33 C
Phnom Penh

ព្រះ​រាជពិធី​ដង្ហែសាក​ល្បង​លើក​ចុង​ក្រោយ​​អាច​យក​ជា​ការ​បាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្ស​ប្រមាណ​៣.០០០​នាក់​ បាន​ចូល​រួម​​ក្នុងព្រះ​រាជ​ពិធី​ដង្ហែ​សាក​ល្បង​លើក​ចុង​ក្រោយ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ដើម្បី​ជា​ការ​ត្រៀម​សម្រាប់ដង្ហែ​ព្រះ​បរម​សព​​សម្ដេច​ឪ​ ព្រះ​បាទ​នរោត្ដម​ សីហនុ ទៅ​កាន់​ព្រះ​មេរុ​ នៅ​ថ្ងៃ​ទី​១ខែ​កុម្ភៈ​។

ពិធី​ដង្ហែ​សាក​ល្បង​ ដែល​រៀប​ចំ​ដោយ​នគរបាល​ជាតិ​​នេះ មាន​ការ​ចូល​រួម​ពី​​មន្ត្រី​​យោធា​ នគរបាល​ កង​​សន្ដិសុខ​ ក៏ដូច​ជា​តំណាង​មក​ពី​​គ្រប់​ក្រសួង​​ ក្រុម​យុវជន​មក​ពី​គណបក្ស​ប្រជា​ជន​​កម្ពុជា ​កាកបាត​ក្រហម​ តំណាង​ជន​ជាតិ​ភាគ​តិច​ និង​កង​​ត្រែ​យោធា​។

ក្រុម​នីមួយ​ៗ​ ដែល​បាន​ចូល​រួម​ក្នុងព្រះរាជ​ពិធី​ដង្ហែ​សាក​ល្បង​នេះ បាន​ដើរ​ក្នុង​ចម្ងាយ​១,៥​គីឡូម៉ែត្រ​ នៃ​ផ្លូវ​ដែល​គ្រោង​ទុក​ចម្ងាយ​៦​គីឡូ​ម៉ែត្រ​ ដែល​រួម​មាន​តីរ​វិថី​ស៊ីសុវត្ថិ មហាវិថី​ព្រះសីហនុ មហាវិថី​ព្រះ​នរោត្ដម និង​មហា​វិថី​​សុធារស ព្រម​ទាំង​ផ្លូវ​មួយ​ចំនួន​ទៀត ដែល​ស្ថិត​នៅ​ជុំ​វិញ​វត្ត​ភ្នំ និង​វិមាន​ឯករាជ្យ។

អ្នក​​ចូល​រួម​ទាំង​អស់​មាន​ដូច​ជា​ ព្រះ​​រាជ​វង្សា​នុវង្ស​ មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ភ្ញៀវ​កិត្តិយស​សំខាន់​ៗ​ជា​ច្រើន​ទៀត ព្រម​ទាំង​មាន​ព្រះ​ទីន័ង​ដង្ហែ​ព្រះ​បរម​សព​ផង​ដែរ។

ថ្លែង​ទៅ​កាន់លោក​ គង់ សំអុល ​រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ នៅ​ក្នុង​កិច្ច​​ប្រជុំ​មួយ​បន្ទាប់​ពី​ការ​ដង្ហែ​ក្បួន​​សាក​ល្បង​ នាយ​ឧត្ដម​សេនីយ៍​ ទា បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ បាន​ហៅ​ពិធី​ដង្ហែ​សាក​ល្បង​នេះ​ថា អាច​យក​ជា​ការ​បាន​។

នាយ​ឧត្ដម​សេនីយ៍​ ទា បាញ់ បាន​មាន​ប្រសាសន៍​ថា​ “​ខ្ញុំ​គិត​ថា ពិធី​ដង្ហែ​ក្បួន​សាក​ល្បង​ក្នុង​ថ្ងៃ​នេះ អាច​យក​ជា​ការ​បាន​ ហើយ​ខ្ញុំ​សង្ឃឹម​ថា ក្បួន​ដង្ហែ​នៅថ្ងៃ​​ថ្វាយ​ព្រះ​ភ្លើង​​ព្រះបរម​សព​សម្ដេច​ឪ និង​ធ្វើ​បាន​ល្អ​ជាង​នេះ។

នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ព្រះសង្ឃ​ជាង​២០.០០០អង្គ​បាន​និមន្ដ​មក​ចូល​រួម​ជាមួយ​ព្រះ​មហាក្សត្រ​នរោត្ដម សីហមុនី និង​សម្ដេច​ម៉ែ នរោត្ដម មុនីនាថ ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​១០០​ថ្ងៃ នៅ​មុខ​ព្រះ​បរម​រាជ​វាំង ចាប់​តាំង​ពី​សម្ដេចឪ នរោត្ដម សីហនុ បាន​យាង​ចូល​ទិវង្គត​ ក្នុង​ព្រះ​ជន្មាយុ​៨៩​ព្រះវស្សា នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា​។

យោង​​តាម​ព្រះញាណ​វង្ស​ ឃឹម សន ព្រះ​មេគណ​រាជ​ធានី​ភ្នំពេញ បាន​មាន​សង្ឃ​ដីកា​ថា ព្រះសង្ឃ​ទាំង​អស់​បាន​និមន្ដ​​មក​ពី​ទូទាំង​ប្រទេស​កម្ពុជា និង​មក​ពី​ប្រទេស​ផ្សេង​ៗ​មួយ​ចំនួន​ទៀត រួម​មាន​ ប្រទេស​ថៃ អូស្ត្រាលី បារាំង កាណាដា និង​សហរដ្ឋ​អាមេរិក។

ព្រះមហាក្សត្រ នរោត្ដម សីហមុនី និង​ម្ដេចម៉ែ មុនីនាថ បាន​យាង​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ និង​បាន​យាង​ក្នុង​ចំណោម​ព្រះសង្ឃ​ទាំង​អស់​អំឡុងពេល​ប្រារព្ធ​ពី​ធី​បុណ្យ​១០០​ថ្ងៃ​នេះ ដែល​បាន​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង​៥​ល្ងាច ហើយ​បាន​បន្ដ​រហូត​ដល់​ម៉ោង៦ និង​៣០​នាទី។

ព្រះញាណ​វង្ស​ ឃឹម សន បាន​មាន​សង្ឃដីកា​បន្ថែមថា ព្រះ​រាជ​ពិធី​បុណ្យ​នេះ គឺ​ប្រារព្ធ​ធ្វើ​ឡើង​ ដើម្បី​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់​មាន​ភាព​អត់​ធ្មត់​ និង​សម្ដែង​ភាព​ក្រៀម​ក្រម​នៅ​មុនព្រះរាជ​ពិធី​ដង្ហែ​ក្បួន​ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ និង​មុន​ថ្ងៃ​ព្រះ​រាជ​ពិធី​បូជា​ព្រះ​បរមសព​សម្ដេច​ឪ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ។​​​គេ​រំពឹង​ថា​ព្រឹត្ត​ិ​ការណ៍នេះ​នឹង​មាន​ប្រជា​ពលរដ្ឋ​ប្រហែល​១,៥​លាន​នាក់​​ចូលមក​​​ក្នុង​រាជ​ធានី​ភ្នំពេញ។

សាលា​រាជ​ធានី​ភ្នំពេញ​ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ ស្ដី​អំពី​​ការ​បិទ​ផ្លូវ​ និង​វិធាន​ការ​គ្រប់​គ្រង​ចរាចរណ៍​ ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី៤ ខែ​កុម្ភៈ​ផង​ដែរ។ ផ្លូវ​​​ដង្ហែ​​ព្រះ​បរម​សាព​នឹង​ត្រូវ​បិទ​ចាប់​ពី​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ រហូត​ដល់​ថ្ងៃ​ត្រង់​ នៅ​ថ្ងៃ​សុក្រ គឺ​តាម​បណ្ដោយ​ផ្លូវ​ដែល​ស្ថិត​នៅ​​ខាង​កើត​​មហាវិថី​ព្រះ​មុនីវង្ស ខាង​ជើង​សាល​មហោស្រប​ចតុមុខ និង​ភាគ​ខាង​ត្បូង​វត្ត​ភ្នំ៕ ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស