31 C
Phnom Penh

ក្រុម​ហ៊ុន​ Huawei ប្តឹង​ទារបំណុល ជាង​៦០លានដុល្លារពី Mfone

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជ​ធា​នី​ភ្នំ​ពេញ​បាន​ចេញ​សេច​ក្តី​បង្គាប់​ហាម​ឃាត់​ជា​លើក​ទី២​ចំពោះ​ក្រុម​ហ៊ុន​ អឹម​ហ្វូន​ (Mfone)​ ដែល​ជា​ក្រុម​ហ៊ុន​បម្រើ​សេវា​ទូរស័ព្ទ​ជំពាក់​បំណុល​គេ​រំុកោះ​មួយ​ ក្រោយ​ពេល​មាន​ពាក្យ​បណ្តឹង​មួយ​ដែល​ត្រូវ​បាន​ដាក់​ជូន​ដោយ​ក្រុម​ហ៊ុន​ទូរគម​នាគមន៍​ចិន​​ដ៏​ធំ​មួយ​ គឺ​ក្រុម​ហ៊ុន ហាវវ៉ី ​តិច​ណូឡូជី​ (Huawei Technologies Co.​ Ltd.)​ ដោយ​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ Mfone ​ថា​ ជំពាក់​បំណុល​ខ្លួន​ជាង​៦០​លាន​ដុល្លារ។

លោក​ គួយ​ ធុនណា​ មេធាវី​តំណាង​ឲ្យ​ក្រុម​ហ៊ុន​ Huawei​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ ក្រុម​ហ៊ុន​ Huawei​ បាន​ស្នើ​សុំ​តុលាការ​ឲ្យ​រារាំង​ក្រុម​ហ៊ុន ​Mfone កុំ​ឲ្យ​លក់​ ឬក៏​ផ្ទេ​រនូវ​រាល់​ទ្រព្យ​សកម្ម​ទាំង​អស់​របស់​ខ្លួន​រហូត​ទាល់​តែ​ក្រុម​ហ៊ុន​នេះ​សង​បំណុល​ចំនួន​៦៥,៥​លាន​ដុល្លារ​ថ្លៃ​ឧបករណ៍​ និង​ថ្លៃ​សេវា​ ដែល​ក្រុម​ហ៊ុន​នេះ​បាន​ទិញ​ពី​ក្រុម​ហ៊ុន​ Huawei​ ចន្លោះ​ឆ្នាំ​២០០៦​ និង​ឆ្នាំ​២០០៨​រួច​ជា​មុន​សិន។

លោក​ ធុនណា​ បាន​មាន​ប្រសាសន៍​ថា​ “ ​តាង​នាម​ឲ្យ​ក្រុម​ហ៊ុន​ Huawei​ ខ្ញុំ​សូម​ស្នើសុំ​ឲ្យ​តុលា​ការ​ចេញ​នូវ​សេចក្តី​បង្គាប់​ហាម​ឃាត់​មួយ​ ពី​ព្រោះ​ក្រុម​ហ៊ុន​ Mfone​ ពិត​ជា​ជំពាក់​បំណុល​កូន​ក្តី​របស់​ខ្ញុំ​មែន”។

សេច​ក្តី​បង្គាប់​ហាម​ឃាត់​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ លោក​ ស៊ិន​ វិសាល​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ កាល​ពី​ថ្ងៃ​ទី១៧​ ខែ​មករា​ ហើយ​វា​ជា​ពាក្យ​បណ្តឹង​លើក​ទី២​ ដែល​ត្រូវ​បាន​ដាក់​ជូន​ទៅ​តុលាការ​ ដើម្បី​ប្តឹង​ក្រុម​ហ៊ុន​ Mfone​ ដែល​ជា​ក្រុម​ហ៊ុន​មួយ​គ្រប់​គ្រង​ ដោយ​ក្រុម​ហ៊ុន​ ថៃខម​ (Thaicom)។

ក្រុមហ៊ុន​ថាម​ពល​ន័រវែស​ អ៊ែលធែក​ (Eltek)​ បាន​អះ​អាង​ថា​ ក្រុម​ហ៊ុន ​Mfone ​ជំពាក់​បំណុល​ខ្លួន​ចំនួន​៣,៧៣​លាន​ដុល្លារ​ថ្លៃ​សេវា​តភ្ជាប់​បណ្តាញ​ទូរស័ព្ទ​ ហើយ​ក្រុម​ហ៊ុន​នេះ​បាន​ឈ្នះ​ក្តី​ដោយ​ទទួល​បាន​នូវ​សេច​ក្តី​បង្គាប់​ហាម​ឃាត់​ស្រដៀង​គ្នា​នេះ​ចំពោះ​ក្រុម​ហ៊ុន​ Mfone ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១២។

ក្រុម​ហ៊ុន​ Eltek​ បាន​ដាក់​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​ប្តឹង​ក្រុម​ហ៊ុន​ Mfone​ កាល​ពី​ខែ​ធ្នូ​ បន្ទាប់​ក្រុម​ហ៊ុន​Mfone​ បាន​ផ្ទេ​អតិថិជន​ប្រើប្រាស់​សេវា​ទូរស័ព្ទ​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ ម៉ូប៊ីធែល​ (MobiTel)​ នេះ​គឺ​ជា​ទង្វើ​មួយ​ ដែល​លោក​ ធុនណា​ ជា​មេធាវី​តំណាង​ឲ្យ​ក្រុម​ហ៊ុន​ Eltek​ផង​ដែរ​នោះ​បាន​ចោទ​ប្រកាន់​ថា​ ជា​ការ​រំលោភ​លើ​លក្ខណ្ឌ​នៅ​ក្នុង​សេចក្តី​បង្គាប់​ហាម​ឃាត់​របស់​សាលា​ដំបូង​រាជ​ធា​នី​ភ្នំ​ពេញ​កាល​ពី​ដំបូង។

លោក​ ធុនណា​ បាន​មាន​ប្រសាសន៍​ថា​ “​ ក្រុម​ហ៊ុន​ Mfone​ កំពុង​ប្រើ​ល្បិច​ ដើម្បី​គេច​វេស​មិន​សង​បំណុល​ឲ្យ​កូន​ក្តី​របស់​ខ្ញុំ​”។

ក្រុម​ហ៊ុន​ Mfone​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​ឈប់​ផ្តល់​សេវា​ទូរស័ព្ទ​ដល់​អតិថិ​ជន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៥​ ខែ​គម្ភៈ។​ ក្រុម​ហ៊ុន​ MobiTel​ បាន​សន្យា​ថា​ នឹង​ផ្តល់​ជូន​ស៊ីម​កាតថ្មី​ ដោយ​មិន​គិត​ថ្លៃ​ ហើយ​នឹង​តភ្ជាប់​សេវា​ទូរស័ព្ទ​ជូន​ដោយ​មិន​គិត​ថ្លៃ​ឲ្យ​បាន​ក្នុង​រយៈ​ពេល​៦០​ព្រម​ទាំង​ផ្តល់​ជូន​ដល់​អតិថិជន​របស់​ក្រម​ហ៊ុន​ Mfone​ ដែល​ប្តូមក​ប្រើ​ប្រាស់​សេវា​របស់​ក្រុម​ហ៊ុន​MobiTel​នូវ​ទឹក​ប្រាក់​កម្ចី​ចំនួន​៥​ដុល្លារ​ជា​មុន​។  គេ​មិន​អាច​ទាក់​ទង​តំណាង​ក្រុម​ហ៊ុន​ Thaicom​ ដើម្បី​ស្នើ​សុំ​ការ​ពន្យល់​អំពី​បញ្ហា​នេះ​បាន​ទេ។

លោក​ ប៊ូ​ វិបុល​ នាយក​គ្រប់​គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុម​ហ៊ុន​ Mfone​ បាន​ឲ្យ​ដឹង​ថា​ នៅ​សល់​បុគ្គលិក​តែ​ចំនួន​៤៥​នាក់​ប៉ុណ្ណោះ​ ដែល​កំពុង​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​ Mfone​ ហើយ​លោក​មាន​ប្រសាសន៍​ថា​ នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​បុគ្គលិក​ទាំង​នោះ​ទេ​នៅ​ពេល​ប្រតិបត្តិ​ការ​អាជី​វកម្ម​ត្រូវ​បិទ​នោះ​។

កាល​ពី​ថ្ងៃ​អង្គារ​ លោក​ ចៅ​ក្រម​ ស៊ិន​ វិសាល​ បាន​មាន​ប្រសាសន៍​ថា​ តំណាង​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីស្នាក់​ការ​របស់​ក្រុម​ហ៊ុន​ Mfone​ នៅ​ថ្ងៃ​ទី៥​ ខែ​គុម្ភៈ​ ដើម្បី​រៀប​ចំ​បញ្ជី​កត់​ត្រា​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​នេះ​ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ថា​ រាល់​ទ្រព្យ​សកម្ម​របស់​ក្រុម​ហ៊ុន​Mfone​ត្រូវ​បង្កក​ទុក​រហូត​ដល់​ពេល​ណា​ក្រុម​ហ៊ុន​ Mfone​ សង់​បំណុល​ឲ្យ​ក្រុម​ហ៊ុន​ Eltek ​និង​ក្រុម​ហ៊ុន​ Huawei ​អស់​សិន។​ លោក​បាន​បដិសេធ​មិន​ព្រម​ពន្យល់​ថា​ តើ​ការ​ផ្ទេ​អតិថិជន​របស់​ក្រុម​ហ៊ុន​ Mfone ​នេះ​វា​ស្មើ​នឹង​ការ​ផ្ទេ​ទ្រព្យ​សកម្ម​ ដែល​ត្រូវ​បាន​ហាម​ឃាត់​ក្រោម​សេច​ក្តី​បង្គាប់​ហាម​ឃាត់​ទាំង​ពីរ​នេះ​ ឬ​យ៉ាង​ណា​នោះ​ទេ។

ក្រុម​ហ៊ុន​ Huawei​ គឺ​ជា​ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​ទូរគ​មនាគមន៍​ធំ​ជាង​គេ​មួយ​នៅ​លើ​ពិភព​លោក​ ហើយ​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុម​ប្រតិបត្តិ​ករ​ទូរស័ព្ទ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​ MobiTel​ ផង​ដែរ។​ កាល​ពី​ឆ្នាំ​២០១០​ ក្រុម​ហ៊ុន​ MobiTel​ បាន​ចុះ​ហត្ថលេខា​រយៈ​ពេល​ប្រាំ​ឆ្នាំ​មួយ​ ជា​មួយ​ក្រុម​ហ៊ុន​ Huawei​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​៥០០​លាន​ដុល្លារ៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស