កាលពីថ្ងៃសុក្រ រដ្ឋសភាបានអនុម័តច្បាប់គ្រប់គ្រងចំណូលនិងចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១១ ដោយធ្វើឲ្យមានការរិះគន់ពីសមាជិកសភាគណបក្សប្រឆាំង ដែលបានអះអាងថា ចំណូលរបស់រដ្ឋាភិបាលអំឡុងពេលនោះ តិចណាស់។
សមាជិកសភាគណបក្សប្រជាជនកម្ពុជាទាំងអស់ចំនួន៧៧រូប ដែលមានវត្តមានបានបោះឆ្នោតគាំទ្រច្បាប់នេះ ចំណែកសមាជិកសភាគណបក្សប្រឆាំងចំនួនប្រាំបួនរូបបានធ្វើពហិកាការបោះឆ្នោត ដោយលើកឡើងថា ខ្លួនមិនយល់ព្រមចំពោះច្បាប់ថវិកានេះទេ នៅពេលមានការចោទសួរអំពីមូលហេតុដែលធ្វើឲ្យប្រាក់ចំណូលនេះធ្លាក់ចុះ។
យោងតាមច្បាប់នេះ រដ្ឋាភិបាលទទួលបានប្រាក់ចំណូលជាង២,៥ពាន់លានដុល្លារក្នុងឆ្នាំ២០១១។ នោះរាប់ទាំងចំណូល១៤,៥លានដុល្លារពីសម្បទានដី ឡូតិ៍នេសាទ សម្បទានរ៉ែ និងកិច្ចសន្យាជួលនានា។
អង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងនៅចុងឆ្នាំ២០១១ ថា ដីជាងពីរលានហិកតា ត្រូវបានប្រគល់ឲ្យក្រុមហ៊ុនឯកជនសម្រាប់តែគោលបំណងកសិ-ឧស្សាហកម្មប៉ុណ្ណោះ។
យោងតាមច្បាប់នេះ ចំណូលរបស់រដ្ឋាភិបាលក៏រាប់បញ្ចូលចំណូលចំនួន១៨លានដុល្លារបានមកពីកាស៊ីណូជាច្រើននៅក្នុងប្រទេសនេះ និង១០៥លានដុល្លារបានមកពីការនាំចូលប្រេង។នាយកដ្ឋានកាំកុងត្រូលរបស់ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០១១ទទួលបានប្រាក់ពីការនាំប្រេងចូលប្រហែល១,៣៨ពាន់លានដុល្លារ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្សុី បានមានប្រសាសន៍ថា សមាជិកសភាគណបក្សប្រឆាំងទាំងអស់ បានព្រមព្រៀងមិនចូលរួមបោះឆ្នោតនេះទេ។ លោកបានមានប្រសាសន៍ថា “ យើងមិនបានបោះឆ្នោតទេ ដោយសារយើងមិនគាំទ្រច្បាប់នេះ ពីព្រោះច្បាប់នេះបង្ហាញថា រដ្ឋាភិបាលមិនអាចម្រមូលចំណូលឲ្យបានច្រើន ដូចដែលខ្លួនអះអាងនោះទេ”។
លោក សុវណ្ណ បានប៉ាន់ប្រមាណថា អំពើពុករលួយពីសំណាក់ក្រុមមន្ត្រី ធ្វើឲ្យបាត់ប្រាក់ពី៦០០លានដុល្លារទៅ៨០០លានដុល្លារក្នុងចំណូលរដ្ឋប្រចាំឆ្នាំ។ លោកបានមានប្រសាសន៍ថា “ គ្មានតម្លាភាពក្នុងការលក់ទ្រព្យសម្បត្តិរដ្ឋ ដូចជាដីនិងអគាររដ្ឋាភិបាល។ ប្រាក់ដែលបាត់មិនបានចូល ក្នុងចំណូលរដ្ឋាភិបាលទេ ប៉ុន្តែផ្ទុយទៅវិញចូលក្នុងហោប៉ៅរបស់មន្ត្រីមានអំណាចនិងអ្នកជំនួញទៅវិញ”។
លោកបានបន្តថា ជាឧទាហរណ៍ ចំណូលដែលត្រូវបានប្រកាសក្នុងវិស័យទេសចរណ៍មានតែជាង២៦លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០១១ ផ្ទុយពីតួលេខរដ្ឋាភិបាលដែលបង្ហាញថា មានភ្ញៀវទេសចររាប់លាននាក់ទៅទស្សនាប្រាង្គប្រាសាទអង្គរវត្តនៅក្នុងខេត្តសៀមរាប។
លោកមានប្រសាសន៍ថា ប្រាក់ជាង១០០លានដុល្លារគួរប្រមូលបានពីភ្ញៀវទេសចរប្រមាណ៣លាននាក់ ដែលទៅទស្សនាប្រាសាទនេះនៅក្នុងឆ្នាំ២០១១ ដែលត្រូវចំណាយប្រាក់ជាមធ្យម៤០ដុល្លារក្នុងភ្ញៀវទេសចរម្នាក់។ លោកបានបន្ថែមថា “ប្រសិនបើយើងពិនិត្យមើលចំណូលតាមផ្នែកនីមួយៗ យើងអាចមើលឃើញថា មានអំពើពុករលួយធំប៉ុណ្ណាហើយ”។
យោងតាមលោក យ៉ែម ពញារិទ្ធ សមាជិក សភាគណបក្សសិទ្ធិមនុស្ស បានឲ្យដឹងថា ក្នុងចំណោមសមាជិកសភាដែលមិនចូលរួមបោះឆ្នោតនេះ មានសមាជិកសភាគណបក្សសិទ្ធិមនុស្សបីរូបមិនបានទៅចូលរួមកិច្ចពិភាក្សានេះទាំងស្រុងតែម្តង ពីព្រោះរបៀបវារៈរដ្ឋសភា មិនបានបញ្ជាក់ច្បាស់ថា ច្បាប់នេះនឹងត្រូវពិភាក្សានៅថ្ងៃសុក្រនោះទេ។
លោក ពញារិទ្ធ បានមានប្រសាសន៍ថា “វាបង្ហាញពីបំណងមិនល្អ។ ពិតមែនហើយ យើងបានអានច្បាប់នេះ ហើយយើងបានសង្កេតឃើញថា ចំណូលដែលរដ្ឋាភិបាលប្រមូលបាន ពិតជាតិចណាស់”៕ ប្រែសម្រួលដោយ ចេវ ប៊ុននី