មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានចាប់ផ្តើមធ្វើផែនការមេសម្រាប់កំណត់ទីតាំងគ្រប់ប្រភេទនៅទូទាំងប្រទេស ដូចជាផ្លូវថ្នល់ ទីក្រុង និងតំបន់អភិវឌ្ឍន៍នានា។ លោកប៉េងហុងសុជាតិខេមរូ៉អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់បានមានប្រាសាសន៍ថា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម លោកអឹុមឈុនលឹម បានដឹកនាំកិច្ចប្រជុំជាលើកដំបូងរបស់គណៈកម្មាធិការជាតិទទួលបន្ទុករៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានសមាជិកចំនួន២០រូបកាលពីសប្តាហ៍មុនដើម្បីដំណើរការផែនការនេះ។
លោកសុជាតិខេមរូ៉ បានមានប្រសាសន៍បន្ដថា “នគរូបនីយកម្ម និងការរៀបចំដែនដី គឺជាកិច្ចការមួយធំណាស់ ដែលក្រសួងតែមួយមិនអាចធ្វើបាននោះទេ ដូច្នេះត្រូវបង្កើតគណៈកម្មាធិការនេះ ដើម្បីអនុវត្តការងាររបស់យើងឲ្យបានល្អប្រសើរ”។
មន្ដ្រីអង្គការក្រៅរដ្ឋាភិបាលនានា ដែលបានតាមដានបញ្ហាដីធ្លីយ៉ាងយកចិត្តទុកដាក់ ដូចជាអង្គការអាដហុក លីកាដូនិងវេទិការអង្គការមិនមែនរដ្ឋាភិបាលបានលើកឡើងថាខ្លួនមិនបានដឹងអំពីការបង្កើតគណៈកម្មាធិការថ្មីនេះទេ។អង្គការទាំងនេះបានត្អូញត្អែរជាច្រើនឆ្នាំមកហើយថា រដ្ឋាភិបាលបានបន្តគោលនយោបាយដីធ្លីដែលបណ្តាលឲ្យមានការកាប់បំផ្លាញព្រៃឈើ និងការបណ្ដេញប្រជាពលរដ្ឋចេញពីលំដ្ឋានទាំងបង្ខំ។
លោកនីកូឡាសអាហ្គោស្ទីនី (Nicolas Agostini) ជំនួយការបច្ចេកទេសប្រចាំអង្គការអាដហុក ទទួលបន្ទុកសិទ្ធិដីធ្លី និងធនធាន បានជំរុញឲ្យរដ្ឋាភិបាលធ្វើការឲ្យបានជិតស្និទ្ធជាមួយប្រទេសម្ចាស់ជំនួយ អង្គការក្រៅរដ្ឋាភិបាលនានា និងសហគមន៍មូលដ្ឋាន នៅពេលបង្កើតផែនការជាតិ។
លោកបានមានប្រសាសន៍ថា “កង្វះការពិគ្រោះយោបល់ក្នុងដំណើរបង្កើតផែនការប្រើប្រាស់ដីធ្លីថ្នាក់ជាតិអាចនាំឲ្យរដ្ឋាភិបាលប្រើប្រាស់ឯកសារមិនស្របតាមបទដ្ឋាន ព្រោះឯកសារនោះអាចត្រូវបានប្រើប្រាស់ដើម្បីបណ្ដេញប្រជាពលរដ្ឋចេញដោយបង្ខំ និងចាប់យកដីដោយខុសច្បាប់ និងមានការគំរាមកំហែងថែមទៀត ចំពោះសិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត”។
លោកបានបន្តថា “ផ្ទុយទៅវិញរដ្ឋាភិបាលនឹងបង្ហាញឆន្ទៈនយោបាយ ដើម្បីស្វែងរកដំណោះស្រាយសមស្របមួយ ដើម្បីដោះស្រាយវិវាទដីធ្លី ប្រសិនបើរដ្ឋាភិបាលប្រឹក្សាយោបល់ជាមួយដៃគូអភិវឌ្ឍន៍នានា និងធ្វើយ៉ាងណាឲ្យផែនការប្រើប្រាស់ដីធ្លីជាតិនេះស្របតាមក្របខណ្ឌច្បាប់ទាំងអស់”។
មន្ត្រីម្នាក់នៅទីភា្នក់អភិវឌ្ឍន៍អាល្លឺម៉ង់ ហៅកាត់ថា GIZ មានប្រសាសន៍ថាខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរនៅក្នុងខេត្តចំនួនបីអំពីផែនការប្រើប្រាស់ដីធ្លីមូលដ្ឋាន ដែលក្រោយមក ផែនការនេះអនុម័តដោយគណៈកម្មាធិការថ្មីនេះ ហើយត្រូវដាក់បញ្ចូលទៅក្នុងផែនការថ្នាក់ជាតិនៅទូទាំងប្រទេស។
លោកហ្រ្វ៉ានវ៉ុលហ្គើមូល្លើប្រធានកម្មវិធីសិទ្ធិដីធ្លីអង្គការ GIZ ប្រចាំកម្ពុជា បានមានប្រសាសន៍ថាអង្គការរបស់លោកបានជួយរៀបចំផែនការនេះនៅក្នុងខេត្តបាត់ដំបងចាប់តាំងឆ្នាំ២០០៥មក ហើយផែនការនេះ”ជិតបញ្ចប់ហើយ”។ អង្គការ GIZ ក៏កំពុងធ្វើការលើផែនការស្រដៀងគ្នានេះផងដែរនៅក្នុងខេត្តតាកែវនិងខេត្តកំពង់ឆ្នាំង។
លោកមូល្លើបានមានប្រសាសន៍បន្តថាផែនការថ្នាក់ខេត្តបង្ហាញពីទីតាំងទាំងអស់រួមទាំងផ្លូវថ្នល់បណ្តាញអគ្គិសនី លំនៅដ្ឋាន និងទីតាំងសម្រាប់សង់លំនៅដ្ឋាន។ លោកមានប្រសាសន៍បន្តទៀតថា “នេះជាផែនការដ៏ធំមួយ។ផែនការនេះកំណត់ច្បាស់លាស់ពីគោលដៅ និងកន្លែងសម្រាប់អភិវឌ្ឍន៍”៕ ប្រែសម្រួលដោយឃិនណៃ