28.4 C
Phnom Penh

ចំនួន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ថ្មីៗ​នៅ​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​ឆ្នាំ​២០១២​មាន​ការ​កើន​ឡើងយ៉ាងច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តួលេខ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​បង្ហាញ​ថា​ កាល​ពី​ឆ្នាំ​២០១២​​ ​ក្រុម​ហ៊ុន​ថ្មីៗ​ជិត​៣.៤០០​ក្រុម​ហ៊ុន​ ដែល​បាន​ទៅចុះ​បញ្ជី​នៅ​ឯ​ក្រសួង​ពាណិជ្ជ​កម្ម​ ពោល​គឺ​មាន​ការ​កើន​ឡើង​ចំនួន​៩​ភាគ​រយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ចុះ​បញ្ជី​កាល​ពី​ឆ្នាំ​២០១១។

តួលេខ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​សប្តាហ៍​មុន​នេះ​បាន​បង្ហាញ​ថា​ កាល​ពី​ឆ្នាំ​២០១២​ នាយក​ដ្ឋានចុះ​បញ្ជី​ពាណិជ្ជ​កម្ម​ នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ចុះ​បញ្ជី​ក្រុម​ហ៊ុន​ថ្មី​បាន​ចំនួន​៣.៣៨៥​ក្រុម​ហ៊ុន​ បើប្រៀប​ធៀប​នឹង​ចំនួន​៣.១០៤​ក្រុម​ហ៊ុន​កាល​ពី​ឆ្នាំ​២០១១។

លោក​ ហ៊ឹម​ ហ៊ាន​ ប្រធាន​នាយក​ដ្ឋាន​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​មាន​ប្រសាសន៍​ថា​ ប្រហែល​ជា​៦០​ភាគ​រយ​នៃ​ក្រុម​ហ៊ុន​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​គឺ​ជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ ហើយ​ចំនួន​៤០​ភាគ​រយ​គឺ​ជា​ក្រុម​ហ៊ុន​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​វិនិយោគិន​បរទេស។

លោក​ ហ៊ឹម​ ហ៊ាន​ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ លោក​មិន​អាច​ពន្យល់​បាន​ថា​ មាន​ក្រុម​ហ៊ុន​ប្រភេទ​ណាខ្លះ​នោះ​ទេ​ ដែល​បាន​ទៅ​ចុះ​បញ្ជី​នៅ​អំឡុង​ឆ្នាំ​២០១២​នោះ​ ក៏​ប៉ុន្តែ​ មន្ត្រី​មួយ​រូប​បម្រើ​ការ​នៅ​ក្នុង​នាយក​ដ្ឋាន​នេះ​ ដែល​គេ​មិន​អនុញ្ញាត​ឲ្យ​និយាយ​ជា​មួយ​អ្នក​សារព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ថ្មីៗ​ជា​ច្រើន​គឺ​ជា​ក្រុម​ហ៊ុន​ប្រកប​អាជីវកម្ម​ខាង​ការ​នាំ​ចេញ​នាំ​ចូល។ មន្ត្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ “​យើង​ឃើញ​មាន​ក្រុម​ហ៊ុន​ ដែល​នាំ​ចូល​ និង​នាំ​ចេញ​ទំនិញ​”។

មន្ត្រី​ដដែល​នេះ​​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ការ​កើន​ឡើង​ចំនួន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ ដែល​បាន​កើន​ឡើង​កាល​ពី​រយៈ​ពេល​ពីរ​ឆ្នាំ​មុន​ផង​ដែរ​នោះ​ទំនង​ជា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​បន្ត​មាន​ស្ថិរ​ភាព​នយោ​បាយ​ និង​ការ​បន្ត​មាន​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា។

ក្រុម​ហ៊ុន​នាំ​ចេញ​នាំ​ចូល​ថ្មីៗ ​ដែល​មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​ ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​​កំណើន​យ៉ាង​ច្រើន​នៅ​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​កាល​ពី​ឆ្នាំ​មុន។ បើយោង​តាម​នាយក​ដ្ឋាន​កាំ​កុង​ត្រូលនៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​២០១២​ ទំនិញ​នាំ​ចូល​ប្រទេស​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់៨,១​ពាន់​លាន​ដុល្លារ​ បើប្រៀប​ធៀប​នឹង​ចំនួន៦,៦​ពាន់​លាន​កាល​ពី​ឆ្នាំ​២០១១។​ តួលេខ​នេះ​បាន​បង្ហាញ​ថា​ ការ​នាំ​ចេញ​ទំនិញ​គ្រប់​មុខ​បាន​កើន​ឡើង​ពី​ចំនួន​៤,៩​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១១​ដល់​ចំនួន​៥,៥​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១២។

លោក​ អុិន​ ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលី​ដា​ បាន​មាន​ប្រសាសន៍​ថា​ ធនគារ​អេស៊ីលីដា​ បាន​ផ្តល់​ឥណទាន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ថ្មីៗ​យ៉ាង​ច្រើន​កាល​ពី​ឆ្នាំ​២០១២​ ហើយ​ភាគ​ច្រើន​នៃ​ក្រុម​ហ៊ុន​ទាំង​នោះ​គឺ​ជា​សហគ្រាស​ខ្នាត​តូច​​ និង​ខ្នាត​មធ្យម។ លោក​បាន​មាន​ប្រសាសន៍​ថា​ “​ការ​ផ្តល់​ឥណទាន​របស់​យើង​បាន​កើន​ឡើង​ប្រហែល​២៥​ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​២០១២​”  ដោយ​ពន្យល់​ថា​ ភាគ​ច្រើន​នៃ​ការ​ផ្តល់​ឥណទាន​ទាំង​នេះ​​​គឺ​ជា​ឥណទាន​ខ្នាត​តូច។

លោក​ អុិន​ ចាន់នី​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ “​វាគឺ​ជា​សហគ្រាស​ខ្នាត​តូច​ និង​សហគ្រាស​ខ្នាត​មធ្យម​នៅ​គ្រប់​វិស័យ​ទាំង​អស់​ ដែល​រួម​មាន​វិស័យ​ពាណិជ្ជ​កម្ម​ ឧស្សាហកម្ម​ និង​សេវា​កម្ម​ជា​ដើម​”៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស