មន្ត្រីរដ្ឋាភិបាលបានជួបប្រជុំគ្នា កាលពីម្សិលមិញក្នុងរាជធានីភ្នំពេញ ដើម្បីបង្ហាញពីយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលនៃការឆ្លងជំងឺគ្រុនផ្ដាសាយបក្សី នៅពេលប្រជាពលរដ្ឋរាប់លាននាក់ត្រៀមធ្វើដំណើរមកពីបណ្ដាខេត្ត ដើម្បីចូលរួមក្នុងពិធីថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋសម្ដេចឪ នរោត្ដម សីហនុក្នុងរាជធានីភ្នំពេញដោយក្នុងនោះអាចមានប្រជាជនអញ្ជើញមកពីខេត្តខ្លះ ដែលសង្ស័យថា មានការផ្ទុះមេរោគជំងឺនេះចំនួនប្រាំករណីក្នុងរយៈពេលពីរសប្ដាហ៍កន្លងមកនេះ។
កិច្ចប្រជុំនេះ មានការចូលរួមរបស់មន្ត្រីមកពីក្រសួងកសិកម្ម ក្រសួងសុខាភិបាលអង្គការសុខភាពពិភពលោក អង្គការស្បៀងអាហារ និងកសិកម្ម និងមជ្ឈមណ្ឌលបង្ការជំងឺឆ្លង។
លោកសូនីគ្រីសនែន (Sonny Krishnan) អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍អំពីប្រជាពលរដ្ឋប្រមាណ១,២លាននាក់នឹងធ្វើដំណើរមកចូលរួមក្នុងពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះថា“ ប្រជាពលរដ្ឋទាំងនេះជាប្រជាពលរដ្ឋក្រីក្រអញ្ជើញមកពីតាមបណ្ដាខេត្ត។ ប្រជាពលរដ្ឋមួយចំនួនអាចយកម្ហូបអាហារ និងសត្វបក្សីផ្ទាល់ខ្លួនមកជាមួួយ”។
លោក គ្រីសនែន បានមានប្រសាសន៍ទៀតថា “ យើងកំពុងតែផ្ដល់ដំបូន្មានដល់ពួកគាត់ថា ប្រសិនបើបងប្អូនចម្អិនមាន់ សូមចម្អិនឲ្យឆ្អិនល្អ យើងពិតជាសង្ឃឹមថា អ្នកជំនាញខាងសុខភាពសត្វនឹងត្រួតពិនិត្យចំពោះការចរាចរសត្វបក្សី”។
អង្គការសុខភាពពិភពលោក បានអះអាងកាលពីម្សិលមិញថាមនុស្សបួននាក់បានស្លាប់ក្នុងរយៈពេលពីរសប្ដាហ៍កន្លងមកនេះដោយ
សារមេរោគអេចហ្វាយអេនវ័ន (H5N1) ដែលគេហៅមេរោគគ្រុនផ្ដាសាយបក្សី ហើយថា មនុស្សទាំងនេះសុទ្ធតែឆ្លងជំងឺនេះដោយសារតែការប៉ះពាល់បក្សីរស់។
ក្មេងប្រុសអាយុប្រាំបីខែម្នាក់ រស់នៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបានឆ្លងមេរោគនេះតែបានរួចផុតពីសេចក្តីស្លាប់។
អង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ថា ក្នុងករណីទាំងអស់ មានសេចក្ដីរាយការណ៍ថា មានមាន់ឈឺឬងាប់នៅក្នុងតំបន់នោះ ហើយថា ក្នុងចំណោមករណី ដែលត្រូវបានរាយការណ៍ទាំងប្រាំលើកនេះតែមិនបានរកឃើញនូវការជាប់ពាក់ព័ន្ធនៃសត្វល្អិតចម្លងមេរោគទេ។
អង្គការសុខភាពពិភពលោកបានលើកឡើងថា“ ទោះបីជានាពេលបច្ចុប្បន្ន មេរោគនេះ [H5N1] មិនងាយឆ្លងទៅលើមនុស្សក្ដីហើយប្រសិនបើមេរោគនេះប្រែប្រួលនោះវាអាចឆ្លងយ៉ាងងាយស្រួលដូចជំងឺគ្រុនផ្ដាសាយតាមរដូវអ៊ីចឹងដែរ។ ហេតុដូច្នេះហើយ ការដឹងពីជំងឺនេះឲ្យបានលឿន គឺជាការសំខាន់”។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធានមជ្ឈមណ្ឌលបង្ការជំងឺ បានមានប្រសាសន៍ថារួមជាមួយនឹងក្រសួងសុខាភិបាល វិធានការមួយចំនួនកំពុងត្រូវបានអនុវត្ត ដើម្បីសម្រាលការគំរាមកំហែងពីជំងឺគ្រុនផ្ដាសាយបក្សីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
បណ្ដាក្រសួង និងអង្គការក្រៅរដ្ឋាភិបាលជាដៃគូ នឹងបង្កើនការឃ្លាំមើលប្រជាពលរដ្ឋ និងសត្វបក្សី ដើម្បីរកករណីជំងឺគ្រុនផ្ដាសាយបក្សី និងធ្វើការព្យាបាលឲ្យបានកាន់តែឆាប់រហ័ស។ យុទ្ធនាការផ្សព្វផ្សាយអំពីការយល់ដឹងពីជំងឺនេះ នឹងត្រូវធ្វើឡើងតាមវិទ្យុ និងទូរទស្សន៍ និងបង្កើនសមត្ថភាពរបស់មន្ត្រីសុខាភិបាលតាមរយៈការបណ្ដុះបណ្ដាលថ្មីៗអំពីរបៀបកំណត់ និងព្យាបាលជំងឺគ្រុនផ្ដាសាយបក្សីនៅតាមមន្ទីរពេទ្យបង្អែកស្រុក-ខណ្ឌ។
លោក គ្រីសនែន បានមានប្រសាសន៍ថា នៅក្នុងរាជធានីភ្នំពេញ ក្រសួងសុខាភិបាលរួមជាមួយនិងអង្គការកាកបាទក្រហម នឹងចែកចាយខិតប័ណ្ណជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរចូលមករាជធានីភ្នំពេញ ដែលណែនាំពីវិធីការពារខ្លួនពីមេរោគនេះ។
លោកវេជ្ជបណ្ឌិត ស៊ិន សុមុន្នី ប្រធានអង្គការមេឌីកាំ ដែលជាសម្ពន្ធអង្គការក្រៅរដ្ឋាភិបាលផ្នែកសុខភាព បានមានប្រសាសន៍ថាសមត្ថភាពរបស់ក្រសួងកសិកម្មក្នុងការគ្រប់គ្រងការដឹកសត្វមាន់ និងទា គឺមានសារៈសំខាន់ដើម្បីធានាថា មាន់ដែលឆ្លងជំងឺមិនត្រូវបាននាំចូលពីប្រទេសវៀតណាម និងនាំចូលមករាជធានីភ្នំពេញ អំឡុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេចឪ និងនៅមុនថ្ងៃចូលឆ្នាំចិន ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១០ ខែកុម្ភៈ។
វេជ្ជបណ្ឌិតរូបនេះ បានមានប្រសាសន៍ថា “ ក្រសួងកសិកម្មគួរតែដាក់កុងត្រូលត្រួតពិនិត្យការនាំចូលសត្វមាន់។ ពួកគេចាំបាច់ត្រូវតែកំណត់ឲ្យដឹងថា មាន់ណាឆ្លងជំងឺ មុនពេលនាំចូល និងសម្លាប់ប្រជាពលរដ្ឋ”។ វេជ្ជបណ្ឌិតហ្វីលីបប៊ូឈី (Philippe Buchy) ប្រធានផ្នែកវិសាណូសាស្ត្រនៅវិទ្យាស្ថានប៉ាស្ទ័រក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថាការផ្ទុះករណីជំងឺគ្រុនផ្ដាសាយបក្សីជាញឹកញាប់កើតមានក្នុងពិធីបុណ្យ ដែលមានតម្រូវការសត្វមាន់ច្រើន។
លោកបានមានប្រសាសន៍ថា “ហានិភ័យខ្ពស់នៃការឆ្លងមេរោគគ្រុនផ្តាសាយបក្សីកើតឡើងមុនពេលចូលឆ្នាំចិន ចូលឆ្នាំខ្មែរនិងបុណ្យភ្ជុំបិណ្ឌ ពីព្រោះអំឡុងពេលនោះជាពេល ដែលមានតម្រូវការសាច់មាន់ច្រើន”។ លោកបានបន្ថែមថា ការដឹកជញ្ជូនសត្វមាន់ច្រើនចូលមកក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញតម្រូវការរបស់មនុស្សដ៏ច្រើនកកកុញដែលនាំគ្នាមកចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេចឪ ក៏អាចនឹងប្រឈមនឹងការឆ្លងថែមទៀតដែរ។
លោកបានថ្លែងថា “ជំងឺគ្រុនផ្តាសាយបក្សីមិនមែនកើតឡើងតែទៅក្នុងរដូវត្រជាក់ឬក្តៅនោះទេ ប៉ុន្តែវាអាចកើតឡើងនៅពេលមានរដូវបុណ្យទានផងដែរ”។
លោកហុលដាវ័ន្ដអនុប្រធាននាយកដ្ឋានផលិតកម្ម និងបសុព្យាបាល របស់ក្រសួងកសិកម្មបានបដិសេធមិនអធិប្បាយអំពីការឆ្លើយតបរបស់ក្រសួងកសិកម្មអំពីការរីករាលដាលជំងឺគ្រុនផ្ដាសាយបក្សីនេះឡើយ។
កាលពីសប្ដាហ៍មុន សត្វមាន់ និងទារាប់ពាន់ក្បាលត្រូវមន្ត្រីក្រសួងកសិកម្មសម្លាប់ ហើយដុតចោល នៅកន្លែងដែលកើតមានជំងឺគ្រុនផ្ដាសាយបក្សីជាច្រើនករណីនោះ។
លោក ថាត ប៊ុនលី មន្ត្រីស្រុកមួយរូបនៅមន្ទីរផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្មបានមានប្រសាសន៍ថា នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កន្លែងដែលក្មេងស្រីវ័យ១៧ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺគ្រុនផ្តាសាយបក្សីកាលពីថ្ងៃទី២១ខែមករានោះមាន់និងទាចំនួន៤.៧៤៣ក្បាលត្រូវបានអាជ្ញាធរមូលដ្ឋានដុតបំផ្លាញចោល។
យោងតាមលោកថាតប៊ុនលីបានឲ្យដឹងថា ថ្នាំសម្លាប់បាក់តេរីក៏ត្រូវបានបាញ់ចំនួនពីរដងផងដែរនៅក្នុងតំបន់ ដែលគេជឿថា មានបក្សីរស់នៅ។មន្ត្រីមូលដ្ឋានក្នុងតំបន់រងផលប៉ះពាល់បួនកន្លែងទៀត បានរាយការណ៍ពីសកម្មភាពស្រដៀងគ្នានេះនៅក្នុងការឆ្លើយតបទៅនឹងការផ្ទុះករណីជំងឺគ្រុនផ្តាសាយបក្សីនេះ៕
ប្រែសម្រួលដោយ តែម សុខុម
និង ស៊ា ស៊ុយឈាង