33.3 C
Phnom Penh

​សន្ទស្ស​ន៍​សេរីភាព​​សារ​ព័ត៌មាន​ ​នៅ​ក្នុង​ប្រទេស​កម្ពុជាធ្លាក​់​ចុះ​ តែ​ មិន​សូវ​មាន​គេ​ប្ដឹង​កាសែត​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​អ្នក​សារព័ត៌​មាន​គ្មាន​ព្រំដែ​ន (Re-po​rter​s With​out Bor​ders) បាន​បញ្ចេញរបាយការណ៍​ស្តីពីសេរីភាព​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​កាល​ពីម្សិល​មិញ​ថា ការ​ចាប់ពិរុទ្ធ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ កំពុងតែ​កើន​ឡើង​ក្នុងប្រទេស​កម្ពុជា​ ​ហើយ​សេរី​ភាព​សារ​ព័ត៌មាន​ស្ថិត​ក្នុង​ស្ថានភាព​“ ពុំ​សូវ​ស្រួល​”។​ ​

ដោយ​បាន​បង្ហាញ​អំពី​ការ​ចាប់​​ដាក់​ពន្ធនា​គារ ​ការ​គំរាម​កំហែង ​និងការ​ធ្វើ​ឃាត​អ្នក​សារព័ត៌មាន​ ក្នុ​ងរយៈ​ពេល​មួ​យ​​​ឆ្នាំ​កន្លង​មក​នេះ​ ស្រប​ពេលមាន​កា​រ​រិះ​គន់​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​ ​អង្គកា​រ​តស៊ូមតិ​ផ្នែក​សារព័ត៌មាន ​ដែល​មានមូល​ដ្ឋាននៅ​ទីក្រុង​ប៉ារីស​នេះ ​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជានៅលេខរៀងទី​១៤៣ ​ក្នុង​ចំណោម​១៧៩​ប្រទេស​​​។

​ចំណាត់​ថ្នាក់​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​ប្រទេស​កម្ពុជា​បាន​ធ្លាក​់ចុះ​អស់​២៦​លេខបើ​គិត​តាមរបៀបទៅនឹងឆ្នាំ​មុនៗ ពោល​គឺ​ស្ថិត​នៅ​ចន្លោះ​រវាង​ប្រទេស​បង់​ក្លាដែស​ និងសា​ធារ​ណរដ្ឋ​ប្រជាធិ​ប​តេយ្យ​កុងហ្គោ​ ​ហើយ​នេះ​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​សម្រា​ប់​ប្រទេស​នេះ​ ចាប់​តាំង​ពី​អង្គការ​អ្នក​សារ​ព័ត៌​មាន​គ្មាន​ព្រំដែន​បាន​ដាក់​ចេញ​នូវ​ចំណាត់​ថ្នាក់​ប្រចាំឆ្នាំ​នេះ​ កាល​ពីឆ្នាំ​២០០២​។​

​ប្រទេស​ទទួលបាន​ចំណាត់ថ្នាក់​ខ្ពស់​ ពី​ប្រ​ទេស​ន័រវែស​ ​ខណៈ​ដែល​ប្រទេស​អេរី​​​ត្រេធ្លាក​់មក​ចំណាត់​ថ្នាក់​ចុង​ក្រោយ​គេ​ជា​ថ្មី​ម្តងទៀត​។​ ​របាយ​ការណ៍​នេះ​មាន​ខ្លឹម​សា​រ​ថា “ប្រព័ន្ធផ្សព្វ​ផ្សាយ​នៅ​ក្នុងប្រទេស​កម្ពុជា​ស្ថិត​ក្នុ​ង​ស្ថាន​ភា​ព​​មិន​សូវ​ស្រួល​ទេ​។ ​តាំង​ពីឆ្នាំ​២០១១​ ​ស្ថាប័ន​សារព័ត៌​មាន​ ​ជាពិសេស​ស្ថា​នីយ​វិទ្យុ​ឯក​រាជ​្យក្នុងស្រុក ​និង​បរទេ​ស​ត្រូវ​បាន​​កំណត់​ជា​គោល​ដៅ​រិះ​គន់​ពី​​សំណាក់​ក្រសួង​ព័ត៌មានកាន់តែ​ខ្លាំង​ឡើង​ៗ​”។

អំឡុង​ព្រឹត្តិ​ការណ៍​បោះ​ឆ្នោត​ឃុំ​សង្កា​ត់កាលពីខែ​មិថុនា​ ឆ្នាំ​មុន ក្រ​សួង​ព័ត៌មាន​បាន​បញ្ជាស្ថានី​យវិទ្យុ​អេហ្វ​អឹ​ម​មួយ​ចំនួន​ មិន​ឲ្យ​ផ្សព្វ​ផ្សាយ​សេចក្តីរាយ​ការណ៍​ពី​ភាព​មិន​ប្រក្រតី​​ ដែល​ធ្វើ​ឡើង​ដោយ​វិទ្យុ​សំឡេង​​​សហ​រដ្ឋ​អាមេរិក​ ​និង​វិទ្យុ​អាស៊ី​សេរី​ ដោយ​សំអាងថា ដើម្បី​រក្សាឲ្យ​មាន​តុល្យ​ភា​ព​​ក្នុង​ការ​បោះឆ្នោត​។​

អង្គការ​អ្នក​សារព័ត៌មាន​គ្មានព្រំដែន​ក៏​បាន​បង្ហាញ​ករណី​លោកម៉ម ​សូ​ណង់ដូ​ ម្ចាស់​ស្ថានីវិទ្យុ​សម្បុកឃ្មុំ ដែល​ត្រូវបាន​តុលា​ការ​ផ្តន្ទា​​ទោស​ឲ្យ​ជាប់​ពន្ធនាគាររយៈ​ពេល​២០​ឆ្នាំ ​កាល​ពី​ខែ​តុលា​ ឆ្នាំ​មុន​​ ​ពីបទ​បង្កើត​ចលនា​អប​គមន៍​នៅក្នុងខេត្ត​ក្រចេះ​។ ​ករណីនេះ​គេ​ជឿថា ​ជា​ការ​ទប់​ស្កាត់​សកម្មភាពរិះ​គន់​មក​​​លើរដ្ឋាភិ​បាល​។​

​របាយការណ៍ដដែល​នេះ​មានខ្លឹម​សា​រ​បន្ថែម​ទៀតថា “បញ្ហា​ធ្លាក់ចុះ​នៃ​សេរីភា​ព​ទទួល​បាន​ព័ត៌​មាន​ ក៏​មានការ​ពាក់​ព័ន្ធនឹង​ស​កម្មភាព​វាយ​ប្រហារ ​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​ ​និង​ការ​គំរាម​សម្លាប់​ ​អ្នក​កាសែតដែល​បា​នផ្សព្វ​ផ្សាយរិះគន់​អំពើ​ពុក​រលួយ​ក្នុង​រដ្ឋា​ភិបាល​ ​និ​ងសក​ម្មភាពខុស​ច្បាប់​ ដែល​បង្ក​បញ្ហា​​ដល់​បរិស្ថាន​​​ផង​ដែរ​”។

ទោះ​បីជា​ចំណាត់​ថ្នាក់​របស់​ខ្លួន​ធ្លាក​់ចុ​ះ​ខ្លាំង​ក៏ដោយ​ ប្រទេស​កម្ពុជា​នៅតែ​សម្រេច​បាន​លទ្ធផល​ល្អ​ជាង​ប្រទេ​ស​ជិត​ខាងភាគច្រើន​​នៅ​ក្នុង​តំបន់​។​ ​ក្នុង​ចំ​ណោម​បណ្តា​ប្រទេស​ក្នុង​សមាគម​អាស៊ា​ន​ ប្រទេស​វៀត​ណាម​ទទួល​បានចំណា​ត់ថ្នាក់​អន់​ជាង​គេ​ ពោល​គឺ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​១៧២​នៅក្នុង​តារាង​សន្ទស្សន៍​។ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ បាន​ហៅ​ប្រ​ទេស​វៀត​ណាម​ថាជា​ “ពន្ធនាគារ​ធំ​បំផុត​លំ​ដាប់​លេខ​២​នៅ​លើ​ពិភព​លោក​ សម្រា​ប់អ្នក​ប្រើប្រាស់​អុីន​ធើ​ណិត​”។ ​​​ចិ​ន​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៧៣​។

​កាលពីខែ​តុលា សាកសពអ្នក​យកព័​ត​៌​មានខ្មែរ​ឈ្មោះ​ ហង្សសេរីឧត្តម​ ​ដែល​បា​ន​ធ្វើ​សេចក្តីរាយ​ការណ៍​បែប​សុើប​អង្កេត​​អំពី​សកម្មភាព​កាប់ឈើ​ខុស​ច្បាប់​របស់​ម​ន្ត្រី​​​មូល​ដ្ឋាន​ ត្រូវ​បាន​ប្រទះ​ឃើញនៅក្នុង​ឃ្លុប​រថ​យ​ន្ត​​​របស់​លោក​ នៅក្នុងខេត្ត​រតន​គិរី​។ មន្ត្រីកង​រាជអាវុធហត្ថមួយ​រូប និង​ភរិយា​របស់​ខ្លួន​ត្រូវបាន​តុលាការចោទ​ប្រកាន់​ថា ​បាន​សម្លាប់​​​អ្ន​ក​​កាសែតរូប​នេះ​ និង​កំពុង​ជាប់ឃុំ​ជា​បណ្តោះអាសន្ន​។

កាល​​​ពី​​​ថ្ងៃ​​​អង្គារ សាលា​​​ដំបូង​​​រាជ​​​ធានី​​​បានផ្តន្ទាទោសលោក ដានីញែល ឡែន (Daniel Laine) អ្នក​​​កាសែត​​​បារាំង ដោយ​​​កំបាំង​​​មុខ​​​ពី​​​បទ​​​ផ្ដល់​​​ពេស្យា​​​ចារ​​​​​​ ក្នុង​​​ឆ្នាំ​​​២០១០ ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​រយៈ​​​ពេល​​​ប្រាំ​​​ពីរ​​​ឆ្នាំ។នៅ​​​ក្នុង​​​សេច​​​ក្ដី​​​ប្រកាស​​​មួយ​​​​​​កាល​​​ពី​​​ម្សិល​​​មិញ ​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដ​​​ហុក ​បាន​បដិសេធ​មិនទទួលស្គាល់សាល​​​ក្រម​​​នេះ ដោយ​​​លើកឡើង​​​ថា លោក ដានី​​​ញែល ឡែន ​ត្រូវគេ​ធ្វើ​បាបដោយសារ​​ការ​​​ងារ​​​របស់​​​លោក ​ដែល​​​បាន​​​លាត​​​ត្រ​​​ដាង​​​អំពី​​​ជំនួញ​​​ផ្លូវ​​​ភេទ​​​ដោយ​​​ខុស​​​ច្បាប់​​​នៅក្នុង​​ប្រទេស​​​កម្ពុជា។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​​​ក្រសួង​​​ព័ត៌​​​មាន​​​ និង​​​លោក ប៊ុត បូ៊វុធ អគ្គ​​​នាយកនៃ​អគ្គ​​​​​​​នាយក​ដ្នាន​ព័ត៌​​​មាន​​​ និង​​​ការ​​​ផ្សព្វ​​​ផ្សាយប​​​ដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​ចំពោះរបាយ​​​ការណ៍​​​នេះទេ។

លោក នឹម ចន្ទតារា សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ដែល​​​ទទួល​​​បន្ទុក​​​កិច​​​្ច​​​ការ​​​បរទេស​​​ កិច្ច​​​សហ​​​ប្រតិបតិ្ត​​​ការ​​​អន្តរ​ជាតិ គណៈ​​​កម្មាធិការ​​​​​​ព័ត៌មាន​​​ និង​​​បណ្ដាញ​​​សារព័ត៌​​​មាន​​​របស់​​​រដ្ឋសភា មាន​​​ប្រសាសន៍​​​ថារដ្ឋាភិបាល កំពុង​​​ធ្វើការងារ​​​​​​កែ​​​លម្អ​​​ស្ថាន​​​ភាព​​​សារព័ត៌​​​មាន​​​នេះ។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​បាន​​​​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​បញ្ហា​​​នេះ ដោយហេតុ​​​​នេះហើយទើប​​​យើង​​​ព្យាយាម​​​​​​ឲ្យ​​​មាន​​​ច្បាប់​​​ស្ដី​​​ពី​​​សេរី​​​ភាព​​​ទទួលបានព័ត៌​​​មាន សម្រាប់​​​ឲ្យ​​​រដ្ឋាភិបាលអនុវត្ត​​​តាម”។

ប៉ុន្តែ រដ្ឋសភា ដែល​​​គ្រប់គ្រង​​​ដោយ​​​សមា​​​ជិកភាគច្រើនមកពី​​​គណប​​​ក្ស​​​ប្រជា​​​ជន​​​កម្ពុជាបាន​​​​​​ច្រាន​​​ចោលសេចក្តី​​​ព្រាង​​​ច្បាប់​​​ស្ដី​​​ពី​​​សេរី​​​ភាព​​​ទទួលបានព័ត៌​​​មាន ដែល​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ស្នើ​​​ឡើង​​​នោះ។ការ​​​​​​ច្រាន​​​ចោល​​​នេះ គឺ​​​ជា​​​លើក​​​ទី​​​២​​​ហើយ ក្នុង​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ ដោយ​​​រដ្ឋាភិ​​​​​​​​​បាលមិន​​​ចង់ឲ្យ​​​មាន​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​នៅ​​​ក្នុងរដ្ឋ​​​សភា ​ដែល​​​តម្រូវឲ្យ​​​រដ្ឋាភិបាល​​​លាត​​​ត្រ​​​ដាង​​​ព័ត៌​​​មាន​​​ស្ដី​​​ពី​​​បញ្ហា​​​នានា​​​ពាក់​​​ព័ន្ធ​​​នឹងផល​ប្រយោជន៍​​សាធារណៈ។

ដោយ​​​​​លើក​​​ឡើង​​​អំពីការ​​​ធ្វើ​​​ឃាត​​​អ្នក​​​កាសែត កាល​​​ពី​​​អតីតកាល និង​​​ការ​​​​​​គំរាម​​​កំហែង​​​ចំពោះ​​​​​​អ្នក​​​កាសែត​​​នោះលោក នឹមចន្ទតារាបាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “យើង​​​កំពុង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​ខ្លាំង​ណាស់ចំពោះ​​​បញ្ហា​​​នេះ ​ហើយ​​​យើង​​​បាន​​​លើក​​​ទឹក​​​ចិត្ត​​ឲ្យ​វិទ្យុ​​​ផ្សព្វ​ផ្សាយ​​​ព័ត៌​​​មាន​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ច្រើន​​​ឡើង​​​”។​​​

លោក ពុយ គា សមាជិក​​​មួយ​​​រូប​​​របស់ក្លឹប​​​អ្នក​​​កាសែត​​​កម្ពុជា​​ និង​​​ជា​​​អ្នក​​​យក​​​​​​​​​ព័ត៌​​​​​​មាន​​​ឲ្យ​​​ទី​​​ភ្នាក់​​​ងារ​​​ព័ត៌​​​មានក្យូដូ (Kyodo)​របស់ជប៉ុនបាន​​​មាន​​​ប្រសាសន៍​​​ថា ក្លឹប​​​អ្នក​​​កាសែត​​​កម្ពុជា​បានកត់ត្រាទុកករណី​​ចាប់​​​ខ្លួន​​​អ្នក​​​កាសែត​​​ប្រាំ​​​ពីរ​​​នាក់ កាល​​​ពី​​​ឆ្នាំ​​​២០១២ ហើយកត់​សម្គាល់​ឃើញថា មាន​​​ការ​​​ចាប់​​​ខ្លួន​​​អ្នក​​​កាសែត​​​ច្រើន​​​ជា​ង​​​ឆ្នាំ​​​​​​មុន។ លោកបាន​​​មាន​​​ប្រសាសន៍​​​បន្ថែមថា ប៉ុន្តែ​​​​​​ករណីគំរាមកំហែង និង​​ប្តឹង​អ្នក​​​​កាសែត ទៅតុលាការបាន​​​ថយ​​ចុះ។លោក​​​មាន​​​ប្រសាស​​​ន៍​​​​​​ថា “ជា​​​ទូ​​​ទៅ សេរី​​​​​ភាព​​​ក្នុង​​​​​​​​​ការ​​​បញ្ចេញ​​​មតិ​​​​​​ក្នុងប្រទេស​​​កម្ពុជា​មាន​​​ភាព​​​ល្អ​​​ប្រសើរ​​​ណាស់ ជា​​​ពិសេស​​​នៅ​​​ក្នុង​​​បណ្តាញទំនាក់​ទំនងសង្គម”។ លោក​លើក​​​ឡើង​​​អំពី​​​ការ​​​ធ្វើ​​​ឃាត​​​លោក ហង្ស ​សេរីឧត្ដម​​អ្នក​​​កាសែត​​​នោះថាជា “ករណី​​​លើក​​​លែង​​​”។

លោក ប៉ា ងួន​​​ទៀង នាយក​​​ស្ថានីយ​​​វិទ្យុ​​​ផ្សាយ​​​សំឡេង​​​ប្រ​​​ជា​​​ធិបតេយ្យ ​​​បាន​​ចាត់​​​ទុក​​​ឆ្នាំ​​​២០១២​​​ថា “ ជា​​​ឆ្នាំ​​​​​​អាក្រក់​​​​​​ជាង​​​គេ” សម្រាប់​​​​អ្នក​​​កាសែត​​​ក្នុងប្រទេស​កម្ពុជា​​​​​​ត្រូវចងចាំ។ លោក ប៉ា ងួន​​​ទៀង ​​​បាន​មាន​​​ប្រ​​​សាសន៍​​​ថា​​នៅ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​​​​ជ្រើសរើស​​​សមាជិក​​​ក្រុម​ប្រឹក្សា​ឃុំ​​​-សង្កាត់​​​កាល​​​ពី​​​ខែមិថុនា ក្រ​​​សួង​​​ព័ត៌មាន​​​បានរំខានដល់ការ​​​ចាក់​​​ផ្សាយ​​​កម្មវិធី​​​​​របស់លោក និយាយអំពី​​​ការ​​​បោះ​​​ឆ្នោត​​​។​ក្រសួង​​​ព័ត៌​​​មាន​​​​​​ក៏​​​បាន​​​ប្រាប់​​​ស្ថានីយ​​​នេះ​​​ឲ្យ​​​ផ្អាក​​​ការ​​​ចាក់​​​ផ្សាយ​​​សេចក្តីរាយការណ៍​​​នានា​​​ស្ដី​​​ពី​​​វិវាទ​​​ដី​​​ធ្លី​​​ពីរ​​​កន្លែង​​​ធំៗ​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មាន​​​ការ​​​ភ័យ​​​ខ្លាច”។ លោកបាន​​រៀប​​​រាប់​​​ពី​​​គ្រោះ​​​ថ្នាក់​​​ដោយសារគេប្តឹង និង​​​គ្រោះ​​​ថ្នាក់​​​ដល់​រាង​​​កាយ ដែល​​​អ្នក​​​កាសែត​​​តែងតែ​ជួប​ប្រទះថា “នេះ​​​គឺជា​​​មធ្យោ​​​បាយ​​​មួយ ​​​ដើម្បីូ​​​ត្រួត​​​ត្រា​​​ប្រទេស​​តាមរយៈ​​​​​​ការ​​​បំភិត​​​បំភ័យ”៕

(រាយការណ៍​​​បន្ថែមដោយ​​​ ផន បុប្ផា)

 ប្រែសម្រួលដោយ កង សុធា និង ស៊ុំ សុខភុំ

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស