35 C
Phnom Penh

កម្ម​ករ​កាត់ដេរ​ដាក់​ញត្តិ​ទៅ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ ដើម្បី​ឲ្យ​ជួយ​ដោះ​ស្រាយ​ប្រាក់​អតីតភាព​ការ​ងារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករកាត់ដេរ​​ជាង​១០០​នាក់​មក​ពី​រោង​ចក្រ​កាត់​ដេរឃីងឡែន ខេមបូឌា (​ Kingsland Garment Cambodia) ដែល​ជា​អ្នក​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិកឈ្មោះ​ថា វ៉លម៉ាត (Wallmart) បាន​នាំ​គ្នា​តវ៉ា​នៅ​ខាង​ក្រៅ​ស្ថាន​ទូតអាមេរិក កាល​ពី​ម្សិលមិញ ដើម្បី​អំពាវ​នាវ​ឲ្យ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ជួយ​ដោះ​ស្រាយ​​បញ្ហា​ជំពាក់​ប្រាក់​អតីតភាព​ការ​ងារ​របស់​ពួក​គេ​។

រោង​ចក្រ​កាត់​ដេរ​ឃីងឡែន ខេមបូឌា បាន​ផ្អាក​មិន​ដំណើរ​ការ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២ ប៉ុន្ដែ រោង​ចក្រ​បាន​ប្រាប់​កម្មករ​ទាំង​អស់​ថា នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញ​នៅ​ខែ​មករា​នេះ ហើយ​ថា ដល់​ពេល​នោះ​​រោង​ចក្រ​នឹង​បើក​ប្រាក់​៥០​ភាគ​រយ​ឲ្យ​កម្មករ​ទាំង​អស់។

កម្ម​ករ​ទាំង​អស់​បាន​ឲ្យ​ដឹង​ថា កាល​ពី​ខែ​ធ្នូ​ រោង​ចក្រ​នេះ​បាន​ប្រកាស​ក្ស័យ​ធន ​ហើយ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​មិន​បើក​ប្រាក់​អតីតភាព​ការ​ងារ​ឲ្យ​ពួក​គេ​ ក៏​ដូច​ជា​ប្រាក់​ខែ​បន្ថែមឡើយ ដែល​បានកំណត់នៅ​ក្នុង​ច្បាប់​ការ​ងារ​។

ក្រុមហ៊ុន​លក់សម្លៀក​បំពាក់​វ៉លម៉ាត​របស់អាមេរិក និង​ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​ម៉ាក​អេច​អេន​អឹម​(H&M)របស់ស៊ុយ​អ៊ែត ដែល​ទទួល​ទិញ​សម្លៀក​បំពាក់​ពី​រោង​ចក្រ​កាត់​ដេរ ឃីងឡែន ខេមបូឌា ដែរ​នោះ​ ​សុទ្ធ​តែ​បាន​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ឡើយកាល​ពី​ដើម​ខែ​នេះ ដោយ​អះ​អាង​ថា ​រោង​ចក្រ​ឃីងឡែន ខេមបូឌា ជួន​កាល​មិន​បាន​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​ទៅ​ឲ្យ​ពួក​គេ​ទេ។

ទោះ​ជា​យ៉ាង​ណា  កម្មករ​ទាំង​អស់​បាន​លើក​ឡើង​ថា រោង​ចក្រ​នេះបាន​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​នោះ រហូត​ដល់​ថ្ងៃ​​បិទ​ទ្វារ​ កាល​ពី​ខែ​កញ្ញា។

កម្មករ​ម្នាក់​ឈ្មោះ​ ចក់ ស្រីដា អាយុ​២២​ឆ្នាំ ដែល​ជា​អតីត​កម្មការ​ិនីនៅ​រោង​ចក្រ​កាត់​ដេរឃីងឡែន ខេមបូឌា បាន​និយាយ​ថា “ ​ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​ស្ថាន​ទូត​អាមេរិក​ជួយ​ពួក​យើង​ ពី​ព្រោះ​ពួក​យើង​​គឺ​ជា​ជន​រង​គ្រោះ​”។ លោក ចន ស៊ីមម៉ុន (John Simmons) មន្ត្រី​ជំនួយផ្នែក​​កិច្ច​ការ​សាធារណៈ​នៅ​ស្ថាន​ទូត​អាមេរិក​ បាន​លើក​ឡើង​តាម​រយៈ​អុី​ម៉េល​មួយ​ថា “ ទោះ​បី​ជា​យើង​មិន​មាន​តួនាទី​វាយ​តម្លៃ​ការ​អះអាង​របស់​កម្មករ​ទាំង​អស់ ​ដែល​មក​ពី​រោង​ចក្រ​កាត់​ដេរឃីងឡែន ខេមបូឌា ក៏​ដោយ ​ តែ​យើង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ពួក​គេអាចទទួលបាន​​ប្រាក់​សំណង​ណាមួយ​ ដែល​ពួក​គេ​សម​នឹង​ទទួល​បាន​”៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស