រដ្ឋាភិបាលនឹងត្រួតពិនិត្យមាន់ទានៅរស់ទាំងអស់ ដែលត្រូវដឹកជញ្ជូនពីទីជនបទនានាចូលមកកាន់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ដទៀតនូវប្រភេទជំងឺគ្រុនផ្ដាសាយបក្សី ដែលបានឆ្លងដល់មនុស្សចំនួនប្រាំនាក់ និងបានសម្លាប់មនុស្សអស់ចំនួនបួននាក់ ចាប់តាំងពីថ្ងៃទី២១ ខែមករាមក។
លោក សៀង បូរិន ប្រធានមន្ទីរកសិកម្ម រាជធានីភ្នំពេញ បានមានប្រសាសន៍ថា លោកបានចេញបទបញ្ជាឲ្យមន្ត្រីរាជធានីភ្នំពេញត្រួតពិនិត្យរាល់ការដឹកជញ្ជូនមាន់ទា ទាំងអស់ចូលមកក្នុងរាជធានីភ្នំពេញ ដោយសារតែមានមនុស្សយ៉ាងច្រើនចូលមករាជធានីភ្នំពេញ នៅមុនថ្ងៃដង្ហែព្រះបរមរតនកោដ្ឋនៅថ្ងៃនេះ។
លោក សៀង បូរិន បានមានប្រសាសន៍ថា “ខ្ញុំបានចេញបទបញ្ជាឲ្យមន្ត្រីមកពីគ្រប់ខណ្ឌទាំងអស់ជួយត្រួតពិនិត្យសុខភាពមាន់ទា នៅគ្រប់ផ្លូវទាំងអស់ ដែលតភ្ជាប់ចូលមកក្នុងរាជធានីភ្នំពេញ”។ លោក បូរិន បានលើកឡើងថា វិធានការនេះ ត្រូវបានអនុវត្តចាប់ពីដើមខែនេះ នៅពេលមានករណីដំបូងនៃមេរោគ អេចវ័នអេនវ័ន (H1N1) បានឆ្លងទៅលើក្មេងប្រុសអាយុប្រាំបីខែម្នាក់ មកពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ តាំងពីដើមឆ្នាំមកមានមនុស្សតែម្នាក់ប៉ុណ្ណោះ បានរួចជីវិតពីជំងឺគ្រុនផ្ដាសាយបក្សីក្នុងឆ្នាំនេះ។
លោក សៀង បូរិន បានមានប្រសាសន៍ថាចាប់តាំងពីបានអនុវត្តវិធានការត្រួតពិនិត្យរួចមក គេនៅមិនទាន់រកឃើញថា មានមាន់ណាមួយបានឆ្លងជំងឺនេះនោះទេ។ លោកបានបន្ថែមថា “យើងក៏បានបាញ់ថ្នាំការពារកុំឲ្យឆ្លងជំងឺគ្រុនផ្ដាសាយបក្សីនៅតាមកន្លែងសម្លាប់មាន់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ដើម្បីសម្លាប់មេរោគ គ្រុនផ្ដាសាយបក្សី”។ លោកបន្តថា ក្រសួងកសិកម្មក៏កំពុងតែត្រួតពិនិត្យការដឹកជញ្ជូនមាន់ទាឆ្លងព្រំដែននានា ចូលក្នុងប្រទេសកម្ពុជាផងដែរ។
លោក សូនី គ្រឹស្នា មន្ត្រីទំនាក់ទំនងរបស់អង្គការសុខភាពពិភពលោក កាលពីម្សិលមិញ បានស្វាគមន៍ចំពោះការងារដែលក្រសួងកសិកម្មកំពុងតែអនុវត្ត។
លោក គ្រឹស្នា បានមានប្រសាសន៍ថា “នេះគឺជាការចាប់ផ្ដើមមួយដ៏ល្អ ពីព្រោះវាគឺជាជំងឺមួយ ដែលកើតចេញមកពីមាន់ទា ហេតុដូច្នេះហើយ ការគ្រប់គ្រងរាល់ការដឹកជញ្ជូនមាន់ទាចេញ និងចូលក្នុងប្រទេសកម្ពុជា គឺជាកត្តាមួយសំខាន់ណាស់”។ លោកបន្ថែមថា វិធានការទប់ស្កាត់ផ្សេងៗទៀត ដូចជាមិនត្រូវទទួលទានសាច់មាន់ និងស៊ុត ដែលមិនទាន់ឆ្អិនល្អ និងហាមកូនចៅឲ្យនៅឆ្ងាយពីមាន់ទា។
លោក គ្រឹស្នា បានមានប្រសាសន៍ថា មន្ត្រីមួយចំនួន កាលពីម្សិលមិញ នៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ការឆ្លងដំបូងនៃមេរោគអេចវ័នអេនវ័ន ពីមាន់ទាទៅមនុស្សកើតឡើងយ៉ាងដូចម្ដេចនោះ។ ប៉ុន្ដែ យោងតាមភ័ស្ដុតាង ដែលប្រមូលបានតាំងពីមុនមកបានបង្ហាញថា ការកើនឡើងខ្លាំងនៃការដឹកជញ្ជូនមាន់ទា មុនថ្ងៃបុណ្យចូលឆ្នាំចិន ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី៨ ខែកុម្ភៈ និងជាពេលមួយ ដែលតម្រូវការមាន់ទាបានកើនខ្ពស់ គឺជាកត្តានាំឲ្យមានការឆ្លងនៃជំងឺនេះ។ ជាលទ្ធផល មានមនុស្សប្រាំនាក់បានឆ្លងជំងឺគ្រុនផ្ដាសាយបក្សីនេះ។
លោកក៏បានមានប្រសាសន៍ផងដែរថា មន្ត្រីជំនាញនឹងត្រឡប់ទៅពិនិត្យតាមភូមិចំនួនបួន ដែលអ្នកភូមិមួយចំនួនបានឆ្លងមេរោគនេះ ដើម្បីត្រួតពិនិត្យរកមេរោគអេចវ័នអេនវ័ន។ លោក គ្រឹស្នា បានលើកឡើងថា “ យើងនឹងត្រួតពិនិត្យអ្នកភូមិ ដែលបានឆ្លងជំងឺនេះក្នុងភូមិទាំងអស់នោះឡើងវិញ ធ្វើដូច្នេះយើងនឹងអាចធ្វើរបាយការណ៍ចុងក្រោយមួយ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង