34 C
Phnom Penh

ប្រជា​​​ពលរដ្ឋ​​ជា​​​ច្រើន​​​គ្រួសារ​​​រៀប​​​ចំ​​​ផែន​​​ការ​​​ថ្មី​​​ ដើម្បី​​​ទទួល​​​បាន​​​ដីឡូត៍នៅ​​​​ក្នុង​​​តំបន់​គម្រោង​​​អភិវឌ្ឍន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​បឹង​​​កក់​​​​​​មួយ​​​ក្រុម ដែលមាន​ជម្លោះ​​​ដី​​​ធ្លី​​​យ៉ាង​​​យូរ​​​ជាមួយ​​​គម្រោងអភិវ​ឌ្ឍន៍​​​អចល​​​នទ្រព្យរបស់​​​លោក ឡៅ ម៉េងឃិន សមាជិក​​​ព្រឹទ្ធ​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នោះ​ ក​ំពុង​រៀង​ចំ​ផែន​ការ​ថ្មី​ដាក់​ជូន​សាលា​រាជ​ធានី​ភ្នំពេញ​ ដោយ​ពួក​គេ​សង្ឃឹម​ថា នឹង​អាច​ការ​ពារពួក​គេ​មិន​ឲ្យ​បណ្ដេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ម្ដង​ទៀត។

អ្នក​ភូមិ​បឹង​កក់​ចំនួន​៦១​គ្រួសារ​​ ត្រូវ​​បាន​ទាត់​ចេញពី​គម្រោង​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ កាល​ពី​លើក​មុន​ ដែល​បាន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ដល់​ប្រជាពល​រដ្ឋ​ចំនួន​៦៣៨​គ្រួសារ​ផ្សេង​ទៀត​នៅ​​ក្នុង​តំបន់​អភិវឌ្ឍន៍​​​​បឹង​កក់​ ដែល​មាន​ទំហំដី​​១២,៤៤​ហិកតា ដើម្បី​ចៀស​វាង​ពី​ការ​​បណ្ដេញ​ចេញ​ជាថ្មី​ពី​គម្រោង​អភិវឌ្ឍន៍​អចលន​ទ្រព្យ​របស់​សមាជិក​ព្រឹទ្ធ​សភា​រូបនេះ។​

ដោយ​មាន​ផែន​ទី​តំបន់​ថ្មី​គូរ​ដោយ​អង្គ​ការ​ការពារសិទ្ធិ​លំនៅ​ដ្ឋាន​ ដែល​មាន​ឈ្មោះ​ថា សមាគមធាង​ត្នោត​​ ប្រជា​ពលរដ្ឋ​ទាំង​៦១​គ្រួសារ​នោះ​ បាន​នាំ​គ្នា​មក​ជួបជាមួយ​​មន្ត្រី​សាលា​រាជ​ធានី​ កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ស្នើ​សុំ​ដូ​រ​​​ផ្ទះ​របស់​​ខ្លួន​ ដែល​​ស្ថិតនៅ​ខាង​ក្រៅ​តំបន់​គម្រោង​​អភិវឌ្ឍន៍​ ជាមួយ​នឹងប័ណ្ណ​កម្មសិទ្ធិ​ដី​ឡូត៍​ទំនេរនៅ​ខាង​ក្នុង​គម្រោង​វិញ​។

ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​ខាង​ក្នុង​គម្រោងនេះ ​លោក​ ច័ន្ទ ពុទ្ធិសក្ដិ​ ជាអ្នក​ភូមិ​ម្នាក់​រស់នៅ​ក​្នុង​តំបន់​នេះ បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​យក​ផែន​ទី​មក​បង្ហាញ​សាលារាជ​ធានី​ថា ​យើ​ង​បាន​​សិក្សា​លើ​ដី​ទំហំ​១២,៤៤​ហិក​តានេះរួច​ហើយ​​ ហើយ​ឃើញ​ថា​ នៅ​សល់​ដី​ចំនួន​៤០១​ឡូត៍​ ទៀត​ដែល​នៅ​ទំនេរ​អាច​ចែក​​ឲ្យ​ប្រជា​ពល​រដ្ឋ​ទាំង​៦១​គ្រួសារ​នេះ​បាន​”។

លោក​បាន​មាន​ប្រសាសន៍​បន្ដ​ថា​ លោក ហុក ហ៊ួលីម ប្រធានមន្ទីរ​អធិការ​កិច្ច​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​ពួក​គេ​ ឲ្យ​យក​ផែន​ការ​ថ្មី​ និង​ផែន​ទី​របស់​ខ្លួន​ត្រឡប់​មក​សាលា​រាជ​ធានី​ម្ដង​ទៀត​បន្ទាប់​ពី​ពិធី​ថ្វាយ​ព្រ​ះ​ភ្លើង​ដល់​ព្រះបរមរតន​​​កោដ្ឋ សម្ដេ​ចឪ នរោត្ដម សីហនុ​ ចប់​រួច​​រាល់​។

លោក​ ឡុង​ ឌីម៉ង់ អ្នក​នាំ​ពាក្យ​​សាលា​រាជ​ធានី​ កាល​ពី​ម្សិលមិញ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់​ព័ន្ធ​នឹង​​សំណើនេះ​ទេ។ ដោយ​ឈ​រនៅ​លើ​​ដីទំនេរ​មួយឡូត៍ នៅ​ក្នុង​ដី​ចំនួន​១២,៤៤​ហិកតា ដែល​ប្រជាពល​រដ្ឋ​ទាំង​៦១​គ្រួសារ​នេះ កំពុង​សុំដូរ​ជាមួយ​ផ្ទះ​របស់​ខ្លួន​ ដែល​ត្រូវ​គេ​គំរាម​បណ្ដេញ​ចេញ​នោះ លោក​ ពុទ្ធិសក្ដិ បាន​និយាយ​ថា​ លោក​សប្បាយ​ចិត្ត​នឹង​បោះ​បង់​​ផ្ទះ​បច្ចុប្បន្ន​របស់​ខ្លួន​ ដើម្បី​ទទួល​​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​មួយ​ឡូត៍​ នៅ​ក្នុង​តំបន់​​នេះ។

លោក ពុទ្ធិសក្ដិ និងប្រពន្ធ​ ព្រមទាំង​កូនៗ​ ដែល​បច្ចុប្បន្ន​កំពុងរស់​នៅ​ក្នុង​ផ្ទះ​មួយ​ជាមួយ​នឹង​បង​ប្អូន​ពីរ​នាក់​របស់​​គាត់​ និង​ប្រពន្ធ​របស់​ពួក​គេ​ គឺស្តិតនៅ​ចម្ងាយ​ប្រហែល​មួយ​

គីឡូ​ម៉ែត្រ​ពី​តំបន់​​​​​អភិវឌ្ឍន៍​​​បឹង​​​កក់​​​នេះ បាន​និយាយថា​ “ ​​វា​មិន​ជា​បញ្ហា​​​ទេ ប្រសិន​បើ​​យើង​ចាក​ចេញ​ពី​ផ្ទះ​នោះ​​មក​រស់​នៅ​ខាង​ក្នុង​តំបន់នេះ ព្រោះ​យើង​នឹង​មាន​ដី​​ឡូត៍​​ផ្ទាល់​ខ្លួន​របស់​យើង​”។

លោក​បាន​និយាយ​បន្ដ​ថា ដី​ឡូត៍​ដែល​លោក និង​គ្រួសារ​ដទៃ​ទៀត​សង្ឃឹ​ម​ថា នឹង​ទទួល​បាន​នោះ ត្រូវ​បាន​ទុក​ឲ្យ​នៅទំនេរ​ព្រោះ​​ម្ចាស់​ដី​ពី​មុន​ បាន​ទទួល​យក​ប្រាក់​សំណង​ចំនួន​៨.៥០០​ដុល្លារ​ពី​គម្រោង ​ដើម្បី​ចាក​ចេញ កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ គឺ​មុន​ពេល​គម្រោង​នេះ បាន​បង្កើត​ឡើង​ នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០១១។

ផ្ទះរបស់គ្រួសារ​ទាំង​នោះ ត្រូវចោល​នៅ​ពេល​​ពួក​គេ​ចាក​ចេញ​ទៅ​ ដោយ​បន្សល់​ទុក​តែ​គំនរ​កម្ទេច​ប៉ុណ្ណោះ​។ កាល​ពី​ម្សិល​មិញ ជើង​​​​គ្រែ​ដែល​គេ​បោះ​បង់​​ចោល​ត្រូវ​គេ​​​ដាក់ផ្អែក​ទៅ​នឹង​ជញ្ជាំង​ ដែល​គេ​វាយ​កម្ទេច​ចោល​មួយ​កំណាត់​នោះ​។

ដោយ​សារ​គ្មាន​នរណា​ម្នាក់​បាន​ប្រើ​ប្រាស់​ដី​ទំនេរ​នេះ លោក ពុទ្ធិសក្ដិ បាន​និយាយ​ថា ប្រជាពល​រដ្ឋ​ទាំង​៦១​គ្រួសារ​នេះ អាច​ប្រើ​ប្រាស់​វា ដើម្បី​សង់​ផ្ទះ​ថ្មី​។ ដំណោះស្រាយ​បែប​នេះ​ទំនង​ជា​អាច​បញ្ចប់នូវ​ការ​តវ៉ា​ ដែលបានអូស​បន្លាយ​​អស់រយៈ​ពេល​យ៉ាង​យូរ​ របស់​អ្នក​ភូមិ​បឹង​កក់​​នៅ​ទូ​ទាំង​រាជ​ធានី​ ដើម្បី​ប្រឆាំង​​នឹង​ការ​បណ្ដេញ​ពួក​ខ្លួន​ចេញ​ពី​លំនៅ​ដ្ឋាន​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ៕

ប្រែសម្រួលដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស