35 C
Phnom Penh

លោក សម រង្ស៊ី​ ព្យាយាម​បញ្ចុះ​បញ្ចូល​ក្រុម​យុវជន​ឲ្យ​បោះ​ឆ្នោត​គាំ​​​ទ្រគណបក្ស​សង្គ្រោះ​​​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​នេះ ​​​កាលពី​ម្សិល​មិញ មេដឹក​នាំ​គណបក្ស​ប្រ​ឆាំង គឺ​លោក សម រង្ស៊ី បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ឲ្យ​យុវជន​បោះ​ឆ្នោត​គ្រាំ​​​ទ្រគណបក្ស​របស់​លោក ​ដោយ​សន្យា​រកការងារ​ឲ្យ​និស្សិត​ និង និស្សិត​​ទើប​បញ្ចប់​ការសិក្សា​ដែល​បាន​ចូល​ជា​សមា​​​ជិកគណបក្ស​របស់​លោក​។

គណបក្ស សម រង្ស៊ី​ របស់​លោក​ទើប​​ច្របាច់​បញ្ចូល​​គ្នាជា​មួយ​គណបក្ស សិទ្ធិ​មនុស្ស​ក្នុង​ពេល​ថ្មីៗ​នេះ​​ប​ង្កើត​ជា​គណបក្ស សង្គ្រោះ​​​​​ជាតិ​​​​ ដើម្បី​ប្រកួត​ប្រ​ជែង​ជា​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​កំពុង​តែ​កាន់​អំណាច​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​នៅ​ខែ​​កក្កដា​​។

លោក សម រង្ស៊ី បាន​ថ្លែង​ប្រាប់​ក្រុម​និស្សិត​ចំនួន​២០០នាក់​នៅ​ឯ​ទីស្នាក់​ការ​គណបក្ស សិទ្ធិមនុស្ស​​ក្នុង​រាជធានី​ ភ្នំ​ពេញ​តាម​រយៈ​វីដេអូ ខន់ហ្វឺរិន ពី​ប្រ​ទេស​ស្វីស​ថា “ ​ខ្ញុំ​ចង់​ឲ្យ​​ក្មួយៗ​ចូលរួម​​បោះ​ឆ្នោត​គាំ​​​ទ្រ​​​គណបក្ស សង្គ្រោះ​​​​ជាតិ​ ហើយ​ខ្ញុំ​នឹង​ជួយ​​រក​ការងារ​ឲ្យ​ក្មួយ​ៗ​​ទាំង​អស់​គ្នា​”។

លោក សម រង្ស៊ី រស់​នៅ​​បែប​និរទេស​​ខ្លួន​ឯង​​នៅ​ក្រៅ​ប្រទេស ​​​ដើម្បី​គេច​ពី​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​​១១​​ឆ្នាំ​ពី​បទ​ចោទ​​ប្រកាន់​ជា​ច្រើន ករណី​នោះ បាន​ចោទ​ប្រកាន់​​លោកនាយ ក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​​ថា​ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភាព​​​គ្មាន​ការ​ងារ​ធ្វើ​​របស់​យុវជន​ក្នុង​​ពេល​កន្លង​មក​​។

លោក សម រង្ស៊ី បាន​អះអាង​ថា​​ យុវជន​​​កម្ពុជា​​ប្រ​ហែល​៧០​ភាគរយ​​គ្មាន​ការងារ​ធ្វើ ប៉ុន្តែ​កាល​ពី​ម្សិល​មិញ​​ទាំង​រូប​លោក និង គណបក្ស​របស់​លោក​​មិន​បាន​បង្ហាញ​ពី​តួ​លេខឬ ផ្តល់​ផែន​ការ​ណា​មួយ​សម្រាប់​ឲ្យ​​និស្សិត​ទាំង​នោះ​មាន​ការ​ងារ​​ធ្វើ​​នោះ​ទេ​។

ប៉ុន្តែ​លោក បាន​​ក្រើន​រំឮ​ដល់​​និស្សិត​​ទាំង​នោះ​ថា​ ការ​បោះ​ឆ្នោត​មួយ​ដោយ​មិន​យុត្តិ​ធម៌​​​​ឲ្យ​​លោក ហ៊ុន សែន កាន់​អំណាច​​ នោះ​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។

លោក សម រង្ស៊ី ​បាន​​​ថ្លែង​​​បន្ត​ថា​ “ នៅ​ពេល​មាន​ការ​បោះ​ឆ្នោត​មិន​​សេរី​ និង​យុត្ត​ិធម៌​​នោះ​ ​​​សហគមន៍​អន្តរជាតិ​​នឹង​មិន​ផ្តល់​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន ទេ​​ ហើយ​រដ្ឋាភិបាលរបស់​​​លោក​​​​នឹង​ស្លាប់​ជា​មិន​​​ខាន​​​​ឡើយ”។

គណបក្ស​ សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា​ ខ្លួន​​ប្រហែល​ជា​​ធ្វើ​ពហិកា​រមិន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​​​នេះទេ ប្រ​សិន​បើ​លោក សម រង្ស៊ី មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​​ ដើម្បី​​ចូល​រួម​​ប្រកួត​ប្រជែង​​​​ក្នុង​ការ​បោះ​ឆ្នោត​​ទេនោះ​​។

នឿន វិបុល អាយុ ១៩​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី១​​នៅ​​វិទ្យាស្ថាន​ពហុ​បច្ចេក​វិទ្យា​​​ព្រះ​កុសុមៈ​ដែល​បាន​ចូល​រួមក្នុង​ព្រឹត្តិ​ការណ៍​កាល​ពី​ម្សិល​មិញ​នោះ​បាន​និយាយ​ថា​​ រូប​គេ​កំពុង​ពិចារណា​ក្នុង​ការ​ចូល​រួម​ជា​មួយ​គណបក្ស​ ប្រ​ឆាំងហើយ​បាន​យល់​ស្រប​តាម​ការ​វាយ​តម្លៃ​របស់​លោក សម រង្ស៊ី​ អំពី​ទីផ្សា​ការងារ​ក្នុង​ពេល​បច្ចុ​​​ប្បន្ន​នេះ។

​និស្សិត​រូប​េនះ​បាន​និយាយ​ថា​ “ខ្ញុំ​គិត​ថា​ទី​ផ្សា​ការងារ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​​​មិន​ល្អ​ទេ​សម្រាប់​យុវជន​។​ការ​ងារ​សំខាន់​ណាស់​សម្រាប់​​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​​ហើយ​ខ្ញុំ​បាន​យល់​ស្រប​តាម​​​ចំណុច​​មួយ​ចំនួន​របស់​លោក សម រង្ស៊ី”។

ប៉ុន្តែ​លោក រស ចន្ត្រាបុត្រ​ អតីត​​អនុប្រធាន​​​​​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ និងជា​ទី​ប្រឹក្សា​​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន ទទួល​បន្ទុក​​​កិច្ច​ការ​យុវជន​​បាន​ច្រាន​ចោល​នូវ​ការ​​​អះអាងរបស់​លោក សម​ រង្ស៊ី​​​ អំពី​ភាព​គ្មាន​ការ​ងារ​ធ្វើ​ និងប្រាក់​​​​កម្ចី​​​ថា​ជា​ការ​ឃោសនា​​បោះ​ឆ្នោត​​សុទ្ធ​សាធ។

លោកបាន​មាន​ប្រសាសន៍​​បន្តថា “យើង​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​សម្រាប់​ទីផ្សា​រ​​​​នេះ​ ហើយ​​យើង​​កំពុង​បណ្តុះ​បណ្តាល ​[និស្សិត​​]​​​សម្រាប់​ទីផ្សារការងារ​”។

គណបក្ស​ប្រជា​ជន​កម្ពុជា​​ក៏​បាន​បញ្ចុះ​បញ្ចូល​ក្រុម​យុវជន​ឲ្យ​បោះ​ឆ្នោត​គាំ​​​ទ្រ​​​ខ្លួន​ផង​ដែរ​​។ កាល​ពី​ពីរ​សប្តាហ៍​​មុន ​​មាន​និស្សិត​​​ជាង​៣.៦០០នាក់​បាន​ចូល​ជា​សមាជិក​គណ​​​បក្ស​ប្រជាជន​កម្ពុជា​នៅ​ឯ​ព្រឹត្តិការណ៍​មួយ​នៅ​កោះ​ពេជ្រ​​ក្រោម​អធិបតី​ភាព​របស់​​លោក ហ៊ុន សែន​​ ផ្ទាល់។

មួយ​សប្តាហ៍​មុន​នោះ ​លោក ហ៊ុន​ សែន ក៏​បាន​រៀប​ចំ​​ពិធី​ជប់​លៀង​ដ៏​ធំ​មួយ​​​ឲ្យ​ក្រុម​និស្សិត​ជាង​៥.០០០នាក់​ដែល​បាន​ចូល​រួម​​ក្នុង​​​​កម្មវិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទូទាំង​ប្រទេស​របស់​លោក​ ដោយ​​សន្យា​ផ្តល់​ប្រាក់​ឲ្យ​និស្សិត​​ក្នុង​ម្នាក់ៗ​១០០​ដុល្លារ​ផងដែរ៕ប្រែសម្រួលដោយ ឃិន ណៃ​​

​​​​​​

           

​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស