38.1 C
Phnom Penh

រដ្ឋា​ភិបាល​ត្រួត​ពិនិត្យ​មាន់ទា​ ដែលដឹក​ចូល​មកភ្នំពេញ​ ដើម្បីរក​រោគសញ្ញា​គ្រុនផ្តាសាយ​បក្សី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​នឹង​ត្រួត​ពិនិត្យ​មាន់​ទា​នៅ​រស់​ទាំង​អស់​ ដែលត្រូវ​ដឹក​ជញ្ជូនពី​ទី​ជន​បទ​នានា​ចូល​មក​កាន់រាជ​ធានី​ភ្នំពេញ​ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​បន្ដ​ទៀត​នូវប្រភេទ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី ដែល​បាន​ឆ្លង​ដល់​មនុស្ស​ចំនួនប្រាំ​នាក់ និង​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​បួន​នាក់​ ចាប់​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​មករា​មក​។

លោក សៀង បូរិន ប្រធាន​មន្ទីរ​កសិកម្ម​ រាជ​ធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា លោក​​បាន​ចេញ​បទ​បញ្ជា​ឲ្យ​មន្ត្រី​រាជ​ធានី​ភ្នំពេញ​ត្រួត​ពិនិត្យ​រាល់​ការ​ដឹក​ជញ្ជូន​មាន់​ទា ទាំង​អស់​ចូល​មក​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដោយ​សារ​តែ​មាន​មនុស្ស​យ៉ាង​ច្រើនចូល​មក​រាជ​ធានី​ភ្នំពេញ​ នៅ​មុន​ថ្ងៃ​ដង្ហែ​ព្រះ​បរម​រតនកោដ្ឋ​នៅ​ថ្ងៃ​នេះ។

លោក សៀង បូរិន បាន​មាន​ប្រសាសន៍​ថា​ “ខ្ញុំ​បាន​ចេញ​បទ​បញ្ជា​ឲ្យ​មន្ត្រី​មក​ពី​គ្រប់​ខណ្ឌ​ទាំង​អស់​ជួយ​ត្រួត​ពិនិត្យ​សុខភាព​មាន់​ទា នៅ​គ្រប់​ផ្លូវ​ទាំង​អស់​ ដែល​តភ្ជាប់​ចូល​មក​ក្នុង​រាជ​ធានី​ភ្នំពេញ”។ លោក បូរិន បាន​លើក​ឡើង​ថា វិធាន​ការ​នេះ​ ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ដើម​ខែ​នេះ នៅ​ពេល​មាន​ករណី​ដំបូង​នៃ​មេរោគ អេច​វ័ន​អេន​វ័ន (H1N1) បាន​ឆ្លង​ទៅ​លើ​​ក្មេង​ប្រុស​អាយុ​ប្រាំ​បី​ខែ​ម្នាក់​ មក​ពី​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ តាំង​ពី​ដើម​ឆ្នាំ​មក​មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ បាន​រួច​ជី​វិត​ពី​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ក្នុង​ឆ្នាំ​នេ​ះ​។

លោក សៀង បូរិន បាន​មាន​ប្រសាសន៍​ថាចាប់​តាំង​ពី​បានអនុវត្ត​វិធាន​ការ​ត្រួត​ពិនិត្យ​រួចមក​​​​​​​ គេ​នៅ​មិន​ទាន់​រក​ឃើញ​ថា មាន​មាន់​ណា​មួយបាន​ឆ្លង​ជំងឺ​នេះនោះ​ទេ​។ លោក​បានបន្ថែមថា “យើង​ក៏​បាន​បាញ់​ថ្នាំ​ការ​ពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​នៅ​តាម​កន្លែង​សម្លាប់​មាន់​ទាំង​អស់​ ក្នុងរា​ជ​ធានី​ភ្នំពេញ ដើម្បីសម្លាប់​មេរោគ គ្រុន​ផ្ដាសាយ​បក្សី​”។ លោក​បន្ត​ថា ក្រសួង​កសិកម្មក៏កំពុង​តែ​ត្រួត​ពិនិត្យ​ការ​ដឹក​ជញ្ជូន​មាន់​ទា​ឆ្លង​ព្រំ​ដែននានា ចូលក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

លោក សូនី គ្រឹស្នា មន្ត្រី​ទំនាក់​ទំនង​របស់​អង្គការ​សុខភាព​ពិភព​លោក​ កាល​ពី​ម្សិល​មិញ​ បាន​ស្វាគមន៍​ចំពោះការ​ងារ​ដែល​ក្រសួង​កសិកម្ម​​កំពុង​តែ​អនុវត្ត​។

លោក គ្រឹស្នា បាន​មាន​ប្រសាសន៍​ថា “​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​មួយ​ដ៏​ល្អ​ ពី​ព្រោះ​វា​គឺ​ជា​ជំងឺ​មួយ​ ដែល​កើត​ចេញ​ម​កពី​មាន់​ទា ហេតុ​ដូច្នេះ​ហើយ​ ការ​គ្រប់​គ្រង​រាល់​ការ​ដឹក​ជញ្ជូន​មាន់​ទា​ចេញ​ និង​ចូល​ក្នុង​ប្រទេស​កម្ពុជា​​ គឺ​ជា​កត្តា​មួយ​សំខាន់​ណាស់​”។ លោក​បន្ថែម​ថា វិធាន​ការ​ទប់​ស្កាត់​ផ្សេង​ៗ​ទៀត ដូច​ជា​មិន​ត្រូវ​​​ទទួល​ទាន​សាច់​មាន់ និង​ស៊ុត ដែល​មិន​ទាន់​ឆ្អិន​ល្អ និង​ហាម​កូន​ចៅ​ឲ្យនៅ​ឆ្ងាយ​ពី​មាន់​ទា។

លោក​ គ្រឹស្នា បាន​មាន​ប្រសាសន៍​ថា មន្ត្រី​មួយ​ចំនួន​ ​កាល​ពី​ម្សិលមិញ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេថា ការ​ឆ្លង​ដំបូង​នៃ​មេរោគ​អេចវ័នអេនវ័ន ពី​មាន់​ទា​ទៅ​មនុស្ស​កើត​ឡើង​យ៉ាង​ដូច​ម្ដេច​នោះ​។ ប៉ុន្ដែ យោង​តាម​ភ័ស្ដុតាង ដែល​ប្រមូល​បាន​តាំង​ពី​មុន​មក​បាន​បង្ហាញ​ថា ការ​កើន​ឡើង​ខ្លាំង​នៃ​ការ​ដឹក​ជញ្ជូន​មាន់​ទា មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ ដែល​នឹង​ប្រពឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ និង​​ជា​ពេល​​មួយ ដែល​​តម្រូវ​ការ​មាន់​ទាបាន​កើន​ខ្ពស់ គឺ​ជា​កត្តា​​នាំ​ឲ្យ​មាន​ការ​ឆ្លង​នៃ​ជំងឺ​នេះ​។ ជា​លទ្ធ​ផល​ មាន​មនុស្ស​ប្រាំ​នាក់​បាន​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​នេះ។

លោក​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា មន្ត្រីជំនាញនឹង​ត្រឡប់​ទៅពិនិត្យតាមភូមិ​ចំនួន​បួន ​ដែល​អ្នក​ភូមិ​មួយ​ចំនួន​បាន​ឆ្លង​មេរោគ​នេះ​ ដើម្បី​ត្រួត​ពិនិត្យ​រក​មេរោគ​អេច​វ័ន​អេន​វ័ន​។ លោក គ្រឹស្នា បាន​លើក​ឡើង​ថា “ ​យើង​នឹង​ត្រួត​ពិនិត្យ​អ្នក​ភូមិ​ ដែល​បាន​ឆ្លង​ជំងឺ​នេះ​​ក្នុង​ភូមិ​ទាំង​អស់​នោះ​ឡើង​វិញ​ ធ្វើ​ដូច្នេះ​យើងនឹង​អាច​ធ្វើ​របាយ​ការណ៍​ចុង​ក្រោយ​មួយ​”៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស