពីឆ្នាំ២០១១ដល់ចំនួន៧២២.០០០តោននៅឆ្នាំ២០១២៕ កុកទៀន